ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​​វាយ​ប្រហារ​រឿង​ផ្ទាល់​ខ្លួន​​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​​មាន​លក្ខណៈ​ស្រដៀង​ខ្លះ​នឹង​នយោបាយ​កម្ពុជា


លោក Donald Trump បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណៈរដ្ឋ (ឆ្វេង) និង​លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​នៅ​ក្នុង​ការ​ជជែក​ដេញដោល​លើក​ទី២ នៅ​សាកលវិទ្យាល័យ Washington University in St. Louis កាលពី​ថ្ងៃអាទិត្យ ទី៩ ខែ​តុលា ឆ្នាំ២០១៦។

នៅ​​កម្ពុជា​ អ្នក​នយោបាយ​ ​និង​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ ​ដែល​បាន​តាម​ដាន​ព្រឹតិ្តការណ៍​នេះ​ ​បាន​យល់​ឃើញ​ខុសៗ​គ្នា​លើ​ការ​ជជែក​ដេញ​ដោល​រវាង​បេក្ខជន​ទាំង​ពីរ។

ព្រឹត្តិការណ៍​ជជែក​ដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ដែល​ធ្វើ​ឡើង​រយៈពេល​១​ម៉ោង​កន្លះ​ កាល​យប់​ថ្ងៃ​អាទិត្យ​ដែល​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ច័ន្ទ​នៅ​កម្ពុជា ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​នយោបាយ​ និង​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​ផង​ដែរ។

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​លោក​ Donald Trump ​និង​លោកស្រី Hillary Clinton ​បាន​ជួបគ្នា​ជា​លើក​ទី២ ​នៅ​សាកលវិទ្យាល័យ​ Washington University in St. Louis ក្នុង​ទី​ក្រុង St. Louis រដ្ឋ Missouri ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក ដើម្បី​ជជែក​ដេញ​ដោល​គ្នាលើ​គោល​នយោ​បាយ​គ្រប់គ្រង​ជាតិ​របស់​គណបក្ស​នីមួយៗ។ ​ការ​ជជែក​ដេញ​ដោល​របស់​បេក្ខជន​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​នេះ ​មាន​ការ​ផ្សាយ​ផ្ទាល់​ទូទាំង​សាកលលោក​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ​រួម​ទាំង​បណ្ដាញ​សង្គម​ដូច​ជា​ Facebook, Twitter និង​ Youtube ជាដើម។

​នៅកម្ពុជា​ អ្នក​នយោបាយ​ ​និង​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ ​ដែល​បាន​តាម​ដាន​ព្រឹតិ្តការណ៍​នេះ​ ​បាន​យល់​ឃើញ​ខុសៗ​គ្នា​លើ​ការ​ជជែក​ដេញ​ដោល​រវាង​បេក្ខជន​ទាំង​ពីរ ​ដោយ​ភាគ​ច្រើន​បង្ហាញ​អំពី​ការ​យល់​ឃើញ​នូវ​អត្តចរិក​របស់​បេក្ខជន​ប្រធានាធិបតី​ក្នុង​ការ​ជជែក​ដេញ​ដោល​ និង​ការ​ប្រៀប​ធៀប​ ​ភាព​ខុស​គ្នា​ស្រឡះ​រវាង​នយោបាយ​អាមេរិកកាំង​និង​នយោបាយ​ប្រទេស​កម្ពុជា។​

​លោក សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ជិត​៤០​ឆ្នាំ​ បាន​ប្រាប់​ VOA​ ថា ​បើ​ទោះ​បី​លោក​ពុំ​បាន​តាមដាន​ការ​ជជែក​ដេញដោល​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឲ្យ​បាន​ដិតដល់​ក៏​ដោយ​ ​ក៏​លោក​យល់​ថា ​ការ​ដេញដោល​នេះ​ហាក់​ដូច​ជា​មាន​ការ​ប្រាស់​ចាក​ពី​ក្រមសីលធម៌ ដោយ​សារ​តែ​ពាក្យ​សម្តី​អសុរស​របស់​បេក្ខជន​ពី​គណបក្ស​សាធារណរដ្ឋ​គឺ​លោក ​Donald Trump។ ​អ្នក​នាំពាក្យ​រូប​នេះ​ក៏​បាន​បញ្ជាក់​ទៀត​ថា ​គណបក្ស​នយោបាយ​ណា​ដែល​ប្រឹង​យក​ឈ្នះ​លើ​គូ​ប្រកួត​ប្រជែង​ដោយ​ការ​លើក​ឡើង​នូវ​ចំណុច​ខ្សោយ​របស់​គេ​ជា​គណបក្ស​នយោបាយ​ដែល​អន់។​

«ការ​ Debate​ (ជជែកដេញដោល) របស់​បេក្ខ​ជន​ប្រធានា​ធិបតីអាមេរិក​ហ្នឹង ក៏ត្រូវ​តែ​ប្រកាន់​យក​ក្រម​សីលធម៌​ដែរ។ អ្នក​ដែល​មិនប្រកាន់​ក្រម​សីលធម៌ ​មិន​ទទួល​ការ​គាំទ្រ​ពី​មហាជន​ទេ។ ​ជាក់ស្តែង ដូចលោក Trump ចេះ​តែ​និយាយ​តាម​ចិត្ត​គាត់ បែប​ធ្លាក់​ប្រជាប្រិយភាព​មិនតិច​ទេ។​ ការ​ឃោសនា​របស់គណ​បក្ស​នីមួយៗ គេ​ត្រូវ​លើក​គុណ​សម្បត្តិ​ខ្លួន។ គេ​មិន​ត្រូវយក​ចំណុច​ខ្សោយ​របស់​គូ​ប្រកួត​ប្រជែង​មក​ធ្វើ​គុណសម្បត្តិ​ខ្លួន​ឯង​ទេ​ វា​អន់​ជាង​ផ្សាយ​ពាណិជ្ជកម្ម​ទំនិញ​ទៅ​ទៀត»។

​ក្នុង​ការ​ជជែក​ដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​ ​គឺ​លោក​ ​Donald Trump​ ​និង​លោក​ស្រី​ ​Hillary Clinton​ ​អ្នក​តាមដាន​ការ​ផ្សាយ​ផ្ទាល់ នឹង​សារ​ព័ត៌មាន​ក្នុង​ស្រុក​និង​អន្តរជាតិ​បាន​ផ្តោត​ទៅ​លើ​ការ​ដេញ​ដោល​យ៉ាង​ក្តៅ​គគុក​អំពី​រឿង​អាស្រូវ​របស់​លោក​ Donald Trump​ ដែល​ធ្លាប់​និយាយ​បៀតបៀន​ទៅ​លើ​ស្រ្តី​មួយ​រូប​កាល​ពី​ឆ្នាំ​២០០៥។

ខ្សែ​វីដេអូ​មួយ​កាល​ពី​ឆ្នាំ​២០០៥​ ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្តាញ​សារព័ត៌មាន​មុន​ពេល​ការ​ជជែក​ដេញ​ដោល​លើក​ទី​២​នេះ​ឲ្យ​ដឹង​ថា ​លោក​ Trump ​និយាយ​រៀបរាប់​ពី​ការ​សោកស្តាយ​ដែល​មិន​បាន​រួម​ភេទ​ជាមួយ​ស្រ្តី​ម្នាក់​ដែល​មានប្តី​រួច​ហើយ។​ វីដេអូ​នោះ​ត្រូវ​បាន​គេ​ថត ខណៈ​ពេល​ដែល​លោក​ជិះក្នុង​ឡាន​ជា​មួយ​ពិធីករ​ទូរទស្សន៍​ម្នាក់ ​ហើយ​លោក​និយាយ​អួត​អំពី​ខ្លួន​ថា លោក​អាច​ជៀស​ផុត​ពី​«បញ្ហា​គ្រប់​យ៉ាង»​ ព្រោះ​លោក​ជា​មនុស្ស​ដែល​ល្បីល្បាញ។ ​

ក៏​ប៉ុន្តែ​ភ្លាមៗ​ក្រោយ​មក​ មុន​ពេល​ការ​ជជែក​ដេញដោល​នា​ល្ងាច​ថ្ងៃ​អាទិត្យ​នៅ​សហរដ្ឋ​អាមេរិក ​លោក​ Trump ក៏​បាន​ផ្សាយ​វីដេអូ​មួយ​ផ្សេង​ទៀត​ដោយ​លោក​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​អ្វី​ដែល​លោក​និយាយ​កាល​ពី​ឆ្នាំ​២០០៥​នោះ។​

​ក្នុង​ពេល​ការ​ជជែក​ដេញ​ដោល​លើក​ទី២​នេះ លោក​ Donald Trump ​លើក​ឡើង​ថា​ គ្មាន​អ្នក​ណា​គោរព​មនុស្ស​ស្រី​ជាង​លោក​នោះ​ទេ ​ហើយ​លោក​ក៏​បាន​វាយ​បក​ទៅ​លើ​ស្វាមី​លោក​ស្រី Hillary Clinton ​គឺ​លោក Bill Clinton អំពី​រឿង​អាស្រូវស្នេហា​របស់​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ជាមួយ​ស្រ្តី​ជា​ច្រើន​នាក់។

​លោក​ អេង​ ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ VOA ​ថា ការ​ជជែក​ដេញដោល​ក្នុង​សហរដ្ឋ​អាមេរិក​នេះ​ គឺ​ស​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​ការ​អនុវត្ត​លទិ្ធ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ​លោក​ថា​ ​ក្នុង​ការ​ជជែក​នេះ​ក៏​មាន​ករណី​ស្រដៀង​គ្នា​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​រឿង​ឯកជនភាព​របស់​អ្នក​នយោបាយ​ផង​ដែរ ​តែ​លោក​ពុំបាន​និយាយ​ឲ្យ​ចំៗ​លើ​ករណី​ណា​ទេ។

មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​ថ្លែង​ថា៖

«សម្រាប់​នៅ​ស្រុក​គេ​ គេ​លើក​រឿង​ហ្នឹង​មក​ផ្ចាញ់ផ្ចាល​គ្នា​ក្នុង​ហេតុផល​នយោបាយ។​ គេ​អត់​មាន​ដេញ​ទៅ​ដល់​ឲ្យ​ទៅ​មាន​ការ​ចូល​ក្នុង​ផ្លូវ​តុលាការ​ដូច​នៅ​ស្រុក​ខ្មែរ​ទេ។ ហើយ​អ្វី​ដែល​សំខាន់​ហ្នឹង​គេ​ទុក្ខ​ឲ្យ​អ្នក​បោះឆ្នោត​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត។ គេ​មិន​មែន​ឲ្យ​ស្ថាប័ន​តុលាការ​ធ្វើ​ការ​សម្រេច​ផ្ដេសផ្ដាស​ទេ។»

​ជាមួយ​គ្នា​នេះ​ដែរ ​លោក​ស្រី​ ធីតា ឃឹះ​ ប្រធាន​អង្គការ​សីលការ​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា​ ក៏​បាន​តាមដាន​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ផង​ដែរ។ ​លោកស្រី​បាន​បង្ហាញ​ពី​ភាព​មិន​ពេញ​ចិត្ត​ដែល​លោក​ Trump​ យក​កិត្តិយស​របស់​ស្ត្រី​ចូល​ទៅ​ក្នុង​ការ​ឃោសនា​នយោបាយ​របស់​លោក។​ លោក​ស្រី ធីតា ឃឹះ​ បញ្ជាក់​ប្រាប់ ​VOA ​ថា​ អ្នក​នយោបាយ​ទាំង​អស់​រួម​ទាំង​អ្នក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​គួរ​តែ​ព្យាយាម​ការពារ ជំរុញ​និង​លើក​កម្ពស់​សិទ្ធិ​របស់​ស្រ្តី​ក្នុង​ការ​ចូល​រួម និង​អភិវឌ្ឍ​សង្គម ជា​ជាង​យក​ស្ត្រី​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ទៅ​វិញ។

លោកស្រី​មាន​ប្រសាសន៍​ថា៖
«ទាំង​សង្គម​អាមេរិកាំង ទាំង​សង្គម​ខ្មែរ​បច្ចុប្បន្ន គេ​(អ្នក​នយោបាយ) យក​ស្ត្រី​មក​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​លេង​បក​ចុះ​បក​ឡើង​ទៅ​លើ​បេក្ខជន​នាយក​រដ្ឋមន្ត្រី ឬ​អ្នក​នយោបាយ​កំពូលៗ​ក្នុង​គណបក្ស​នីមួយៗ។ នេះ​ធ្វើ​ឲ្យ​មាន​ការ​រើសអើង​ និង​រំលោភ​លើ​ស្រ្តី​ច្រើន ហើយ​វា​ជា​ការ​ដែល​ធ្វើ​ឲ្យ​ស្រ្តី​រងគ្រោះ​ដោយ​ការ​រំលោភ (សិទ្ធិ) គ្រប់​បែប​យ៉ាង»។

លោក​ស្រី​បន្ថែម​ទៀត​ថា ទាំង​បុរស​និង​ស្រ្តី​គួរ​គិតគូរ​ពិចារណា​លើ​បញ្ហា​នេះ​ ​ព្រោះ​ការ​លើក​ឡើង​នូវ​ដោយ​អ្នក​នយោបាយ​បែប​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ឆន្ទៈ​ដឹកនាំ​វិជ្ជមាន​ទេ​ ហើយ​ប៉ះពាល់​មិន​ត្រឹម​តែ​ដល់​តម្លៃ ​ទឹកចិត្ត​ និង​សិទ្ធិ​អំណាច​ស្រ្តី​ទេ​ គឺ​ប៉ះ​ពាល់​ដល់​ការអភិវឌ្ឍ​សង្គម​ទាំង​មូល។

​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Donald Trump ​និង​លោកស្រី​ Hillary Clinton ក៏​គ្រោង​ជួប​ជជែក​ដេញ​ដោល​គ្នា​មួយ​លើក​ចុង​ក្រោយ​ទៀត​នៅ​យប់​ថ្ងៃ​ទី​១៩ ខែ​តុលា (ព្រឹក​ថ្ងៃ​ទី​២០ នៅ​កម្ពុជា) ​មុន​ពេល​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

XS
SM
MD
LG