ប្រធានាធិបតីចិនលោក Xi Jinping បានទៅដល់ប្រទេសវៀតណាមហើយនៅថ្ងៃអង្គារនេះ នៅក្នុងដំណើរទស្សនកិច្ចមួយ ដើម្បីលើកកម្ពស់ចំណងទាក់ទងរវាងប្រទេសកុម្មុយនីស្តក្បែរខាងទាំងពីរនេះ និងក៏ដូចជាដើម្បីទប់ទល់ទៅនឹងការងាកកាន់តែខ្លាំងឡើងរបស់វៀតណាមទៅរកបស្ចិមប្រទេសផងដែរ។
លោកប្រធានាធិបតី Xi និងភរិយារបស់លោក គឺអ្នកស្រី Peng Liyuan ត្រូវបានទទួលស្វាគមន៍នៅអាកាសយានដ្ឋានរដ្ឋធានីហាណូយ ដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅក្នុងការចាប់ផ្តើមនៃដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃរបស់លោក Xi ដែលជាដំណើរទស្សនកិច្ចលើកទី ១ ចាប់តាំងពីឆ្នាំ ២០១៧ មក។
លោក Xi នឹងត្រូវជួបជាមួយប្រធានាធិបតីវៀតណាម លោក Vo Van Thuong ជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងមន្ត្រីវៀតណាមជាច្រើនរូបផ្សេងទៀតផងដែរ។ លោក Xi ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចមួយចំនួន ដែលរួមមានការបង្កើនកម្រិតបណ្តាញខ្សែរថភ្លើងដែលមានស្រាប់ផងដែរ។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនទៅកាន់ប្រទេសវៀតណាមនៅពេលនេះ កើតឡើង ៣ ខែក្រោយពីរដ្ឋាភិបាលក្រុងហាណូយ បានផ្តល់ឋានៈការទូតកម្រិតខ្ពស់បំផុតរបស់ខ្លួន ដែលគេស្គាល់ថាជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ទៅឱ្យសហរដ្ឋអាមេរិក ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងប្រទេសវៀតណាម។
ប្រទេសចិននិងវៀតណាមធ្លាប់ជាសម្ព័ន្ធមិត្តសេដ្ឋកិច្ចនិងមនោគមវិជ្ជាដ៏ជិតស្និទ្ធអស់ពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ បានជួបភាពល្អក់កករ ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំងមានសកម្មភាពកាន់តែគឃ្លើនខ្លាំងឡើងៗ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងបានទាមទារកាន់កាប់បូរណភាពដែនកោះជាច្រើននៅក្នុងតំបន់នោះ បើទោះបីជាមានការទាមទារតវ៉ាពីប្រទេសក្បែរខាងមួយចំនួនក៏ដោយ។
នៅក្នុងអត្ថបទមួយដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានរដ្ឋវៀតណាម លោកប្រធានាធិបតី Xi បានប្រកាសថា៖ «អនាគតរបស់អាស៊ី មិនស្ថិតក្នុងដៃរបស់នរណាក្រៅពីពលរដ្ឋអាស៊ីឡើយ»៕