ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កំពង់​ឆ្នាំង​កោះ​ហៅ​សកម្ម​ជន​​ឡពាង​៤​នាក់ ក្នុង​ជម្លោះ​បឹងនេសាទ


សមាជិក​សហគមន៍​ឡពាង​ដែល​ស្នើ​ឲ្យ​តុលា​ការ និង​សមត្ថ​កិច្ច​ចុះ​មក​​សិក្សា​ករណី​ជម្លោះ​បឹង​នេសាទ ក្នុង​ឃុំ​តាជេស ក្នុង​ខេត្ត​កំពង់​ឆ្នាំង។ (រូបថត​ពី Facebook)
សមាជិក​សហគមន៍​ឡពាង​ដែល​ស្នើ​ឲ្យ​តុលា​ការ និង​សមត្ថ​កិច្ច​ចុះ​មក​​សិក្សា​ករណី​ជម្លោះ​បឹង​នេសាទ ក្នុង​ឃុំ​តាជេស ក្នុង​ខេត្ត​កំពង់​ឆ្នាំង។ (រូបថត​ពី Facebook)

ខណៈ​កំពុង​ប្រឈម​នឹង​ការ​កោះ​ហៅ​របស់​តុលាការ សកម្ម​ជន​ឡ​ពាង​ដែលការពារ​តំបន់​អភិ​រក្សបឹង​ពោធិ៍​ក្នុង​ឃុំ​តាជេស ក្នុង​ខេត្ត​កំពង់​ឆ្នាំង បាន​ស្នើ​ឲ្យ​តុលា​ការ និ​ង​សមត្ថ​កិច្ច​ចុះ​មកសិក្សា​ករណី​នេះ ដោយ​ពួកគេ​អះអាង​ថា​អយុត្តិធម៌។

តុលាការ​បាន​កោះ​ហៅ​ប្រជាពលរដ្ឋ​៤​នាក់ ដែល​ធ្លាប់​មាន​ជម្លោះ​ដី​ធ្លី​ប្រមាណ​២០​ឆ្នាំ​មក​ហើយ​ជាមួយ​ភរិយា​របស់​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​សាក​សួរ​អំពី​ដំណើរ​រឿង​«ប៉ុន​ប៉ង​ឃាត​កម្ម​ និ​ងធ្វើ​ឲ្យខូច​ខាត​ដោយ​ចេតនា​»។ នេះ​បើ​យោង​តាម​ដីកា​របស់​ព្រះ​រាជអាជ្ញា​រង លោក ឡុង ស៊ីថា ​ដែល​វីអូអេ​ទទួល​បាន។

ដីកា​កោះ​ហៅ​ចុះ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ របស់​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង បាន​ឲ្យដឹង​ថា ដើម​ចោទ​ឈ្មោះ ប៉ក សុទន ដែល​ជា​អ្នក​នេសាទ​ត្រី​ម្នាក់​ក្នុង​តំបន់​បឹង​ពោធិ៍​នោះ​ដែរ បាន​ប្តឹង​ទៅ​បុគ្គល​៤​នាក់ មាន​ឈ្មោះ ស្ងួន ញឿន ​ឈ្មោះ​ ស្ងួន ញ៉ាន ​ឈ្មោះ​ អ៊ុំ សុភី និង​ឈ្មោះ ​អ៊ុន ម៉ុន​ ដែល​ជា​សកម្មជន​ការ​ពារ​អភិរក្សបឹងពី​បទ​«ប៉ុន​ប៉ង​ឃាត​កម្ម​ និង​ធ្វើ​ឲ្យខូច​ខាត​ដោយ​ចេតនា​»។

បើ​តាម​លិខិត​កោះ​ហៅនេះ តុលាការ​បាន​តម្រូវ​ឲ្យ​ពួក​គេ​ទាំង​៤​នាក់​ចូល​បំភ្លឺ​នៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០​២១។

លោក ឡុង ស៊ីថា ព្រះ​រាជ​អាជ្ញារង​នៃ​តុលាការ​ខេត្ត​កំពង់​ឆ្នាំង បាន​ថ្លែង​ថា​ពិត​ជា​មាន​ករណី​ប្តឹង​នេះ​មែន​ ប៉ុន្តែលោក​មិន​អាច​បញ្ជាក់​អ្វី​បន្ថែម​បាន​នោះ​ទេ គឺ​រង់​ចាំ​ការ​ចូល​បំភ្លឺ​របស់​ភាគី​ពាក់​ព័ន្ធជា​មុន​សិន។

អ្នក​ស្រី ​អ៊ុំ សុភី អាយុ​៤២ ដែល​រង​ការ​កោះ​ហៅ​ឲ្យ​ចូល​តុលាការ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​ហៅ​នេះ «មិនមាន​មូ​ល​ដ្ឋាន​ច្បាស់​លាស់ និងអយុត្តិធម៌​ណា​ស់»​សម្រាប់​អ្នក​ភូមិ ខណៈអ្នកស្រី​បាន​ប្តឹង​បុគ្គល​ ប៉ក សុទន កាល​ពី​ថ្ងៃ​២២ ខែ​កុម្ភៈ ពី«​ការ​បំផ្លាញ និង​ដុត​រោងកន្លែ​ង​ការ​ពារ​តំបន់​អភិរក្ស​ត្រី​របស់​សហគមន៍» ​ប៉ុន្តែ​មិន​មាន​សមត្ថ​កិច្ច​ណា​ម្នាក់​ចាត់​ការ​លើ​បណ្តឹង​នេះទេ​។

អ្នកស្រី​ចង់​ឲ្យអាជ្ញាធរ​ចុះ​មក​សិក្សាឲ្យ​បាន​ច្បាស់ ដើម្បី​រក​ភាព​យុត្តិធម៌​ដល់​រូប​អ្នកស្រី និង​ប្រជាពល​រដ្ឋ​ដទៃ​ទៀត។ អ្នកស្រី​ថ្លែងថា៖​ «អញ្ចឹង​ខ្ញុំ​ចង់​ស្នើ​ឲ្យ​តុលាការ​ ឬក៏​អាជ្ញាធរ​មេត្តា​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​មក ហើយ​មក​សួរ​ពួក​ខ្ញុំ​ផ្ទាល់(ដែល​ជា)​អ្នក​ការពារ​អភិរក្ស​(បឹង​ធម្មជាតិ) តើខ្ញុំ​ការ​ពារ​ដើម្បីអ្វី​? ការ​ពារ​ដើម្បី​ឯក​ជន ឬការ​ពារ​ដើម្បី​បុគ្គល? ហើយ​មក​ប្រាប់​ខ្ញុំ​មក​ប្រាប់​ឲ្យ​ច្បាស់​លាស់​ ហើយ​សួរ(និង)​ចុះ​មក​ជួបជុំគ្នា​និយាយ​មក។ ហើយ​អត់មាន​ស្រាវ​ជ្រាវ​អត់​មាន​អី​(មក)​ប្តឹង ហើយ​(ចំណែក)ឯ​បណ្តឹង​ពួក​ខ្ញុំ​ទុក​ចោល​អត់​ចាត់​ការ អញ្ចឹង​វា​អយុ​ត្តិ​ធម៌​ណាស់​សម្រាប់​ពួក​ខ្ញុំ»។

ខ្លោងទ្វារ​ចូល​ទៅ​កាន់​សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង។ (រូបថត​ពី Facebook)
ខ្លោងទ្វារ​ចូល​ទៅ​កាន់​សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង។ (រូបថត​ពី Facebook)

អ្នកស្រី សុភី ជា​តំណាង​សហគមន៍​ឡពាង​ឲ្យ​ដឹង​ទៀត​ថា​ គោល​បំណង​របស់​សហគមន៍មិន​មានគោល​បំណងអាក្រក់​អ្វីនោះ​ទេ ដោយ​គ្រាន់​តែ​ការ​ពារ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ការពារ​ត្រី​តែ​ប៉ុណ្ណោះ ពី​ព្រោះ​អ្នកស្រី​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ពូជ​ត្រី​ក្នុង​សហគមន៍​របស់​ខ្លួន ជា​ពិសេស​ការ​ធ្លាក់​ចុះផល​ត្រី​សម្រាប់​ប្រជា​ជន​ក្នុង​ការនេសាទ​នៅ​តំបន់​នោះ​។

អ្នកស្រី​បន្ត​ថា៖ «ខ្ញុំ​ឃើញថា​ពូជត្រី​នៅ​ប្រទេស​កម្ពុជា​យើង(គឺ)​វា​ចាប់​ផ្តើម​ហិន​ហោច​ហើយ​ ពូជ​ត្រី​ធម្ម​ជាតិ។ ​បើ​យើង​មិនចេញមុខ​ទៅ​ការពារ ពីព្រោះ​ខ្ញុំ​ឃើញ​ថា​បទល្មើស​ផ្សេង​ៗ ដែល​គេ​ឆក់​ អូស​អួន(គឺ)ខ្ញុំ​ឃើញ​អាជ្ញាធរ​ដូច​ជា​មិន​រវល់​ អញ្ចឹង​ពួក​ខ្ញុំ​ដែល​ជា​សហគមន៍ ដែល​ស្រលាញ់​សម្បត្តិ​ធម្មជាតិ​ហ្នឹង(ដែល)​ខ្ញុំ​ជា​តំណាង​ប្រធាន​សហគមន៍​អភិរក្ស​ហ្នឹង​ខ្ញុំ​ ស្រលាញ់​សម្បត្តិ​ធម្មជាតិ ឃើញ​ថា​ប្រទេស​យើង សម្បត្តិ​ធម្មជាតិ វា​បាត់​ស្ទើរ​អស់​ទៅ​ហើយ​ជា​ពិសេស​ពូជ​ត្រី​ធម្មជាតិ​របស់​យើង»។

ចំណែក​អ្នក​ស្រី​ អ៊ុន​ ម៉ុន​ អាយុ​៦១​ឆ្នាំ ដែល​រង​ការ​កោះ​ហៅ​របស់​តុលាការដូច​គ្នា បាន​ប្រាប់​វីអូអេ​ថា​អ្នកស្រី​មាន​ការ​ងឿង​ឆ្ងល់​ហេតុ​អ្វីបាន​ជា​មាន​ការ​កោះ​ហៅ​អ្នក​ស្រី​បែប​នេះ ព្រោះ​កាល​ពី​កន្លង​ទៅ អ្នកស្រី​និង​ក្រុម​របស់​អ្នកស្រី​ចូល​ទៅ​ថត​រូប​ទុក​ធ្វើ​ជា​ភស្តុ​តាង​តែ​ប៉ុណ្ណោះ។ អ្នកស្រី​បន្ត​ថា​ពួក​គាត់​មិន​មាន​អាវុធ ​និង​មិន​បានទៅ​គំរាម​កំហែង​ដល់​អ្នកណា​ម្នាក់​នោះ​ទេ​។

អ្នកស្រី​ថ្លែង​ថា៖ «អូន​ដឹង​អត់​ទេ ថ្ងៃ​ដុត​រោង​សុទ្ធ​តែ​ដំបង ចង់​វាយ​ពួក​យើង(ហើយ)​ពួក​យើង​មាន​តែ​គ្នា​៤​នាក់​ចូល​ទៅ​ថត​យក​ភស្តុតា​ង​បន្តិច​ហ្នឹង...មាន​រឿង​អី​ថា​ទៅរក​សម្លាប់​គេ​ (តែ)​គិត​តែ​គេ​ចង់​រក​សម្លាប់ ប្រមាថ​រក​វាយ​ក្បាលមួយ​គល់​ឫស្សី ក៏​មាន​ដែរ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ប៉ក សុទន ដែល​ជា​ដើម​បណ្តឹង​ប្តឹង​ប្រជាពលរដ្ឋ​បាន​នៅ​ឡើយ​ទេ។

អធិការ​រង​ស្រុក​កំពង់​ត្រឡាច លោក​ ពេជ្រ សំអាត ​បាន​ប្រាប់វីអូ​អេ​ថា​បញ្ហានេះ​ដោយ​សារ​មាន​ភាព​ស្មុគ​ស្មាញ​ពេក លោក​ក៏​បាន​ឲ្យ​អ្នក​ដែល​មានជម្លោះ​ទៅប្តឹង​ទៅតុលាការ​ដោយ​ផ្ទាល់។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ឃើញ​ដែរ​ ខ្ញុំ​អ្នក​កត់(​របាយ​ការណ៍)​ចូល​ដែរ​។ ប៉ុន្តែ​សាច់​រឿង​ខ្ញុំ​គ្រាន់​តែ​ដឹង​ខ្លះ​ៗថាក្រុម​មួយ(ក្រុម​លោក ប៉ក សុទន)​គាត់​ទៅ​ដាក់​មងនៅ​កន្លែង​បឹង​ ...ដាក់​មង​ បង់​សំណាញ់​អញ្ចឹង​ទៅ​(ហើយ​)ខាង​ក្រុម​អភិរក្ស​បឹង​ គឺ​កាប់​មង​ កាប់​សំណាញ់​របស់​ប្រជាពលរដ្ឋ...។ (ហើយ​) ខ្ញុំ​ថា​លក្ខណៈ​តូច​តាច​ដល់​តែ​ឃើញ​ភាព​(ច្របូក​ច្របល់​ពេក​)ពីរ​ទៅ​បីដង​ហើយ​(ហើយ)​ដល់​ពិបាក​ពេក ខ្ញុំឲ្យ​ទៅ​ប្តឹង​នៅ​តុលាការ​ហ្មង​ទៅ»។

ចំណែក​អ្នកស្រី ស្វាយ ស៊ីម មេឃុំ​ស្តី​ទី​តា​ជេស ​បាន​ប្រាប់​វីអូអេ​ថាអ្នក​ស្រី​ក៏​មិន​បាន​ដឹង​ពី​រឿង​ជម្លោះ​ប្តឹង​គ្នានេះ​លម្អិត​នោះ​ដែរ​ ដោយ​សារ​តែ​រឿង​នេះ​មិន​បាន​ប្តឹង​មក​សាលា​ឃុំ​ទេ។

អ្នក​សម្របស​ម្រួល​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ខេត្ត​កំពង់​ឆ្នាំង លោក សំ ច័ន្ទគា បាន​ថ្លែង​ថា រដ្ឋា​ភិបាល​និង​ស្ថាប័ន​ពាក់​ព័ន្ធ​គួរតែ​រក​យុត្តិ​ធម៌​ដល់​ប្រជាពលរដ្ឋ។ លោក​យល់​ថា​ការពារ​ធនធាន​ធម្ម​ជាតិ​និងការ​អភិរក្ស​ត្រី​នេះ គឺ​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​នេសាទ​បាន​យូរ​ និង​បាន​ជំរុ​ញ​ដល់​ការ​រស់​នៅ​ប្រកប​ដោយ​សុខ​ដុម​រមនា​របស់​ប្រជា​ពល​រដ្ឋ​ថែម​ទៀត​ផង​។

លោក​ថ្លែង​ថា៖ «វាមាន​ផលប្រយោជន៍​ណា កាល​ណា​វា​មាន​បឹង​ឡើង​វិ​ញ​ មាន​មច្ឆា​ជាតិ​ឡើង​វិញ​ហ្នឹង​ គឺ​វានឹងជំរុ​ញ​ដល់​ការ​រស់​នៅ​ប្រកប​ដោយ​សុខដុម​រមនា​របស់​ប្រជាពលរដ្ឋ​។ ហើយ​ប្រជា​ពលរដ្ឋ​គាត់អាស្រ័យ​ផល​ទៅ​លើ​ធនធាន​ធម្មជាតិ ដែល​នៅ​ជុំ​វិញ​នេះ​ហើយ​។ ហើយ​បើ​សិន​ជា​ធន​ធាន​ធម្មជាតិ វា​បាន​កកើត​ឡើង​វិញ​ ឬ​រក្សាបាន​នោះ (គឺ)​ភាព​រីក​ចម្រើន ភាពរុង​រឿង​នៅក្នុង​មូល​ដ្ឋាន​ វា​នឹង​ល្អ​ប្រសើរ​ហើយ»។

ប្រជាពលរដ្ឋបាន​ឲ្យ​ដឹង​ថាបឹង​ពោធិ៍​មាន​ផ្ទៃ​ក្រឡា​ប្រមាណ​៤៧​ហិកតា ដែល​ស្ថិត​នៅ​ជាប់​ភូមិ​ចំនួន​៣ មាន​ភូមិ​ឡពាង ភូមិ​សូ​វង្ស និង​ភូមិ​សំរោង ក្នុង​ឃុំ​តា​ជេស ដែល​ប្រជា​ពលរដ្ឋ​អាស្រ័យ​ផល។

គួរ​បញ្ជាក់​ថា​សហគមន៍​ឡពាង​ក៏​បាន​ជាប់​នៅ​ក្នុង​ជម្លោះដីធ្លី​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​ហើយ​ជាមួយ​នឹង​ក្រុមហ៊ុន ​KDC​ ដែល​គ្រប់​គ្រង​ដោយ​អ្នកស្រី ជា​ ខេង ភរិយា​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាម​ពល​លោក ស៊ុយ​ សែម​៕

XS
SM
MD
LG