អ្នកជំនាញផ្នែកគោលនយោបាយការបរទេសនានាកំពុងសម្លឹងមើលទាំងងឿងឆ្ងល់លើការធ្វើវិសិដ្ឋកម្មទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសវៀតណាម ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជាសាធារណៈ កាលពីពាក់កណ្ដាលខែធ្នូកន្លងទៅនេះ។
ពួកគេបាននិយាយថា វៀតណាមទំនងជាមិនអាចងាកចេញពីគោលនយោបាយការបរទេសមួយដែលមានតុល្យភាពបែបប្រយ័ត្នប្រយែងនោះទេ ដែលក្នុងនោះរួមមានទាំងទំនាក់ទំនងកាន់តែរឹងមាំជាមួយសហរដ្ឋអាមេរិកនិងជប៉ុន ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះផងដែរ។
កាលពីពេលថ្មីៗនេះ ប្រទេសវៀតណាមបានយល់ព្រមចូលរួមជាមួយ «សហគមន៍អនាគតរួម (Community of Shared Future)» របស់ចិន ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ប្រធានាធិបតីចិនលោក Xi Jinping ទៅកាន់ប្រទេសវៀតណាម។ ការចូលរួមក្នុងសហគមន៍នេះ គឺជាការដំឡើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរពី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុតមួយរួចទៅហើយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ Xinhua របស់ចិន។
ចំណងការទូតរវាងវៀតណាមនិងចិនបានឈានដល់កម្រិតកំពូលតាំងពីឆ្នាំ ២០០៨ មក ប៉ុន្តែសហរដ្ឋអាមេរិកនិងជប៉ុនទើបតែបានឈានដល់កម្រិតដូចគ្នានេះជាមួយនឹងវៀតណាម ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទៅកាន់ប្រទេសវៀតណាម កាលពីខែកញ្ញា និងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមលោក Vo Van Thuong ទៅកាន់ប្រទេសជប៉ុន កាលពីខែវិច្ឆិកា។
យោងតាមអត្ថបទមួយចុះផ្សាយនៅលើវេបសាយ Nhan Dan ដែលជាវេបសាយផ្លូវការរបស់គណបក្សកុម្មុយនីស្តវៀតណាម លោក Xi បានដាក់ចេញនូវចក្ខុវិស័យសម្រាប់សហគមន៍នេះថាជាសហគមន៍មួយដែលភ្ជាប់ការអភិវឌ្ឍរបស់ចិនទៅនឹងការអភិវឌ្ឍរបស់បណ្ដាប្រទេសជិតខាង ដើម្បីឱ្យប្រទេសនីមួយៗមានការរីកចម្រើនប្រសើរជាងមុន។ លោក Xi ក៏បានសង្កត់ធ្ងន់ផងដែរថា អនាគតរបស់ទ្វីបអាស៊ីគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់បណ្ដាប្រទេសនៅអាស៊ី។
ប្រទេសវៀតណាមបានទទួលប្រយោជន៍ភ្លាមៗតាមរយៈការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៣៦ កាលពីថ្ងៃទី ១២ ខែធ្នូ ដែលធ្វើឡើងរវាងលោក Xi និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong។ ឯកសារសហប្រតិបត្តិការទាំងនេះរួមមានផងដែរនូវការនាំទំនិញចូលទៅកាន់ទីផ្សារចិនកាន់តែទូលំទូលាយជាងមុន ការផ្ដល់មូលនិធិរបស់ចិនសម្រាប់ការតភ្ជាប់ខ្សែរថភ្លើងឆ្លងព្រំដែន និងខ្សែទំនាក់ទំនងបន្ទាន់ដើម្បីដោះស្រាយឧប្បត្តិហេតុពាក់ព័ន្ធនឹងការនេសាទនៅសមុទ្រចិនខាងត្បូង។
ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមអស់រយៈពេលជាយូរមកហើយ ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួនជាង ១៧៥ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ចិនក៏ជាប្រទេសវិនិយោគច្រើនជាងគេបំផុតទី ៤ នៅក្នុងប្រទេសវៀតណាមផងដែរ។
មុនពេលមានការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ ជនជាតិចិនគឺជាភ្ញៀវទេសចរច្រើនជាងគេបំផុតនៅវៀតណាម ដែលមានចំនួនមួយភាគបីនៃភ្ញៀវទេសចរបរទេសទាំងអស់នៅឆ្នាំ ២០១៩។
ប៉ុន្តែ ទំនាក់ទំនងរវាងចិននិងវៀតណាមក៏ធ្លាប់មានភាពរកាំរកូសផងដែរ។ ប្រទេសទាំងពីរបានធ្វើសង្គ្រាមបង្ហូរឈាមគ្នានៅតាមព្រំដែនកាលពីឆ្នាំ ១៩៧៩ និងបានប៉ះទង្គិចគ្នាលើបញ្ហាប្រជុំកោះ Spratly នៅឆ្នាំ ១៩៨៨ មុនពេលប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងជាធម្មតាឡើងវិញនៅឆ្នាំ ១៩៩១។
ចិននិងវៀតណាមនៅតែមានជម្លោះទឹកដីជាមួយគ្នាទាក់ទិននឹងសមុទ្រចិនខាងត្បូង ដោយវៀតណាមបានពង្រីកកិច្ចប្រឹងប្រែងចាក់ដីពង្រីកកោះដើម្បីតតាំងនឹងការទាមទារអធិបតេយ្យភាពរបស់ចិន។
VOA បានទាក់ទងសុំយោបល់ពីស្ថានទូតវៀតណាមប្រចាំទីក្រុងប៉េកាំងនៃប្រទេសចិន ប៉ុន្តែស្ថានទូតបានស្នើឱ្យទៅសួរក្រសួងការបរទេសវៀតណាមវិញ ដែលក្រសួងនេះមិនបានឆ្លើយតបចំពោះសំណួររបស់ VOA នោះទេ។
«ខ្លឹមសារតិចតួច»
ពាក់ព័ន្ធទៅនឹងការធ្វើវិសិដ្ឋកម្មទំនាក់ទំនងរវាងប្រទេសវៀតណាមនិងប្រទេសចិននេះ អ្នកនាំពាក្យមួយរូបនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា វៀតណាម «គឺជាដៃគូដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាយូរមកហើយ ហើយទំនាក់ទំនងរវាងវៀតណាមនិងសហរដ្ឋអាមេរិកគឺកាន់តែស៊ីជម្រៅជាងមុន»។
អ្នកនាំពាក្យរូបនេះថ្លែងដូច្នេះថា៖ «សហរដ្ឋអាមេរិកនិងវៀតណាមមានគោលបំណងនិងចក្ខុវិស័យរួមសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានសុវត្ថិភាព វិបុលភាព និងការបើកចំហ រាប់ចាប់ពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើងលើមរតកនៃសង្គ្រាមនិងបញ្ហាមនុស្សធម៌រហូតដល់បញ្ហាសន្តិសុខក្នុងតំបន់ វិបុលភាពរួម កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ ជំងឺឆ្លង ការជួញដូរគ្រឿងញៀននិងសត្វព្រៃខុសច្បាប់ ការពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន»។
លោក Greg Poling ប្រធានកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក មិនសូវផ្ដល់តម្លៃដល់ការបង្កើនកម្រិតទំនាក់ទំនងនេះទេ ដោយលោកហៅដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ប្រទេសវៀតណាមថាជា «ទស្សនកិច្ចស្ដារមុខមាត់...ដែលមានតែវោហាសាស្ត្រជាច្រើនប៉ុន្តែមានលទ្ធផលតិចតួចប៉ុណ្ណោះ»។
លោក Poling បានកត់សម្គាល់តាមរយៈអ៊ីមែលផ្ញើរមកកាន់ VOA ផ្នែកភាសាវៀតណាមថា កាលពីដំបូង វៀតណាមបានច្រានចោលគំនិតដែលចង់ធ្វើវិសិដ្ឋកម្មទំនាក់ទំនងនេះ ប៉ុន្តែ «នៅទីបំផុត [វៀតណាម] យល់ថាវាជារឿងចាំបាច់ដែលត្រូវសម្របសម្រួលលើចំណុចនេះដើម្បីរក្សានូវស្ថិរភាពខ្លះ»។
លោក Nguyen Khac Giang អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរី បានហៅការទទួលយករបស់រដ្ឋាភិបាលវៀតណាមនូវការអញ្ជើញរបស់លោក Xi ឱ្យចូលរួមជាមួយសហគមន៍នេះថាជាការធ្វើឱ្យមានតុល្យភាពឡើងវិញ បន្ទាប់ពីវៀតណាមបានបោះជំហានការទូតដ៏សំខាន់មួយជាមួយបស្ចិមប្រទេស។
លោក Khac Giang បានប្រាប់ VOA ផ្នែកភាសាវៀតណាមតាមទូរស័ព្ទថា៖ «វៀតណាមចង់បញ្ជាក់ប្រាប់ចិនថា វៀតណាមមិនបោះបង់ចោលចិនដើម្បីទៅចូលរួមជាមួយក្រុមផ្សេង ឬក៏ដើម្បីទៅរួមដៃជាមួយកម្លាំងនានាដើម្បីទប់ទល់នឹងចិននោះទេ»។
លោក Giang បានកត់សម្គាល់ថា សហគមន៍ដែលផ្ដោតលើចិននេះមានលក្ខណៈ «ទូលំទូលាយ» ប៉ុន្តែខ្វះភាពជាក់លាក់ ដូច្នេះការចូលរួមរបស់វៀតណាមគឺ «មានតែសម្បកក្រៅតែប៉ុណ្ណោះដោយខ្វះខ្លឹមសារ»។
លោកថ្លែងថា៖ «ការចូលរួមរបស់វៀតណាមក្នុងសហគមន៍នេះមិនមែនមានន័យថាវៀតណាមធ្លាក់ចូលទៅក្នុងរណបរបស់ចិន ឬក៏វៀតណាមប្រកាន់យកតាមទម្រង់របស់ចិននៃរបៀបរៀបរយពិភពលោកនោះទេ»។
លោក Poling បានកត់សម្គាល់ថា ទោះបីជាភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានខ្លឹមសារមិនច្បាស់លាស់រាប់សិបឯកសារក៏ដោយ ក៏វៀតណាមបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រហែល ១០ បូករួមទាំងកិច្ចព្រមព្រៀងមួយស្ដីពីធនធានរ៉ែដ៏សំខាន់ដែលលោក Xi បានព្យាយាមបញ្ចុះបញ្ចូលដោយផ្ទាល់ផងដែរ។
លោក Poling បានសរសេរនៅក្នុងអ៊ីមែលដូច្នេះថា៖ «មិនថាក្នុងករណីណានោះទេ វាគ្មានន័យផ្នែកការទូតសម្រាប់វៀតណាមឡើយ ដោយចិននៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាមដូចទៅនឹងសហរដ្ឋអាមេរិក កូរ៉េ [ខាងត្បូង] និងជប៉ុនដូច្នេះដែរ»។
អ្នកជំនាញទាំងពីរបានចង្អុលបង្ហាញថា សូម្បីតែឈ្មោះ «សហគមន៍អនាគតរួម» ក៏ត្រូវបានបន្ទាបទៅតាមការទទូចទាមទាររបស់វៀតណាមផងដែរ ដោយបន្ទាបពីឈ្មោះ «សហគមន៍ជោគវាសនារួម» ដែលចិនបានស្នើឡើង។
ការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច
លោក Zachary Abuza សាស្ត្រាចារ្យផ្នែកយុទ្ធសាស្ត្រសន្តិសុខជាតិនៃមហាវិទ្យាល័យជាតិសង្គ្រាម (National War College) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់ VOA ផ្នែកភាសាវៀតណាមតាមអ៊ីមែលថា ការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចគឺជាចំណុចលេចធ្លោនៃសហគមន៍នេះ។ លោកបានកត់សម្គាល់ថា ចិននិងវៀតណាម «មានការពឹងពាក់គ្នាយ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ច»។
លោកថ្លែងថា៖ «ភាគខាងជើងនៃប្រទេសវៀតណាមគឺជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់តំបន់ភាគខាងត្បូងប្រទេសចិន។ វៀតណាមមានឱនភាពពាណិជ្ជកម្មរ៉ាំរ៉ៃដ៏ធំជាមួយចិនដោយសារតែភាគច្រើននៃការនាំចេញរបស់វៀតណាមគឺពឹងលើគ្រៀងបង្គុំផលិតនៅប្រទេសចិន»។
លោកបានបន្ថែមថា «វៀតណាមពិតជាមានការព្រួយបារម្ភ» អំពីផលប៉ះពាល់ដែលបណ្ដាលមកពីកំណើនយឺតយ៉ាវនៃសេដ្ឋកិច្ចរបស់ចិននិងការធ្លាក់ចុះនៃការនាំចេញរបស់ខ្លួន។
លោក Abuza បានហៅការចង់បានរបស់ចិននូវរ៉ែកម្ររបស់វៀតណាមថាជារឿង «គ្រោះថ្នាក់» មួយ ដោយហេតុថាឥឡូវនេះចិនស្ទើរតែមានភាពផ្ដាច់មុខរួចទៅហើយលើការចម្រាញ់រ៉ែកម្រនេះ។
លោក Nguyen Khac Giang បានថ្លែងថា វៀតណាម «បានព្យាយាមធ្វើឱ្យទំនាក់ទំនងរវាងពាណិជ្ជកម្មនិងការវិនិយោគជាមួយចិនមានស្ថិរភាព» ហើយថាវៀតណាមកំពុង «ត្រូវការទុនយ៉ាងច្រើនដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាការងាកទៅរកថាមពលដែលល្អចំពោះបរិស្ថានផងដែរ»។
«មិនអាចទុកចិត្តចិន»
ការសម្រេចចិត្តរបស់វៀតណាមក្នុងការចូលរួមក្នុងសហគមន៍អនាគតរួមជាមួយនឹងចិននេះ «នឹងមិនសូវទទួលបានការគាំទ្រពីសំណាក់សាធារណជនវៀតណាមនោះទេ»។ នេះបើតាមការលើកឡើងរបស់លោក Nguyen Huu Vinh អតីតមន្ត្រីផ្នែកសន្តិសុខដែលបច្ចុប្បន្ននេះគឺជាសកម្មជននយោបាយ ដែលបានថ្លែងប្រាប់ VOA ផ្នែកភាសាវៀតណាមតាមទូរស័ព្ទពីទីក្រុងហាណូយ។
លោកបាននិយាយថា មាន «ភាពខុសគ្នាយ៉ាងខ្លាំងរវាងអ្វីដែលចិនបាននិយាយនិងអ្វីដែលចិនបានធ្វើ»។
លោក Huu Vinh បានបន្ថែមថា «អ្វីៗទាំងអស់ដែលចិនបាននិយាយគឺអស្ចារ្យណាស់ ប៉ុន្តែគឺគ្រាន់តែជាពាក្យទទេរតែប៉ុណ្ណោះ»។ ជាងនេះទៀត លោកបានរំឭកថា ខ្សែទំនាក់ទំនងបន្ទាន់ថ្មីផ្នែកនេសាទ «នឹងមានប្រយោជន៍តិចតួចប៉ុណ្ណោះ»។
លោក Poling បាននិយាយថា ការចូលរួមរបស់វៀតណាមនៅក្នុងសហគមន៍នេះនឹងជួយកាត់បន្ថយបានតិចតួចនូវភាពតានតឹងរវាងចិននិងវៀតណាមលើបញ្ហាសមុទ្រចិនខាងត្បូង។
លោក Abuza បានហៅសហគមន៍នេះថាគ្មានន័យអ្វីទាំងអស់នៅពេលនិយាយដល់រឿងសមុទ្រចិនខាងត្បូង ដោយសារតែ «ការទាមទារដែនសមុទ្រភាគច្រើនបំផុតរបស់ចិនរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនិងប្រទេសផ្សេងទៀតដែលទាមទារដែនសមុទ្រនេះដែរ»។
លោកថ្លែងដូច្នេះថា៖ «វៀតណាមគួរតែប្រយ័ត្នប្រយែងឱ្យបានខ្លាំងនៅពេលយល់ព្រមចូលរួមក្នុងសហគមន៍នេះ ឬក៏គាំទ្រសំណើរបស់ចិនដែលមានចេតនាប្រើពាក្យពេចន៍មិនច្បាស់សម្រាប់របៀបរៀបរយពិភពលោក។ ផ្ទុយទៅវិញ វៀតណាមគួរតែផ្ដល់ការគាំទ្រដល់របៀបរៀបរយពិភពលោកដែលផ្អែកលើច្បាប់ដែលគ្រប់គ្រងដោយច្បាប់អន្តរជាតិនិងបទដ្ឋាននៃឥរិយាបថដែលអាចទទួលយកបាន»៕
ប្រែសម្រួលដោយលោក នៀម ឆេង