ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណបក្ស​កុម្មុយនិស្ត​វៀតណាម​ឈ្នះ​អាសនៈ​ក្នុង​គណៈកម្មាធិការ​សំខាន់​បានយ៉ាងងាយស្រួល


លោក Nguyen Phu Trong ប្រធាន​គណបក្ស​កុម្មុយនិស្ត​វៀតណាម នៅ​ក្នុង​ការបោះឆ្នោត​ប្រធាន​គណៈកម្មាធិការ​កណ្តាល នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។​
លោក Nguyen Phu Trong ប្រធាន​គណបក្ស​កុម្មុយនិស្ត​វៀតណាម នៅ​ក្នុង​ការបោះឆ្នោត​ប្រធាន​គណៈកម្មាធិការ​កណ្តាល នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។​

កាល​ពី​ថ្ងៃ​អង្គារ​ អគ្គលេខាធិការ​គណបក្សកុម្មុយនិស្តវៀតណាម​បាន​ឈ្នះ​ឆ្នោត​ទទួល​កៅអី​មួយនៅ​ក្នុង​គណៈកម្មាធិការ​សំខាន់​មួយ​ ដែល​ជា​ជំហាន​ទី​មួយ​ឆ្ពោះទៅ​កាន់​ការ​រក្សាទុក​តំណែង​លោក​ជា​ប្រធាន​នៃ​ក្រុម​មេដឹកនាំ​ជា​សមូហភាព​នៃ​ប្រទេស​វៀតណាម។​

ក្រុម​ប្រតិភូ​មួយ​ចំនួន​បាន​និយាយ​ថា​ អគ្គលេខាធិការ​គណបក្ស​លោក​ Nguyen Phu Trong បាន​ទទួល​សំឡេង​គាំទ្រ​ជាង​៨០​ភាគរយ​ពី​ក្រុម​ប្រតិភូ​នៅ​ក្នុង​សមាជ​គណបក្ស​ដើម្បី​ឱ្យ​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ដែល​ជា​សរសរ​មួយ​ក្នុង​បណ្តា​សរសរស្តម្ភ​ពីរ​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស។

នៅ​ពេល​នេះ​គេ​រំពឹង​ថា ​លោក​នឹង​ជាប់​ឆ្នោត​នៅ​ក្នុង​ការិយាល័យ​នយោបាយ​ថ្មី​របស់​គណបក្ស​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​គ្រាន់​តែ​ជា​ការ​បង្គ្រប់​កិច្ច​នៅ​ក្នុង​អន្តរកាល​អំណាច​ត្រូវ​សម្របសម្រួល​ដែល​កើត​មាន​ឡើង​រៀង​រាល់​ប្រាំ​ឆ្នាំ​ម្តង​។

រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​វៀតណាម​ផ្តល់​សិទ្ធិ​ឱ្យ​គណបក្ស​កុម្មុយនិស្ត​គ្រប់គ្រង​ប្រទេស​ហើយ​ប្រជារាស្ត្រ​នៃ​ប្រទេស​វៀតណាម​៩៣​លាន​នាក់​គ្មាន​មុខ​នាទី​ដោយ​ផ្ទាល់​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ពួក​មេដឹកនាំ​គណបក្ស​ទេ។​

​ការ​បោះឆ្នោត​ជ្រើស​តាំង​លោក​ Trong មិនមែន​គ្មាន​បញ្ហា​ទេ។​ លោក​បាន​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ក្នុង​រយៈពេល​ខ្លី​មួយ​ពី​សំណាក់​នាយក​រដ្ឋមន្ត្រី​ Nguyen Tan Dung ដែល​ជា​អ្នក​កាន់​តំណែង​ទី​ពីរ​បន្ទាប់​ពី​លោក​ដែល​មាន​មហិច្ឆតា​សម្រាប់​តំណែង​កំពូល​នេះ។​

ក៏​ប៉ុន្តែ​លោក​ Dung បាន​ដក​ខ្លួន​ថយ​ចេញ​ពីការ​ប្រកួត​ប្រជែង​នេះ​ ដែល​បើក​ផ្លូវ​ឱ្យ​លោក Trong នៅ​កាន់​តំណែង​ត​ទៅ​ទៀត​បាន។

គេ​យល់​ឃើញ​ថា​លោក​ Dung ជា​មេដឹកនាំ​ម្នាក់​លម្អៀង​ទៅ​ខាង​វិស័យ​ជំនួញ​ដែល​ក្រុម​អ្នក​បណ្តាក់​ទុន​មាន​ជំនឿ​ថា​ លោក​នឹង​បន្ត​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដែល​លោក​បាន​រៀបចំ​ឱ្យ​មាន​កាល​ពី​១០ឆ្នាំ​កន្លង​ទៅ​នេះ។​

គេ​ក៏​យល់​ឃើញ​ដែរ​ថា​លោក​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ប្រកាន់​ជំហរ​របស់​លោក​នៅ​ក្នុង​ករណី​មាន​ការ​ប្រឈម​មុខ​ជាមួយ​ប្រទេស​ចិន​ដែល​បាន​ទាមទារ​ទឹក​ដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ថា​ជា​របស់​ផងខ្លួន។

គេ​យល់​ឃើញ​ថា​លោក Trong ជា​អ្នក​លម្អៀង​ទៅ​ខាង​ចិន​និង​ជា​អ្នក​អភិរក្ស​និយម​ខាង​សេដ្ឋកិច្ច​ម្នាក់។​ ក្រុម​អ្នក​ធ្វើ​ការ​វិភាគ​និយាយ​ថា​ ការ​ដែល​លោក Trong បាន​ជាប់​ឆ្នោត​ប្រហែល​ជា​នាំ​ឱ្យមាន​ការ​បន្ថយ​ល្បឿន​កំណែ​ទម្រង់ ​ក៏​ប៉ុន្តែ​មិន​មែន​បង្អាក់​ការ​កែទម្រង់​ទាំង​នេះ​ទេ។ ​លោក Trong ក៏​មិន​ទំនង​ជា​នឹង​ឱន​លំទោន​ជាមួយ​ប្រទេស​ចិន​ដូច​អ្នក​ខ្លះ​បារម្ភ​នោះ​ឡើយ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG