ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រៅពី​ផលិត​ស្បែកជើង​និង​សម្លៀកបំពាក់ វៀតណាម​ឈាន​ទៅ​ផលិត​ឧបករណ៍​អេឡិចត្រូនិក


រូបភាព​ឯកសារ៖ ស្ត្រី​ម្នាក់​មើល​តាម​កែវពង្រីក​ដើម្បី​ស្វែងរក​បញ្ហា​មិន​ប្រក្រតី​នៅ​លើ​បន្ទះ​ម៉ាស៊ីន​ព្រីន​ នៅ​រោងចក្រ Manutronics នៅ​ក្នុង​ខេត្ត Bac Ninh ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។

មន្ត្រី​វៀតណាម​ចង់​ឲ្យ​មាន​ការ​បណ្តាក់​ទុន​លើ​ការ​នាំ​ចេញ​ផលិត​ផល​​ដែល​មាន​គុណភាព​ខ្ពស់ ហើយ​ដើម្បី​សម្រេច​គោលដៅ​នេះ វៀតណាម​កំពុង​តែ​ផលិត​ឧបករណ៍​អេឡិច​ត្រូនិក។

ក្រុមហ៊ុន LG Electronics បាន​ប្រកាស​ថា ​នៅ​ឆ្នាំ​នេះ​ ខ្លួន​នឹង​កាត់បន្ថយ​ការ​ផលិត​ទូរស័ព្ទ​ទំនើប​ស្មាតហ្វូន​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​ផ្លាស់​ទៅ​ផលិត​នៅ​ប្រទេស​វៀតណាម​វិញ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន​កូរ៉េ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ក្រុមហ៊ុន​វៀតណាមក្នុង​ស្រុក​ដ៏​ធំ​មួយ​ឈ្មោះ Vingroup កំពុង​សម្ងំ​ផលិត​ទូរស័ព្ទ Vsmart ៤ប្រភេទ​ផ្សេងៗ​គ្នា​ ដើម្បី​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​វៀតណាម ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ ដែល​កំពុង​តែ​មាន​ចំនួន​កើន​ឡើង។ វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ Vietnam Investment Review បាន​ចាត់​ទុក​ការណ៍​នេះ​ថា ជា​ការ​បញ្ចូន​ «រលក​នៃ​ការ​ប្រកួត​ប្រជែង» នៅ​ក្នុង​ទីផ្សារ។

សញ្ញាណ​ទាំង​នេះ​បង្ហាញ​ថា វៀតណាម​មិន​មែន​គ្រាន់​តែ​ជា​កន្លែង​ពេញ​និយម​នៅ​ក្នុង​ពិភពលោក​ សម្រាប់​ការ​ផលិត​ស្បែកជើង សម្លៀកបំពាក់ និង​វាយនភណ្ឌ​សម្រាប់​ការ​នាំ​ចេញ​ទៀត​នោះ​ទេ។ ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ដែល​ទាក់ទាញ​ការ​វិនិយោគ​សម្រាប់​ការ​ផលិត​នាំ​ចេញ​ទំនិញ​ដោយសារ​កម្លាំង​ពលកម្ម​មាន​តម្លៃ​ទាប​មួយ​នេះ ​កំពុង​តែ​បោះជំហាន​ទៅ​រក​ការ​ផលិត​ទំនិញ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​មុន ដែល​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​ប្រទេស​មួយ​នេះ ហើយ​ការណ៍​នេះ​នឹង​ក្លាយ​ជា​ឧសបគ្គ​ដល់​ប្រទេស​ចិន ជា​ប្រទេស​មួយ​ដែល​គេ​តែងតែ​វិនិយោគ​លើការ​ផលិត​ទំនិញ​ដូចជា​គ្រឿង​អេឡិចត្រូនិក​សម្រាប់​អ្នក​ប្រើប្រាស់។

រូបភាព​ឯកសារ៖ ស្ត្រីៗ​ធ្វើ​ការ​នៅ​រោងចក្រ​សម្លៀកបំពាក់ Maxport នៅ​ក្នុង​ខេត្ត Thai Binh ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ ស្ត្រីៗ​ធ្វើ​ការ​នៅ​រោងចក្រ​សម្លៀកបំពាក់ Maxport នៅ​ក្នុង​ខេត្ត Thai Binh ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។

លោក Rajiv Biswas ដែល​ជា​ប្រធាន​ក្រុម​អ្នក​វិភាគ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ឈ្មោះ IHS Markit បាន​ប្រៀបធៀប​ការ​នាំចេញ​នៅ​ក្នុង​ឆ្នាំ២០១០ និង​ឆ្នាំ២០១៩ ថា​ «លំហូ​នៃ​ការ​នាំចេញ​បាន​ក្លាយ​ជា​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​រួច​ទៅ​ហើយ បើ​និយាយ​ពី​ការ​បន្ថែម​តម្លៃ​នោះ»។

អ្នក​វិភាគ​និយាយ​ថា ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​ទូរស័ព្ទ កុំព្យូទ័រ និង​ឧបករណ៍​អេឡិចត្រូនិក​បន្ទាប់​បន្សំ​ដូចជា កាស​ស្តាប់​តន្ត្រី កំពុង​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​មាន​សង្វាក់​ផលិតកម្ម​ដែល​មាន​តម្លៃ​ខ្ពស់។ ការ​នាំចេញ​ទូរស័ព្ទ ដែល​ជា​ប្រភេទ​ផលិតផលនាំចេញ​ដ៏​ច្រើន​បំផុត​ មាន​ទឹកប្រាក់​សរុប​ចំនួន​៤៥,១ ពាន់លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ២០១៧ ហើយ​ការ​នាំចេញ​កុំព្យូទ័រ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត​ ស្ថិត​ក្នុង​លំដាប់​ទី៣ បន្ទាប់​ពី​ការ​នាំ​ចេញ​វាយនភណ្ឌ ដែល​មាន​ទឹកប្រាក់​ចំនួន​២៥,៩ ពាន់លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អាជីវកម្ម Dezan Shira & Associates និយាយ​ថា ការ​នាំ​ចេញ​ឧបករណ៍​អេឡិចត្រូនិក​បាន​ក្លាយ​ជា​ការ​នាំ​ចេញ​ច្រើន​បំផុត​របស់​វៀតណាម។ លោក Biswas បាន​និយាយ​ថា៖ «មាន​ការ​ផ្លាស់ប្តូរ​លើ​ការ​បន្ថែម​តម្លៃ​លើ​ឧបករណ៍​អេឡិចត្រូនិក​រួច​ទៅ​ហើយ»។

តើ​វៀតណាម​បង្កើន​តម្លៃ​លើ​ផលិតផល​នាំ​ចេញ​យ៉ាង​ដូចម្តេច?

លោក Maxfield Brown ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Dezan Shira & Associates ក្នុង​ក្រុង​ហូជីមិញ​ និយាយ​ថា នៅ​ពេល​ដែល​ប្រទេស​វៀតណាម​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ឆ្នាំ២០០៧ វិស័យ​វាយនភណ្ឌ សម្លៀក​បំពាក់ និង​ស្បែកជើង​ មាន​ការ​នាំចេញ​ច្រើន​បំផុត។ លោក​បន្ត​ថា ប៉ុន្តែ​ការ​នាំ​ចេញ​ឧបករណ៍​អេឡិចត្រូនិក​ក៏​ចាប់​ផ្តើម​មាន​នៅ​ពេល​នោះ​ដែរ។

រូបភាព​ឯកសារ៖ បុរស​ម្នាក់​បង្ហាញ​ទូរស័ព្ទ​ស្មាតហ្វូន​វៀតណាម​ម៉ាក Bphones នៅ​ក្នុង​រោងចក្រ BKAV ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧។
រូបភាព​ឯកសារ៖ បុរស​ម្នាក់​បង្ហាញ​ទូរស័ព្ទ​ស្មាតហ្វូន​វៀតណាម​ម៉ាក Bphones នៅ​ក្នុង​រោងចក្រ BKAV ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧។

ក្រុមហ៊ុន​ប្រឹក្សាយោបល់​នេះ​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា តម្លៃ​ពលកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម​មាន​ត្រឹម​តែ​៥០% ​នៃ​តម្លៃ​ដែល​ក្រុម​ហ៊ុន​វិនិយោគ​ត្រូវ​ចំណាយ​នៅ​ក្នុង​ប្រទេស​ចិន។ ការណ៍​នេះ​ជួយ​ឲ្យ​វៀតណាម​ផ្លាស់ប្តូរ​មុខមាត់​ពី​ប្រទេស​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម​នៅ​ក្នុង​ទស្សវត្សរ៍១៩៧០ ទៅ​ជា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​មួយ​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​នា​ពេល​សព្វ​ថ្ងៃ​នេះ។

អ្នក​វិភាគ​វៀតណាម​ឲ្យ​ដឹង​ថា កម្មវិធី​បណ្តុះបណ្តាល​របស់​សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​នានា បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​វៀតណាម​មាន​ជំនាញ​កាន់តែល្អ​ប្រសើរ​ជាង​មុន ដែល​ពួកគេ​អាច​ផលិត​ផ្នែក​នានា​នៃ​ឧបករណ៍​អេឡិចត្រូនិក​បាន​ និង​អាច​ដំឡើង​ទៅ​ជា​ផលិតផល​សម្រេច​បាន។ កាលពី​មុន ប្រទេស​ចិន​មាន​ប្រៀប​ក្នុង​ការ​អប់រំ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​បែប​នេះ។

លោក Biswas បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​វៀតណាម​គឺជា «មេដឹកនាំ​ដ៏​ច្បាស់លាស់​មួយ បើ​និយាយ​ពី​ជម្រើស​បន្ទាប់» នៅ​វិស័យផលិត​ឧបករណ៍​អេឡិចត្រូនិក ជាពិសេស​នៅ​ពេល​ដែល​ចិន​បាន​បាត់បង់​ភាព​ប្រកួតប្រជែង​ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន។

លោក​បាន​បន្ថែម​ថា ពលរដ្ឋវៀតណាម​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ដែល​កំពុង​កើន​ឡើង​ ក៏​ជួយ​ធ្វើ​ឲ្យ​តម្លៃ​នៃ​សង្វាក់​ផលិតកម្ម​មាន​កាន់​តែ​ខ្ពស់​ផង​ដែរ។ លោក​ Biswas បាន​និយាយ​ថា កាលពី​ឆ្នាំ​មុន ​ផលិតផល​សរុប​ក្នុង​ស្រុក​សម្រាប់​មនុស្ស​ម្នាក់​មាន​ចំនួន​ ២.៥៨៧ដុល្លារ​ ហើយ​បើ​វា​កើន​ដល់ ​៥.០០០ដុល្លារ ការ​ទិញ​រថយន្ត​នឹង​កើន​ឡើង ហើយ​វា​នឹង​ទាក់ទាញ​រោងចក្រ​ផលិត​រថយន្ត​កាន់​តែ​ខ្លាំង។

លោក Biswas បាន​និយាយ​ថា រថយន្ត​របស់​ពួកគេ​អាច​លក់​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន​៩៥.៥លាន​នាក់ និង​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។ លោក Biswas ​បាន​បន្ត​ថា អ្នក​វិនិយោគ​ដែល​ផលិត​គ្រឿង​បន្លាស់​សម្រាប់​រថយន្ត​ដូចជា កង់ និង​កៅអី​ស្បែក​ អាច​នឹង​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​វៀតណាម បន្ទាប់​ពី​រោងចក្រ​ផលិត​រថយន្ត​ផង​ដែរ។

រូបភាព​ឯកសារ៖ កម្មករ​ធ្វើ​ការ​ផ្គុំ​រថយន្ត​នៅ​រោងចក្រ​ផលិត​រថយន្ត របស់​ក្រុមហ៊ុន VinFast ក្នុង​ក្រុង Haiphong ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ កម្មករ​ធ្វើ​ការ​ផ្គុំ​រថយន្ត​នៅ​រោងចក្រ​ផលិត​រថយន្ត របស់​ក្រុមហ៊ុន VinFast ក្នុង​ក្រុង Haiphong ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

ក្រុមហ៊ុន Boston Consulting Group បាន​ទស្សន៍ទាយ​ថា ពលរដ្ឋ​វៀតណាម​១/៣ ឬ​ច្រើន​ជាង​នេះ ​នឹង​ក្លាយ​ជា​ពលរដ្ឋដែល​មាន​ប្រាក់​ចំណូល​មធ្យម​នៅ្​ត្រឹម​ឆ្នាំ​ក្រោយ​នេះ។

តើ​វៀតណាម​មាន​តួនាទី​អ្វី​ក្នុង​ការ​ផលិត​ឧបករណ៍​អេឡិចត្រូនិក?

ក្នុង​ពេល​បច្ចុប្បន្ន អ្នក​វិភាគ​យល់​ស្រប​ថា ឧបករណ៍​អេឡិចត្រូនិក​គឺជា​ប្រភព​សំខាន់​នៃ​ការ​នាំចេញ​ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​ក្នុង​ប្រទេស​វៀតណាម។

លោក Brown នៃ​ក្រុមហ៊ុន Dezan Shira & Associates និយាយ​ថា៖

«អ្វី​ដែល​ខ្ញុំ​កំពុង​មើល​ឃើញ​គឺ​ ជំនាញ​រវាង​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​គ្នា ហើយ​ខ្ញុំ​គិត​ថា វៀតណាម​ឥឡូវ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ច្រើន​ថា​ ជា​កន្លែង​ផលិត​ឧបករណ៍​អេឡិចត្រូនិក ហើយ​ខ្ញុំ​គិត​ថា នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ប្រទេស​នេះ​នឹង​បន្ត​រីកចម្រើន​លើ​វិស័យ​នេះ ដូច្នេះ​ក្រុមហ៊ុន​ក្នុង​ស្រុក​នឹង​ចូលរួម​បាន​កាន់​តែ​ច្រើន។

សារព័ត៌មាន​កូរ៉េ​ឈ្មោះ Hankyoreh បាន​ផ្សាយ​នៅ​ក្នុង​ខែ​មេសា​ថា ក្រុមហ៊ុន LG មាន​គម្រោង​ផ្លាស់ប្តូរ​ទីកន្លែង​នៃ​ការ​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​កំពង់ផែ​របស់​វៀតណាម​ឈ្មោះ Haiphong បន្ទាប់​ពី​ជួប​ការ​ខាតបង់​ទឹកប្រាក់​រយៈពេល​១៥ត្រីមាស​ផ្ទួនៗ​គ្នា។ ក្រុមហ៊ុន LG បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​ទេ។

ក្រុមហ៊ុន​អេឡិចត្រូនិក​ LG ដ៏​ធំនេះ​ នឹង​ដើរ​តាម​ក្រុមហ៊ុន Samsung Electronics ដែល​បាន​បោះទុន​ក្នុង​ទឹកប្រាក់​ជាង​ ១៧ពាន់លាន​ដុល្លារ ​លើ​រោងចក្រ​និង​ការ​ស្រាវជ្រាវ​អភិវឌ្ឍ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម។ ក្រុមហ៊ុន Samsung ជា​ក្រុមហ៊ុន​នាំ​ចេញ​ធំ​បំផុត​របស់​ប្រទេស​វៀតណម។ ក្រុមហ៊ុន​នេះ​បាន​ចូល​មក​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​បន្ទះ​ម៉ាស៊ីន Intel ក្នុង​នាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​ធំៗ ​ដែល​មក​វិនិយោគ​ក្នុង​ប្រទេស​វៀតណាម។

លោក Thanh Vo ​ដែល​ជា​អ្នក​វិភាគ​ទីផ្សារ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​បច្ចេកវិទ្យា IDC ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុនVingroup បាន​ចាប់ផ្តើម​លក់​ទូរស័ព្ទ Vsmart​ កាលពីខែ​ធ្នូ​ឆ្នាំ​មុន ហើយ​ទទួល​បាន​ការ​ទទួល​ស្គាល់​ថា មាន​គុណភាព​ «ល្អ​គ្រាន់​បើ» បើ​ប្រៀបធៀប​ទៅ​នឹង​ឧបករណ៍​មាន​តម្លៃ​ទាប​ផ្សេង​ទៀត។

លោក Biswas នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ឈ្មោះ IHS Markit ក៏​បាន​លើក​ឡើង​ថា វិស័យ​បច្ចេកវិទ្យា​នៅ​តែ​អាច​បន្ត​រីកចម្រើន​ផលិត​ឧបករណ៍​មាន​តម្លៃ​ថ្លៃៗ​បាន។

ការ​ផ្លាស់ប្តូរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​វៀតណាម

ទីភ្នាក់ងារ​វិនិយោគ​បរទេស​របស់​រដ្ឋាភិបាល​វៀតណាម ​បាន​ឲ្យ​ដឹង​តាមគេហទំព័រ​របស់​ខ្លួន​ថា រដ្ឋាភិបាល​វៀតណាម​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ពី​រោងចក្រ​បរទេស ដោយ​ធ្វើ​ការ​លើ​កំណែទម្រង់​ច្បាប់ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍ​កម្លាំង​ពលកម្ម «ដែល​មាន​គុណភាព»។ នៅ​ក្នុង​ឆ្នាំ២០១១ ប្រទេស​វៀតណាម​បាន​ចាប់​ផ្តើម​លើក​ទឹក​ចិត្ត​ដល់​វិស័យ​អភិវឌ្ឍ​ដែល​គាំទ្រ​ដល់​វិស័យ​បច្ចេកវិទ្យា។

លោក Frederick Burke ដែល​ជា​ដៃគូ​នៃ​ក្រុមហ៊ុន​មេធាវី Baker McKenzie ក្នុង​ក្រុង​ហូជីមិញ ​បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ​បច្ចុប្បន្ននេះ​វៀតណាម​មិន​សូវ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​រោងចក្រ​ផលិត​ឧបករណ៍​ដែល​មាន​តម្លៃ​ទាប​នោះ​ទេ ដែល​ជា​នេះ​សញ្ញា​បង្ហាញ​ថា ប្រទេស​វៀតណាម​ចង់​បាន​រោងចក្រ​ផលិត​ឧបករណ៍​ដែល​មាន​តម្លៃ​ខ្ពស់​ជាង។

លោក Burke បាន​លើក​ឡើងថា៖

«ពួកគេ​មើល​ឃើញ​ថា ពិភពលោក​កំពុង​ប្រកួតគ្នា​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​ប្រទេស​របស់​ខ្លួន ហើយ​ពួកគេ​មិន​ត្រូវ​បោះបង់​ឱកាស​នេះ​នោះ​ទេ។ ខ្ញុំ​គិត​ថា ពួកគេ​នឹង​មិន​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ច្រើន​ដល់​រោងចក្រ​ផលិត​ឧបករណ៍​ដែល​មាន​តម្លៃ​ទាប​នោះ​ទេ។ នេះ​ហើយ​ជា​វិធី​ដែល​ពួកគេ​ព្យាយាម​ធ្វើ ដើម្បី​បង្កើន​វិស័យ​ផលិត​ឧបករណ៍​ដែល​មាន​តម្លៃ​ខ្ពស់​របស់​ខ្លួន»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG