ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ពង្រីក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​តាមរយៈ​ការ​សម្អាត​គណបក្ស​កាន់​អំណាច


លោក Nguyen Xuan Son អតីត​ប្រធាន​ក្រុមហ៊ុន PetroVietnam ចាកចេញ​ពី​តុលាការ បន្ទាប់​ពី​តុលាការ​ប្រកាស​សាលក្រម​ នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

គណបក្ស​កុម្មុយនិស្ត​ដែល​កាន់​អំណាច​នៅ​វៀតណាម​នឹង​កោះ​ហៅ​សមាជិក​ខ្លួន​រាប់​រយ​នាក់ ដែល​គណបក្ស​នេះ​ជឿ​ថា អាច​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​បាន និង​អាច​វាយ​តម្លៃ​បាន​យ៉ាង​ច្បាស់លាស់​ទៅ​លើ​បញ្ហា​ដទៃទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កាន់​តែ​កើនឡើង​នៅ​ក្នុង​រដ្ឋាភិបាល​នៃ​ប្រទេស​​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ។ ​​​​

នៅ​ក្នុង​កិច្ចប្រជុំសមាជិក​ទាំង​អស់​មួយ ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ គណៈកម្មាធិការ​មជ្ឈិមបក្ស​បាន​ផ្តោត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​សមាជិក​របស់​ខ្លួន ដោយ​រួម​ទាំង​ផ្តោត​ទៅ​លើ​សេចក្តីសម្រេច​មួយ​ដើម្បី​ពិនិត្យ​វាយតម្លៃ​លើ​សមាជិក​របស់​ខ្លួន​ឲ្យ​កាន់​តែ​តឹងរ៉ឹង​ផង​ដែរ។ នេះ​បើយោង​តាម​បណ្តាញ​ព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​វៀតណាម។ គណបក្ស​នេះ​ដល់​ពេល​ត្រូវ​អនុម័ត​ទៅ​លើ ​«ក្រុមការងារ​វរជន» ​មួយដែល​មាន​សមាជិក​ចំនួន​៦០០​នាក់​ពី​គណបក្ស ដែល​នឹង​ត្រូវ​កំណត់​អាណត្តិ​សម្រាប់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ដែល​មាន​សមាជិក​២០០​នាក់។​ នេះ​បើ​យោង​តាម​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ទៀត។

សវនាការ​កាត់​ក្តី​លើ​មនុស្ស​ល្បីល្បាញ​ពី​បទ​ពុករលួយ​បាន​កើត​ឡើង​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ​មុន ​ខណៈ​ដែល​ពលរដ្ឋ​បាន​ត្អូញត្អែរ​អំពី​សកម្មភាព​ពុករលួយ ដែល​មាន​ចាប់​ពី​ការ​សូកប៉ាន់​នៅ​តាម​ភ្លើង​ស្តុប​ចរាចរណ៍​ រហូត​ដល់​កិច្ចព្រមព្រៀង​ប្រើប្រាស់​ដី​ដោយ​ខុសច្បាប់​ជាដើម។

អ្នក​វិភាគ​និយាយ​ថា គោលនយោបាយ​គ្រប់គ្រង​សមាជិក​នៅ​ក្នុង​គណបក្ស​នេះ​ នឹង​បង្ហាញ​ពី​ជំហាន​ថ្មី​មួយ​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ពុករលួយ​និង​ការពារ​សេដ្ឋកិច្ច​ដែល​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ដែល​ប្រសើរ​ជាងមុន។ ​

លោក Trung Nguyen ដែល​ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​និង​មនុស្សសាស្ត្រ​ហូជីមិញ បាន​ថ្លែង​ថា «ពលរដ្ឋ​វៀតណាម​ ឥឡូវ​នេះ កំពុង​តែ​ផ្តោត​ទៅ​លើ​នយោបាយ​ក្នុង​ស្រុក ថា​តើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​លោក Nguyen Phu Trong ដែល​ជា​អគ្គលេខាធិការ​គណបក្ស​ អាច​ដំណើរការ​ដល់កម្រិត​ណា»។ ​

ជំហាន​សំខាន់​ថ្មី​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ចាស់​

ការ​ចាប់​ខ្លួន​ជនសង្ស័យ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ច្រើន​លើសលុប​នៅ​តាម​បណ្តាញ​សារព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម​ចាប់​តាំង​ពី​ឆ្នាំ​មុន​មក។ កាល​ពី​សប្តាហ៍​មុន ប៉ូលិស​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​ចាប់​ខ្លួន​មន្ត្រី​ពីរ​នាក់​នៃ​សាខា​ក្រុមហ៊ុន Petro Vietnam ចំពោះ​ការ​ចោទប្រកាន់​ថា​ទទួល​ការប្រាក់​ខុស​ច្បាប់​ពី​ធនាគារ Ocean Bank ដែល​មាន​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ។ នេះ​បើ​យោង​តាម​គេហទំព័រ​បណ្តាញ​ព័ត៌មាន VnExpress International នៅ​ក្នុង​ស្រុក។

កាល​ពី​ខែកញ្ញា ​តុលាការ​មួយ​ក្នុង​ទីក្រុង ហាណូយ បាន​កាត់ទោស​ប្រហារជីវិត​អតីត​ប្រធាន​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន Petro Vietnam ដែល​ជា​របស់​រដ្ឋ និង​បាន​កាត់ទោស​ឲ្យ​មន្ត្រី​ម្នាក់​មក​ពី​ធនាគារ Ocean Bank ដែល​មាន​មូលដ្ឋាន​នៅ​វៀតណាម ដាក់​ពន្ធនាគារ​មួយ​ជីវិត ពី​បទ​ពុករលួយ​ពាក់ព័ន្ធ​នឹង​ប្រាក់​រាប់​លាន​ដុល្លារ។ កាល​ពី​ខែ មករា មន្ត្រី​២២​នាក់​ផ្សេង​ទៀត​ពី​ក្រុមហ៊ុន Petro Vietnam និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​បាន​ឡើង​សវនាការ។ ​

ជនសង្ស័យ​មួយ​ចំនួន​ពុករលួយ​ខ្លាំង​នៅ​ពី​ក្រោយ​ខ្នង​

លោក Dustin Daugherty អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ជំនួញ Dezan Shira & Associates ក្នុង​ទីក្រុង ហូជីមិញ បាន​ថ្លែង​ថា «អ្វី​ដែល​យើង​ឃើញ​នេះ​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​កំពុង​តែ​កើតឡើង​ប៉ុណ្ណោះ។ រឿង​ទាំង​នេះ​តែងតែ​ឡើង​តុលាការ ហើយ​ត្រូវ​បាន​គេ​មើលឃើញ​ដោយសារ​តែ​ហេតុផល​នយោបាយ ដូច្នេះ​វា​ពិបាក​នឹង​ប្រើប្រាស់​ករណី​ទាំង​នេះ​ណាស់។ យើង​មិន​អាច​មើល​ឃើញ​ច្រើន​នៅ​ក្នុង​សង្គម​ដ៏​ល្អក់​មួយ​ទេ ដូច្នេះ​យើង​ចង់​មើល​ទៅ​លើ​ករណី​ទាំង​នោះ ហើយ​ប្រើប្រាស់​វា​សម្រាប់​វាស់ស្ទង់​លើ​បញ្ហា​ផ្សេង​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ទេ​ថា​តើ​ឧបករណ៍​សម្រាប់​វាស់​ស្ទង់​នេះ​ល្អ​ប៉ុណ្ណា​នោះ»។

បោសសម្អាត​ពី​ក្នុង

អ្នក​សង្កេត​មើល​ស្ថានភាព​នៅ​វៀតណាម​និយាយ​ថា ឥឡូវ​នេះ ប្រធាន​គណបក្ស​នេះ​កំពុង​តែ​ផ្លាស់ប្តូរ​សមាជិក​របស់​ខ្លួន​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ករណី​ពុករលួយ​ថែមទៀត។ គណបក្ស​កុម្មុយនិស្ត​គ្រប់គ្រង​រដ្ឋាភិបាល​ ហើយ​សមាជិកខ្លះ​នៃ​សមាជិក​សរុប​ទាំង​អស់​ចំនួន​៤លាន​៤សែន​នាក់​ដឹកនាំ​សាជីវកម្ម​របស់​រដ្ឋ​ឬ​ហៅ​កាត់​ថា SOE។ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៦​មក វៀតណាម​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ប្រសើរឡើង​តាមរយៈ​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​រោងចក្រ ដែល​បច្ចុប្បន្ន​នេះ ធ្វើ​ឲ្យ​ផលិត​ក្នុង​ស្រុក​សរុប​ឬ GDP កើនឡើង​ប្រមាណ​៦​ភាគរយ​ជា​រៀងរាល់​ឆ្នាំ។

រដ្ឋាភិបាល​ដែល​ស្អាតស្អំ​ជាង​នេះ​នឹង​ជួយ​ឲ្យ​សាជីវកម្ម​របស់​រដ្ឋ​រក​ប្រាក់​ចំណេញ​បាន​កាន់​តែ​ច្រើន។ នេះ​បើយោង​តាម​ការ​លើកឡើង​របស់​លោកស្រី Hoang Viet Phuong ប្រធាន​វិទ្យាស្ថានស្រាវជ្រាវ​និង​ទីប្រឹក្សា​វិនិយោគ​នៃ​សេវាកម្ម​សន្តិសុខ SSI ក្នុង​ទីក្រុង ហាណូយ។ ក្រុមហ៊ុន​ទាំង​នោះ​ស្មើ​នឹង​ប្រមាណ​មួយ​ភាគ​បី​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ ២២១​ពាន់​លាន​ដុល្លារ។

យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​នេះ​មាន​លក្ខណៈ​ស៊ីសង្វាក់​គ្នា ហើយ​នៅ​តែ​បន្ត ដោយសារ​នៅ​តែ​មាន​បញ្ហា​ផ្លូវ​ច្បាប់​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ។ ​

លោកស្រី Phuong បាន​មាន​ប្រសាសន៍​ថា «ក្នុង​រយៈពេល​វែង​ វា​អាច​នឹង​ល្អ ដោយសារ​តែ​វិស័យ​សាជីវកម្ម​របស់​រដ្ឋ​ទាំង​មូល​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព។ ខ្ញុំ​គ្រាន់​តែ​មើល​ឃើញ​សារ​ស៊ីសង្វាក់​គ្នា​ពី​គណបក្ស​ដែល​ថា​ពួកគេ​នឹង​បន្ត​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​ ប៉ុន្តែ​អំពើ​ពុករលួយ​មាន​ច្រើន​លើស​ការ​រំពឹង​ទុក​ទៅ​ទៀត។ យើង​មិន​គិត​ថា​គណបក្ស​អាច​រកឃើញ​ករណី​ពុករលួយ​ជាច្រើន​នោះ​ទេ។ ​

វៀតណាម​នៅ​តែ​ខ្វះ​មនុស្ស​មាន​សមត្ថភាព​ដើម្បី​កាន់​តំណែង​ជា​អ្នក​ដឹកនាំ។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​បណ្តាញ​ព័ត៌មាន VnExpress International ដែល​បាន​ចុះ​ផ្សាយកាល​ពី​ថ្ងៃ​៧ ខែឧសភា ដោយ​ស្រង់​សម្តី​របស់​អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត។ សេចក្តីរាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​ធំ​ៗ​មួយ​ចំនួន​ជាប់ ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ សេចក្តីរាយការណ៍​នោះ​បាន​ស្រង់​សម្តី​របស់​ប្រធាន​គណបក្ស​ដែល​និយាយ​ថា ការ​បំពាន​មួយ​ចំនួន​បណ្តាល​ឲ្យ​មាន​ការ​ខាតបង់​យ៉ាង​ខ្លាំង​ដល់​រដ្ឋ។ ​

កិច្ចប្រជុំ​សមាជិក​គណបក្ស​ទាំងអស់​ដែល​ធ្វើ​ឡើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ បាន​អនុម័ត​លើ​សេចក្តីសម្រេច​មួយ​ ដែល​តម្រូវ​ឲ្យ​មាន​វិធីសាស្ត្រ​វាយតម្លៃ​លើ​ការងារ​កាន់​តែ​ចំ​គោលដៅ​ជាង​មុន សម្រាប់​សមាជិក​គណបក្ស ជាមួយនឹង​យន្តការ​ដើម្បី ​«គ្រប់គ្រង​អំណាច ទប់ស្កាត់​ការ​សូកប៉ាន់​ដើម្បី​មុខតំណែង និង​ប្រយុទ្ធប្រឆាំង​នឹង​ភាព​បុគ្គលនិយម​នៅ​ក្នុង​ការងារ​របស់​បុគ្គលិក»។ នេះ​បើយោង​តាម​បណ្តាញ​សារព័ត៌មាន Viet Nam News ដែល​បាន​រាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ។​

សេចក្តីរាយការណ៍​ព័ត៌មាន​ក្រោយ​ពី​កិច្ចប្រជុំ​សមាជិក​គណបក្ស​ទាំងអស់​នេះ មិន​បាន​បង្ហាញ​ល្អិតល្អន់​ពី​តួនាទី​របស់​ក្រុមការងារ​ដែល​មាន​សមាជិក​៦០០​នាក់​ឬ​ការ​បង្កើត​ក្រុម​ការងារ​នោះ​ទេ ប៉ុន្តែ​បណ្តាញ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​ថា គណបក្ស​នេះ​នឹង​ជ្រើសរើស «​មន្ត្រី​ជាន់​ខ្ពស់​មួយ​ក្រុម ជាពិសេស​មន្ត្រី​ខាង​បង្កើត​យុទ្ធសាស្ត្រ​ ដែល​មាន​គុណធម៌ សមត្ថភាព និង​កិត្យានុភាព ដែល​អាច​បំពេញ​ការងារ​នោះ​បាន»។​

មន្ត្រី​វៀតណាម​ហាក់ដូចជា​ម៉ឺងម៉ាត់​ចំពោះ​កំណែ​ទម្រង់​នេះ ដើម្បី​ឲ្យ​សាធារណជន​នៅ​តែ​គាំទ្រ និង​ធ្វើ​ឲ្យ​ការ​ធ្វើ​ជំនួញ​កាន់​តែ​ងាយស្រួល។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក Frederick Burke ដែល​ជា​ដៃគូ​របស់​ក្រុមហ៊ុន​ច្បាប់ Baker McKenzie នៅក្នុង​ទីក្រុង ហូជីមិញ។

លោក Burke បាន​ថ្លែង​ថា «ពួកអ្នក​ការិយាល័យ​និយម​តែង​តែ​ព្យាយាម​កសាង​ឱកាស​ថ្មី ឬ​ការពារ​អ្វី​ដែល​មាន​ស្រាប់ ដែល​ផ្ទុយ​ពី​ពួក​អ្នក​កំណែ​ទម្រង់ ដែល​រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី​និង​អ្នក​ផ្សេង​ទៀត ដែល​កំពុង​តែ​ខិតខំ​ធ្វើ​ការងារ​របស់​ខ្លួន​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​កាត់​បន្ថយ​បញ្ហា»។ ​

លោក​បាន​បន្ថែម​ទៀត​ថា «មាន​ការ​បំពាន​នៅ​ក្នុង​ក្រុមហ៊ុន​របស់​រដ្ឋ​មួយ​ចំនួន​ដែល​ខ្ញុំ​គិត​ថា គណបក្ស​នេះ​ដឹង​ថា ពួកគេ​ត្រូវ​កែប្រែ​សកម្មភាព​របស់​ខ្លួន បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​បាត់បង់​ការ​គាំទ្រ​ពី​សាធារណជន»៕

ប្រែសម្រួល​ដោយ​ ហុង ចិន្តា

XS
SM
MD
LG