ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ជំរុញ​សភា​ឲ្យ​ចាត់​វិធានការ​បន្ទាន់​លើ​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​កូវីដ១៩


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន នៅបន្ទប់ប្រជុំ South Court ក្នុងសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ជំរុញ​សមាជិក​សភា​ឲ្យ​ព្រមព្រៀង​គ្នា​លើ​កញ្ចប់​ជំនួយ​ថ្មី​មួយ ​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក Biden បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​យ៉ាង​ដូច្នេះ​ថា៖ «ពេលវេលា​មាន​សារៈសំខាន់​ខ្លំាង​ណាស់»។

លោក Biden បាន​ស្នើ​កញ្ចប់​ថវិកា​ចំនួន ១,៩ លាន​លាន​ដុល្លារ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ថវិកា​សម្រាប់​បង្កើន​ល្បឿន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ការ​ជួយ​ឲ្យ​សាលារៀន​បើក​ដំណើរការ​ឡើង​វិញ ជំនួយ​ថវិកា​សម្រាប់​រដ្ឋបាល​ថ្នាក់​រដ្ឋ​និង​ថ្នាក់​មូលដ្ឋាន និង​ថវិកា​ចំនួន ១.៤០០ ដុល្លារ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ម្នាក់ៗ​ផង​ដែរ។

សមាជិក​គណបក្ស​សាធារណរដ្ឋ​ហាក់​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ឯកភាព​តាម​ទំហំ​នៃ​កញ្ចប់​ថវិកា​នេះ និង​ល្បឿន​នៃ​ការ​ចរចា​លើ​សំណើ​កញ្ចប់​ថវិកា​នេះ។

លោក Mitch McConnell មេដឹកនាំ​គណបក្ស​សំឡេង​ភាគតិច​នៃ​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖ «ចំណាត់ការ​បន្ដ​ណា​មួយ​គួរតែ​មាន​លក្ខណៈ​ឆ្លាតវៃ និង​ចំ​គោលដៅ មិន​មែន​គ្រាន់តែ​ជា​ប្រាក់​កម្ចី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មិន​ច្បាស់លាស់ ដែល​អាច​ទៅ​ដល់​ដៃ​របស់​អ្នក​ដែល​មិន​ត្រូវការ​នោះ​ទេ»។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា លោក​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​«ជ្រើសរើស​ដក​មួយ ឬ​ពីរ​ចំណុច​ចេញ»។

លោក​មើល​ឃើញ​ថា ផែនការ​ទាំងមូល​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ជាច្រើន​ ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩ ដែល​កន្លង​មក​បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​អស់​ជាង ៤ សែន ២ ម៉ឺន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG