ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតិថិជន​វៀតណាម​ងាក​មក​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​ថ្មីៗ


ពលរដ្ឋ​វៀតណាម​ដែល​ធ្លាប់​តែ​ញ៉ាំ​កាហ្វេ ឬ​កូកាកូឡា​ឥឡូវ​នេះ​មាន​ជម្រើស​ភេសជ្ជៈ​ច្រើន​ជាង​មុន។
ពលរដ្ឋ​វៀតណាម​ដែល​ធ្លាប់​តែ​ញ៉ាំ​កាហ្វេ ឬ​កូកាកូឡា​ឥឡូវ​នេះ​មាន​ជម្រើស​ភេសជ្ជៈ​ច្រើន​ជាង​មុន។

ប្រសិន​បើ​គេ​ចង់​ដឹង​ថា ពលដ្ឋ​វៀតណាម​មាន​ការ​ផ្លាស់​ប្តូរ​ខ្លាំង​ប៉ុន​ណា គ្រាន់​តែ​មើល​អ្វី​ដែល​ពួកគេ​ទទួលទាន ក៏​គេ​អាច​ដឹង​បាន​ដែរ។ ចំពោះ​​ភេសជ្ជៈ​ តើ​ពលរដ្ឋ​វៀតណាម​ទទួលទាន​​ទឹកក្រូច​ឬ​តែ​គជ់?

ក្រុមហ៊ុន​ភេសជ្ជៈ​ កូកា កូឡា ធ្លាប់​ជា​វិនិយោគិន​បរទេស​មួយ​ក្នុង​ចំណោម​វិនិយោគិន​បរទេស​ដែល​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម​មុន​គេ។ ​ក្រុមហ៊ុន​នេះ​បាន​លក់​ផលិតផល​របស់​ខ្លួន សូម្បី​តែ​ពេល​មាន​សង្គ្រាម​ក៏​នៅ​តែ​បន្ដ​លក់ ខណៈ​ដែល​ក្រុមហ៊ុន​បរទេស​ជាច្រើន​ដក​ខ្លួន​ចេញ នៅ​ពេល​ដែល​មានការ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម។

សព្វ​ថ្ងៃ​នេះ កូកា កូឡា លែង​ជា​ភេសជ្ជៈ​អាមេរិកាំង​តែ​មួយ​មុខ​ដែល​ពលរដ្ឋ​វៀតណាម​ចូលចិត្ត​ទទួល​ទាន​ទៀត​ហើយ​ ដោយសារ​ពួកគេ​ងាក​មក​ទទួល​ទាន​តែ​គជ់ ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន​អាស៊ី​ជាច្រើន ដូចជា​តៃវ៉ាន់និង​ថៃ​ជាដើម។ តែ​គជ់​ ជា​តែ​ទឹកដោះគោ​ដាក់​ស្ករ ដែល​មាន​ជាច្រើនរសជាតិ ដូចជា​រសជាតិ​ស្ត្របូរី តែ​បៃតង (matcha) ឬ​កាកាវ ហើយ​លាយជាមួយ​នឹង​គ្រាប់​គជ់​ពណ៌ខ្មៅ ចាហួយ ឬ​សណ្តែក។ ភេសជ្ជៈ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ភាព​ស្មុគស្មាញ​ជាង​ភេសជ្ជៈ​ទូទៅ​ ដូចជា​អតិថិជន​វៀតណាម​អ៊ីចឹង។

ពលរដ្ឋ​វៀតណាម​មិន​ត្រឹម​តែ​ផ្លាស់ប្ដូរ​ចំណង់ចំណូលចិត្ត​លើ​ភេសជ្ជៈ​ដែល​ពួកគេ​ទទួល​ទាន​នោះ​ទេ។ កាល​ពី​មុន ក្រុមហ៊ុន​បរទេស​វិនិយោគ​ក្នុង​ប្រទេស​វៀតណាម​ដោយ​លក់​ទំនិញ​ធម្មតាៗ​ក្នុង​តម្លៃ​ថោក​ហើយ​លក់​ដាច់​ខ្លាំង ​ដូចជា​មី​កញ្ចប់​ឬ​ក្រដាស​ជូតមាត់​ជាដើម។ ប៉ុន្តែ​នៅ​ពេល​វៀតណាម​បោះជំហាន​ទៅ​កាន់​សង្គម​ដែល​ផ្អែក​លើ​ការ​ប្រើប្រាស់​របស់​អតិថិជន​ច្រើន​ជាង​មុន វិនិយោគិន​បរទេស​កំពុង​តែ​ឆ្លើយតប​នឹង​ការ​ផ្លាស់ប្ដូរ​នេះ ដោយ​ព្យាយាម​បំពេញ​តម្រូវការ​កាន់​តែ​ខ្លាំង​ជាងមុន​ទៅ​លើ​ផលិតផល​និង​សេវាកម្ម​ថ្មីៗ​ជាច្រើន។

ក្រុមហ៊ុន Colliers International Research ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អចលនទ្រព្យ​បាន​ចេញ​អត្ថបទ​វិភាគ​សម្រាប់​ត្រីមាស​ទី១​របស់​ខ្លួន​ស្តីពី​ទីផ្សារ​វៀតណាម​ថា «ក្រុមហ៊ុន​ម៉ាក​ល្បីៗអន្តរជាតិ​កាន់​តែ​ច្រើន​ឡើងៗ​កំពុង​វិនិយោគ​ចូល​ក្នុង​ប្រទេស​វៀតណាម មួយ​ផ្នែក​ដោយសារ​តែ​សេរីភាវូបនីយកម្ម​បទបញ្ញត្តិ និង​បរិស្ថាន​សង្គម។ ការ​កើន​ឡើង​នៃ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​នេះ​នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​វៀតណាម​ចំណាយ​ប្រាក់​កាន់​តែ​ច្រើន ដោយ​ផ្លាស់ប្តូរ​ពី​ការ​ផ្ដោត​តែ​លើ​មុខ​ទំនិញ មក​ជា​ការ​ផ្ដល់​សេវាកម្ម​កំសាន្ដ​កាន់​តែ​ច្រើន​ជាង​មុន​វិញ»។

ដូច្នេះ​វត្តមាន​តែ​គជ់​ក្នុង​ប្រទេស​វៀតណាម​មិន​ត្រឹម​តែ​ជា​ភេសជ្ជៈ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​បទពិសោធន៍​សង្គម​មួយ ដែល​គេ​យល់​ថា មាន​ភាព​សប្បាយ​រីករាយ និង​ល្អ​ សម្រាប់​ឲ្យ​មនុស្ស​ជួបជុំ​គ្នា ជា​ជាង​ការ​ទទួល​ទាន​កាហ្វេ​ធម្មតា។

អាជីវកម្ម​ប្រភេទ​ផ្សេង​ទៀត ដូចជា​កន្លែង​ហាត់​ប្រដាល់ ហាង​លក់​ទំនិញ​សម្រាប់​សត្វ​ចិញ្ចឹម និង​ហាង​លក់​គ្រឿង​សម្អាង​កំពុង​ចាប់​ផ្តើម​ចេញ​ជា​រូបរាង​ផង​ដែរ ដោយ​មាន​ការ​វិនិយោគ​ពី​បរទេស។ ​គេ​សង្កេត​ឃើញ​ថា ​ហាក់​ដូច​ជា​មាន​ស្លាក​ហាង​ថ្មី​មួយ​លេច​ជា​រូបរាង​ឡើង​ជា​រៀងរាល់​សប្តាហ៍​ ដើម្បី​ផ្តល់​បទពិសោន៍​ថ្មី​ដល់​ពលរដ្ឋ​វៀតណាម។ អាជីវកម្ម​ថ្មីៗ​កំពុង​ពង្រីក​ខ្លួន ពី​រង្គសាល​ស្រា​វីស្គី​ជប៉ុន ទៅ​ជា​កន្លែង​រៀបចំ​ពិធី​ខួប​កំណើត។ កាល​ពី​មុន កន្លែង​បែប​នេះ​មិន​មាន​នោះ​ទេ​នៅ​ក្នុង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ សូម្បី​តែ​កាល​ពី​មួយ​ទសវត្សរ៍​មុន​ក៏​មិន​ទាន់​មាន​ដែរ។

ពលរដ្ឋ​វៀតណាម​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​មុន ដូច្នេះ​ពួកគេ​អាចចំណាយ​បាន​ច្រើន​ជាងមុន។ ការ​ស្ទង់​មតិ​មួយ​របស់​ក្រុមហ៊ុន Nielsen Vietnam ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​មួយ បាន​បង្ហាញ​ថា ទំនុក​ចិត្ត​របស់​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​វៀតណាម​បាន​កើន​៧% នៅ​ក្នុង​ត្រីមាស​ទី​មួយ ក្នុង​ឆ្នាំ២០១៩​នេះ បើ​ប្រៀបធៀប​ទៅ​ត្រីមាស​មុន ក្នុង​ឆ្នាំ២០១៨។

អ្នកស្រី Nguyen Huong Quynh នាយិកា​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Nielsen Vietnam បាន​និយាយ​ថា «ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ទំនុក​ចិត្ត​របស់​អ្នក​ប្រើប្រាស់​បែប​នេះ​បង្ហាញ​ថា អ្នក​ប្រើប្រាស់​បន្ត​មាន​គំនិត​វិជ្ជមាន»។

អ្នកស្រី​បាន​បន្ត​ថា «ក្រុមហ៊ុន​ផលិត​និង​អ្នក​លក់​រាយ ត្រូវ​ស្វែង​យល់​ពី​និន្នាការ​ថ្មីៗ​នៅ​ក្នុង​ទីផ្សារ​អ្នក​ប្រើប្រាស់ និង​ត្រូវ​ធ្វើ​សកម្មភាព​ឲ្យ​បាន​លឿន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​វិវត្ត​នៃ​តម្រូវការ​របស់​អ្នក​ប្រើប្រាស់»។

ការ​ផ្លាស់ប្តូរ​ឥរិយាបថ​នេះ​មិនមែន​មាន​តែ​នៅ​ក្នុង​ទីក្រុង​ហាណូយ​និង​ទីក្រុង​ហូជីមិញ​នោះ​ទេ។ ជា​ឧទាហរណ៍ នៅ​ក្នុង​ក្រុង​ជាប់​ឆ្នេរសមុទ្រ​ឈ្មោះ​ ក្រុង Da Nang ការ​ផ្លាស់ប្តូរ​មុខម្ហូប​របស់​អតិថិជន​កំពុង​តែ​ទាក់ទាញអាជីវកម្ម​ថ្មីៗ​កាន់​តែ​ច្រើន​ឡើងៗ។ ​ក្រុមហ៊ុន Colliers ​បាន​វិភាគ​ថា «ក្រុមហ៊ុន​អន្តរជាតិ​ដែល​លក់រាយ​ជាច្រើន​មាន​ផែនការ​ដណ្តើម​យក​ទីផ្សារ​ក្នុង​ស្រុក ដើម្បី​ណែនាំ​ផលិតផល​របស់​ពួកគេ​ទៅ​ឲ្យ​អ្នក​ទេសចរ​និង​អតិថិជន​នៅ​ក្នុង​ទីក្រុង Da Nang និង​បង្កើន​ភាព​ពេញ​និយម​សម្រាប់​ម៉ាក​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ»៕

XS
SM
MD
LG