ការបញ្ចេញឧស្ម័នកាបូនិចកំពុងតែកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេស វៀតណាម លឿនជាងប្រទេសណាៗទាំងអស់នៅក្នុងពិភពលោកនេះ។ នេះបើយោងតាមការវិភាគមួយក្នុងពេលថ្មីៗនេះអំពីថាមពលនៅក្នុងពិភពលោករបស់ក្រុមហ៊ុនប្រេងនិងឧស្ម័ន BP។ លទ្ធផលនៃវិភាគនេះកាន់តែជំរុញជាបន្ទាន់ថែមទៀតទៅលើសេចក្ដីរាយការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះដោយធនាគារពិភពលោក។ របាយការណ៍របស់ធនាគារពិភពលោកបានផ្ដល់អនុសាសន៍ទៅលើវិធីដែលវៀតណាមអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចនិងដើម្បីសម្រេចបានទៅតាមគោលដៅដែលដាក់ចេញនៅក្នុងកិច្ចព្រមព្រៀងបម្រែ បម្រួលអាកាសធាតុទីក្រុងប៉ារីស។
អ្នកសរសេររបាយការណ៍មួយដែលមានកម្រាស់១៣០ទំព័រផ្ដោតទៅលើការកើនឡើងឧស្សាហកម្មដឹកជញ្ជូននៅប្រទេសវៀតណាម ហើយបានផ្ដល់អនុសាសន៍ឲ្យវៀតណាមប្ដូរពីការប្រើប្រាស់យានយន្ដដឹកជញ្ជូនតាមផ្លូវគោកទៅជាផ្លូវទឹកវិញ។
លោក Ousmane Dione នាយកធនាគារពិភពលោកប្រចាំប្រទេស វៀតណាម ដែលមានការិយាល័យនៅទីក្រុង ហាណូយ បានមានប្រសាសន៍ថា៖ «ប្រព័ន្ធដឹកជញ្ជូនដ៏ល្អមួយគឺចាំបាច់ណាស់សម្រាប់ធ្វើឲ្យសេដ្ឋកិច្ចរបស់វៀតណាមនៅតែរីកចម្រើន។ សេដ្ឋកិច្ចវៀតណាមពឹងផ្អែកយ៉ាងខ្លាំងទៅលើការធ្វើពាណិជ្ជកម្មជាមួយនឹងបរទេស និងការភ្ជាប់ទំនាក់ទំនងចល័ត។ យើងសង្ឃឹមថា លទ្ធផលដែលបានរកឃើញនិងអនុសាសន៍នៅក្នុងរបាយការណ៍ថ្មីនេះនឹងជួយប្រទេសវៀតណាមនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវវិស័យដឹកជញ្ជូនដ៏ខ្លាំងក្លានិងប្រកបដោយនិរន្តរភាព»។
របាយការណ៍នេះក៏បានវិភាគទៅលើដំណោះស្រាយចំនួន៨ដែលវៀតណាមអាចនឹងធ្វើតេស្តដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការផ្លាស់ប្ដូរមធ្យោបាយដឹកជញ្ជូន ដូចជាការប្ដូរទៅប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈនិងការបង្កើនការប្រើប្រាស់ប្រេងជីវសាស្ត្រជាដើម។ របាយការណ៍នេះក៏បានសន្និដ្ឋានថា ដំណោះ ស្រាយដ៏មានប្រសិទ្ធភាពបំផុតគឺការប្ដូរពីការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវគោក ទៅជាមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកវិញ។ ការធ្វើដូច្នេះអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចចំនួន២២លាន៨សែនតោនត្រឹមឆ្នាំ២០៣០ខាងមុខនេះ។
របាយការណ៍នេះបានឲ្យដឹងទៀតថា ដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតទីពីរគឺត្រូវធ្វើឲ្យរថយន្តស៊ីសាំងតិចនិងបញ្ចេញឧស្ម័នកាបូនិចតិច ដែលអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចរហូតដល់ទៅ១៥លាន៨សែនតោនត្រឹមឆ្នាំ២០៣០។
ប្ដូរការដឹកជញ្ជូនតាមផ្លូវគោកទៅជាតាមផ្លូវទឹកនិងផ្លូវដែកវិញ
វៀតណាមមានឆ្នេរសមុទ្ររហូតដល់ប្រវែង៣២១៨ គីឡូម៉ែត្រឯណោះ ហើយក៏មានដីសណ្ដទន្លេចំនួនពីរធំៗផងដែរនៅតាមតំបន់សំខាន់នានា ដូចជាដីសណ្ដទន្លេមេគង្គនៅប៉ែកខាងត្បូងក្បែរទីក្រុង ហូជីមិញ និងទន្លេក្រហមនៅប៉ែកខាងត្បូងក្បែរទីក្រុង ហាណូយ។ ថ្វីត្បិតតែផ្លូវទឹកទាំងនេះកំពុងត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនទំនិញក៏ដោយ ក៏មានការកើនឡើងនូវការពឹងផ្អែកលើរថយន្តដឹកទំនិញធំៗដើម្បីដឹកទំនិញតាមផ្លូវគោកផងដែរ។ ការណ៍នេះបានធ្វើឲ្យការវិនិយោគបន្ថែមទៀតទៅលើផ្លូវទឹកកាន់តែចាំបាច់ ប្រសិនបើប្រទេសវៀតណាមចង់រួមចំណែកធ្វើការលើវិស័យដឹកជញ្ជូននោះ។ នេះបើយោងតាមរបាយការណ៍ដដែលនោះ។
ដោយសារតែប្រទេសវៀតណាមក៏មានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតមួយដែរនៅក្នុងពិភពលោក ប្រទេសនេះមានកំណើនភាគហ៊ុននៅក្នុងពាណិជ្ជកម្មពិភពលោក ដែលត្រូវការធនធានថាមពលនិងមធ្យោបាយដឹកជញ្ជូនទំនិញកាន់តែច្រើនជាងមុន។
ការណ៍នេះធ្វើឲ្យមានកំណើនការប្រើប្រាស់ថាមពលនៅទូទាំងប្រទេសវៀតណាមច្រើនជាងមុន រាប់ចាប់ពីកំណើនតម្រូវការរថយន្តសម្រាប់អ្នកមានជីវភាពមធ្យម រហូតដល់វិស័យសំណង់ដែលត្រូវការសាងសង់អគារផ្ទះជួលនិងការិយាល័យកាន់តែច្រើន។ អ្នកបរិស្ថានបានឆ្លើយតបទៅនឹងចំណុចនេះវិញតាមរយៈការស្នើឲ្យពលរដ្ឋវៀតណាមព្យាយាមប្រើប្រាស់ប្រភពថាមពលផ្សេងមកជំនួសវិញ។
លោកស្រី Nguy Thi Khanh នាយិកាមជ្ឈមណ្ឌល Green Innovation and Development Center ហៅកាត់ថា GreenID ដែលជាអង្គការការពារបរិស្ថានមិនស្វែងរកប្រាក់កម្រៃមួយនៅទីក្រុង ហាណូយ បាននិយាយថា៖ «ក្នុងនាមជាប្រទេសមួយដែលសម្បូរទៅដោយថាមពលចម្រុះនិងថាមពលដែលអាចផលិតបានវិញយ៉ាងច្រើនលើសលុប ប្រទេសវៀតណាមនឹងអាចទទួលបានផលប្រយោជន៍ជាច្រើន ប្រសិនបើប្រទេសនេះងាកមកផលិតថាមពលស្អាតកាន់តែឆាប់រហ័សនោះ»។
លោកស្រីបានបន្ថែមទៀតថា ចាប់ពីពេលនេះតទៅ ការប្រើប្រាស់ថាមពលដែលអាចផលិតវិញបានកាន់តែច្រើននឹងកាត់បន្ថយការនាំចូលប្រេងឥន្ធនៈផូស៊ីល កាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងផ្ដល់អត្ថប្រយោជន៍មួយចំនួនទៅលើសេដ្ឋកិច្ចសង្គម។
បន្ថែមពីលើការប្ដូរមធ្យោបាយដឹកជញ្ជូនតាមជើងគោកទៅជាជើងទឹកវិញ ធនាគារពិភពលោកក៏បានផ្ដល់អនុសាសន៍ឲ្យប្រើដំណោះស្រាយផ្សេងៗបញ្ចូលគ្នាផងដែរ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច។ មធ្យោបាយទាំងនោះរួមមានដូចជាការងាកទៅប្រើប្រាស់យានយន្ដប្រើអគ្គិសនី ការបង្កើតបទដ្ឋានប្រើប្រាស់ប្រេងស្អាត វិនិយោគទៅលើការប្រើប្រាស់រថយន្តក្រុងនិងរថភ្លើងសាធារណៈ និងការប្ដូរពីមធ្យោបាយធ្វើដំណើរតាមផ្លូវថ្នល់ទៅជាផ្លូវដែកវិញ។
របាយការណ៍នេះបានឲ្យដឹងទៀតថា វិធីសាស្ត្រដែលមានតុល្យភាពមួយអាចនឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលនៅក្នុងវិស័យដឹកជញ្ជូនរបស់វៀតណាមត្រឹម៩%ត្រឹមឆ្នាំ២០៣០ ហើយអាចកាត់បន្ថយបានរហូតដល់២០% ប្រសិនបើមានការគាំទ្រពីសំណាក់ម្ចាស់ជំនួយនិងបណ្ដាក្រុមហ៊ុនឯកជននានា៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា