ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្តាយ​ប្តឹង​កូន​ក្នុង​រឿង​ជម្លោះ​ដីធ្លី​តម្លៃ​ជាង​១លានដុល្លារ​នៅ​ខេត្ត​ព្រះសីហនុ


(ពីធ្វេង) អ្នកស្រី ដេង វណ្ណា អ្នកស្រី ហាន គាក់ ជាម្តាយ និងអ្នកស្រី ដេង និ ផ្តល់​បទសម្ភាសន៍​ដល់ VOA នៅ​ផ្ទះល្វែង​មួយ ក្នុង​ក្រុងព្រះសីហនុ អំពី​ជម្លោះ​ដីធ្លី​ក្នុង​គ្រួសារ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
(ពីធ្វេង) អ្នកស្រី ដេង វណ្ណា អ្នកស្រី ហាន គាក់ ជាម្តាយ និងអ្នកស្រី ដេង និ ផ្តល់​បទសម្ភាសន៍​ដល់ VOA នៅ​ផ្ទះល្វែង​មួយ ក្នុង​ក្រុងព្រះសីហនុ អំពី​ជម្លោះ​ដីធ្លី​ក្នុង​គ្រួសារ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

កាល​ពី​ខែ​មីនា ករណី​ជម្លោះ​ដី​ធ្លី​ក្នុង​គ្រួសារ​មួយ​នៅ​ខេត្តព្រះសីហនុបាន​ផ្ទុះ​ឡើងរហូតដល់​​មាន​ការ​ចែករំលែក​វីដេអូ​ និង​រូបភាព​ទៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ដី​ដែល​មាន​ជម្លោះ​នេះ​មាន​តម្លៃ​ជាង​១លាន​ដុល្លារ​ ជា​តម្លៃ​ឡើង​ថ្លៃ​ក្រោយ​ជនជាតិ​ចិន​បាន​សម្រុក​មក​យ៉ាង​គំហុក​ក្នុង​ខេត្ត​ព្រះសីហនុ។

ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​គ្រួសារ​មួយ​បាន​ទាក់ទាញ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នៅ​ពេល​ម្តាយ​ម្នាក់​បាន​ចោទ​កូន​ស្រី​របស់​ខ្លួន​ថា​ បាន​យក​ផ្ទះ​និង​ដី​របស់​គាត់ ដែល​បាន​ទិញ​កាល​ពី​ជាង​៣០​ឆ្នាំ​មុន​ នៅក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

ជម្លោះ​ដី​ធ្លី​នេះ​បាន​កើត​ឡើង​ ខណ:​តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ កើន​ឡើង​យ៉ាង​គំហុក បន្ទាប់​ពី​ការ​រីក​ដុះដាល​នៃ​ចំនួន​សំណង់​ដោយ​អ្នក​វិនិយោគចិន​ នៅ​ក្នុង​ខេត្ត​មួយ​នេះ។ ដី​ដែល​មាន​ជម្លោះ​នេះ​មាន​ទំហំ​ប្រមាណ​ ៦០០​ម៉ែត្រ​ការ៉េ​ ស្ថិត​នៅ​ក្នុង​តំបន់​ទី​ប្រជុំជន​និង​ជា​កន្លែង​ពេញ​និយម​របស់​អ្នក​វិនិយោគ​ចិន។ ដី​នេះ​អាច​មាន​តម្លៃ​ចន្លោះ​ពី​ ១,២ លាន​ទៅ​ ១,៨​ លាន​ដុល្លារ​អាមេរិក នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​នេះ។

ជម្លោះ​នេះ​ក៏​នាំ​ឲ្យ​មាន​ការរិះគន់​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ក្រោយ​ពី​វីដេអូ​និង​រូបថត​ ដែល​បង្ហាញ​ពី​ជម្លោះ​រវាង​ម្តាយ​និង​កូន​នេះ​ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម។

អ្នកស្រី​ ហាន​ គាក់ អាយុ​៨៤​ឆ្នាំ បាន​ចោទ​កូនស្រី​ច្បង​របស់​គាត់​ ​គឺ​អ្នកស្រី ដេង អាង និង​កូន​ប្រសារ​ឈ្មោះ អ៊ីវ សាយ ថា បាន​ធ្វើ​ឯកសារ​គ្រប់គ្រង​ដី​តាម​ច្បាប់​ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​អ្នកស្រី។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA ​នៅ​ផ្ទះ​កូន​របស់​អ្នកស្រី អ្នកស្រី ហាន​ គាក់ បាន​ថ្លែង​ថា៖ «ផ្ទះៗ​ខ្ញុំ​សោះ​ ហើយ​មិន​គួរ​មក​ធ្វើ​អញ្ចឹង​ឲ្យ​ពិបាក​ទេ។ ខ្ញុំ​រាល់​ថ្ងៃ​ដេក​យំ ពិបាក​ណាស់​ ទឹក​ភ្នែក។ មិន​ដឹង​កូន​គេ​ធ្វើ​ដល់​របៀប​អញ្ចឹង​ទេ។ គេយក​អញ្ចឹង​ទេ។ កូន​ចង់​បាន​ណាស់​ណា។​ ខ្ញុំ​អញ្ជើញ​ហើយ​ទេវតា​អើយ ទេវតា​ជួយ គុណម៉ែ​ គុណ​ឪ​ជួយ​ទេ»។

អ្នកស្រី ហាន គាក់ ដែល​មាន​កូន​ ៥នាក់ ស្រី​៣ ប្រុស​២ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ តាំង​ពី​ឆ្នាំ​ ២០១៦ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ​តុលាការ​មិន​ទាន់​ចេញ​សេចក្តី​សម្រេច​ទៅ​លើ​រឿង​ក្តី​នេះ​នៅ​ឡើយ​ទេ។

យោង​តាម​កំណត់​ហេតុ​សួរ​ចម្លើយ​របស់​តុលាការ​ខេត្ត​ព្រះសីហនុ​ ចុះ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៦ ដែល ​VOA ទទួល​បាន​ អ្នកស្រី ហាន​ គាក់ បាន​ប្រាប់​តុលាការ​ថា អ្នកស្រី​បាន​ទិញ​ដី​ទាំង​អស់​នោះ​ជា​ចំណែកៗ ចាប់ពី​ឆ្នាំ​១៩៨៤ រហូត​ដល់​ឆ្នាំ​១៩៨៨។ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា ​ដី​និង​ផ្ទះ​ដែល​ទិញនោះ ពុំ​មាន​កិច្ច​សន្យា​នោះ​ទេ​ គឺ​គ្រាន់​តែ​ទិញ​លក់​ដោយ​ផ្ទាល់​មាត់​ និង​គ្រាន់​តែ​ប្រាប់​ដល់​អាជ្ញាធរ​ឲ្យ​ដឹង​តែ​ប៉ុណ្ណោះ។

បើ​តាម​កំណត់​ហេតុ​ចម្លើយ អ្នកស្រី​ ហាន គាក់ ​បាន​ទិញ​ដី​ទាំង​នោះ​ក្នុង​តម្លៃ​៣ជីមាស ដែល​កាល​នោះ​មាស​ត្រូវ​បាន​ប្រើប្រាស់​ជា​ការ​ដោះដូរ​របស់​ទ្រព្យ​ដូច​លុយ​ដែរ។ អ្នកស្រី​បន្ថែម​ថា​ ចាប់​តាំង​ពី​ទិញ​ដី​ហើយ អ្នកស្រី​មិន​ដែល​លក់​ឬ​ផ្ទេរ​ដី​នោះ​ទៅ​ឲ្យ​អ្នក​ផ្សេង​នោះ​ទេ។

អ្នកស្រី​បាន​ប្តឹងកូន​ឈ្មោះ​ ដេង អាង និង​កូន​ប្រសារ​ឈ្មោះ​ អ៊ីវ សាយ ដោយ​ចោទ​ថាពួកគេ​ទាំងពីរ​នាក់​បាន​លួច​ធ្វើ​ប្លង់​លើ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នកស្រី​ ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​អ្នកស្រី។

អ្នកស្រី ដេង អាង ដែល​ត្រូវបាន​ម្តាយ​ចោទប្រកាន់​ថា​យកដី​របស់​គាត់ តាមរយ:​ការ​ធ្វើ​ឯកសារ​កាន់កាប់​ស្រប​ច្បាប់ ឈរ​នៅ​ខាង​មុខ​ផ្ទះ​លើដី​ដែល​មាន​ជម្លោះ ក្នុង​ក្រុង​ព្រះសីហនុ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
អ្នកស្រី ដេង អាង ដែល​ត្រូវបាន​ម្តាយ​ចោទប្រកាន់​ថា​យកដី​របស់​គាត់ តាមរយ:​ការ​ធ្វើ​ឯកសារ​កាន់កាប់​ស្រប​ច្បាប់ ឈរ​នៅ​ខាង​មុខ​ផ្ទះ​លើដី​ដែល​មាន​ជម្លោះ ក្នុង​ក្រុង​ព្រះសីហនុ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

កូនស្រី​ច្បង ដេង អាង​ អាយុ​៦១​ឆ្នាំ​ ដែល​រង​ពាក្យ​បណ្តឹង​របស់​ម្តាយ បាន​ឆ្លើយ​តបថា ​ប្អូន​ស្រី​របស់​អ្នកស្រី​ពីរ​នាក់​ទៀត​និង​ប្អូនប្រុស​ម្នាក់ បាន​បញ្ចុះ​បញ្ចូល​ម្តាយ​ឲ្យ​ប្តឹង​អ្នកស្រី។ អ្នកស្រី​ថា​ប្អូនៗ​របស់​អ្នកស្រី​ចង់​បាន​ចំណែក​ដី​នោះ។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​ VOA នៅ​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ខេត្ត​ព្រះ​សីហនុ​ថា៖

«កូន​ហ្នឹង​បញ្ចុះ​បញ្ចូល​ចង់​បាន​តូប​នេះ។ ដល់​ហើយ​គាត់​ក៏​ទៅ​តាម​គេ​ទៅ។ គាត់​នៅ​ជាមួយ​យើង​ជាង​ ៤០​ ឆ្នាំ​ហើយ»។

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា៖

«រឿង​អី​មក​ប្តឹង​យើង​យក​ផ្ទះ​ចែក​គ្នា​៥នាក់? យើង​រក​ស៊ី​ចិញ្ចឹមវា​ហើយ​អស់​ហើយ​ហ្នឹង។ ការ​ហើយ​អស់​ហ្នឹង។ វា​លុយ​ប៉ុន្មាន​ចែក​ឲ្យ​វា​អស់»។

នៅ​ក្នុង​កំណត់​ហេតុ​ចម្លើយ​ទៅ​តុលាការ​ចុះ​ខែ​សីហា ឆ្នាំ​ ២០១៦ អ្នកស្រី​ ដេង អាង ​បាន​លើក​ឡើង​ថា​ អ្នកស្រី​ជា​អ្នក​ឲ្យ​មាស​ទៅ​ម្តាយ​ដើម្បី​ទិញ​ផ្ទះ និង​ដី​ជម្លោះ​នេះ​ ពីព្រោះ​នៅ​ពេល​នោះ ម្តាយ​អ្នកស្រីពុំ​មាន​របរ​រក​ស៊ី​អ្វី​នោះ​ទេ។

អ្នកស្រី​បាន​ថ្លែង​បញ្ជាក់​ប្រាប់​ VOA បន្ថែម​ថា៖

«ពេល​ដែល​ខ្ញុំ​ទៅ​រក​ស៊ី ខ្ញុំ​ទុក​លុយ​ឲ្យ​គាត់។ អត់​មាន​ទុក​ចិត្ត​ប្តី​ទេ។ ប្តី​ខ្ញុំ​លេង​ល្បែង។ ពេល​ដែល​ខ្ញុំ​រក​ស៊ី​មក​ទុក​ឲ្យ​គាត់។គាត់​ចង់​ទិញ​ដី​កន្លែង​ណា គាត់​ប្រាប់​ខ្ញុំ។ ខ្ញុំ​ថា​នេះ​យក​លុយ​ហ្នឹង​ យក​លុយ​ហ្នឹង​ទៅ​ទិញ​ទៅ»។

អ្នកស្រី ដេង និ ដែល​ត្រូវ​ជា​ប្អូនស្រី​របស់​អ្នកស្រី ដេង អាង បាន​ប្រាប់​ VOA ​ថា អ្នកស្រីគាំទ្រ​ឲ្យ​ម្តាយ​របស់​អ្នកស្រី​ឲ្យ​ប្តឹង​បងស្រី​អ្នកស្រី។ អ្នកស្រី ដេង និ បន្ថែម​ថា អ្នកស្រី​ធ្លាប់​លក់​ដូរ​នៅ​តូប​មួយ​លើ​ដី​មាន​ជម្លោះ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្រោយ​មក​អ្នកស្រី​ត្រូវ​បាន​បណ្តេញ​ចេញ​តាម​សេចក្តី​សម្រេច​របស់​តុលាការ។

យោង​តាម​សេចក្តី​សម្រេច​មួយ​របស់​តុលាការ​ កាល​ពី​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១៩ តុលាការ​បាន​សម្រេច​ឲ្យ​អ្នកស្រី ដេង និ រុះរើ​កន្លែង​នោះ​ចេញ។

សំណង់​និង​ភោជនីយដ្ឋាន​ចិន ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ ខាង​មុខដី​ដែល​មាន​ជម្លោះ​នៅក្នុង​ក្រុងព្រះសីហនុ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
សំណង់​និង​ភោជនីយដ្ឋាន​ចិន ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ ខាង​មុខដី​ដែល​មាន​ជម្លោះ​នៅក្នុង​ក្រុងព្រះសីហនុ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

នៅ​ក្នុង​សេចក្តី​សម្រេច​របស់​តុលាការ អ្នកស្រី ដេង អាង និង​ស្វាមី បាន​លើកឡើង​ថា ពួកគេនឹង​ជូន​ម្តាយ​ ២ម៉ឺន​ដុល្លារអាមេរិក​ សម្រាប់​ការ​ចំណាយ​ប្រចាំថ្ងៃ​ផ្សេងៗ។

អ្នកស្រី ដេង និ អាយុ ៤៨ឆ្នាំ ដែល​ត្រូវ​ជា​ប្អូនស្រី មាន​ប្រសាសន៍​ថា ម្តាយ​អ្នកស្រី​គួរ​តែ​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​បែង​ចែក​ដី​នេះ។

អ្នកស្រី​បញ្ជាក់​ថា​៖ «ចំណែក​ផ្ទះ​ម៉ែ​ដឹង​ថា​របស់​ម៉ែ អត់​មាន​គាត់​ត្រូវ​លោភ​លន់អញ្ចឹង​ទេ។ យក​តែ​ឯង ដេញ​ម៉ែ ដេញ​ខ្ញុំ​អញ្ចឹង​ទេ»។

ប្អូនស្រី​របស់​អ្នកស្រី ដេង អាង ម្នាក់​ទៀត​ គឺ​អ្នកស្រី​ ដេង វណ្ណា មាន​ប្រសាសន៍​ថា​ដីនោះ​ គឺ​ម្តាយ​អ្នកស្រី​បាន​ទិញ​ទុក​ឲ្យ​កូនៗដែល​កាល​នោះ​មិន​ទាន់​រៀបការ​នៅ​ឡើយ។

អ្នកស្រី​បញ្ជាក់​ថា៖

«ព្រោះ​អី​គាត់​ទិញ​ឲ្យ​ពួក​ខ្ញុំ​ កាល​នៅ​លីវៗ។ ខ្ញុំ​សាក្សី​ថា​ នេះ​ជា​របស់​ម៉ែ​មែន​ ទិញ​ឲ្យ​ពួក​ខ្ញុំ​នៅ។ ប៉ុន្តែ​បើសិន​ណា​បាន​ថ្ងៃ​ក្រោយ គាត់​យក​ទៅ​ធ្វើ​អី​ គាត់​យក​ទៅ​ចែក​ឲ្យ​អ្នកណា​ស្រេច​តែ​គាត់​ទេ»។

យោង​តាម​ដីការ​របស់​តុលាការ ដេង និ និង​ដេង វណ្ណា ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត​ តាម​ច្បាប់​ភូមិ​បាល។

លោក លឹម ប៊ុន​ហេង អ្នកនាំពាក្យ​របស់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ​លោក​មិន​ចាំ​សំណុំ​រឿង​ទាំង​អស់​នោះ​ទេ ហើយ​លោក​ត្រូវ​ការ​ពេល​វេលា ដើម្បី​ស្វែង​រក​សំណុំ​រឿង​នេះ។

បច្ចុប្បន្ន​នេះ អ្នកស្រី ដេង និ និង ដេង វណ្ណា ​កំពុង​រស់​នៅ​ផ្ទះ​ល្វែងកម្ពស់​បីជាន់​ ម្នាក់​មួយ ​នៅ​ខាង​ក្រោយ​ដី​មាន​ជម្លោះ​នេះ។ អ្នកស្រី​ ហាន គាក់ កំពុង​រស់​នៅ​ជាមួយ​កូនស្រី​ឈ្មោះ ដេង វណ្ណា។

ជម្លោះ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ ៥នាក់ និង​ម្តាយ​ លែង​រាប់​អាន​គ្នា។

អ្នកស្រី​ ដេង អាង​ បាន​លើក​ឡើង​ថា៖

«មនុស្ស​ក្រពើ​ទៅ​ត្រូវ​គ្នា​ទៀត។ សាច់​ឈាម​យើង​បង្កើត​មែន​ពិត បើ​ឈាម​ហ្នឹង​វា​មាន​ដំបៅ​អាលួយ​ស្អុយ​ហើយ យើង​ទុក​ធ្វើ​អី​ទៀត បេះ​ក្រវាត់​ចោល ទុក​ធ្វើ​អី​ទៀត»។

ចំណែក​ប្អូនស្រី គឺ​អ្នកស្រី ដេង និ​ មាន​ប្រសាសន៍​ថា​ អ្នក​ស្រី​មិន​អាច​សម្រុះ​សម្រួល​លើ​បញ្ហា​នេះ​ទេ ហើយ​អ្នកស្រី​ចង់​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច។

ចំណែក​អ្នកស្រី ហាន គាក់ ដែល​ជា​ម្តាយ ​មាន​ប្រសាសន៍​ថា​ អ្នកស្រី​ចង់​បាន​ដី​មក​វិញ​សិន មុន​អ្នកស្រី​សម្រេច​បែង​ចែកដី​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG