ចាប់ពីខែធ្នូទៅប្រទេសវៀតណាម គ្រោងបើកកន្លែងទេសចរសំខាន់ៗឡើងវិញដល់ភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួចមកពីបណ្តាប្រទេសដែលចាត់ទុកថា មានហានិភ័យជំងឺកូវីដ១៩តិច។ នេះបើតាមការជូនដំណឹងរបស់រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃពុធ មុនពេលធ្វើការបើកពេញលេញដែលត្រូវបានកំណត់នៅខែមិថុនា ឆ្នាំក្រោយ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសវៀតណាម បានរឹតបន្តឹងព្រំដែននៅពេលចាប់ផ្តើមការរាតត្បាតនៃជំងឺកូវីដ១៩នៅក្នុងការប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដោយបានទទួលជោគជ័យខ្លះកាលពីដំបូង ក៏ប៉ុន្តែ ការណ៍នេះ បានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរ ដែលមានចំនួនប្រហែល១០ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់វៀតណាម។ កាលពីខែមុន វៀតណាមបានប្រកាសថា ខ្លួន នឹងបើកឡើងវិញនូវកោះលំហែកាយ Phu Quoc សម្រាប់ភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួច ចាប់ពីខែវិច្ឆិកាទៅ។
ចាប់ពីខែធ្នូ វៀតណាម ក៏នឹងអនុញ្ញាតឲ្យភ្ញៀវទេសចរមកពីប្រទេសដែលត្រូវបានទទួលការអនុញ្ញាតឲ្យទៅទស្សនាតំបន់ទេសចរ Halong Bay និង Hoi An ជាកន្លែងបេតិកភណ្ឌពិភពលោកដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ទីក្រុង Dalat និងឆ្នេរសមុទ្រ Nha Trang។
រដ្ឋាភិបាលវៀតណាម បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងនឹងបើកនៅពេលណាមានសុវត្ថិភាពពិតប្រាកដ»។
ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីវិធានការស្រដៀងគ្នានេះ បានធ្វើឡើងដោយប្រទេសថៃដែលជាប្រទេសជិតខាង ហើយនឹងត្រូវពង្រីកទៅកាន់ទីកន្លែងផ្សេងទៀតនៅខែក្រោយដើម្បីអនុញ្ញាតភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួច ចូលក្នុងប្រទេស។ ចំនួនភ្ញៀវទេសចរបរទេសនៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះពី១៨លាននាក់កាលពីឆ្នាំ២០១៩ មកនៅចំនួន៣លាន ៨សែននាក់ កាលពីឆ្នាំទៅ នៅពេលដែលប្រាក់ចំណូលពីវិស័យទេសចរមានចំនួន៣១ពាន់លានដុល្លារដែលស្មើនឹង ១២ភាគរយនៃ GDP។
ប្រទេសវៀតណាម កំពុងព្យាយាមបង្កើនការចាក់វ៉ាក់សាំងកូវីដ១៩។ មកទល់នឹងពេលនេះ មនុស្ស១៣ភាគរយក្នុងចំណោមមនុស្ស៩៨លាននាក់របស់វៀតណាម បានចាក់វ៉ាក់សាំងរួចរាល់ ដែលជាអត្រាទាបបំផុតមួយនៅក្នុងតំបន់អាស៊ី៕