ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​ភ្នាក់ងារ​បោះ​ឆ្នោត​តាម​តំបន់​បង្កើន​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត


រូបភាព​ឯកសារ៖ អ្នក​បោះ​ឆ្នោ​ត​បឋម​ក្នុង​ទីក្រុង​ Hialeah រដ្ឋ​ Florida។ សន្លឹក​ក្រដាស​បោះ​ឆ្នោត​ដាក់​ការពា​ប្រឆាំង​នឹង​ជន​ហេក​តាម​ប្រព័ន្ធ​អេឡិចត្រូនិកនៅ​សាកល​វិទ្យាល័យ​ Johns Hopkins។
រូបភាព​ឯកសារ៖ អ្នក​បោះ​ឆ្នោ​ត​បឋម​ក្នុង​ទីក្រុង​ Hialeah រដ្ឋ​ Florida។ សន្លឹក​ក្រដាស​បោះ​ឆ្នោត​ដាក់​ការពា​ប្រឆាំង​នឹង​ជន​ហេក​តាម​ប្រព័ន្ធ​អេឡិចត្រូនិកនៅ​សាកល​វិទ្យាល័យ​ Johns Hopkins។

មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​ភ្នាក់ងារ​បោះ​ឆ្នោត​តាម​តំបន់​នានា ទាក់ទង​ក្រសួង​សន្តិសុខ​ជាតិ ដើម្បី​ទទួល​បាន​ជំនួយ​ផ្នែក​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​មុន​ការ​បោះ​ឆ្នោត​ខែ​វិច្ឆិកា​ចូល​មក​ដល់។

ក្រសួង​សន្តិសុខ​ជាតិ បាន​ឲ្យ​ដឹង​ថា រដ្ឋ​ចំនួន ៣៣ និង​ខណ្ឌ​ចំនួន ១១ បាន​ទាក់ទង​មក​ក្រសួង​រួច​ហើយ ដើម្បី​ទទួល​បាន​ជំនួយ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ពួកគេ​នៅ​មុន​ការ​បោះ​ឆ្នោត។

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​លោក Jeh Johnson បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «ពេលវេលា​ជា​កត្តា​មួយ។ នៅ​សល់​តែ​រយៈពេល ២៩ ថ្ងៃ ទៀត​ប៉ុណ្ណោះ មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់»។ ក្រសួង​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ស្វែង​រក​ភាព​ងាយ​នឹង​រងគ្រោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​តាម​ភ្នាក់ងារ​បោះ​ឆ្នោត​តាម​តំបន់​នីមួយៗ និង​ការ​កែប្រែ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​រងគ្រោះ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ អាច​ត្រូវការ​ពេល​រហូត​ដល់ ៣ សប្តាហ៍។

ក្រសួង​សន្តិសុខ​ជាតិ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ការងារ​របស់​ខ្លួន​មាន​ដូចជា ការ​វាយតម្លៃ​ពី​ភាព​គ្រោះថ្នាក់ និង​ភាព​ងាយ​រងគ្រោះ​របស់​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​ស្កេន​សម្អាតមេរោគ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំង​អស់​ពី​ចម្ងាយ។ ក្រសួង​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ផ្ដល់​ឲ្យ​មន្ត្រី​បោះ​ឆ្នោត​តាម​រដ្ឋ និង​ស្រុក ខណ្ឌ នានា នូវ​របាយការណ៍​បញ្ជាក់​ពី​ភាព​ងាយ​រងគ្រោះ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​តាម​អ៊ីនធឺណិត ដល់​ប្រព័ន្ធ​រាយការណ៍​លទ្ធផល​បោះ​ឆ្នោត​នៅ​យប់​នៃ​ថ្ងៃ​បោះ​ឆ្នោត និង​ដល់​ប្រព័ន្ធ​បោះ​ឆ្នោត​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​អ៊ីនធឺណិត។

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​សប្តាហ៍​មុន សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​ថា​បាន​ធ្វើ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ច្រើន​ដង ក្នុង​គោល​បំណង​ដើម្បី​បំផ្លាញ​ការ​បោះ​ឆ្នោត​ដែល​នឹង​ជិត​ឈាន​មក​ដល់​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG