ភ្នំពេញ —
កម្ពុជានឹងបើកសន្និសីទបច្ចេកវិទ្យាដ៏ធំនៅថ្ងៃសុក្រសប្តាហ៍នេះដើម្បីចែករំលែកនិងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យាក្នុងពិភពលោក។
សន្និសីទរយៈពេលបីថ្ងៃនេះមានឈ្មោះថា FossAsia ដែលនឹងនិយាយផ្តោតលើបច្ចេកវិទ្យាមួយឈ្មោះថា បច្ចេកវិទ្យាបើកទូលាយឬOpen Source។
Open Source ឬបច្ចេកវិទ្យាបើកទូលាយនេះគឺជាប្រភេទកម្មវិធីសម្រាប់កុំព្យូទ័រនិងសម្រាប់ទូរស័ព្ទ ហើយដែលអាចទាញយកមកប្រើប្រាស់បានដោយឥតបង់ថ្លៃ និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចកែប្រែនិងអភិវឌ្ឍបន្ថែមតាមតម្រូវការរបស់ខ្លួននិងសហគមន៍របស់ពួកគេ។
ក្នុងអ្នកស្រាវជ្រាវនិងអ្នកអភិវឌ្ឍបច្ចេកវិទ្យាមកពីជុំវិញពិភពលោកសរុបជាង៨០នាក់នឹងចែករំលែកបច្ចេកវិទ្យាទំនើបដ៏មានអត្ថប្រយោជន៍នេះដល់សាធារណជននិងយុវជនកម្ពុជា នៅសកលវិទ្យាល័យន័រតុន ក្រុងភ្នំពេញ។
កញ្ញា Hong Phuc Dang អ្នករៀបចំព្រឹត្តិការណ៍នេះ ថ្លែងក្នុងសន្និសីទកាសែតមួយនៅថ្ងៃច័ន្ទនេះថា កម្មវិធីនេះជាឱកាសដ៏កម្រមួយសម្រាប់អ្នកអភិវឌ្ឍកម្មវិធី អ្នកចូលរួម ស្ថាប័ន និងសហគ្រិននានាដើម្បីចែករំលែកនិងស្វែងយល់អំពីបច្ចេកវិទ្យាបើកទូលាយចុងក្រោយបង្អស់និងក៏ជាឱកាសដើម្បីជួបជាមួយដៃគូសហការជាសក្តានុពលផងដែរ។
«វេទិកានេះមិនសម្រាប់តែអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រទេ ប៉ុន្តែសម្រាប់អ្នកគ្រប់គ្នាដែលចាប់អារម្មណ៍នឹងបច្ចេកវិទ្យា។ ប្រសិនបើអ្នកមានកុំព្យូទ័រ ឬទូរស័ព្ទ អ្នកអាចចូលរួមក្នុងព្រឹត្តិការណ៍នេះបាន ហើយបើសិនជាអ្នកមិនមានទេ អ្នកនៅតែអាចចូលរួមបានដើម្បីស្វែងយល់បន្ថែមទៀតពីប្រភេទកម្មវិធីបើកទូលាយ។ យើងនឹងបង្ហាញកម្មវិធីដែលឥតបង់ថ្លៃទាំងនោះ»។
បច្ចេកវិទ្យាបើកទូលាយមានជាអាទិ៍ បច្ចេកវិទ្យាសម្រាប់ទូរស័ព្ទទំនើប កម្មវិធីសម្រាប់សិក្សាអប់រំ បច្ចេកវិទ្យា គំនូរ 3D និងដំណោះស្រាយផ្នែកព័ត៌មានវិទ្យាសម្រាប់ការចាប់ផ្តើមអាជីវកម្មជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីនេះ។
សន្និសីទបច្ចេកវិទ្យា FossAsia នេះត្រូវបានរៀបចំឡើងក្នុងទ្វីបអាស៊ីចំនួន៤ដងរួចមកហើយ ដែលចាប់ផ្តើមដំបូងនៅប្រទេសវៀតណាមកាលពីឆ្នាំ២០០៩។
គេរំពឹងថា នៅក្នុងការរៀបចំនៅប្រទេសកម្ពុជានៅឆ្នាំនេះនឹងមានអ្នកចូលរួមជាង១ពាន់នាក់។
លោក Mario Behling អ្នករៀបចំកម្មវិធីនេះម្នាក់ទៀត អត្ថាធិប្បាយថា ប្រភេទកម្មវិធីបើកទូលាយនេះគឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា។
«បើយើងក្រឡេកមើលកម្ពុជាកាលពី១៥ឆ្នាំមុន ពេលនោះមានការលំបាកណាស់ក្នុងការស្វែងរកពុម្ពអក្សរខ្មែរក្នុងកុំព្យូទ័រ ដោយសារក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន Microsoft គិតថា ទីផ្សារស្រុកខ្មែរតូចពេក ដូច្នេះពួកគេមិនវិនិយោគក្នុងការបង្កើតពុម្ពអក្សរខ្មែរទេ។ ប៉ុន្តែពេលនោះអ្នកនៅកម្ពុជាបានប្រមូលផ្តុំគ្នា ហើយស្រាវជ្រាវបង្កើតពុម្ពអក្សរខ្មែរដោយខ្លួនឯង ទើបយើងមានពុម្ពអក្សរខ្មែរច្រើនដូចពេលនេះ។ អំណាចរបស់កម្មវិធីបើកទូលាយគឺថា យើងមិនរង់ចាំរហូតដល់ក្រុមហ៊ុនធំៗបង្កើតអ្វីសម្រាប់អ្នកទេ គឺយើងចាប់ផ្តើមធ្វើវាដោយខ្លួនឯង ដែលមានប្រយោជន៍សម្រាប់សហគមន៍គេ និងជាឱកាសសម្រាប់ធ្វើអាជីវកម្មផ្ទាល់ខ្លួន»។
កម្មវិធីនេះសហការរៀបចំដោយវិទ្យាស្ថានបើកទូលាយ និងទទួលការគាំទ្រពីស្ថានទូតប្រទេសស៊ុយអ៊ែដ ក្រុមហ៊ុន Google និងក្រុមហ៊ុនសេវាកម្មអ៊ីនធើណែត Ezecom ជាដើម៕