ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump សន្យា​លុប​កិច្ច​ព្រមព្រៀង TPP ចោល​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​របស់​លោក


ចរាចរណ៏កាត់ខាងមុខអគារត្រាំ​ក្នុង​បុរីញូវយ៉ក កាលពីខែ វិច្ឆិកា ថ្ងៃទី២១ ឆ្នាំ​២០១៦។
ចរាចរណ៏កាត់ខាងមុខអគារត្រាំ​ក្នុង​បុរីញូវយ៉ក កាលពីខែ វិច្ឆិកា ថ្ងៃទី២១ ឆ្នាំ​២០១៦។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក Donald Trump បាន​និយាយ​ថា នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​ឡើង​កាន់​តំណែង​របស់​លោក​ជា​ប្រធានាធិបតី លោក​នឹង​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​មួយ ដែល​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​ជា​ច្រើន​របស់​លោក ផ្អែក​លើ​ការ​ផ្ដោត​លើ​សហរដ្ឋ​អាមេរិក​មុន​ដំបូង​គេ​បង្អស់។

នៅ​ក្នុង​សារ​ជា​វីដេអូ ដែល​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ Youtube កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក Trump បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង TPP គឺ​ជា​គ្រោះ​មហន្តរាយ​ដែល​អាច​នឹង​កើត​ឡើង​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក។

លោក​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ផ្ទុយ​មក​វិញ យើង​នឹង​ចរចា​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​មាន​លក្ខណៈ​យុត្តិធម៌ ដែល​អាច​ពាំនាំ​ការងារ និង​ឧស្សាហកម្ម​នានា​ត្រឡប់​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​វិញ‍»។

នៅ​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក​កន្លង​មក លោក Trump បាន​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង TPP ដែល​មាន​សមាជិក​ចំនួន ១២ ប្រទេស​នេះ និង​បាន​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៃ​ទ្វីប​អាមេរិក​ខាង​ជើង NAFTA ជាមួយ​នឹង​ប្រទេស​កាណាដា និង​ប្រទេស​ម៉ិកស៊ិក។ លោក​បាន​លើក​សរសើរ​ពី​សមត្ថភាព​ចរចា​របស់​លោក និង​បាន​និយាយ​ថា លោក​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ថ្មី ដែល​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​សហរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតី Barack Obama បាន​គាំទ្រ​ចំពោះ​កិច្ច​ព្រមព្រៀង TPP នេះ ប៉ុន្តែ​សភា​មិន​ដែល​យល់ព្រម​ចំពោះ​ការ​ចូលរួម​ជា​ផ្លូវការ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ក្រុម​ប្រទេស​នៃ​កិច្ច​ព្រមព្រៀង​នេះ​ទេ៕

XS
SM
MD
LG