ក្រោយការស្នើសុំរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ត្រូវបានតុលាការរាជធានីភ្នំពេញបង្គាប់ឱ្យសមត្ថកិច្ចឃាត់ខ្លួន ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយអ្នកប្រើប្រាស់ហ្វេសប៊ុករូបនោះរិះគន់ការបោះបង្គោលព្រំដែនជាមួយវៀតណាម និងប្រើប្រាស់ពាក្យ «យួន» ក្នុងសំណេរ។
អ្នកប្រើប្រាស់ហ្វេសប៊ុកនោះត្រូវបានតុលាការបញ្ជាក់ក្នុងដីកាចាប់ខ្លួន មានឈ្មោះ ហ៊ូ រុនអេង អាយុ ៥៣ ឆ្នាំ រស់នៅក្នុងភូមិព្រែកដើមចាន់ ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
អ្នកស្រី ហ៊ូ រុនអេង បានចូលទៅសរសេរបញ្ចេញមតិនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន កាលពីថ្ងៃទី ៨ ខែកញ្ញា ដោយប្រើពាក្យ«យួនចូលក្នុងដីខ្មែរ» និង «យួនគ្រប់គ្រង»។
សំណេររបស់អ្នកស្រីមានអត្ថន័យដើមថា៖ «នែ បង្គោលៗហើយ ប៉ុន្តែមនុស្សយួនចូលក្នុងដីខ្មែរ យួនគ្រប់គ្រងយូរៗទៅ ពួក[គេ]ធ្វើកលល្បិចចោទខ្មែរថា ជាខ្មាំងឱ្យអ្នកដឹកនាំខ្មែរសម្លាប់ចាប់ដាក់គុក ឬសម្លាប់អស់ទៅជាយ៉ាងណាកូនៗ គួរអាណិតទេ»។
លោក ហ៊ុន សែន បានប្រតិកម្មនឹងសាររបស់អ្នកលេងហ្វេសប៊ុកនោះថា នេះមិនមែនជាការបញ្ចេញមតិទេ ហើយលោកថែមទាំងបានស្នើឱ្យអាជ្ញាធរស្វែងរកអ្នកស្រី ហ៊ូ រុនអេង មកចាត់ការតាមផ្លូវច្បាប់។
នៅថ្ងៃដដែល អ្នកស្រី ហ៊ូ រុនអេង បានចេញវីដេអូសុំទោសជាសាធារណៈចំពោះទង្វើរបស់អ្នកស្រី ដោយអ្នកស្រីលើកឡើងថា អ្នកស្រីជា «មនុស្សគ្មានចំណេះដឹង» ហើយបានសរសេរគ្មានមូលដ្ឋាន និងស្នើសុំការលើកលែងទោសពីលោក ហ៊ុន សែន។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងមើលទៅការដែលខ្ញុំ comment [សរសេរតប] នៅក្នុងផេករបស់សម្តេចនេះ ខ្ញុំអត់ដឹងថា ការសរសេរទៅហ្នឹងមានការខុសឆ្គងយ៉ាងណានោះ សូមឱ្យសម្តេចអភ័យទោសដល់កូនផង។ កូនអត់ដឹងអីទេ កូនអត់សូវចេះនៅក្នុងបញ្ហាហ្វេសបុកហ្នឹងដោយសារតែឃើញគេបង្ហោះអ៊ីចឹង ក៏ចេះតែសរសេរៗទៅ»។
ក្រោយមក លោក ហ៊ុន សែន បានបង្ហោះដីការបស់តុលាការរាជធានីភ្នំពេញ ដែលបង្គាប់ឱ្យនាំខ្លួនអ្នកលេងហ្វេសប៊ុករូបនោះ ដោយឃើញមានរូបភាពសមត្ថកិច្ចឃាត់ខ្លួនអ្នកស្រី ហ៊ូ រុនអេង ផងដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា មិនមានការលើកលែងទោសដល់អ្នកស្រី ហ៊ូ រុនអេង នោះទេ ព្រោះសិទ្ធិបញ្ចេញមតិត្រូវបានគោរព តែការមួលបង្កាច់មិនត្រូវបានអត់ឱន។ លោកបន្ថែមថា សង្គមស៊ីវិល ឬជនបរទេស ឬ «បិតាសិទ្ធិមនុស្ស» ត្រូវពិចារណាលើមតិរបស់អ្នកស្រី ហ៊ូ រុនអេង ជាមុនសិន មុននឹងបញ្ចេញទស្សនៈលើការចាប់ខ្លួននេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបាននៅឡើយទេ។
ចំណែកលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់វីអូអេថា សមត្ថកិច្ចគ្រាន់តែអនុវត្តតាមដីការបស់តុលាការតែប៉ុណ្ណោះ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា សេរីភាពបញ្ចេញមតិមានចែងក្នុងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ និងមាត្រា ១៩ នៃកតិកាសញ្ញាស្ដីអំពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ទោះជាយ៉ាងណា លោកថា ការបញ្ចេញមតិត្រូវតែប្រកបដោយក្រមសីលធម៌។
លោកថ្លែងថា៖ «ពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការបញ្ចេញមតិ ប៉ុន្តែត្រូវប្រកបដោយក្រមសីលធម៌ រិះគន់ដើម្បីស្ថាបនា រិះគន់ក្នុងន័យមានមូលដ្ឋាន និងមានព័ត៌មានគ្រប់គ្រាន់ ដើម្បីបញ្ចេញមតិ។ អាហ្នឹងគឺជាការធានាមួយដែរសម្រាប់ពលរដ្ឋ»។
គួរបញ្ជាក់ថា កាលពីចុងខែសីហា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានលើកឡើងថា យ៉ាងហោចណាស់មនុស្សចំនួន ៩៤ នាក់ត្រូវបានចាប់ខ្លួនតាំងពីចុងខែកក្កដា ឆ្នាំ ២០២៤ ពាក់ព័ន្ធនឹងការរិះគន់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ឬហៅថា CLV-DTA។ អង្គការអន្តរជាតិនេះបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស៥៩នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនត្រូវបានឃុំខ្លួនដោយខុសច្បាប់ និងត្រូវបានចោទប្រកាន់ ដោយគ្រាន់តែពួកគេបង្ហាញទស្សនៈដោយសន្តិវិធី៕
វេទិកាបញ្ចេញមតិ