ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ខ្សែ​រថ​ភ្លើង​ក្នុង​ក្រុង​ដំបូង​បង្អស់​របស់​វៀតណាម​ក្នុង​រដ្ឋធានី​ហា​ណូយ ប្រឈម​បញ្ហា​ក្សត់​អ្នកដំណើរ


រូបឯកសារ៖ បុគ្គលិកម្នាក់ ឈរនៅស្ថានីយរថភ្លើង Lang ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅថ្ងៃ​បើក​ឲ្យ​ប្រើប្រាស់​ខ្សែ​រថភ្លើង Cat Linh-Ha Dong ដែលជា​ខ្សែរថភ្លើង​ដំបូងគេ​ក្នុង​ទីក្រុង​ហាណូយ​ដោយ​ឲ្យ​មាន​ការជិះ​ឥតគិត​ថ្លៃ​ក្នុង​អំឡុងពេល​សាកល្បង​១៥ថ្ងៃ។

វៀតណាម​ចំណាយ​ពេល​១០​ឆ្នាំដើម្បី​ស្ថាបនាខ្សែ​រថភ្លើង​ ​Cat Linh-Ha Dong នៅ​ក្នុង​រដ្ឋ​ធានី​ហាណូយ​ ដែល​ជាខ្សែ​រថភ្លើង​ក្នុងក្រុង​ដំបូង​គេបង្អស់​ និង​បាន​ដាក់​ឱ្យប្រើ​ប្រាស់​កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា​ កន្លងទៅនេះ​។

បើ​ទោះ​គម្រោង​ខ្សែ​រថភ្លើង​នេះ ​ទទួល​បានមតិ​វិជ្ជ​មាន​មួយចំនួន​ក៏ដោយ​ ​ក៏​នៅ​មាន​ការ​ចោទសួរ​មួយ​ចំនួន​ទៅ​លើគុណ​តម្លៃ​នៃ​គម្រោង​ដ៏​ចម្រូង​ចម្រាស​មួយនេះ​ផងដែរ។

ខ្សែ​រថភ្លើងនេះ​ មាន​ចម្ងាយ​ ១៣​ គីឡូម៉ែត្រ​ មាន​ស្ថានីយ​ចំណត​១២​កន្លែង​ ដឹកអ្នក​ដំណើរ​ចាប់​ពីស្ថានីយ​រថភ្លើង​ Cat Linh ដែលស្ថិត​នៅ​ភាគ​កណ្តាល​ឈាង​ខាង​ជើង​ទីក្រុង​ហាណូយ និង​ចប់​ត្រឹម​ចំណត​រថយន្ត​ក្រុង​ Yen Nghia នៅភាគ​និរតី​សង្កាត់​ Ha Dong។ រថភ្លើង​នេះ​ អាច​រត់ក្នុង​ល្បឿន​រហូត​ដល់​៨០គីឡូ​ម៉ែត្រ​ក្នុងមួយ​ម៉ោង​ និង​ប្រើ​ពេល​ប្រហែល​២៤​នាទី​ ព្រមទាំង​អាច​សម្រួល​ដឹកអ្នក​ដំណើរ​ទៅមក​ប្រហែល​១លាន​នាក់ក្នុង​មួយ​ថ្ងៃ។

ខ្សែ​រថភ្លើង​នេះ​ ត្រូវ​បាន​គេរំពឹងថា ​នឹង​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍ ​និង​កាត់​បន្ថយ​ការប្រើប្រាស់​យានយន្ត​ឯកជន​នៅ​ក្នុង​ទីក្រុងហាណូយ។

ព​ល​រដ្ឋ​ក្នុង​រដ្ឋធានី​ហា​ណូយ​ បង្ហាញ​ក្តី​រំពឹង​លើ​គុណភាព​នៃសេវា​រថភ្លើង​នេះ​។ មន្ត្រី​រដ្ឋាភិបាល​ក្រុង​ហាណូយ​មួយរូប​ដែលសុំមិន​បញ្ចេញ​ឈ្មោះ ​បាន​និយាយ​ថា​ បើ​ទោះជា​អ្នកស្រី​មិន​ទាន់​អាច​ធ្វើ​ដំណើរ​តាមខ្សែ​រថភ្លើងនេះ​ទៅធ្វើ​ការ​បាន​នៅ​ឡើយ​ក៏ដោយ ក៏​អ្នកស្រី​សង្ឃឹម​ថា ខ្សែ​រថភ្លើងនេះ នឹង​អាច​កាត់បន្ថយ​ការកក​ស្ទះ​ចរាចរណ៍ ចំណេញ​ពេល​វេលា និងកាត់​បន្ថយភាព​តប់​ប្រមល់​ និង​សម្ពាធ​ពីការ​ធ្វើ​ដំណើរ​ផងដែរ​។

អ្នកស្រី​បានប្រាប់​វីអូអេ​ថា​៖ «បន្ថែម​ពីនេះ​ទៀត​ ដោយ​សារតែ​ខ្ញុំមើល​ឃើញ​រឿង​បរិស្ថាន​ដែរនោះ​ ខ្ញុំយល់ថា​ ការ​ដែល​ប្រជាជន​ប្រើ​ប្រាស់​មធ្យោបាយ​ធ្វើដំណើរសាធារណៈ នឹង​ជួយកាត់​បន្ថយការ​បំពុលខ្យល់ និង​ការ​បំពុល​សំឡេង​ផងដែរ​»។

ផ្ទុយ​ពី​បរិយាកាស​នៅពេលទើប​បើកឱ្យ​ធ្វើ​ដំណើរ​សាកល្បង​ដោយ​ឥតគិត​ថ្លៃ​រយៈពេល​២សប្តាហ៍​កន្លង​មក ​កាលពី​ខែមុន​នេះ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​វៀត​ណាម​បាន​ផ្សព្វ​ផ្សាយ​ថា​ ខ្សែ​រថភ្លើង​មួយ​នេះ ​ប្រឈម​នឹង​បញ្ហា​ក្សត់អ្នក​ដំណើរ​ទៅ​វិញ​។ យោងតាម​របាយការណ៍​នៃការ​លក់​សំបុត្រ​ធ្វើ​ដំណើរ​ក្នុង​រយៈ​ពេលប៉ុន្មាន​ថ្ងៃដំបូង​បញ្ជាក់​ថា អ្នក​ធ្វើដំណើរ​តាមខ្សែ​រថភ្លើង​នេះ ​នៅមាន​ចំនួន​តិចតួច​នៅ​ឡើយ​ គឺ​ប្រហែល​ ១២.០០០​ នាក់​ក្នុងមួយ​ថ្ងៃប៉ុណ្ណោះ​ ឬមាន​អ្នកជិះ​ប្រហែល​ត្រឹមតែ​៦០នាក់​ក្នុង​ពេល​រត់មួយ​ជើងៗ​ គឺមាន​ន័យថា ​វាប្រើ​អស់​តែ៨​ភាគរយ​នៃ​រថភ្លើង​ទាំងមូល​ប៉ុណ្ណោះ។ ការណ៍​នេះ ​បាន​បង្កក្តី​បារម្ភ​ដល់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ដែល​ជាម្ចាស់​គ្រប់គ្រង​លើ​គម្រោង​នេះ​ ជា​ពិសេស ​ស្រប​ពេល​ដែល​គម្រោង​ខ្សែ​រថភ្លើង​មួយ​នេះ​ កំពុង​មានភាព​ចម្រូង​ចម្រាស​ ពាក់​ព័ន្ធ​នឹង​ការ​ពន្យារ​ពេល​គម្រោង​ និង​ការ​ចំណាយ​ថវិកា​ដ៏ច្រើន​សន្ធឹកសន្ធាប់​។

ក្នុងឆ្នាំ​២០០៨ ​គម្រោង​នេះ​ ប្រើប្រាស់​ថវិកា​វិនិយោគ​ដំណាក់កាល​ដំបូង​សរុប​អស់​៥៥២,៨ លាន​ដុល្លារ។ ប៉ុន្តែ​គិត​ត្រឹមឆ្នាំ២០១៧​ តួលេខ​ថវិកាចំណាយ​បាន​កើនដល់​ប្រមាណ​៨៦៨​លានដុល្លារ។ នេះ​ បើគិត​តាម​អត្រាប្តូរ​ប្រាក់​ក្នុងពេល​នោះ។

រូបឯកសារ៖ រូប ថត​ពី​លើ​អាកាស​បង្ហាញពី​ខ្សែ​រថភ្លើង Cat Linh-Ha Dong ដែល​ជា​ខ្សែ​រថភ្លើង​ដំបូងគេ​ក្នុង​ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ រូប ថត​ពី​លើ​អាកាស​បង្ហាញពី​ខ្សែ​រថភ្លើង Cat Linh-Ha Dong ដែល​ជា​ខ្សែ​រថភ្លើង​ដំបូងគេ​ក្នុង​ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក​ Nguyen Van Thanh អ្នករស់​នៅក្នុង​សង្កាត់​ Ha Dong បាន​និយាយ​ថា​៖ «ដោយ​សាររយៈ​ពេល​សាង​សង់​អូស​បន្លាយដល់​១០ឆ្នាំ ​គឺយូរ​លើស​ជាង៤​ដងនៃ​រយៈកាល​កំណត់ វា​បានធ្វើឱ្យ​ខាតបង់​ប្រាក់ជាង​៩ពាន់​លានដុង។ ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម​ដឹកជញ្ជូន ​ធ្លាប់​សន្យាជា​ច្រើនលើក​ច្រើនសារ​ថា​ នឹងដាក់​ឱ្យ​ដំណើរ​ការ​ក្នុងពេល​ឆាប់ៗ​ ប៉ុន្តែ​ពុំអាច​ធ្វើដូច​ការសន្យា​បានទេ​ ហើយធ្វើ​ឱ្យប្រជាជន​មានការ​ខឹងសម្បារ ​និង​មាន​មន្ទិល​សង្ស័យ​វិញ។ ការណ៍​ដែល​ប្រជាជន​មានការ​ខឹងសម្បារ​ និងដាក់ការ​សង្ស័យ​ គឺដោយ​សារ​ការ​មិនគោរព​តាម​ការសន្យា​ និង​ការចំណាយ​ថវិកា​ដ៏ច្រើន​សន្ធឹក​សន្ធាប់​»។

អ្នកស្រី Dieu Anh បុគ្គលិកផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃក្រុមហ៊ុន​អចលន​វត្ថុ​ហាណូយ​ បានប្រាប់​វីអូអេ​ថា ប្រជាជន​ក្នុងរដ្ឋធានី​ហាណូយ​សង្ឃឹមជឿ​ជាក់ខ្លាំង​លើខ្សែ​រថភ្លើង​ Cat Linh-Ha Dong នេះ​ណាស់ ​ប៉ុន្តែក្រោយ​ពេលដែល​មានការ​ពន្យារ​ពេល​ជាច្រើន​លើកច្រើន​សារ​មក​ ពួកគាត់​មានការ​អាក់អន់​ចិត្តទៅវិញ​។

អ្នកស្រី​បាន​បន្ថែម​ថា​៖ «ខ្ញុំមាន​គំនិតបែប​ហ្នឹងតាំង​ពីខ្សែ​រថភ្លើង​ពុំទាន់​ដាក់ឱ្យ​ដំណើរ​ការ​មក​ម៉្លេះ ហើយ​វាក៏​ដូច​អ៊ីចឹង​មែន​»។

ការពន្យារ​ពេល ​និងការ​ចំណាយ​ថវិកាច្រើន​លើស​លប់​បែប​នេះ​ ក៏ធ្លាប់​កើតមាន​ក្នុងគម្រោង​ផ្សេងៗ​ទៀត​របស់​ប្រទេស​វៀតណាម​ផង​ដែរ​ ជាក់ស្តែង​ គឺគម្រោង​ខ្សែរថភ្លើង​ជាយ​ក្រុងទី២​ក្នុងប្រទេស​វៀតណាម​ បន្ទាប់​ពីគម្រោង​ខ្សែរថភ្លើង​ពី​ទីក្រុង Nhon ដល់​ទីក្រុង​ហាណូយ​ ដែល​កំពុងសាងសង់​នៅ​ឡើយ។ ជម្លោះ​សមុទ្រ​ចិនខាង​ត្បូង​រវាងប្រទេស​ចិន ​និងវៀតណាម​ គឺជាមូល​ហេតុ​ចម្បង​ធ្វើឱ្យរាំង​ស្ទះ​គម្រោង​នេះ​ និង​បង្កការ​លំបាក​ផ្សេងៗ​ជា​ច្រើន ដោយសារ​តែការ​ពង្រាយ​កប៉ាល់​បូមប្រេង​របស់ចិន​នៅតាមតំបន់​ដែន​សមុទ្រ​វៀតណាម​ក្នុងឆ្នាំ​២០១៤​ ធ្វើឱ្យ​ពន្យារពេល​ការ​អនុវត្ត​គម្រោង​នេះផងដែរ។

ជាលទ្ធផល នៅ​ពេលខ្សែរថភ្លើង​ចាប់​បើក​ដំណើរ​ការ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​វៀតណាម​ បាន​បកស្រាយ​ថា​ បញ្ហា គឺ​ដោយ​សារ«កត្តា​ប្រទេស​ចិន» និង​បាន​អំពាវនាវឱ្យ​ធ្វើ​«ពិហិការ​រាល់​គម្រោង​របស់ចិន​ទាំងអស់​»។

អ្នកស្រី Thanh បានប្រាប់ VOA ថា៖ «បុព្វបុរស​យើង ​បង្រៀន​យើងថា ពេល​យើង​បាត់បង់​ជំនឿ យើង​បាត់បង់ជំនឿ​មួយ​ម៉ឺនដង។ ខ្ញុំ​មិនជឿលើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​ចិន​នោះទេ ហើយ​ខ្ញុំ​មិនពេញ​ចិត្ត​ចំពោះ​ឥរិយាបថ​យឺតយ៉ាវ​របស់​ពួកគេ​នោះទេ»។

អ្នកស្រី​បាន​ប្រាប់​វីអូអេថា​៖ «ប្រសិន​បើខ្ញុំ​អាចជ្រើស​រើស​ម្តង​ទៀត​ ខ្ញុំនឹង​មិនជ្រើស​រើសក្រុម​ហ៊ុន​ចិន​នោះទេ​។ ខ្ញុំនឹង​ជ្រើសរើស​ក្រុមហ៊ុនជប៉ុន និង​គុយបា​ជំនួសវិញ​ សម្រាប់​គម្រោង​ដឹកជញ្ជូន​សាធារណៈ ​ពីព្រោះ​ប្រទេសទាំងនេះ​ មាន​ភស្តុតាង​បញ្ជាក់​ធ្វើ​កិច្ចការ​បាន​ល្អគ្រប់​ផ្នែកទាំង​អស់»។ មិនមែន​មនុស្សគ្រប់​គ្នាឯក​ភាពនឹង​ការអំពាវ​នាវ​ពហិការ​បែប​នេះទេ។ បុគ្គលិក​រូបនេះ​ បាន​បន្ថែមថា​ ការអំពាវ​នាវឱ្យ​ធ្វើ​ពហិការបែប​នេះ គ្រាន់តែ​ជាគំនិត​ពីម្ខាង​ និង​មិនចាំបាច់​នោះទេ។

អ្នកស្រី​បាន​ប្រាប់​វីអូអេ​បន្ថែម​ថា​៖ «អ្វីដែល​ប្រជាជន​ត្រូវធ្វើ ​គឺត្រូវ​ប្រើប្រាស់​ខ្សែរថភ្លើង​នេះ ដោយសារ​តែ​គុណ​តម្លៃ​របស់​វា​នៅ​ក្នុង​ជីវិតរស់​នៅ... រឿង​ចំណាយ​ថវិកា​ ឬការ​ពន្យារពេល​ គឺវាមិន​ពាក់ព័ន្ធ​នឹងការ​ប្រើប្រាស់​រថ​ភ្លើង​នេះ​ទេ»។

ទោះ​ជាយ៉ាង​ណាក៏​ដោយ​ អ្នកស្រី​បា​នបន្ថែម​ថា​ អ្នកស្រី​នៅ​តែ​ជឿ​ថា ក្រុមហ៊ុនជប៉ុន ជា​ជម្រើស​ប្រសើរ​ជាង​ សម្រាប់​គម្រោង​នានា​នា​ពេល​អនាគត​។

អ្នកស្រី​ថ្លែង​បន្ថែមថា៖ «ចិនមាន​បទពិសោធន៍ដែលមាន​តម្លៃក្នុង​ការសាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធដឹក​ជញ្ជូន​សាធារណៈ ​ជាពិសេ​ស រថភ្លើង​ប្រើថា​មពល​អគ្គិសនី។ ប៉ុន្តែ​បើ​មានគម្រោង​ក្រោយ​ៗ​ទៀត​ ខ្ញុំសង្ឃឹម​ថា​ គម្រោង​នោះ គួរ​ធ្លាក់បាន​ដល់ក្រុម​ហ៊ុន​របស់​ជប៉ុន​វិញ​។ ប្រទេស​ជប៉ុន​ គឺ​ជា​ប្រទេស​ដែលមាន​បទពិសោធន៍​ក្នុង​ការសាង​សង់​ប្រព័ន្ធដឹក​ជញ្ជូន​សាធារណៈ​ និងមាន​ការគិតគូរ​ខ្ពស់ពី​កិច្ច​ការពារ​បរិស្ថាន​»៕

ប្រែ​សម្រួល​ដោយលោក ​កោះ​ សុគ​ន្ធី

XS
SM
MD
LG