ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​​ថា​ តួកគី​ចេញ​លិខិត​ឆ្លង​ដែន​ឲ្យ​សមាជិក​ក្រុម Hamas​​


រូបឯកសារ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ចាប់ដៃជាមួយនឹងមេដឹកនាំចលនាក្រុម Hamas លោក Ismail Haniyeh មុនពេលជំនួបនៅក្រុងអ៊ីស្តង់ប៊ូល កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ចាប់ដៃជាមួយនឹងមេដឹកនាំចលនាក្រុម Hamas លោក Ismail Haniyeh មុនពេលជំនួបនៅក្រុងអ៊ីស្តង់ប៊ូល កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

មន្ត្រី​ការ​ទូត​ជាន់ខ្ពស់​ម្នាក់​របស់​ប្រទេស​អ៊ីស្រាអែល​ បាន​និយាយ​នៅ​ថ្ងៃពុធ​ថា​ តួកគី​បាន​ចេញ​លិខិត​ឆ្លង​ដែនដល់​សមាជិក​ក្រុម Hamas ​ដែល​មន្ត្រី​ការ​ទូត​រូបនោះ​បាន​ហៅ​ទង្វើនេះ​ថា «ជា​ជំហរ​អមិត្ត​មួយ» ហើយ​ដែលរដ្ឋាភិបាល​អ៊ីស្រាអែល​នឹង​លើក​យក​បញ្ហា​នេះ​មក​ពិភាក្សាជាមួយ​មន្ត្រីរបស់​ប្រទេស​តួកគី។

ភារធារី​ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​តួកគី លោក Roey Gilad​ បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​អ៊ីស្រាអែល​ធ្លាប់​បាន​ប្រាប់​ប្រទេស​តួកគី​ក្នុង​ពេល​កន្លង​មក​ថា ​ក្រុម​ Hamas ជា​អ្នក​ធ្វើ​សកម្មភាព​ភេរវកម្ម​មួយ​ចំនួន​ក្នុង​ទីក្រុងអ៊ីស្តង់ប៊ូល ប៉ុន្តែ​ប្រទេស​តួកគី​មិន​បាន​ចាត់​វិធានការណាមួយ​នោះ​ទេ។​

ទោះបី​ជា​អ៊ីស្រាអែល​និង​តួកគី​មាន​ទំនាក់ទំនង​ពាណិជ្ជ​កម្មល្អ​ជាមួយគ្នា​យ៉ាង​ណា​ក្តី​ ក៏​ប្រទេស​ទាំង​ពីរ​បានប្រទាំងប្រទើស​គ្នា​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​ចុង​ក្រោយនេះ​ ​ដោយបាន​បណ្តេញ​ឯកអគ្គរដ្ឋ​ទូត​របស់​ប្រទេស​នីមួយៗ​ក្នុង​ឆ្នាំ​២០១៨។

ប្រធានាធិបតី​តួកគី​លោក​ Tayyip Erdogan បាន​ថ្កោទោស​ប្រទេស​អ៊ីស្រាអែល​ជា​ញឹក​ញាប់​ចំពោះការ​កាន់​កាប់​តំបន់ West Bank​ និង​ការ​ប្រព្រឹត្ត​របស់ខ្លួន​ទៅ​លើ​ជន​ជាតិ​ប៉ាឡេស្ទីន។

មន្ត្រី​ការ​ទូត​អ៊ីស្រាអែល​លោក Gilad និយាយ​ថា​ អ៊ីស្រាអែល​មាន​ភស្តុតាង​ ដែល​ថា​ប្រទេស​តួកគី​ បាន​ចេញ​លិខិត​ឆ្លង​ដែន​ និង​អត្តសញ្ញាណបណ្ណ​ដល់​សមាជិក​នៃ​ក្រុម Hamas ដែល​គ្រប់គ្រង​តំបន់ Gaza។ ក្រុម​ Hamas ត្រូវ​បាន​អាមេរិក អ៊ីស្រាអែល និង​សហភាព​អឺរ៉ុប​ចាត់​ទុក​ជា​ក្រុម​ភេរវកម្ម៕

XS
SM
MD
LG