ក្រុមមួយមានឈ្មោះថា «ក្រុមសុវត្ថិភាពអ៊ីនធឺណិត» (Safe Internet League) របស់រុស្ស៊ីដែលជាក្រុមបញ្ចុះបញ្ចូលដ៏មានឥទ្ធិពលមួយ បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាលើកដំបូងបំផុតមួយកាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅ នៅទីក្រុងមូស្គូ ដោយមានទាំងក្រុមរឹតត្បិតព័ត៌មានបណ្តាញអ៊ីនធឺណិតកំពូលៗមកពីប្រទេសចិន រួមមានលោក Fang Binxing ដែលគេស្គាល់ថាជា «បិតានៃមហាកំពែងអ៊ីនធឺណិតរបស់ចិន» (the Great Firewall of China) ដែលសំដៅទៅលើប្រព័ន្ធការពារបណ្តាញអ៊ីនធឺណិតរបស់ប្រទេសចិន។
មតិយោបល់វាគ្មិននៅក្នុងព្រឹត្តិការណ៍នោះ បានគូសបញ្ជាក់អំពីបំណងប្រាថ្នារបស់អាជ្ញាធរក្នុងការដាក់កម្រិតបន្ថែមទៀត និងការគ្រប់គ្រងព័ត៌មានតាមអនឡាញ (តាមប្រព័ន្ធអ៊ីនធឺណិត)។
លោក Fang បានបង្រៀនពី «អធិបតេយ្យភាពតាមប្រព័ន្ធអ៊ីនធឺណិត» (cyber sovereignty) ដោយបានអះអាងថា ព្រំដែនជាក់ស្តែងរបស់ប្រទេសនានាក៏ត្រូវមាននៅលើពិភពបណ្តាញអ៊ីនធឺណិតផងដែរ ហើយ«ការជ្រៀតជ្រែកពីបរទេស»មិនគួរត្រូវលើកលែងឲ្យទេ។
លោក Lu Wei ប្រធានផ្នែកសន្តិសុខតាមបណ្តាញអ៊ីនធឺណិតនិងគោលនយោបាយអំពីអ៊ីនធឺណិតរបស់ប្រទេសចិន និយាយថា សេរីភាពតាមបណ្តាញអ៊ីនធឺណិតមិនមែនជាសិទ្ធិទេ ប៉ុន្តែជាការទទួលខុសត្រូវដែលត្រូវគេពិនិត្យតាមដានក្នុងគោលបំណងការពារសកម្មភាពដែលឈានដល់អំពើភេរវកម្ម។ នេះបើយោងតាមការបង្ហោះមួយតាមបណ្តាញបណ្តាញ Twitter របស់អ្នកយកព័ត៌មានកាសែត Financial Times។ លោក Lu បានបន្ទរតាមពាក្យឃោសនារបស់វិមានក្រឹមឡាំង (Kremlin) (រុស្ស៊ី) ដែលបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច កំពុងបើកការប្រយុទ្ធ «សង្គ្រាមព័ត៌មាន» ប្រឆាំងនឹងប្រទេសរបស់ពួកគេ។
ទាំងវាគ្មិនចិននិងរុស្ស៊ី បានត្អួញត្អែរពីឥទ្ធិពលគ្រប់គ្រងរបស់ក្រុមហ៊ុនអាមេរិកជាច្រើនទៅលើប្រព័ន្ធអ៊ីនធឺណិត។ លោក Konstantin Malofeev គឺជាប្រធាននៃ«ក្រុមសុវត្ថិភាពអ៊ីនធឺណិត» និងមានទំនាក់ទំនងជាមួយនឹងវិមានក្រឹមឡាំង និងក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោកនិយាយថា ប្រទេសរុស្ស៊ីគួរតែរៀនពីការអនុវត្តជាក់ស្តែងអំពីការរឹតបន្តឹងលើប្រព័ន្ធអ៊ីនធឺណិតរបស់ចិន និងបញ្ជាក់យ៉ាងម៉ឺងម៉ាត់អំពីអធិបតេយ្យភាពលើបណ្ដាញអ៊ីនធឺណិតរបស់ខ្លួន។
អ្នកជំនាញផ្នែកអ៊ីនធឺណិតរបស់រុស្ស៊ីនិយាយថា ពេលវេលានៃវេទិកានេះ និងភ្ញៀវល្បីៗជាច្រើនបានបញ្ជាក់ពីភាពបន្ទាន់នៃកិច្ចប្រឹងប្រែងរបស់វិមានក្រឹមឡាំងក្នុងការព្យាយាមគ្រប់គ្រងព័ត៌មាននៅមុនពេលមានការបោះឆ្នោតសភាជាតិដែលនឹងមកដល់នៅចុងឆ្នាំនេះ និងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៨។
លោក Andrei Soldatov សហនិពន្ធនៃសៀវភៅ វិបសាយក្រហម៖ ការតស៊ូរវាងជនផ្តាច់ការផ្នែកឌីជីថលរបស់រុស្ស៊ី និងជនបដិវត្តន៍ថ្មីតាមអ៊ីនធឺណិត បាននិយាយតាមប្រព័ន្ធ Skype ជាមួយ VOA ថា៖
«ខ្ញុំយល់ថា នេះឆ្លុះបញ្ចាំងពីកម្រិតនៃភាពអន្ទះអន្ទែងនៅក្នុងវិមានក្រឹមឡាំង។ ពួកគេនឹងមានការបោះឆ្នោតដែលនឹងមកដល់។ ហើយវាហាក់ដូចជាថា ពួកគេត្រូវការរកដំណោះស្រាចជាចាំបាច់ ដើម្បីធ្វើឲ្យប្រាកដថា ពួកគេអាចគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតបាននៅមុនការបោះឆ្នោត»។
អាជ្ញាធររុស្ស៊ីបានបង្កើនការឆែកឆេរតាមបណ្ដាញសង្គមតាមអ៊ីនធឺណិត បន្ទាប់ពីបណ្តាញសង្គមបានដើរតួយ៉ាងសំខាន់ក្នុងការជួយរៀបចំប្រមូលផ្តុំគ្នាដើម្បីធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រឹមឡាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១២។
វិធីមួយដែលរុស្ស៊ីកំពុងព្យាយាមធ្វើត្រាប់តាមការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតរបស់ចិនគឺការបង្ខំឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតបរទេសទាំងអស់ ប្រព័ន្ធកុំព្យូទ័រមេ server របស់ខ្លួនដែលមានទិន្នន័យពីប្រទេសរុស្ស៊ី ឲ្យមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី។
លោក Soldatov និយាយថា៖
«និយាយឲ្យស្រួលយល់ទៅ គំនិតរបស់ភ្នាក់ងារស៊ើបការណ៍របស់រុស្ស៊ី គឺការមានលទ្ធភាពចូលទៅក្នុងបណ្តាញព័ត៌មានដោយផ្ទាល់ នៅក្នុងម៉ាស៊ីន servers របស់ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិត និងស្ថាប័នដែលសរសេរខ្លឹមសារព័ត៌មានទាំងអស់នៅលើទឹកដីរុស្ស៊ី»។
លោកពន្យល់បន្តថា៖
«នេះមានន័យថា នៅខណៈដែលក្រុមហ៊ុន ហ្គូហ្គល (Google) ឬ ហ្វេសប៊ុក (Facebook) ឬទ្វីតធឺ (Twitter) មានសាខានៅក្នុងប្រទេសរុស្ស៊ី រាល់ទិន្នន័យទាំងអស់របស់ពួកគេ ដែលបូករួមទាំងបច្ចេកវិទ្យាផង ខ្ញុំចង់និយាយថា បច្ចេកវិទ្យាសម្រាប់បំប្លែងលេខកូដសម្ងាត់ផង នឹងត្រូវបានចូលមើលដោយអង្គភាពសន្តិសុខរបស់រុស្ស៊ីភ្លាមៗ»។
ស្របពេលដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុនមកពីបស្ចិមប្រទេសបដិសេធមិនដាក់បណ្តាញ servers របស់ពួកគេនៅប្រទេសរុស្ស៊ី ក្រុមហ៊ុនចិនត្រូវបានគេកោតសរសើរនៅក្នុងវេទិកាកាលពីថ្ងៃទី ២៦ មេសាកន្លងទៅនេះ ចំពោះការដែលពួកគេចាប់ផ្តើមអនុវត្តតាមការទាមទារនេះ៕
ប្រែសម្រួលដោយ នៀម ឆេង