ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ចិន​ព្យាយាម​បិទ​សេវាកម្ម​ VPN​ ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ


អ្នក​ប្រើប្រាស់​កុំព្យូទ័រ​អង្គុយ​នៅ​ក្បែរ​កញ្ចក់​កុំព្យូទ័រ​ដែល​មាន​សារ​ពី​ប៉ូលិស​ចិន​ពី​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ហាង​កាហ្វេ​មាន​អ៊ីនធឺណិត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

ទោះ​ណា​ជា​មាន​ការ​បដិសេធ​កាលពី​ពេល​មុន​ក៏​ដោយ ក៏​រដ្ឋាភិបាល​ចិន​បាន​ពង្រឹង​ការ​រឹតត្បិត​របស់​ខ្លួន​ទៅ​លើ​បណ្តាញ​អ៊ីនធឺណិត​ ដោយ​ចាត់​វិធានការ​លើ​ការ​ភ្ជាប់​បណ្តាញ​ដែល​មិន​មាន​ការ​គ្រប់គ្រង​ រួម​ទាំង​អ្នក​ប្រើប្រាស់​បណ្តាញ​ឯកជន​ដែល​គេ​ហៅ​ថា ​VPN។ ​នៅ​ពេល​នេះ ប្រតិបត្តិការ​រឹតត្បិត​នេះ​បាន​ឈាន​ដល់​ពាក់​កណ្តាល​ហើយ​នៃ​ការ​បង្ក្រាប​​រយៈ​ពេល​១៤​ខែ​នៅ​ទូទាំង​ប្រទេស។

បណ្តាញ VPN ជា​សេវាកម្ម​របស់​បុគ្គល​ទី៣​ដែល​ជួយ​ឲ្យ​គេច​ផុត​ពី​ការ​ស្ទាក់​ចាប់​ពី​កម្មវិធី ​Great Firewall ​ដែល​តំឡើង​ដោយ​រដ្ឋ​ក្នុង​គោល​បំណង​គ្រប់គ្រង​ទំនាក់​ទំនង​រវាង​ក្រុមហ៊ុន​ផ្គត់​ផ្គង់​អ៊ីនធឺណិត​ចិន​និង​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស ​ក៏​ដូច​ជា​ដើម្បី​ហាមឃាត់មិន​ឲ្យ​ប្រើប្រាស់​គេហទំព័រ​នានាដូចជា គេហទំព័រ ​Google បណ្តាញ​សង្គម Twitter និង​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​ ដោយ​រួម​ទាំង​គេហទំព័រ​របស់ VOA ផង​ដែរ។

លោក ​Charlie Smith​ ដែល​ជា​សហស្ថាបនិក​របស់​គេហទំព័រ ​Greatfire.org ​បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​មួយ​មក​កាន់ VOA ថា៖ «សេវាកម្ម​អ៊ីនធឺណិត​ក្នុង​ស្រុក​មួយ​ចំនួន​ត្រូវ​បាន​គេ​ផ្តាច់ កម្មវិធី​របស់ VPN មួយ​ចំនួន​មិន​មាន​ដំណើរការ​ទៀតទេ ហើយ​អាជ្ញាធរ​កំពុង​ស្វែងរក​អ្នក​ផ្តល់​សេវាកម្ម ​VPN​ ផ្សេងៗ​ទៀត»។

មនុស្ស​ម្នា​ដើរ​កាត់​បុគ្គលិក​ម្នាក់​នៅ​ស្តង់​របស់​ក្រុមហ៊ុន Google ក្នុង​ព្រឹត្តិការណ៍ Global Mobile Internet Conference (GMIC) ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។
មនុស្ស​ម្នា​ដើរ​កាត់​បុគ្គលិក​ម្នាក់​នៅ​ស្តង់​របស់​ក្រុមហ៊ុន Google ក្នុង​ព្រឹត្តិការណ៍ Global Mobile Internet Conference (GMIC) ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។

របាយការណ៍​របស់​ក្រុម​អ្នក​ប្រឆាំង​នឹង​ការ​រឹតត្បិត​មួយ​ដែល​បាន​ចេញ​ផ្សាយ​ពី​មុន​បាន​បង្ហាញ​ថា ប្រទេស​ចិន​បាន​បិទ​គេហទំព័រ​ចំនួន​១៣៥​ ក្នុង​ចំណោម​គេហទំព័រ​ល្បីៗ​បំផុត​ទាំង​១០០០​នៅ​ក្នុង​ពិភពលោក។

ការ​បង្ក្រាប​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម VPN

បន្ទាប់​ពី​មាន​ការ​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មានវិទ្យា​កាល​ពី​ខែ​មករា​ក្នុង​ការ​បោស​សម្អាត​ការ​ប្រើប្រាស់​កម្មវិធី​ VPN រួច​មក មាន​សេចក្តីរាយការណ៍​ថា ​អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​បំផុត​ចំនួន​៣​របស់​ចិន រួម​មាន​ក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Unicom និង​ក្រុមហ៊ុន China Telecom​ បិទ​បណ្តាញ​ដែល​អាជ្ញាធរ​បាន​ហៅ​ថា​ជា​បណ្តាញ «ខុស​ច្បាប់» ​ឲ្យ​បាន​ត្រឹម​ថ្ងៃទី១ ខែ​កុម្ភៈ។

ក្រុមហ៊ុន​ Guangzhou Huoyun Information Technology Ltd ដែល​មាន​ប្រតិបត្តិការ​នៅ​ក្នុង​ទីក្រុង​ចំនួន​ប្រមាណ​២០​នៅ​ទូទាំង​ប្រទេស​ចិន ក៏​បាន​ទទួល​សេចក្តី​បង្គាប់​នេះ​ពី​ក្រុម​អាជ្ញាធរ​ដើម្បី​ចាប់​ផ្តើម​បិទ​សេវាកម្ម​នេះ​ដែរ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ប៉ុន្តែ​កាលពី​ថ្ងៃទី១២ ខែកក្កដា​ ក្រសួង​នេះ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​បែប​នោះ​ទេ ដោយ​បាន​ចោទ​ប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ក្រសួង​នេះ​បាន​អះអាង​ជាថ្មី​ម្តង​ទៀត​ថា៖ «គោល​ដៅ​នៃ​បទ​បញ្ញត្តិ​ថ្មី​នេះ​គឺ​មាន​គោលដៅ​បង្រ្កាប​សហគ្រាស​ និង​បុគ្គល​ទាំង​ឡាយ​ណា​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​ VPN។ សម្រាប់​សហគ្រាស​ពាណិជ្ជកម្ម​បរទេស​និង​ក្រុមហ៊ុន​អន្តរជាតិ​នានា​ដែល​ត្រូវ​ការ​ប្រើ​ប្រាស់​បណ្តាញ​ឆ្លង​ប្រទេស ពួក​គេ​អាច​ជួល​បណ្តាញ ​VPN​ ពី​អ្នក​ផ្តល់​សេវាកម្ម​ដែល​ស្រប​ច្បាប់​បាន»។

ផល​ប៉ះ​ពាល់​អវិជ្ជមាន

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វិធានការ​ដ៏​តឹងរ៉ឹង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​និង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​និង​ជន​បរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​ចិន ក៏​ដូចជា​ពី​សំណាក់​អ្នក​ស្រាវជ្រាវ​និង​បញ្ញវន្ត​កំពូលៗ​របស់​ប្រទេស​នេះ។ អ្នក​ខ្លះ​បាន​និយាយ​ថា ការងារ​និង​ការ​ប្រកួត​ប្រជែង​របស់​ពួក​គេ​នឹង​រង​ផលប៉ះពាល់​ជា​អវិជ្ជមាន​ ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​គេ​កាត់​ផ្តាច់​ចេញ​ពី​ពិភព​លោក​ខាង​ក្រៅ។

ខណៈ​ដែល​អ្នក​ខ្លះ​ចាត់​ទុក​ថា ក្រុមហ៊ុន​ផ្តល់​សេវាកម្ម VPN ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ស្រប​ច្បាប់​អាច​ទទួល​យក​បាន អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​និយាយ​ថា ពួកគេ​ប្រហែល​ជា​មិន​អាច​រក​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ណា ដែល​គេច​ផុត​ពី​កម្មវិធី​ស្ទាក់​ចាប់​របស់​រដ្ឋាភិបាល​នោះ​ទេ។

លោក​ Michael Qiao ​ដែល​ជា​អតីត​សាស្ត្រាចារ្យ​សារព័ត៌មាន​នៅ​សាកលវិទ្យាល័យ ​Beijing Foreign Studies ​បាន​និយាយ​ថា​ លោក​មិន​អាច​ប្រើប្រាស់​សេវា ​VPN ​ដោយ​ឥត​គិត​ថ្លៃ​នោះ​ទេ​កាល​ពី​មួយ​ខែ​មុន​ ហើយ​សេវា ​VPN ​មួយ​ក្នុង​ចំណោម​សេវា​ VPN ​ពីរ​ដែល​លោក​បាន​ទិញ​ក៏​បាន​ឈប់​ដំណើរការ​ដែរ។

លោក​ Qiao ​គិត​ថា ​ការ​រឹត​បណ្តឹង​នា​ពេល​ថ្មីៗ​នេះ​អាច​នឹង​មាន​អ្វី​មួយ​ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​លើ​ច្បាប់​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​របស់​ចិន​កាលពី​ខែ​មិថុនា ការ​ចូល​មើល​ជាច្រើន​ដង​លើ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម ​Twitter​ របស់​មហាសេដ្ឋី Guo Wengui និង​សមាជ​បក្ស​លើក​ទី១៩​នា​ពេល​ខាង​មុខ​នេះ។

មហាសេដ្ឋី Guo Wengui ផ្តល់​បទសម្ភាសន៍​មួយ​នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។
មហាសេដ្ឋី Guo Wengui ផ្តល់​បទសម្ភាសន៍​មួយ​នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ស៊ី ​បាន​គាំទ្រ​ជាយូរ​មក​ហើយ​លើ​ទស្សនៈ​គ្រប់​គ្រង​«អធិបតេយ្យភាព​លើ​បណ្តាញ​អ៊ីនធឺណិត» នៅ​ក្នុងលំហ​ឌីជីថល​របស់​ចិន។ ​

ជា​ទូទៅ លោក Qiao យល់​ឃើញ​ថា និន្នាការ​យូរ​អង្វែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំបិទ​សេរីភាព​តាម​អ៊ីនធឺណិត​ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​មូលដ្ឋាន។

លោក​បាន​និយាយ​ថា៖ «ការ​ទទួល​បាន​ព័ត៌មាន​និង​ទំនាក់ទំនង​គឺ​ជា​សិទ្ធិ​មនុស្ស​មូលដ្ឋាន។ អ្នក​ស្រាវជ្រាវ​ឬ​បញ្ញវន្ត​មួយ​ចំនួន​ប្រហែល​ជា​អាច​អះអាង​ថា ការ​ទទួល​បាន​ព័ត៌មាន​របស់​ពួកគេ​មិន​គួរ​ត្រូវ​បាន​រឹតត្បិត​ដូច​មនុស្ស​ធម្មតា​នោះ​ទេ។ ការ​អះអាង​បែប​នេះ​គឺ​ជា​ការ​រើស​អើង​មួយ​។ វា​មិន​មែន​ជា​ការ​យល់​ឃើញ​ត្រឹមត្រូវ​នោះ​ទេ»។

ល្បែង​ឆ្មា​ចាប់​កណ្តុរ

លោក ​Qiao បាន​ថ្លែង​បន្ថែម​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រហែល​ជា​មិន​អាច​ឈ្នះ​នៅ ក្នុង​ល្បែង​ឆ្មា​ចាប់​កណ្តុរ​នេះ​បាន​ទេ ដូច​ដែល​ការ​រារាំងរបស់​រដ្ឋាភិបាល​លើ​បណ្តាញ​ផ្កាយរណប​ឯកជន​ពី​ពេល​មុនៗ​បាន​បង្ហាញ​ស្រាប់។

ប៉ុន្តែ​លោក​ Smith ​សហស្ថាបនិក​របស់​គេហទំព័រ ​Greatfire.org​ មិន​មាន​សុទិដ្ឋិនិយម​នោះ​ទេ។
លោក​បាន​និយាយ​ថា៖ «នេះ​គឺ​ជា​ល្បែង​ឆ្មា​ចាប់​កណ្តុរ​ រហូត​ទាល់​តែ​ឆ្មា​ហត់​ហើយ​សម្រេច​ចិត្ត​ថា​ស៊ី​កណ្តុរ។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​អាច​លឺ​សំឡេង​កូរ​ពោះ​ចេញ​ពី​ពោះ​ដ៏​ធំ​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង»។

លោក Qiao បាន​និយាយ​ថា ការ​ហាមឃាត់​ទាំង​អស់​មាន​គោលបំណង​ពង្រឹង​ការ​ក្តោបក្តាប់​អំណាច​របស់​លោក​ប្រធានាធិបតី ស៊ី ខណៈ​ដែល​ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​បាត់បង់​ធនធាន​មនុស្ស ដែល​នឹង​ប៉ះ​ពាល់​ដល់​គំនិត​ច្នៃប្រឌិត​និង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​បច្ចេកវិទ្យា​នា​ពេល​អនាគត។

អង្គការ Freedom House ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​និង​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មិន​ស្វែង​រក​ប្រាក់​កម្រៃ​នៅ​សហរដ្ឋ​អាមេរិក បាន​ចាត់​ទុក​ប្រទេស​ចិន​ជា «អ្នក​រំលោភ​បំពាន​លើ​សេរីភាព​អ៊ីនធឺណិត​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក»។​

ការ​ត្អូញត្អែរ​តាម​បណ្តាញ​អ៊ីនធឺណិត

នៅ​ពេល​មាន​ការ​ប្តឹង​ផ្តល់​អំពីការ​រំលោភបំពាន​របស់​រដ្ឋាភិបាល​លើ​សេរីភាព​អ៊ីនធឺណិត អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ជាច្រើន​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ស្វែង​រក​ជំនួយ។

នៅ​លើ​បណ្តាញ​សង្គម Weibo ដែល​ជា​បណ្តាញ​សង្គម​មួយ​ស្រដៀង​ Twitter​ ដែរ​នោះ​ អ្នក​ប្រើប្រាស់​ម្នាក់​បាន​ស្វែង​រក​បណ្តាញ ​VPN ​ដែល​អាច​ប្រើ​ប្រាស់​បាន ដោយសារ​រូប​លោក​មាន​បញ្ហា​ភ្ជាប់​ជាមួយ​នឹង​បណ្តាញ VPN ​ដែល​លោក​ប្រើប្រាស់​រាល់​ដង។

អ្នក​ប្រើប្រាស់​ម្នាក់​បាន​ឆ្លើយ​តប​ថា «ប្រសិន​បើ​ខ្ញុំ​ប្រាប់​អ្នក​នៅ​ទីនេះ​ បណ្តាញ ​VPN ទាំង​នោះ​នឹង​ឈប់​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​នេះ»។ ចំណែក​អ្នក​ប្រើប្រាស់​ម្នាក់​ទៀត​និយាយ​បែប​កំប្លែង​ថា «តើ​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​បណ្តាញ ​VPN ​របស់​យើង​ត្រូវ​បាន​គេ​ហាម​ឃាត់​ដែរ​ឬ?»

អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​បាន​ប្រៀបធៀប​ការ​ហាម​ឃាត់​របស់​ចិន​ទៅ​នឹង​ការ​ហាមឃាត់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ដែល​សភា​ប្រទេស​នេះ​បាន​អនុម័ត​ច្បាប់​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ដាក់​ឲ្យ​នៅ​ក្រៅ​ច្បាប់​នូវ​សេវាកម្ម VPN និង​សេវាកម្ម​ជំនួស​ផ្សេងៗ​ទៀត​ ដោយ​លើក​ឡើង​នូវ​ក្តី​បារម្ភ​អំពី​ការ​រីក​រាល​ដាល​ការ​ផ្សព្វផ្សាយ​ជ្រុល​និយម​នានា។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ​Weibo ម្នាក់​បាន​សរសេរ​ថា៖ «ប្រទេស​ចិន​ចូលរួម​ជាមួយ​នឹង​បង​ធំ​របស់​ខ្លួន» ខណៈ​ដែល​អ្នក​ប្រើប្រាស់​ម្នាក់​ទៀត​ចំអក​ឲ្យ​ថា៖ «ក្រៅ​ពី​រុស្ស៊ី ​សាក​គិត​ដល់​កូរ៉េខាងជើង អញ្ចឹង ខ្ញុំ​លែង​ពិបាក​ចិត្ត​ខ្លាំង​ទៀត​ហើយ»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG