ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​សហគមន៍​ឡ​ពាង​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា ដើម្បី​បង្កើត​​សហគមន៍​បឹង​ពោធិ៍


តំណាងប្រជាសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង កាន់លិខិតស្នើសុំអន្តរាគមន៍ បង្កើតសហគមន៍អភិរក្សធនធានធម្មជាតិបឹងពោធិ៍ នៅខាងមុខរដ្ឋសភា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប /វីអូអេ)
តំណាងប្រជាសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង កាន់លិខិតស្នើសុំអន្តរាគមន៍ បង្កើតសហគមន៍អភិរក្សធនធានធម្មជាតិបឹងពោធិ៍ នៅខាងមុខរដ្ឋសភា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប /វីអូអេ)

តំណាង​ប្រជា​សហគមន៍ឡពាង ក្នុង​ឃុំ​តាជេស ខេត្ត​កំពង់​ឆ្នាំង នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ដាក់​លិខិត​អន្តរាគមន៍​ទៅ​រដ្ឋសភា ដោយ​ស្នើ​សុំ​បង្កើត​សហគមន៍​អភិរក្ស​ធនធាន​ធម្មជាតិ​បឹង​ពោធិ៍ ដែល​មាន​ទំហំ​ប្រមាណ​៥០​ហិកតា។

នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​បង្កើត​សហគមន៍ការពារ​ធនធាន​ធម្មជាតិ ដែល​វីអូអេ​ទទួល​បាន តំណាង​សហគមន៍​៦​រូប​ដែល​ផ្តិត​មេដៃ​លើ​លិខិត​នោះ បាន​លើក​ឡើង​ថា​ប្រជា​ពលរដ្ឋ​ប្រមាណ​៦០០​គ្រួសារ ​បាន​ចូល​រួម​ការពារ​បឹង​ពោធិ៍ ដែល​មាន​ទំហំ​៤៧,២២​ហិកតា នៅ​ក្នុង​ភូមិ​ឡពាង បឹងកក់ តាកោះ បន្ទាយ​មាស ស្វាយ​ក្រោម សំរោង ភូមិ​សូ​វង្ស ស្ថិត​ក្នុង​ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង ​ហើយ​ពួកគេ​ចង់​អភិរក្ស​បឹង​នេះ ឱ្យ​ស្រប​ទៅ​តាម​ច្បាប់​ជល​ផល ត្រង់​មាត្រា​៥៩ ស្តី​ពី​ការ​បង្កើត​សហគមន៍ ដោយ​ឈរ​លើ​គោល​ការណ៍​ស្ម័គ្រ​ចិត្ត។

តំណាង​ពលរដ្ឋ​បញ្ជាក់​ក្នុង​ពាក្យ​ស្នើ​សុំ​ថា​ពួកគេចង់​បាន​បឹង​នោះ ​«ដើម្បី​ប្រើប្រាស់​សម្រាប់​ទ្រទ្រង់​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​សហ​គមន៍​ឱ្យ​មាន​និរន្ត​រភាព​យូរ​អង្វែង​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​នៅ​ក្នុង​មូល​ដ្ឋាន​ផ្ទាល់»។

តំណាង​ពលរដ្ឋ​បន្ថែម​ថា​ពួកគេ​បាន​ព្រលែង និង​ការពារ​ត្រី​ពូជ​ជា​រៀង​រាល់​ឆ្នាំ និង​ដាក់​លូ​តាម​រណ្តៅ​អភិរក្ស​តាំង​ពី​ឆ្នាំ​២០១៧​មក​ម៉្លេះ។ ពួកគេ​បារម្ភ​ថា​ពូជត្រី​ទាំង​នេះ​នឹង​បាត់​បង់​ ប្រសិន​បើ​ពលរដ្ឋ​មិន​បង្កើត​សហគមន៍​ដើម្បី​ការពារ​បឹង​នេះ។

តំណាងប្រជាសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង កាន់លិខិតស្នើសុំអន្តរាគមន៍ បង្កើតសហគមន៍អភិរក្សធនធានធម្មជាតិបឹងពោធិ៍ នៅខាងមុខរដ្ឋសភា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប /វីអូអេ)
តំណាងប្រជាសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង កាន់លិខិតស្នើសុំអន្តរាគមន៍ បង្កើតសហគមន៍អភិរក្សធនធានធម្មជាតិបឹងពោធិ៍ នៅខាងមុខរដ្ឋសភា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប /វីអូអេ)

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ក្រុម​តំណាង​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឡពាង​ចំនួន១០​នាក់ ​បាន​ឡើង​មក​ដាក់​ពាក្យ​អន្ត​រាគមន៍​នៅរដ្ឋ​សភា បន្ទាប់​ពី​ពួកគេឃើញគ្រឿង​ចក្រ​មួយ​ចំនួន​បាន​ចូល​ទៅ​ទីតាំង​ផ្ទៃ​បឹង​ពោធិ៍​នេះ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​មាន​ការព្រួយ​បារម្ភ​ថា​អាច​នឹង​មាន​ការ​លុប​បឹង។

លោក ស្ងួន ញឿន តំណាង​ប្រជា​សហ​គមន៍​ឡ​ពាង ប្រាប់​វីអូអេ​នៅ​ខាង​មុខ​រដ្ឋសភា​ថា​ដោយសារ​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​តា​ជេស​«អស់​ជំនឿ»​លើ​អាជ្ញា​ធរ​ថ្នាក់​ក្រោម ដែល​លោក​ថា​មិន​អើ​ពើគិត​គូរ​រក​ដំណោះ​ស្រាយរក្សា​ការ​ពារ​បឹង​ពោធិ៍​នេះ​ ទើប​ប្រជាសហគមន៍ឡើង​មក​កាន់រដ្ឋ​សភា​សុំ​អន្តរាគមន៍។

លោក​ថ្លែង​ថា៖ «ដោយ​សារ​ថ្មី​ៗ​នេះ យើង​ឃើញ​ថា​បឹង​កំពុង​តែ​មាន​គ្រឿង​ចក្រចូល​ហើយ អ៊ីចឹង​ហើយ​ យើង​ខំ​អន្តរាគមន៍​ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​លុប​បឹង​ជា​បន្ត​បន្ទាប់​ទៀត។ ដោយ​សារ​យើង​ឃើញ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​លុប​បឹង​ អ៊ីចឹង​ហើយ​យើង​មិន​ចង់​ឱ្យ​បឹង​របស់​សហគមន៍​មួយ​ហ្នឹង​ ដែល​ឈ្មោះ​ថា​បឹង​ពោធិ៍ ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង​ គឺ​យើង​អត់​ចង់​ឱ្យ​បាត់​បឹង​ហ្នឹង​ទេ​ គឺ​ចង់​ឱ្យ​មាន​បឹង​ហ្នឹង ទុក​ជា​បឹង​របស់​សហ​គមន៍​ ដើម្បី​ជា​ប្រយោជន៍​រួម​ទាំង​អស់​គ្នា»។

តំណាង​ពលរដ្ឋ​រូប​នេះ​ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់​ព័ន្ធ ផ្តល់​ព័ត៌​មាន​ជាក់​លាក់​ទាក់ទង​នឹង​បឹង​ពោធិ៍​នេះ​ដល់​ប្រជា​ពល​រដ្ឋ។

លោក​បង្ហាញ​ក្តី​សង្ឃឹម​ថា​នៅ​ពេល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខិត​ជិត​មក​ដល់ អ្នក​នយោ​បាយ​នឹង​គិត​គូរ​ផល​ប្រយោ​ជន៍​ប្រជា​ពល​រដ្ឋ​ដូច​ទៅ​នឹង​ពាក្យ​សន្យា និង​គោល​នយោ​បាយ​របស់​គណ​បក្ស​នីមួយៗ​ ដែល​បាន​ដាក់​ចេញ។

ចំណែក​អ្នកស្រី ​អ៊ុំ សុភី ប្រជា​សហគមន៍​ឡពាង​ម្នាក់​ទៀត ដែល​បាន​សុំ​អន្ត​រាគ​មន៍​ពី​រដ្ឋសភា និង​បាន​ជួប​ជាមួយ​មន្រ្តី​រដ្ឋសភា ឱ្យ​ដឹង​ថារដ្ឋ​សភា​មិន​ទាន់​ទទួល​យក​លិខិតរបស់​តំណាង​ពលរដ្ឋ​នៅឡើយ ដោយតម្រូវ​ឱ្យ​អ្នក​ស្រី​និង​ប្រជាសហ​គមន៍​ឡពាង​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធិ​ដោយ​មាន​ស្នាម​មេ​ដៃ​របស់​ប្រជាពល​រដ្ឋ ដែល​ចង់​ឱ្យ​រក្សា​បឹង​ពោធិ៍​នេះ។

ទោះ​បី​ជា​រដ្ឋ​សភា​មិន​ទាន់​ទទួល​យក​ពាក្យ​ស្នើ​សុំ​អន្តរាគមន៍យ៉ាង​ណា​ក្តី អ្នកស្រី ​អ៊ុំ សុភី ជឿ​ថា​តំណាង​រាស្ត្រ​នឹង​គិត​គូរ​អំពី​បញ្ហា​នេះ និងចុះ​ទៅ​អង្កេត​ដោយ​ផ្ទាល់។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​សូម​អំពាវ​នាវ​ទៅ​ដល់​រដ្ឋសភា​ ថ្នាក់​អាជ្ញាធរ​ខេត្ត ស្រុក​ ភូមិ​ ឃុំ ​មេត្តា​ សហការ​ចូល​រួម​ការពារ​បឹង​នេះ​ កុំ​ឱ្យ​ទៅ​ឯក​ជន​ យក​ទៅ​គ្រប់​គ្រង។ ហើយ​មួយ​ទៀត ចង់​ឱ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ក្តី រដ្ឋ​សភា​ក្តី គឺ​មេត្តា​ប្រគល់​បឹង​នេះ​ឱ្យ​សហគមន៍​គ្រប់គ្រង អភិរក្ស ការ​ពារ​ទៅ»។

លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា ប្រាប់​អ្នក​យក​ព័ត៌មាន​វីអូអេឱ្យ​ទាក់​ទង​ទៅលោក សរ ចំរុង វិញ ដែល​ជា​តំណាង​រាស្រ្ត​ទទួល​បន្ទុក​ខាង​ពាក្យ​បណ្តឹង។

លោក សរ​ ចំរុង​ ប្រធាន​គណៈ​កម្មការ សិទ្ធិ​មនុស្ស​ ទទួល​ពាក្យ​បណ្តឹង​ អង្កេត ​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធ​សភា​នៃ​រដ្ឋសភា ប្រាប់​វីអូអេ​ថា​លោក​មិន​បាន​ទទួល​ព័ត៌​មាន​អ្វី​ឡើយ ពាក់​ព័ន្ធ​នឹង​ប្រជា​សហ​គមន៍​ឡ​ពាង ដែល​បាន​ដាក់​ពាក្យ​នៅ​រដ្ឋ​សភា​ ​ស្នើ​សុំ​បង្កើត​សហ​គមន៍​អភិ​រក្ស​ធនធាន​ធម្មជាតិ​បឹង​ពោធិ៍។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​មេឃុំ​តាជេស ​អ្នកស្រី ស្វាយ ស៊ីម ​បាន​នៅ​ឡើយ​ទេ។

ចំណែក​លោក លោក ឈឹម វុទ្ធា អភិ​បាល​ស្រុក​កំពង់​ត្រឡាច បាន​ចុច​ផ្តាច់​ទូរស័ព្ទ​ នៅ​ពេល​ឭ​ថា​អ្នក​សារព័ត៌​មាន​សំឡេងសហរដ្ឋ​អាមេ​រិក(វីអូអេ)​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​ជុំ​វិញ​ករណី​បឹង​ពោធិ៍​នេះ។

អ្នក​សម្រប​ស​ម្រួល​សមា​គម​សិទ្ធិ​មនុស្ស​អាដ​ហុក​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ លោក សំ ច័ន្ទ​គា យល់​ថា​អាជ្ញាធរ​ ត្រូវ​តែ​ខ្នះ​ខ្នែងក្នុង​ការ​ការពារ​ធន​ធាន​ធម្មជាតិ និង​បឹង​ធម្ម​ជាតិ ដែល​ជា​កង្វល់​របស់​ប្រជា​ពលរដ្ឋ ហើយ​ត្រូវ​ផ្សព្វ​ផ្សាយ ​និង​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​របស់​ខ្លួន​ទៅ​ប្រជា​ពល​រដ្ឋ។

លោក​ថ្លែង​ថា៖ «ស្នើ​សុំ​ដល់​អាជ្ញា​ធរ​ហ្នឹង ធ្វើ​ស្អី​ៗ​ឱ្យ​មាន​តម្លា​ភាព​ទៅ ​កាល​ណា​មាន​តម្លា​ភាព​ហើយ​ គាត់​នឹង​ច្បាស់ គាត់​មិន​មាន​មន្ទិល​ទេ។ ហើយ​បើ​យើង​[អាជ្ញាធរ​]​ ធ្វើ​លួច​លាក់​អ៊ី​ចឹង វា​នឹង​ធ្វើ​ឱ្យ[ពល​រដ្ឋ​]​មាន​មន្ទិល​ហើយ»។

មាត្រា​៥៩​នៃ​ច្បាប់​ជលផល​ចែង​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​រួមគ្នា​បង្កើត​សហ​គមន៍​នេសាទ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត​ ដើម្បី​ចូលរួម​គ្រប់​គ្រង​ អភិរក្ស អភិវឌ្ឍ និង​ប្រើប្រាស់​ធនធាន​ជលផល​ប្រកប​ដោយ​និរន្តរ​ភាព។

គួរ​បញ្ជាក់​ថា​សហគមន៍​ឡពាង​ក្នុង​ឃុំ​តាជេស ក៏​មានជម្លោះ​ដី​ធ្លី​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​ហើយ​ជាមួយ​ក្រុម​ហ៊ុន​KDC​ ដែល​គ្រប់​គ្រង​ដោយ​អ្នកស្រី ជា ខេង ​ភរិយា​របស់​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាម​ពល លោក ស៊ុយ សែម៕

XS
SM
MD
LG