នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅថ្ងៃចន្ទថា ប្រទេសអ៊ីស្រាអែលត្រៀមខ្លួនបើកជើងហោះហើរដោយផ្ទាល់ជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ឬ United Arab Emirates ដោយហោះរំលងប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះជាផ្នែកមួយនៃការធ្វើឱ្យមានភាពប្រក្រតីឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
អ៊ីស្រាអែល និងប្រទេសអេមីរ៉ាតអារ៉ាប់រួម បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ប្រទេសទាំងពីរនឹងបង្កើតនូវទំនាក់ទំនងការទូតរបស់ខ្លួន ក្រោមការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក ដែលការនេះអាចជួយធ្វើឱ្យមានការផ្លាស់ប្តូរទម្រង់នៃគោលនយោបាយក្នុងតំបន់មជ្ឈិមបូព៌ា ពីបញ្ហាប៉ាឡេស្ទីន ទៅដល់ការប្រយុទ្ធតទល់ជាមួយប្រទេសអ៊ីរ៉ង់វិញម្តង។ ប្រទេសអេមីរ៉ាតអារ៉ាប់រួមនឹងក្លាយជាប្រទេសទី៣ ក្នុងពិភពអារ៉ាប់ក្នុងរយៈពេលជាង៧០ឆ្នាំកន្លងមកនេះ ដែលបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីស្រាអែល។
លោកនាយករដ្ឋមន្ត្រី Netanyahu បានថ្លែងពីគម្រោងហោះហើរថ្មីនេះនៅអាកាសយានដ្ឋាន Ben-Gurion នៃទីក្រុង Tel Aviv ប៉ុន្តែមិនបានប្រាប់ពីពេលវេលាពិតប្រាកដក្នុងការបើកផ្លូវហោះហើរត្រង់ជាមួយប្រទេសអារ៉ាប់រួមនោះទេ។
ចំណែកប្រទេសអារ៉ាប៊ីសាអូឌីតមិនបានទទួលស្គាល់រដ្ឋអ៊ីស្រាអែលនោះទេ ហើយផ្លូវហោះហើរលើដែនអាកាសរបស់ខ្លួនក៏ត្រូវបានបិទមិនឱ្យអ៊ីស្រាអែលប្រើប្រាស់ផងដែរ។ ប៉ុន្តែអ្វីដែលគេបានមើលឃើញពីភាពធូរស្រាលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនេះគឺថា កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនអាកាសចរណ៍ប្រទេសឥណ្ឌាត្រូវបានអនុញ្ញាតឱ្យហោះពីទីក្រុងញូវដែលី (New Delhi) មកកាន់ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ដោយឆ្លងកាត់ពីលើប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។
គណ:ប្រតិភូមួយក្រុមរបស់អ៊ីស្រាអែល នឹងត្រូវទៅកាន់ប្រទេសអារ៉ាប់រួម ក្នុងពេលប៉ុន្មានសបា្តហ៍ខាងមុខនេះ ដើម្បីធ្វើការលម្អិតថែមទៀតទាក់ទងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយការបើកជើងយន្តហោះពាណិជ្ជកម្ម អាចពន្យារពេលដោយសារបញ្ហាជំងឺកូវីដ១៩។
កាលពីថ្ងៃអាទិត្យប្រទេសអារ៉ាប់រួម បានបើកប្រព័ន្ធទូរស័ព្ទទៅកាន់ប្រទេសអ៊ីស្រាអែល ដែលត្រូវបានប្រកាសដំបូងអំឡុងការជួបសន្ទនាគ្នារវាងរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ៕