សម្គាល់៖ អត្ថបទនេះត្រូវបានធ្វើបច្ចុប្បន្នភាពដោយព្រឹត្តិការណ៍ហិង្សាកំពុងមានបន្ត។
ក្រុមជីវពល Hamas នៅតំបន់ហ្គាហ្សាថាខ្លួនបានបាញ់កាំជ្រួចដាក់ទីក្រុងហ្សេរុយសាឡិមនៅថ្ងៃចន្ទ ដែលបណ្តាលឲ្យមានស៊ីរ៉ែនរោទិ៍ព្រមានពីការវាយប្រហារតាមអាកាសដែលទំនងជាការឆ្លើយតបរបស់ក្រុមនេះទៅនឹងការរងរបួសរបស់ជនជាតិប៉ាឡេស្ទីនជាង៣០០នាក់នៅក្នុងការប៉ះទង្គិចជាមួយកម្លាំងសន្តិសុខអ៊ីស្រាអែលនៅវិហារឥស្លាម al-Aqsa។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា គេបានឮសូរសំឡេងផ្ទុះបន្ទាប់ពីមានស៊ីរ៉ែនរោទិ៍នោះគឺមិនយូរប៉ុន្មានក្រោយពីក្រុមជីវពល Hamas នៅតំបន់ហ្គាហ្សាបានដាក់ឱសានវាទដល់អ៊ីស្រាអែលឱ្យដកកម្លាំងសន្តិសុខពីវិហារឥស្លាម al-Aqsa។
ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ទេថាតើសំឡេងផ្ទុះនោះជាគ្រាប់រ៉ុក្កែតដែលបានផ្ទុះពេលធ្លាក់ដល់ដីឬពេលត្រូវប្រព័ន្ធការពារកាំជ្រួចរបស់អ៊ីស្រាអែលបាញ់ស្ទាក់លើអាកាសនោះទេ។
កាលពីថ្ងៃចន្ទការប្រយុទ្ធគ្នាមួយរវាងកងកម្លាំងសន្តិសុខអ៊ីស្រាអែលនិងអ្នកថ្វាយបង្គំសាសនាឥស្លាមជនជាតិប៉ាឡេស្ទីនបានផ្ទុះឡើងម្តងទៀតនៅជិតវិហារឥស្លាម al-Aqsa នៅក្នុងទីក្រុងហ្សេរុយសាឡិម។ មានសេចក្តីរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនរហូតជាង៣០០នាក់បានរងរបួសនៅក្នុងព្រឹត្តិការណ៍នោះ។
អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា កងកម្លាំងសន្តិសុខអ៊ីស្រាអែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគប់គ្រាប់បែកផ្សែងចូលក្នុងវិហារឥស្លាមនោះ ខណៈពេលដែលអ្នកថ្វាយបង្គំសាសនាបានគប់ដុំថ្មនិងរបស់របរផ្សេងៗដាក់កងកម្លាំងអ៊ីស្រាអែល។ មានសេចក្តីរាយការណ៍ថា មនុស្សរាប់សិបនាក់បានរងរបួស ដែលក្នុងនោះមនុស្សយ៉ាងតិច ៥០ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។
ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់បានរងរបួសនៅក្នុងការប្រឈមតតាំងហិង្សាជាមួយប៉ូលិសនៅក្នុងទីក្រុងហ្សេរុយសាឡិម ចាប់តាំងពីយប់ថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យ ដែលជាពេលដែលអ្នកកាន់សាសនាឥស្លាមប្រារព្ធពិធី Laylat al-Qadr ដែលមានន័យថា «រាត្រីព្រេងវាសនា» ដែលជាពេលដ៏ពិសិដ្ឋបំផុតនៃខែតមអាហារបុណ្យរ៉ាម៉ាដន (Ramadan) នៃសាសនាឥស្លាម។
ការប៉ះទង្គិចគ្នាបានកើតឡើងនៅច្រកចេញចូលនៃបរិវេណវិហារឥស្លាម al-Aqsa នៅក្នុងតំបន់ Old City ដែលជាកន្លែងដែលជាតិសាសន៍ជ្វីហ្វហៅថា Temple Mount និងដែលអ្នកកាន់សាសនាឥស្លាមហៅថា Noble Sanctuary។ កន្លែងនេះត្រូវបានគេចាត់ទុកថាជាកន្លែងដ៏ពិសិដ្ឋបំផុតនៅក្នុងសាសនាជ្វីហ្វ និងជាកន្លែងពិសិដ្ឋបំផុតទី ៣ នៅក្នុងសាសនាឥស្លាម។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរ«នឹងមិនអនុញ្ញាតឲ្យពួកជ្រុលនិយមបំផ្លាញភាពស្ងប់ស្ងៀមនោះទេ»។ លោកថ្លែងដូច្នេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនថ្ងៃរវាងបាតុករប៉ាឡេស្ទីននិងប៉ូលិសអ៊ីស្រាអែលនៅខាងក្រៅតំបន់ Old City នៃទីក្រុងហ្សេរុយសា