ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​នឹង​ពិគ្រោះ​ជាមួយ​ឡាវ​ និង​កម្ពុជា​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ ក្រោយ​កម្ពុជា​ដក​ខ្លួន​ពី​គម្រោង​ CLV


​អ្នកស្រី ​Pham Thu Hang ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម (MOFA via Bao Quoc te)
​អ្នកស្រី ​Pham Thu Hang ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម (MOFA via Bao Quoc te)

​វៀតណាម​បាន​ឆ្លើយ​តប​នឹង​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​ដែល​ដក​ខ្លួន​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​កម្ពុជា ​ឡាវ ​វៀតណាម ​CLV -DTA ​ថា​ វៀតណាម​នឹង​បន្ត​ពិគ្រោះ​យោបល់​ជាមួយ​ឡាវ ​និង​កម្ពុជា ​ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាក់ស្តែង​ ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​ប្រទេស​ទាំងបី។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​វៀតណាម​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

សារ​ព័ត៌មាន​ Vietnamnet Global ​បាន​ចុះផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃ​ទី​១៧​ ខែ​តុលា ​ឆ្នាំ​២០២៤​ ដោយ​ស្រង់​សម្តី​របស់​អ្នកស្រី ​Pham Thu Hang ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​ថា៖​ «វៀតណាម​នឹង​បន្ត​ពិគ្រោះ​យោបល់​ជាមួយ​ឡាវ ​និង​កម្ពុជា ​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ស៊ី​ជម្រៅ​ និង​ជាក់​ស្តែង​បន្ថែម​ទៀត ​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​បី ​ឱ្យ​ស្រប​តាម​ដំណាក់​កាល​អភិវឌ្ឍន៍​ថ្មី ​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​បី ​ពង្រឹង​សហ​គមន៍​អាស៊ាន ​និង​រួម​ចំណែក​ដល់​សន្តិ​ភាព ​កិច្ច​សហ​ប្រតិបត្តិ​ការ ​និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់»។​

កាសែត​វៀតណាម​មួយ​នេះ​ ស្រង់​សម្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​បន្ថែម​ថា​ វៀតណាម ​ឡាវ ​និង​កម្ពុជា ​មាន​យន្តការ​សហ​ប្រតិបត្តិ​ការ​ជា​ច្រើន​ រួម​ទាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ កម្ពុជា ឡាវ វៀតណាម​ CLV-DTA ​ផង​ដែរ​ ហើយ​យន្តការ​នីមួយៗ​ មាន​តម្លៃ​ផ្សេងៗ​គ្នា​ និង​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​មិត្ត​ភាព ​និង​ជំរុញ​ការ​អភិវឌ្ឍ​នៃ​ប្រទេស​ទាំង​បី។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​រូប​នោះ​មិន​បាន​ឆ្លើយ​ចំ​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​វៀតណាម ​ដែល​សួរ​ជុំវិញ​ការ​ដក​ខ្លួន​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​គម្រោង​ កម្ពុជា ឡាវ វៀតណាម​ CLV-DTA ​នោះ​ទេ។ ​ប៉ុន្តែ​អ្នកស្រី​បាន​លើក​ឡើង​ថា៖​«ចំណង​សាមគ្គី​ភាព ​មិត្តភាព ​និង​ភាព​ជឿ​ជាក់​រវាង​វៀតណាម ​ឡាវ ​និង​កម្ពុជា ​គឺជា​ទ្រព្យ​សម្បត្តិ​ដែល​មិន​អាច​កាត់ថ្លៃ​បាន ​សម្រាប់​ប្រជាជាតិ​ទាំង​បី»។ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ Vietnamnet Global។

គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ ​កម្ពុជា ឡាវ វៀតណាម (CLV-DTA)​ ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​កាលពី​ឆ្នាំ​១៩៩៩ ​តាម​រយៈ​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​លើក​ដំបូង​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងបី​ នៅ​ទីក្រុង​វៀង​ចន្ទន៍​ ប្រទេស​ឡាវ។​

អតីត​នាយក​រដ្ឋមន្រ្តី​កម្ពុជា ​លោក ​ហ៊ុន សែន ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ បាន​ប្រកាស​ដក​កម្ពុជា​ចេញពី​កិច្ច​សហ​ប្រតិបត្តិ​ការ​មួយ​នេះ​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​កញ្ញា​ ឆ្នាំ​២០២៤។ ​ការ​ប្រកាស​ដក​ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោយ​មាន​ប្រតិកម្ម​រិះគន់​ជា​បន្ត​បន្ទាប់​ពី​ក្រុម​គណបក្ស​ប្រឆាំង ​និង​ប្រជាពល​រដ្ឋ​មួយ​ចំនួន ​ដែល​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ថា ​កម្ពុជា​អាច​បាត់​បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម ​ដូច​កម្ពុជា​ក្រោម។​

សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា​ ថ្លែង​ថា ​ក្រោយ​កម្ពុជា​ប្រកាស​ដក​ខ្លួន​ចេញ​ពី​គម្រោង ​CLV​ នេះ ​គឺ​មិន​ទាន់​ឃើញ​មាន​យន្តការ​ផ្លូវការ​ ដែល​មាន​សុពល​ភាព​នៅ​ឡើយ​ទេ។​ លោក​ថា​ ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​នេះ​នឹង​មាន​សុពល​ភាព​ លុះត្រា​តែ​ប្រទេស​ទាំង​បី​ចុះ​ហត្ថ​លេខា​រួមគ្នា​ ដូច​ពេល​ចុះ​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​គម្រោង​មួយ​នេះ។

លោក​ថ្លែង​ថា៖​ «យើង​អត់ទាន់​ឃើញ​អំពី​យន្តការ​ផ្លូវការ​នៃ​ការ​ចុះ​ហត្ថលេខា​លា​ចេញ​ត្រឹមត្រូវ​មែន​ទែន​ទេ។ ​អាហ្នឹង​ត្រូវ​រង់​ចាំ​លិខិត​ផ្លូវ​ការ​មួយ​ទៀត។ ​អ៊ីចឹង​វា​ត្រូវ​ការ​ពេល​វេលា ​ត្រូវ​ការ​បញ្ជាក់។​ វា​មិន​ទាន់​ហៅ​ថា ​ប្រកាស​ហ្នឹង​ប្រកាស​ចូល​ជា​សុពល​ភាព​តែ​ម្តង​នៅ​ទេ​ មិន​ទាន់​អនុវត្ត​ទេ ​ទាល់​តែ​មាន​ការ​ចុះ​[ហត្ថលេខា]​ទាំង​បី​ប្រទេស​ឡើង​វិញ»។​

លោក ​ឯម សុវណ្ណារ៉ា​ បន្ថែម​ថា ​បើ​តាម​គោល​ការណ៍​ច្បាប់ ​កាល​ណា​ប្រទេស​មួយ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​នោះ​បាន​ន័យ​ថា ​តំបន់​នោះ​លែង​ជា​តំបន់​ត្រីកោណ​ហើយ។​

បើ​តាម​លោក ​ឯម សុវណ្ណារ៉ា ​ការ​ដក​ខ្លួន​របស់​កម្ពុជា​ពី​គម្រោង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ​ឡាវ ​វៀតណាម​(CLV-DTA) ​ក៏​មិន​បាន​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ដល់​ប្រទេស​ទាំង​បី​ឡើយ​ ដោយសារ​ប្រទេស​ទាំង​បី ​នៅ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​កម្ពុជា ឡាវ ​មីយ៉ាន់ម៉ា ​វៀតណាម​ (CLMV)​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្សេង​ទៀត។​

សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​រូប​នេះ​បន្ថែម​ថា ​ការ​ដក​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា​ ក៏​ជា​ភាព​វ័យ​ឆ្លាត​របស់​អ្នក​នយោបាយ​ផង​ដែរ​ ព្រោះ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ប៉ះ​ពាល់​ និង​បាត់​បង់​ការ​គាំទ្រ​នា​ថ្ងៃ​អនាគត​ ខណៈ​ពលរដ្ឋ​រិះគន់ ​និង​មិន​ពេញ​ចិត្ត​គម្រោង​ CLV​ នោះ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ​ប៉ែន បូណា​ និង​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​លោក ​ជុំ សុន្ទរី ​បាន​នៅ​ឡើយ​ទេ។​

បើ​តាម​លោក ​ហ៊ុន សែន ​ទោះបី​ជា​កម្ពុជា​ដក​ខ្លួន​ចេញ​ពី​គម្រោង ​CLV ​ប៉ុន្តែ​កិច្ច​សហការ​ផ្សេង​ទៀត​ជាមួយ​ប្រទេស​ជិត​ខាង ​គឺ​បន្ត​ជា​ធម្មតា។​

លោក ​ហ៊ុន សែន ​បង្ហោះ​សារ​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​កញ្ញា ​ថា៖ ​«យើង​បន្ត​អភិវឌ្ឍ​លើ​ទឹកដី​របស់​យើង ​ដោយ​មាន​កិច្ច​សហការ​ជា​ធម្មតា​ជាមួយ​ប្រទេស​ជិត​ខាង ​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​រវាង​ប្រទេស ​និង​ប្រទេស ​ជាមួយ​អាស៊ាន​ ជាមួយ ​CLMV ​ជាមួយ ACMECS ​[អេកម៉ិក]​ ជាមួយ​ GMS​ និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅ​លើ​សកល​លោក»។​

បើ​តាម​រដ្ឋាភិបាល​កម្ពុជា កិច្ច​សហ​ប្រតិបត្តិ​ការ ​CLMV ​គឺ​ជា​យន្តការ​មួយ​របស់​អាស៊ាន​ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០០ ​ដើម្បី​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​អាស៊ាន​ថ្មី​ទាំង​៤ ​រួម​មាន​ កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា ​និង​វៀតណាម ​ដែល​ផ្ដោត​អាទិភាព​លើ​ការ​ពង្រឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ស៊ី​ជម្រៅ​ក្នុង​ប្រទេស​នីមួយៗ ​ក៏ដូច​ជា​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ក្នុង​ទិស​ដៅ​ផ្សារ​ភ្ជាប់​សេដ្ឋកិច្ច ​និង​ប្រជាជន​ឱ្យ​កាន់​តែ​ជិត​ស្និទ។​

នា​ពេល​ថ្មីៗ​នេះ ​ប្រជា​ពល​រដ្ឋ​ខ្មែរ ​ដែល​រស់​នៅ​សហ​រដ្ឋ​អាមេរិក​ ក៏​នៅតែ​បន្ត​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ​ដក​ចេញ​ឱ្យ​ដាច់​ស្រឡះ​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ជាមួយ​នឹង​ប្រទេស​ឡាវ ​និង​វៀតណាម៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG