នៅក្នុងទីក្រុងដែលមានភាពរស់រវើកនិងសម្បូរបែបរបស់ហុងកុង ផលិតករខ្សែភាពយន្តកម្ពុជាបានមករួមគ្នា នៅក្នុងទីផ្សារភាពយន្តធំមួយរបស់អាស៊ី។ ពួកគេមានបេសកកម្មរួមគ្នាមួយ គឺ បង្ហាញភាពយន្តកម្ពុជានៅលើឆាកអន្តរជាតិ។
FILMART គឺជាព្រឹត្តិការណ៍ធំមួយសម្រាប់វិស័យភាពយន្តនិងកម្មវិធីទូរទស្សន៍នៅតំបន់អាស៊ី ដែលមានការដាក់តាំងបង្ហាញភាពយន្ត ៨០០ មកពីប្រទេសចំនួន៣៥ ចូលរួមនៅក្នុងឆ្នាំ២០១៧នេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីពាក់កណ្ដាលខែមីនានេះ មានអ្នកចូលរួមជាង៨០០០ នាក់ ក្រុមផលិតករមានក្ដីសង្ឃឹមខ្ពស់ សម្រាប់ការដាក់បង្ហាញភាពយន្តរបស់ខ្លួន ទៅកាន់អ្នកចែកចាយបរទេស។
សម្រាប់ផលិតកម្មកងចក្រភីកឈ័រ ដែលទទួលបានជោគជ័យក្នុងការផលិតភាពយន្ត Jailbreak ឬ ការពារឧក្រិដ្ឋជនកាលពីដើមឆ្នាំនេះ បានមកចូលរួមកម្មវិធី FILMART នេះ ដើម្បីពង្រីកការបញ្ចាំងរបស់ខ្លួន។
លោក តែ ឡូយ ផលិតករនៃក្រុមហ៊ុននេះថ្លែងអំពីការចូលរួមនេះថា៖ «វាគឺជាឱកាសដែលឲ្យអ្នកផលិតភាពយន្ត ស្រង់ដើមចំពោះការវិនិយោគរបស់ខ្លួននិងរកប្រាក់ចំណូលបន្ថែម»។
លោកនិយាយទៀតថា ទីផ្សារបញ្ចាំងនៅកម្ពុជានៅមានកម្រិត ហើយអ្នកផលិតជាច្រើនកំពុងជួបការលំបាក។ ពួកគេត្រូវប្រជែងការទាក់ទាញចំណាប់អារម្មណ៍ជាមួយខ្សែភាពយន្តក្នុងស្រុកផ្សេងទៀត បូករួមទាំងភាពយន្តហូលីវូដផងដែរ។
«ប្រសិនបើមានការចាក់បញ្ចាំងច្រើន ភាពយន្តទាំងនោះនឹងអាចបន្តការផ្សាយ ដូច្នេះពួកគេអាចរកចំណូលបន្ថែម។ វាមានន័យថា ពួកគេនឹងមានថវិកាច្រើនជាងមុន និងការផលិតធំជាងមុន សម្រាប់ភាពយន្តក្រោយៗ»។
ភាពយន្តកម្ពុជាចំនួន២ បានចាក់បញ្ចាំងនៅក្នុងកម្មវិធីអន្តរជាតិនេះ គឺ ភាពយន្តស្នេហ៍ស្វ័យគុណ៤និងភាពយន្ត Jailbreak។
លោក ឡូយ បានបន្ថែមថា តាមរយៈកម្មវិធី FILMART នេះ លោកបានទទួលការចុះកុងត្រាចាក់បញ្ចាំងភាពយន្ត Jailbreak នៅក្នុងប្រទេសកូរ៉េ។
ការសហការផលិតគឺជាប្រធានបទសំខាន់មួយ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងចំណោមប្រធានបទផ្សេងៗទៀតទាក់ទងនឹងវិស័យភាពយន្ត នៅក្នុងពិព័រណ៍ឆ្នាំនេះ។
លោក ជៀប សុវិជ្ជា នាយកនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញនិងទទួលការផលិតភាពយន្តនៅកម្ពុជា ហៅកាត់ CFC និយាយថា ការ សហការផលិតនឹងលើកកម្រិតគុណភាពនិងកេរ្តិ៍ឈ្មោះភាពយន្តកម្ពុជា។
«បន្ទាប់ពីខ្សែភាពយន្តក្នុងស្រុកយើង មានគុណភាពល្អអាចបញ្ចាំងនៅលើទីផ្សារបរទេសបាន អញ្ចឹងអាចរកដៃគូសហការផលិតរវាងផលិតករបរទេសជាមួយផលិតករក្នុងស្រុកយើង ហើយនៅពេលដែលមានដៃគូសហការផលិត អាចធ្វើឲ្យយើងនឹងមានដើមទុនចំណាយក្នុងការផលិតរឿងមួយៗហ្នឹងបានកាន់តែច្រើន អញ្ចឹងគុណភាពកុនក៏ល្អទៅតាមហ្នឹងដែរ អញ្ចឹងបានន័យថាយើងមានទីផ្សារនៅក្នុងពិភពលោកនឹងគេដែរ»។
CFC បានចូលរួមកម្មវិធីនេះអស់រយៈពេល៤ឆ្នាំមកហើយ ដើម្បីផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ទៅកាន់ផលិតករអន្តរជាតិ ដើម្បីជ្រើសរើសកម្ពុជាធ្វើជាទីតាំងសម្រាប់ការថតភាពយន្ត។
លោកវិជ្ជានិយាយថា មានការបង្ហាញចំណាប់អារម្មណ៍ច្រើនអំពីការថតខ្សែភាពយន្តនៅកម្ពុជា។ លោកបន្ថែមថា ប្រសិនបើមានការចុះអនុស្សរណៈយោគយល់ជាមួយប្រទេសដទៃកាន់តែច្រើន នោះនឹងជំរុញឲ្យមានការសហការផលិតនេះ បានកាន់តែច្រើននៅកម្ពុជា ។
សម្រាប់លោក ឡូយ នេះគឺជាលើកទីពីរដែលលោកបានចូលរួម FILMART។ លោកសង្កេតឃើញថា នៅក្នុងឆ្នាំនេះ ប្រភេទភាពយន្តដែលដាក់តាំងបង្ហាញ មានភាពចម្រុះជាងឆ្នាំមុន ក្នុងនោះមានទាំងបែបមនោសញ្ចេតនា រន្ធត់ វាយតប់ ក៏ដូចជារឿងដែលនិយាយអំពី ការស្រឡាញ់ភេទដូចគ្នា ឬ LGBT ផងដែរ។
លោក សុំ ស៊ីថែន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនចែកចាយភាពយន្ត Puprum Entertainment មើលឃើញថា ពិព័រណ៍នេះ គឺជាឱកាសផ្ដល់ឲ្យកម្ពុជាស្គាល់ទីផ្សារអន្តរជាតិ។
«ក៏ខ្ញុំជំរុញដែរថា ឲ្យលើកក្រោយថា អ្នករកស៊ី ឬអ្នកធ្វើការក្នុងវិស័យខ្សែភាពយន្តទាំងអស់ អាចថ្ងៃក្រោយមកជើងជាមួយគ្នាទៀតមក វាធូរថ្លៃ ហើយទីពីរយើងបើកភ្នែក បើកត្រចៀកឲ្យឃើញថា វិស័យភាពយន្តវាធំទូលាយ មិនមែនមានត្រឹមស្រុកយើង យើងអាចសហការធ្វើជាមួយស្រុកគេ ឬក៏ជួញដូរជាមួយស្រុកគេបានទៀត»។
លោក ស៊ីថែន សង្កេតឃើញថា ទំហំនៃការផ្សាយរបស់កម្ពុជានៅមានកម្រិត បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងពិព័រណ៍នេះ។
លោក ស៊ីថែន បន្ថែមទៀតថា បទពិសោធន៍ឆ្នាំនេះ នឹងធ្វើឲ្យលោកអាចរៀបចំបានប្រសើរសម្រាប់ឆ្នាំបន្ទាប់ រាប់បញ្ចូលទាំង ការរៀបចំកាតាឡុកភាពយន្ត ការតុបតែងស្តង់ឲ្យមានភាពទាក់ទាញ ឬកំណត់ប្រភេទនៃអ្នកទិញភាពយន្តបានច្បាស់លាស់។
ទោះបីជាការចូលរួមនេះនៅមានកម្រិត ប៉ុន្តែក្រុមផលិតករកម្ពុជានៅតែមានសុទិដ្ឋិនិយម។
សម្រាប់លោក ឡូយ ជោគជ័យរបស់ភាពយន្ត Jailbreak គឺជាឧទាហរណ៍ សម្រាប់ការបង្កើនគុណភាពដើម្បីចាក់បញ្ចាំងនៅបរទេស។
«វិស័យភាពយន្តនៅកម្ពុជាកំពុងរីកដុះដាល ហើយពួកយើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ កើនគុណភាពតាមស្តង់ដារ ហើយចូលទៅកាន់ទីផ្សារអន្តរជាតិ»។
លោកបន្ថែមថា ផលិតករគួរតែពិចារណាការផលិតភាពយន្តក្រោយៗឲ្យមានគុណភាពជាលក្ខណៈអន្តរជាតិ ដូច្នេះទើបពួកគេអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតបាន៕