ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​៨​នាក់​ក្នុង​ខេត្ត​ព្រះ​សីហនុ​​ត្រូវ​បាន​ឃាត់​ខ្លួន​ ​ក្នុង​ការ​តវ៉ា​ដីធ្លី​មួយ​ដែល​ឈាន​ដល់​អំពើ​ហិង្សា


រូបភាព​ដែល​បង្ហោះ​ដោយ​នគរបាលជាតិ​កាលពី​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩​នេះ​ បង្ហាញ​ពី​ការ​បិទ​ផ្លូវ​ជាតិ​លេខ៤ ដោយ​មាន​ប្រើ​គល់​ឈើ និង​ដុំថ្ម ដោយសារ​តែ​ជម្លោះ​ដីធ្លី។ (រូបភាព​ពី​គេហទំព័រ​នគរបាលជាតិ)
រូបភាព​ដែល​បង្ហោះ​ដោយ​នគរបាលជាតិ​កាលពី​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩​នេះ​ បង្ហាញ​ពី​ការ​បិទ​ផ្លូវ​ជាតិ​លេខ៤ ដោយ​មាន​ប្រើ​គល់​ឈើ និង​ដុំថ្ម ដោយសារ​តែ​ជម្លោះ​ដីធ្លី។ (រូបភាព​ពី​គេហទំព័រ​នគរបាលជាតិ)

មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​បញ្ជាក់​ថា ​ការ​ឃាត់​ខ្លួន​​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពល​រដ្ឋ​តវ៉ា​បិទ​ផ្លូវ​ទាំង​នោះ​​បាន​​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​ ក្រោយ​សមត្ថកិច្ច​​ចុះ​រុះរើ​ផ្ទះ​ដែល​ពួកគេ​សង់​ខុស​ច្បាប់​លើ​ដី​ដែល​មាន​កម្មសិទ្ធិ។

ពលរដ្ឋ​ចំនួន​៨​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ​ ក្រោយ​ពី​បិទ​ផ្លូវ​ធ្វើ​បាតុកម្ម​ និង​ប្រើ​អំពើ​ហិង្សា​លើ​សមត្ថកិច្ច​ ​ក្នុង​ជម្លោះ​ដី​ធ្លី​មួយ​ដែល​អាជ្ញាធរ​ចោទ​ថា ​ពល​រដ្ឋ​សាងសង់​ទី​លំនៅ​លើ​ដី​មាន​ម្ចាស់​រួច​ហើយ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ។​

លោក​ ​ជួន ណារិន​ ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ​ប្រាប់​ ​VOA​ ​ថា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​សុក្រ​នេះ ​ពលរដ្ឋ​ប្រមាណ​ជា១០០​នាក់​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៤​ ដោយ​ប្រើ​គល់​ឈើ​ និង​ដុំ​ថ្ម ​បណ្តាល​ឲ្យ​កក​ស្ទះ​ចរាចរណ៍។​ លោក​បន្ត​ថា​ ក្នុង​ការ​បិទ​ផ្លូវ​ថ្ងៃ​ទី២​ គឺ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ សមត្ថកិច្ច​ក៏​បាន​ទៅ​សម្របសម្រួល​ឲ្យ​មាន​ការ​បើក​ផ្លូវ​ឡើង​វិញ ​ប៉ុន្តែ​លោក​ថា​ ប្រជា​ពលរដ្ឋ​ទាំង​នោះ​បាន​ប្រើ​ដុំ​ថ្ម​គប់​មក​លើ​សមត្ថកិច្ច​បណ្តាល​ឱ្យ​រង​របួស​ចំនួន​៦​នាក់​ ​និង​ខូច​ខាត​រថយន្ត​ចំនួន​៣​គ្រឿង។​

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​បាន​សម្របសម្រួល​គាត់ អង្វរករ​គាត់ តែ​មាន​ការ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​គប់​មក​លើ​សមត្ថកិច្ច​យើង​ខ្ញុំ​បណ្តាល​ឲ្យរបួស​៦​នាក់ ធ្ងន់​២ និង​ខូចខាត​រថយន្ត​៣​គ្រឿង​ ដែល​យើង​កំពុង​តែ​បេសកកម្ម​រើ​ដុំ​ថ្ម​ចេញ​ពី​ផ្លូវ និង​រើ​ដើម​ឈើ​ចេញ​ពី​ផ្លូវ​ដើម្បី​បើក​ចរាចរណ៍។ នេះ​ជា​ការងារ​មួយ​ដែល​យើង​មិន​ទទួល​យក​បាន​ទេ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​នេះ​មក​លើ​សមត្ថកិច្ចដែល​អនុវត្ត​លើ​ផ្លូវ​សាធារណៈ»។​

លោក ​ជួន ណារិន​ ​បន្ថែម​ថា ​សមត្ថកិច្ច​កំពុង​បន្ត​សួរ​នាំ​ពលរដ្ឋ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួនទាំង៨​នាក់ នោះ​នៅ​ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។​

​លោក​បញ្ជាក់​ថា៖​ «ទី១​យើង​ឃាត់​ខ្លួន​យក​មក​ធ្វើ​ការ​សួរ​នាំ បើ​សិន​ជា​មាន​បទ​ល្មើស​ធ្ងន់ធ្ងរ​យើងនឹង​បញ្ជូន​អនុវត្ត​ទៅ​តាមផ្លូវ​ច្បាប់​តាម​នីតិវិធី​របស់​យើង។​ ទី២ បើ​សិន​មិន​មាន​ពាក់ព័ន្ធ​អី​ធ្ងន់ធ្ងរ​ទេ​ យើង​នឹង​បញ្ជូន​គាត់​ទៅ​វិញ ​ធ្វើ​ការ​អប់រំ»។​

​ការ​បិទ​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះ​ ​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​ចម្រុះ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៩​ បាន​ចុះ​ទៅ​រុះរើ​សំណង់​ផ្ទះ​ខ្ទម​ជាង​៦០០​ខ្ទម​ ដែល​អាជ្ញាធរ​អះអាង​ថា​ ជា​សំណង់​អនាធិបតេយ្យសាងសង់​ដោយ​ពលរដ្ឋ​មួយ​ចំនួន​ ប៉ះពាល់​ទៅ​លើ​ដី​ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់​ មាន​ទី​តាំង​នៅ​ចំណុច​ចំណោត​អូរត្រាវ​ ស្ថិត​ក្នុង​ឃុំ​បិតត្រាំ​ង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

រូបភាព​ដែល​បង្ហោះ​ដោយ​នគរបាលជាតិ​កាលពី​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩​នេះ​ បង្ហាញ​ពី​ការ​រុះរើ​ដុំថ្ម ដែល​ពលរដ្ឋ​ប្រើ​ដើម្បី​បិទ​ផ្លូវ​ជាតិ​លេខ៤ ដោយសារ​តែ​ជម្លោះ​ដីធ្លី។ (រូបភាព​ពី​គេហទំព័រ​នគរបាលជាតិ)
រូបភាព​ដែល​បង្ហោះ​ដោយ​នគរបាលជាតិ​កាលពី​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩​នេះ​ បង្ហាញ​ពី​ការ​រុះរើ​ដុំថ្ម ដែល​ពលរដ្ឋ​ប្រើ​ដើម្បី​បិទ​ផ្លូវ​ជាតិ​លេខ៤ ដោយសារ​តែ​ជម្លោះ​ដីធ្លី។ (រូបភាព​ពី​គេហទំព័រ​នគរបាលជាតិ)

លោកស្រី​ ​សេង សុភី​ ​ពលរដ្ឋ​ម្នាក់​ដែល​អះអាង​ថា​ជា​អ្នក​រស់នៅ​លើ​ដី​មាន​ជម្លោះ​នោះ​ ប្រាប់​ ​VOA​ ​ថា លោក​ស្រី​បាន​ទិញ​ដីមួយ​កន្លែង​នៅ​ទី​នោះពី​ពលរដ្ឋ​ដូច​គ្នា​កាល​ពី​ជាង​១​ឆ្នាំ​មុន​ ​ក្នុង​តម្លៃ​៣.៣០០​ដុល្លារ​អាមេរិក​ ដោយ​មាន​ធ្វើ​កិច្ចសន្យា​ទិញ​លក់ពី​ភូមិ​ តែ​មិនមាន​កម្មសិទ្ធិ​អ្វី​នោះ​ទេ។​ ​លោកស្រី​បន្ត​ថា​ មូលហេតុ​ដែល​លោក​ស្រី​ទិញ​នា​ពេល​នោះ​ គឺ​ដោយ​សារ​លោក​ស្រី​ឮ​ថា ​ដី​នោះ​ជា​ដី​សម្បទាន​សម្រាប់​ប្រជាពលរដ្ឋ។​

អ្នកស្រី​បញ្ជាក់​ថា៖​ «លិខិត​ទិញ​លក់​របស់​យើង​ ធម្មតា​ផ្តិត​តែ​មេដៃ​ សាក្សី​ទិញ និង​អ្នក​ទទួល​ ហើយ​និង​ស៊ីញ៉េក្រដាស​ពី​ភូមិ​ ​គ្រាន់តែ​មេ​ភូមិ​ឈ្មោះ​អី​អ៊ីចឹង​ គាត់​ស៊ីញ៉េ​ជូន​អ៊ីចឹង​ គាត់​អត់​មាន​បោះត្រា​អី​ទេ គាត់​គ្រាន់តែ​ផ្តិត​មេដៃ​អី​អ៊ីចឹង។ គេ​គ្រាន់​តែ​ដាក់​បញ្ជាក់​ពី​ប្រជាជន​ ដូចថា​ឈ្មោះ​ «ក» អី​ អ៊ីចឹង​ គេ​លក់​ឲ្យ​ឈ្មោះ​ខ្ញុំ​អ៊ីចឹង​ អត់មាន​បញ្ជាក់​ថា ​ឈ្មោះ​របស់​បុគ្គល​ណា​មួយ​ជា​មានកម្មសិទ្ធិ ជា​ប្លង់​អី​អ៊ីចឹង អត់​ទេ»។

ក្នុង​ការ​បិទ​ផ្លូវ​ ​និង​តវ៉ា​រហូតមាន​អំពើ​ហិង្សា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​លោកស្រី​ សេង សុភី ​លើក​ឡើង​ថា ភាគី​ខាង​ប្រជា​ពលរដ្ឋ​ក៏​មាន​រង​របួស​ផង​ដែរ​ ​ប៉ុន្តែ​លោក​ស្រី​មិន​បាន​បញ្ជាក់​ថា​ របួស​បែប​ណា​ ​ឬ​របួស​ប៉ុន្មាន​នាក់​នោះ​ទេ។​ ​ពលរដ្ឋ​ដដែល​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា ​ការ​ផ្ទុះ​ហិង្សា​នេះ​គឺ​បណ្តាល​មក​ពី​សមត្ថកិច្ច​ចូល​ធ្វើ​អន្តរាគមន៍​ និង​បំបែក​ក្រុម​បាតុករ​ដែល​បិទ​ផ្លូវ​តវ៉ា។​

​អ្នកស្រី​ ​សេង សុភី​ ​ថ្លែង​ថា៖​ «ប្រជា​ពលរដ្ឋ​ហ្នឹង​គាត់​ត្រូវ​របួស​ដោយ​សារ​ប៉ូលិស ​សមត្ថកិច្ច​គាត់​មក​ធ្វើ​ការ​អន្តរាគមន៍​សម្រាប់​ឃាត់ឃាំង​ពួកខ្ញុំ​កុំ​ឲ្យ​ចូល​ទៅ​ដី​ធ្លី។​ ធម្មតា​ផ្ទះ​សម្បែងរបស់​ពួក​ខ្ញុំ​គេ​រុះ​រើ​អស់​ អីវ៉ែ​អីវ៉ាន់​នៅ​ក្នុង​ហ្នឹង គេ​ហាម​ឃាត់​អត់​ឲ្យ​ចូល។​ អ៊ីចឹង​ពួកខ្ញុំ​ត្រូវ​ការ​ចង់​ចូល​ទៅ​យក​របស់​របរ​នៅ​ក្នុង​ផ្ទះ​ ​ប៉ុន្តែ​គេ​អត់​ឲ្យ​ចូល​ទេ​ គេ​ថា ​ហួស​ពេល​ចូល​ហើយ​ដោយ​សារ​តែ​គេ​ឲ្យ​យើង​ចេញ​យើង​អត់​ចេញ។​ ដោយ​ឡែក​រឿង​ប្រជា​ពលរដ្ឋអត់​សុខ​ចិត្ត​ហ្នឹង​គឺ​ជាបញ្ហា​បែប​ហ្នឹង»។​

​លោក​ស្រី​ ​សេង សុភី បន្ថែម​ដោយ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នេះ​ជូន​លោក​ស្រី ​និង​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត។​

លោកស្រី​និយាយ​ថា៖​ «ខ្ញុំ​អត់​មាន​កម្លាំង​អី​ទៅ​ស៊ូ​ជាមួយ​គេ​ទេ​ ព្រោះ​អី​ធម្មតា​យើង​មិន​អាច​ទៅ​ធ្វើ​អី​បាន​ទេ យើង​ដូច​ពង​មាន់​ជល់​ហ្នឹង​ថ្ម គ្រាន់​តែ​ថា​ ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​ដែល​រង​គ្រោះ​ក្នុង​ការទិញ​ដីធ្លី​ហ្នឹង​ហើយ ហើយ​ក៏​ពួក​ខ្ញុំ​ចង់​បាន​ដី ដើម្បី​ឲ្យ​ខាង​ចៅហ្វាយ​ខេត្ត​ជួយ​ដោះ​ដូរ និង​ជួយ​ដំណោះ​ស្រាយ​ឲ្យ​ពួកខ្ញុំ​ទៅ ព្រោះ​អី​ពួក​ខ្ញុំ​ប៉ុន្មាន​រយ​គ្រួសារ​ហ្នឹង​ពិត​ជាអត់»។

យោង​តាម​វីដេអូ​ខ្លី​ដែល​បាន​ថត​ចេញ​ពី​កន្លែង​តវ៉ា​ និង​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក និង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ (ប៉ុន្តែ​ VOA មិន​អាច​បញ្ជាក់​ពី​ភាព​ពិត​ទាំង​ស្រុង​បាន​ដោយ​សារ​ក្រុម​ការងារ​យើង​ខ្ញុំ​មិន​បាន​ចុះ​ទៅ​ដល់​កន្លែង​ដោយ​ផ្ទាល់) ទំនង​បង្ហាញ​ថា ​មុន​នឹង​ឈាន​ដល់​ការ​ផ្ទុះ​ហិង្សា​ គេ​ឃើញមាន​ការ​រុញ​ច្រាន​រវាង​ពលរដ្ឋ​ និង​សមត្ថកិច្ច​ដែល​ប្រដាប់​ដោយ​ខែល​ការពារ ​និង​ដំបង។​

​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ដដែល​នោះ​បញ្ជាក់​ថា ​សំណង់​ដែល​អាជ្ញាធរ​បាន​ចុះ​រុះរើ​ទាំង​នោះ​ គឺ​ត្រូវ​បាន​ប្រជាជន​ដែល​មក​ពី​តំបន់​នានា​ក្នុង​ខេត្ត​ និង​ក្រៅ​ខេត្ត​លួច​សាង​សង់​ដោយ​ខុស​ច្បាប់​នៅ​លើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់​ក្នុង​រយៈពេល​ថ្មីៗ​កន្លង​ទៅ​នេះ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុបញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

​«រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​ ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាជន​ដែល​បាន​ចូល​ទៅ​សង់​ខ្ទម​ដោយ​ខុស​ច្បាប់​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ និង​ដី​កម្មសិទ្ធិ​ឯកជន​ស្រប​ច្បាប់​ទាំង​ឡាយ​ត្រូវ​បញ្ឈប់​សកម្មភាព​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ជា​បន្ទាន់ ព្រោះ​ជា​ទង្វើ​ដែល​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ​ហើយ​ត្រូវ​ឈប់​ជឿ​តាម​ការ​ឃោសនា ញុះញង់​របស់​ពួក​មេ​ខ្យល់​ដែល​បាន​ដើរ​បំផុសបំផុល​ ដោយ​អះ​អាង​ថា ​មាន​ការ​បែង​ចែក​ដី និង​លក់​ដី​ក្នុង​តម្លៃ​ទាប​តទៅ»។​

កាល​ពី​ដើម​ខែ​មីនា​កន្លង​ទៅ ​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ ​ពីរ​រូប​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ពាក់ព័ន្ធ​នឹង​ការ​បាញ់​លើ​ក្រុម​បាតុករ​តវ៉ា​ដីធ្លី​មួយ​កន្លែង​នៅ​ក្នុងស្រុក​ព្រៃនប់​ ដែល​បង្ក​ឱ្យ​អ្នក​តវ៉ា​មួយ​រូប​រង​របួស​ធ្ងន់។​

គេ​សង្កេតឃើញ​ថា ជម្លោះ​ដី​ធ្លី​កើតមាន​ជា​បន្ត​បន្ទាប់ក្នុងខេត្ត​ព្រះសីហនុ​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​តម្លៃ​ដី​ធ្លី ​និង​ផ្ទះចាប់​ផ្តើម​ឡើង​ថ្លៃ​ ​ក្រោយ​ពី​វត្តមាន​របស់​អ្នក​វិនិយោគ​ជនជាតិ​ចិន​ក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​កើន​ឡើង​យ៉ាង​គំហុក៕​

XS
SM
MD
LG