ការតវ៉ាប្រឆាំងចិនបានក្លាយជាចំណុចសំខាន់នៃសកម្មភាពរបស់វៀតណាម ក៏ប៉ុន្តែប្រតិកម្មចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃទី១២ និងទី១៣ ខែធ្នូ ទៅកាន់ប្រទេសវៀតណាម ត្រូវបានបង្អន់សំឡេង នៅពេលដែលរដ្ឋាភិបាលក្រុងហាណូយបានចាប់អ្នករិះគន់ដាក់គុក ហើយសកម្មជន រីឯអ្នកជំនាញលើកឡើងពីបរិយាកាសនៃការភ័យខ្លាចក្នុងចំណោមអ្នកដែលនៅមានសេរីភាពនៅឡើយ។
ក្នុងអំឡុងនៃដំណើរទស្សនកិច្ចកាលពីពាក់កណ្តាលខែធ្នូនោះ វៀតណាមបានយល់ព្រមចូលរួមជាមួយ«សហគមន៍មានអនាគតរួមគ្នា»របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលត្រូវបានពណ៌នាដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ថា ជាការបង្កើនពី«ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ» កាលពីពេលមុន។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣៦ ដែលផ្តោតលើការបង្កើនកិច្ចសហប្រតិបត្តិការ រួមមានសន្តិសុខ និងការខំប្រឹងប្រែងរួមសម្រាប់ការអភិវឌ្ឍផ្លូវរថភ្លើងនិងទូរគមនាគមន៍។
អ្នកដែលបាននិយាយជាមួយវីអូអេ ក្នុងអំឡុងពេលនិងបន្ទាប់ពីដំណើរទស្សនកិច្ចនោះ បានសម្តែងនូវការរកាំចិត្តដល់រដ្ឋាភិបាលក្រុងហាណូយ ដែលបានរំកិលកាន់តែជិតទៅរដ្ឋាភិបាលក្រុងប៉េកាំងនិងការរំលោភរបស់ចិនចូលក្នុងដែនទឹកវៀតណាម។
លោក Tran Anh Quan សកម្មជនសង្គមដែលមានមូលដ្ឋាននៅក្នុងទីក្រុងហូជីមិញ បានប្រាប់វីអូអេថា៖ «កាលពីពេលមុន ដំណើរទស្សនកិច្ចម្តងៗដោយលោក Xi Jinping បានជួបប្រតិកម្មប្រឆាំងពីប្រជាពលរដ្ឋ។ នៅឆ្នាំ ២០១៥ ពលរដ្ឋវៀតណាមរាប់រយនាក់បានចេញមកតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងប្រធានាធិបតីចិន»។
លោកបាននិយាយទៀតថា៖ «មនុស្សស្ទើរគ្រប់គ្នាដែលជាធម្មតាចេញទៅតាមផ្លូវនានាដើម្បីប្រឆាំងជំទាស់លោក Xi Jinping និងខ្សែបន្ទាត់រាងអណ្តាតគោ ត្រូវបានចាប់ខ្លួន»។ លោកបានសរសេរដូច្នេះជាភាសាវៀតណាមដោយប្រើពាក្យគ្រាមភាសាសំដៅលើខ្សែបន្ទាត់ផែនទីឆ្នូត ៩ របស់ចិន ដែលរដ្ឋាភិបាលក្រុងប៉េកាំងប្រើ ដើម្បីធ្វើការទាមទារសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់។
នៅពេលបច្ចុប្បន្ននេះ មានសកម្មជនជាប់ពន្ធនាគារ ១៧៨ នាក់ នៅក្នុងប្រទេសវៀតណាម។ នេះបើតាមអង្គការមិនរកកម្រៃគម្រោង ៨៨ ឬ 88 Project ដែលមានទីតាំងនៅក្រុង Chicago សហរដ្ឋអាមេរិក ដែលគាំទ្រសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម។ អ្នកស្រី Pham Doan Trang ដែលជាសកម្មជនមានឥទ្ធិពលបំផុតម្នាក់នៅក្នុងប្រទេស ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៩ ឆ្នាំ កាលពីខែធ្នូ ឆ្នាំ ២០២១ ចំពោះការផ្សព្វផ្សាយ «ការឃោសនាប្រឆាំងរដ្ឋ»។
អ្នកស្រី Susann Pham សាស្ត្រាចារ្យសង្គមវិទ្យានយោបាយនៅឯសាកលវិទ្យាល័យ Bilkent នៅប្រទេសតួកគី និងជាអ្នកនិពន្ធសៀវភៅស្តីពីពួកប្រឆាំងរបស់វៀតណាម បានពណ៌នាបរិយាកាសស្រដៀងគ្នានៅពេលបច្ចុប្បន្ននេះ។
អ្នកស្រី Pham បាននិយាយថា៖ «មនុស្សតិចតួចដែលមិនទាន់ស្ថិតនៅក្នុងពន្ធនាគារនៅឡើយ រាល់ថ្ងៃ ពួកគេស្ថិតនៅក្នុងការឃ្លាំមើល»។
ការារាំងការតវ៉ាប្រឆាំង
សកម្មជនសង្គមលោក Tran Anh Quan ថ្លែងថា ថ្វីបើសកម្មជននាំមុខត្រូវបានចាប់ដាក់ពន្ធនាគារក៏ដោយ ក៏ក្រុមមន្ត្រីបានចាត់វិធានការដើម្បីរារាំងការតវ៉ាយ៉ាងខ្លាំងជាសាធារណៈ ហើយបានកាត់ទោស«យ៉ាងធ្ងន់ធ្ងរ» ដល់ក្រុមអ្នករិះគន់រដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានថ្ងៃនៃដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីកំញ៉ើញអ្នកប្រឆាំង»។
លោកបានចង្អុលបង្ហាញដល់ករណីរបស់អ្នកស្រី Phan Thi Nha និងលោក Nguyen Hoang Namដែលអ្នកទាំងពីរត្រូវបានចោទប្រកាន់ពីការចែកចាយព័ត៌មានតាមអនឡាញ ដែលបានរិះគន់គណបក្សកុម្មុយនីស្ត។ អ្នកស្រី Nha ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៦ ឆ្នាំ កាលពីថ្ងៃទី ១២ ខែធ្នូ ហើយលោក Nam ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ នៅថ្ងៃទី១១ ខែធ្នូ។
លោក Quan និយាយថា សកម្មជនក៏ត្រូវបានគេរារាំងមិនឱ្យចាកចេញពីផ្ទះរបស់ខ្លួនដែរ ហើយប៉ូលិសបានយាមល្បាតកន្លែងជំនួបសាធារណៈ។
លោកបាននិយាយទៀតថា៖ «ដើម្បីរារាំងពលរដ្ឋកុំឱ្យចេញទៅតាមផ្លូវនានាដើម្បីតវ៉ាប្រឆាំងលោក Xi Jinping សន្តិសុខវៀតណាមក៏បានយាមផ្ទះរបស់ពួកប្រឆាំងនិងយាមទីកន្លែងនានា ដែលមានការតវ៉ាប្រឆាំងរឿយៗដូចជាឧទ្យានផ្កា Ly Thai To នៅក្នុងទីក្រុងហាណូយ និងវិហារ Notre Dame Cathedral ក្នុងទីក្រុងសៃហ្កន។ រដ្ឋាភិបាលត្រូវបានគេដឹងឮពីការយាមផ្ទះរបស់ពួកសកម្មជន»។
អ្នកស្រី Susann Pham និយាយថា៖ «វាជាយុទ្ធសាស្ត្រធម្មតាដើម្បីរារាំង ឬគ្រាន់តែយាមក្លោងទ្វារផ្ទះរបស់ពួកសកម្មជនឬផ្ទះ ៣ឬ៤ថ្ងៃ មុនដំណើរទស្សនកិច្ចនោះ»។ អ្នកស្រីបានបន្ថែមទៀតថា៖ «វាជាការបំភិតបំភ័យ»។
អ្នកស្រី Nguyen Ngoc Nhu Quynh សកម្មជនវៀតណាមដែលត្រូវបានគេស្គាល់ដោយសាររហស្សនាមថា Me Nam ឬមាតាផ្សិត បានជួបប្រទះបញ្ហានេះដែរ។ ក្នុងអំឡុងនៃទស្សនកិច្ចរបស់លោក Xi នៅឆ្នាំ ២០១៥ អ្នកស្រីចង់ចេញពីផ្ទះរបស់អ្នកស្រីដែលកាលនោះ នៅទីក្រុងឆ្នេរសមុទ្រ Nha Trang (ញ៉ាចាង) ទៅកាន់ទីក្រុងហូជីមិញដើម្បីតវ៉ាប្រឆាំង។ នៅយប់មុនការធ្វើបាតុកម្មនោះ មន្ត្រីប៉ូលីសពាក់ខោអាវស៊ីវិលបានមកផ្ទះអ្នកស្រី ហើយស្ថិតនៅទីនោះរហូតដល់ចុងថ្ងៃបន្ទាប់។
អ្នកស្រី Quynh បានប្រាប់វីអូអេពីរដ្ឋ Texas ជាទីកន្លែងដែលអ្នកស្រីឥឡូវនេះរស់នៅ បន្ទាប់ពីបានទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៨ មក យ៉ាងដូច្នេះថា៖ «ពួកគេមកផ្ទះខ្ញុំតែម្តង ហើយប្រកាសថា ខ្ញុំមិនមានសិទ្ធិចេញពីផ្ទះ»។
អយុត្តិធម៌
នៅថ្ងៃទី១៣ ខែធ្នូ ប្រទេសនានាបានព្រមព្រៀងគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ហើយរដ្ឋាភិបាលក្រុងហាណូយបានចូលរួម«សហគមន៍មានអនាគតរួមគ្នា»របស់រដ្ឋាភិបាលក្រុងប៉េកាំង។ រដ្ឋាភិបាលក្រុងប៉េកាំងធ្វើចំណងទាក់ទងស្រដៀងគ្នាជាមួយប្រទេសផ្សេងទៀតដែរ ក៏ប៉ុន្តែពាក្យពេចន៍បានប្តូរពី«វាសនារួម»សម្រាប់វៀតណាម។ នេះបើតាមលោក Nguyen Khac Giang អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន ISEAS-Yusof Ishak។
លោក Giang បានថ្លែងពីទីក្រុងហាណូយជាទីកន្លែងដែលផ្លូវនានាពោរពេញទៅ ដោយមនុស្សមកពីការបង្កើនសន្តិសុខ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោក Xi ថា៖ «ការផ្លាស់ប្តូរពី «វាសនារួម»ទៅជា «អនាគតរួម» គឺដើម្បីឱ្យមានភាពរសើបតិចជាងមុនដល់អ្នកស្តាប់ជាជនជាតិវៀតណាម ដែលពួកគេនៅមានការមន្ទិលសង្ស័យនៅឡើយ អំពីកាយវិការចូលរួមរបស់ចិនជាមួយវៀតណាម»។
អ្នកស្រី Quynh បាននិយាយទៀតថា៖ «ពួកគេបានដឹងថា ការប្រើប្រាស់ពាក្យ «វាសនារួម» នឹងប្រាកដធ្វើឱ្យបាក់ទឹកចិត្តដល់ពលរដ្ឋវៀតណាម ដូច្នេះពួកគេបានព្យាយាមផ្លាស់ប្តូរពាក្យនេះ។
ចំពោះលោក Quan ភាពគឃ្លើនរបស់ចិននៅក្នុងផ្ទៃទឹកវៀតណាមជាការព្រួយកង្វល់ដ៏ធំបំផុតមួយ។ តាមច្បាប់អន្តរជាតិ ដែនទឹកវៀតណាមលាតសន្ធឹងប្រវែង ២០០ម៉ៃល៍ពីឆ្នេរសមុទ្ររបស់ខ្លួន ក៏ប៉ុន្តែ វត្តមានរបស់នាវាចិន ការរំខានយាយីអ្នកនេសាទនិ ងការយាមល្បាតវាលប្រេងត្រូវបានប្រមូលចងក្រងជាឯកសារបានយ៉ាងច្បាស់។
លោក Quan បាននិយាយទៀតថា៖ «សកម្មភាពទាំងនេះបង្ហាញថា ចិនមិនចង់ស្ថាបនាទំនាក់ទំនងការសហការដោយស្មោះត្រង់ជាមួយវៀតណាមទេ ក៏ប៉ុន្តែ តាមការពិត គ្រាន់តែចង់ឈ្លានពាននិងធ្វើអាណានិគមលើប្រទេសជិតខាងរបស់ខ្លួន»។
លោក Giangបា នបន្ថែមទៀតនៅមុនដំណើរទស្សនកិច្ចនោះថា រដ្ឋាភិបាលក្រុងហាណូយទំនងនឹងបង្កើនការចាប់ពិរុទ្ធតាមអនឡាញប៉ុន្មានថ្ងៃក្នុងដំណើរទស្សនកិច្ចរបស់លោក Xi។ លោកថា៖ «ខ្ញុំគិតថា ប្រធានបទគឺប្រព័ន្ធអនឡាញត្រូវមានការចាត់ចែងយ៉ាងខ្លាំង»។
មិនមែនតែពួកសកម្មជនវៀតណាមប៉ុណ្ណោះទេ ដែលមានការព្រួយកង្វល់នោះ។ លោក Ray Powellនាយកមជ្ឈមណ្ឌល Gordian Knot នៃសាកលវិទ្យាល័យ Stanford ដែលឃ្លាំមើលសមុទ្រចិនខាងត្បូង បានកត់សម្គាល់ថា មានចលនាខុសប្លែកនៃកប៉ាល់ស្រាវជ្រាវចិននៅខែឧសភា ដែលបានហាក់ដូចជាបានគូសវាសជាទម្រង់តួអក្សរ «zhong» (ជុង) ដែលមានន័យថា «ចិន» ជាភាសាចិនកុកងឺ។
លោក Powell បាននិយាយដោយសំដៅដល់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនោះថា៖ «កប៉ាល់ស្រាវជ្រាវនោះបានបន្តចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់វៀតណាម ហើយវាបានចាប់ផ្តើមបើកក្នុងទម្រង់ចំឡែកនេះ។ វាបានបង្កើតជាតួអក្សរដែលមានន័យថា «ចិន» នៅក្នុងតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម»។
លោកបាននិយាយពីរូបភាពរបស់ផ្លូវកប៉ាល់នោះថា៖ «វាជាច្បាស់ខ្លាំងណាស់។ វាប្រាកដជាគួរឱ្យភ្ញាក់ផ្អើលមែន»។
លោក Thang Nguyen ដែលបានចាកចេញពីប្រទេសវៀតណាមនៅឆ្នាំ ១៩៧៨ ជាជនភៀសខ្លួនបាននិយាយថា ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាលក្រុងហាណូយនិងរដ្ឋាភិបាលក្រុងប៉េកាំងជាការពិបាកសម្រាប់មនុស្សជាច្រើនទទួលយកបាន។
លោក Nguyen ដែលឥឡូវនេះជាអគ្គនាយកជួយសង្គ្រោះពលរដ្ឋវៀតណាមដែលធ្វើដំណើរតាមទូកឬ Boat People SOS ដែលមានទីតាំងនៅរដ្ឋ Virginia ដែលគាំទ្រសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម បាននិយាយថា៖ «ការរំលោភចូលក្នុងទឹកដីវៀតណាម យើងចងចាំបញ្ហានោះ ហើយយើងនៅឃើញផ្ទាល់ភ្នែកបញ្ហានោះឡើយ ដូច្នេះ យើងមិនទុកចិត្តភាពស្មោះត្រង់របស់ចិននៅក្នុងការទាក់ទងជាមួយវៀតណាមទេ»។
មនោសញ្ចេតនាប្រឆាំងចិនមានជាទូទៅ[នៅវៀតណាម]។ នេះបើតាមអ្នកក្រុងហូជីមិញម្នាក់បានប្រាប់វីអូអេ។
អ្នកស្រីបានប្រាប់វីអូអេដោយមិនបានប្រាប់អ្នកស្រីថា៖ «នៅពេលដែលខ្ញុំបានប្រាប់ជនជាតិវៀតណាមថា ខ្ញុំរៀនភាសាចិន មនុស្សមួយចំនួនបាននិយាយទៅកាន់ខ្ញុំថា ហេតុអ្វីអ្នករៀនភាសាចិន? ខ្ញុំស្អប់ពួកចិនណាស់»។
អ្នកស្រីនិយាយទៀតថា៖ «ជនជាតិវៀតណាមយ៉ាងច្រើនស្អប់ចិន មកពីប្រវត្តិសាស្ត្ររបស់យើង»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន