ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

កញ្ចប់​ថវិកា​ជំនួយ​កូវីដ១៩ គឺ​ជា​តេស្ត​ថា​តើ​លោក​ Biden និង​សភា​អាច​ធ្វើ​បាន​ឬ​ទេ


រូបឯកសារ៖ ប្រធានាធិបតី Joe Biden ថ្លែងសុន្ទរកថានៅក្នុងបន្ទប់ទទួលទានអាហារនៃសេតវិមាននៅថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២១។ (AP)

មិនមែន​ត្រឹម​តែ​ជា​ផែនការ​ជំនួយ​ថ្នាក់​ជាតិ​ប៉ុណ្ណោះ​ទេ កញ្ចប់​ថវិកា​ជំនួយ​សម្រាប់​វិបត្តិ​កូវីដ១៩ ដែល​មាន​ទឹកប្រាក់​ចំនួន ១,៩ លានលាន​ដុល្លារ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden គឺ​ជា​ការ​ធ្វើ​តេស្ត​នយោបាយ​លើក​ដំបូង​បង្អស់​ក្នុង​រដ្ឋបាល​ថ្មី​របស់​លោក ក៏​ដូចជា​ធ្វើ​តេស្ត​លើ​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាធិបតេយ្យ​លើ​សភា​ទាំង​ពីរ​ថ្នាក់ និង​តួនាទី​របស់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ក្រោយ​យុគសម័យ​របស់​លោក Trump អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ផង​ដែរ។

សម្រាប់​លោក Biden​សមិទ្ធផល​នេះ​នឹង​ធ្វើ​តេស្ត​ទៅ​លើ​ភាព​ខ្លាំងក្លា​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​Biden​របៀបវារៈ​រួបរួម​គ្នា​របស់​លោក​និង​ថា​តើ​ក្រោយ​ពី​រយៈពេល​រាប់​ទសវត្សរ៍​នៃ​ការ​ចរចា​គ្នា​លោក​នៅ​តែ​អាច​ចរចា​លើ​រឿង​ពិបាកៗ​ហើយ​ធ្វើ​ឲ្យ​វា​ក្លាយ​ទៅ​ជា​ច្បាប់​បាន​ដែរ​ទេ។​

សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​គ្រប់គ្រង​ទាំង​ព្រឹទ្ធសភា​និង​រដ្ឋសភា ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មក​នេះ ការ​ធ្វើ​សេចក្ដីព្រាង​ច្បាប់​ការ​ធ្វើវិសោធនកម្ម​និង​ការ​អនុម័ត​លើ​កញ្ចប់​ថវិកា​សម្រាប់​សង្គ្រោះ​វិបត្តិ​កូវីដ១៩ នឹង​បង្ហាញ​ដល់​ពលរដ្ឋ​អាមេរិក​ប្រសិន​បើ​ពួកគេ​អាច​ដឹកនាំ​រដ្ឋាភិបាល​ក្នុង​អំឡុងពេល​មាន​វិបត្តិ​នេះ។

សម្រាប់​គណបក្ស​សាធារណរដ្ឋ​ការ​បោះឆ្នោត​សម្រេច​ចុងក្រោយ​នឹង​បង្ហាញ​ថា​តើ​ពួកគេ​មាន​គម្រោង​នឹង​តស៊ូមតិ​សម្រាប់​គណបក្ស​ដែល​មាន​សំឡេង​ភាគតិច​ឬ​ក៏​គ្រាន់​តែ​អ្នក​បដិសេធ​ដោយ​គ្មាន​អតីត​ប្រធានាធិបតី​លោក Donald Trump នោះ។

ឧបសគ្គ​នៅ​ពេល​នេះ​គឺ​ថា​តើ​លោក Biden នឹង​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​ក្នុង​សភា​បាន​ឬ​យ៉ាង​ណា ដើម្បី​ទទួល​បាន​ការ​រួបរួម​គ្នា​ដូចដែល​លោក​បាន​ថ្លែង​ក្នុង​សុន្ទរកថា​របស់​លោក​កាល​ពី​ពេល​ស្បថ​ចូល​កាន់​តំណែង​នោះ។ ប្រសិន​បើ​មាន​ការ​ជំទាស់​ពី​គណបក្ស​សាធារណរដ្ឋ ឬមាន​ការ​ជំទាស់​ខ្លះ​ពី​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក នោះ​នឹង​ធ្វើ​ឲ្យ​លោក​មាន​ជម្រើស​តែ​បន្ដិចបន្ដួច​ប៉ុណ្ណោះ​ក្រៅពី​ត្រូវ​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ទាំង​លំបាកតាមរយៈ​ការ​បោះឆ្នោត​ដោយ​យក​សំឡេង​ភាគច្រើន​ចេញ​ពីបក្សលោក​តែមួយ៕

XS
SM
MD
LG