ក្រសួងការបរទេសវៀតណាមនៅក្នុងទីក្រុង ហាណូយ កាលពីថ្ងៃព្រហស្បតិ៍ បានស្នើឲ្យក្រុមហ៊ុន Monsanto និងក្រុមហ៊ុនអាមេរិកដទៃទៀតសងជំងឺចិត្តដល់ជនរងគ្រោះដោយសារសារធាតុគីមី Agent Orange។ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មានវៀតណាម VnExpress International។
វៀតណាមបានធ្វើការទាមទារយ៉ាងដូច្នេះ បន្ទាប់ពីចៅក្រមសហរដ្ឋអាមេរិកបានបញ្ជាឲ្យក្រុមហ៊ុន Monsanto ផ្តល់សំណងដល់អ្នកជំងឺមហារីកជនជាតិអាមេរិកាំងម្នាក់ ដែលអះអាងថា លោករងផលប៉ះពាល់ពីថ្នាំបាញ់ស្មៅមួយប្រភេទ ដែលផលិតដោយក្រុមហ៊ុននេះដែរ។
ការទាមទារថ្មីបំផុតរបស់វៀតណាម ដែលធ្វើឡើងដោយសារតែការសម្រេចរបស់ចៅក្រមអាមេរិកនេះ ធ្វើឡើងក្រោយពីប្រជាពលរដ្ឋវៀតណាមបានចាញ់ពាក្យបណ្តឹងមួយកាលពីឆ្នាំ២០០៥ នៅតុលាការសហព័ន្ធមួយក្នុងទីក្រុង ញូវយ៉ក។
លោក Trung Nguyen នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សជាតិក្នុងទីក្រុង ហូជីមិញ បានថ្លែងថា
រដ្ឋាភិបាលវៀតណាមចង់បញ្ចៀសការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ដែលនឹងក្លាយជារឿងក្តីធំរវាងប្រទេសមួយនឹងប្រទេស មិនមែនត្រឹមតែជាការប្ដឹងផ្ដល់ជាមួយនឹងក្រុមហ៊ុនឯកជនមួយនោះទេ ហើយការណ៍នេះអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងនយោបាយដែលកំពុងតែមានស្ថិរភាពជាមួយនឹងសហរដ្ឋអាមេរិកទៀតផង។
លោក Murray Hiebert នាយករងកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានមានប្រសាសន៍ថា «ប្រទេសវៀតណាមយល់ថា ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Monsanto គឺជានីតិវិធីផ្លូវច្បាប់ដែលធ្លាប់ធ្វើពីមុនមក ដែលលុបចោលការអះអាងកាលពីមុនថា ថ្នាំកម្ចាត់ស្មៅដែលផលិតដោយក្រុមហ៊ុន Monsanto មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ។ កិច្ចខិតខំប្រឹងប្រែងកាលពីមុនក្នុងការទាញទំនាក់ទំនងថា ការប្រើប្រាស់សារធាតុគីមី dioxin ធ្វើឲ្យទារកកើតមកមិនគ្រប់លក្ខណៈ បានបរាជ័យនៅក្នុងតុលាការអាមេរិក»។
យន្តហោះចម្បាំងអាមេរិកបានប្រើប្រាស់សារធាតុគីមី Agent Orange កម្ចាត់ព្រៃក្នុងប្រទេសវៀតណាមដើម្បីចូលទៅវាយប្រហារទាហានរបស់សត្រូវពីឆ្នាំ១៩៦១ដល់ឆ្នាំ១៩៧១។ លោក Charles Bailey អ្នកនិពន្ធសៀវភៅ «ពីសត្រូវទៅជាដៃគូ--វៀតណាម អាមេរិក និងសារធាតុគីមី Agent Orange» បានថ្លែងថា កាកសំណល់សារធាតុ dioxin ត្រូវបានគេជឿថា គឺជា«កត្តាហានិភ័យ»ដល់សុខភាព។ លោកមានប្រសាសន៍ថា ប្រជាពលរដ្ឋវៀតណាមប្រហែល៨សែននាក់ឥឡូវនេះ ទទួលបានជំនួយសម្រាប់ការព្យាបាលជំងឺនិងពិការភាព ដែលបង្កឡើងដោយសារធាតុគីមីនេះ។
ភស្តុតាងថ្មីសម្រាប់វៀតណាម
លោក Carl Thayer សាស្ត្រាចារ្យកិត្តិយសនៃសាកលវិទ្យាល័យ New South Wales ក្នុងប្រទេស អូស្ត្រាលី ដែលផ្តោតការសិក្សាលើតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា ប្រទេសវៀតណាមធ្លាប់ជួបការលំបាកក្នុងការស្វែងរកភស្តុតាងផ្នែកវិទ្យាសាស្ត្រ ដើម្បីបង្ហាញពីប៉ះពាល់ទៅលើសុខភាពដែលបង្កឡើងដោយសារធាតុគីមី Agent Orange។ ដើមបណ្តឹងបានចាញ់ក្តីកាលពីឆ្នាំ២០០៥ ដោយសារតែពួកគេមិនមានភស្តុតាងបង្ហាញពីការបំពានទៅលើការហាមឃាត់មិនឲ្យប្រើប្រាស់អាវុធគីមីក្នុងអំឡុងពេល
សង្គ្រាម ឬបង្ហាញពីផលប៉ះពាល់នៃសារធាតុគីមីទៅលើសុខភាពបាន។
លោក Thayer និយាយថា វៀតណាមប្រហែលជាអាចប្រមូលភស្តុតាងគ្រប់គ្រាន់បាន ប្រសិនបើថ្នាំកម្ចាត់ស្មៅ Roundup របស់ក្រុមហ៊ុន Monsanto ដែលចៅក្រមអាមេរិកទើបតែចេញសាលក្រមកាលពីខែ សីហា និងសារធាតុគីមី Agent Orange ផ្ទុកសារធាតុពុលដូចគ្នានោះ។
លោកថ្លែងថា សារធាតុគីមី Agent Orange នៅសេសសល់ឥទ្ធិពលនៅឡើយ ក្នុងតំបន់ជម្លោះដែលមានផ្ទុកសារធាតុនេះក្នុងអំឡុងពេលសង្គ្រាមវៀតណាម ដែលបានបញ្ចប់កាលពីឆ្នាំ១៩៧៥។
លោក Thayer បានមានប្រសាសន៍ថា «វាមិនមានឥទ្ធិពលដូចកាលពីមុនទេ ប៉ុន្តែវានៅតែសម្លាប់ជីវិតមនុស្សឬធ្វើឲ្យទារកកើតមកមិនគ្រប់លក្ខណៈ។ បញ្ហានៅក្នុងប្រទេសវៀតណាមគឺក្រុមគ្រួសារដែលមានកូន មានអារម្មណ៍ថា ពួកគេមិនត្រូវបានគេផ្តល់សំណងដោយយុត្តិធម៌នោះទេ»។
ក្រុមហ៊ុន Monsanto ក្រុមហ៊ុន Dow Chemical និងក្រុមហ៊ុនអាមេរិកដទៃទៀតដែលផលិតសារធាតុគីមីកម្ចាត់ស្មៅនេះ សុទ្ធតែធ្លាប់ត្រូវបានគេប្ដឹងពីមុនមក។
ក្រុមហ៊ុន Monsanto មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេក្នុងសប្តាហ៍នេះ។
តុលាការបានរកឃើញថា ក្រុមហ៊ុនចុះកិច្ចសន្យាដែលផលិតសារធាតុគីមី Agent Orange ឲ្យរដ្ឋាភិបាលអាមេរិកក្នុងអំឡុងពេលសង្គ្រាម«មិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលពាក់ព័ន្ធនឹងសារធាតុគីមីនេះទេ»។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន Monsanto។ សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមហ៊ុននេះមានគម្រោងនឹងប្ដឹងឧទ្ធរណ៍ទៅលើពាក្យបណ្តឹងកាលពីថ្ងៃទី ១០ ខែ សីហាកន្លងទៅនេះ។
អ្នកស្រី Nguyen Phuong Tra អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាម ត្រូវបានគេស្រង់សម្តីកាលពីថ្ងៃ ព្រហស្បតិ៍ ថា «យើងជឿថា ក្រុមហ៊ុន Monsanto គួរតែទទួលខុសត្រូវចំពោះការផ្តល់សំណងដល់ប្រជាពលរដ្ឋវៀតណាមដែលរងគ្រោះដោយសារសារធាតុគីមី Agent Orange ចំពោះផលប៉ះពាល់ដែលបង្កឡើងដោយសារធាតុគីមីរបស់ក្រុមហ៊ុននេះ»។
ជំនួយអាមេរិកនិងទំនាក់ទំនងនយោបាយបច្ចុប្បន្ន
លោក Charles Bailey ថ្លែងថា រដ្ឋាភិបាលអាមេរិកបានផ្តល់ប្រាក់ចំនួន២៣០លានដុល្លារដល់ប្រទេសវៀតណាម ដើម្បីកម្ចាត់សារធាតុគីមី dioxin ចេញពីដី នៅអាកាសយានដ្ឋាន ដាណាង ក្នុងប្រទេសវៀតណាម និងជួយប្រជាពលរដ្ឋវៀតណាមវ័យក្មេងរាប់ម៉ឺននាក់ដែល«ពិការធ្ងន់ធ្ងរ ដោយសារតែការបាញ់សារធាតុគីមីខ្លាំងក្លានៅក្នុងតំបន់នោះ»។
លោកនិយាយថា អាកាសយានដ្ឋាននោះនិងកន្លែងមួយទៀតត្រូវបានសម្អាត ហើយការសម្អាតសារធាតុគីមីនៅកន្លែងទីបីនឹងត្រូវការរយៈពេល១០ឆ្នាំ និងត្រូវការប្រាក់ចំនួន៥០០លានដុល្លារ។
លោក Charles Bailey បានថ្លែងទៀតថា «ប្រទេសវៀតណាមបានស្វះស្វែងរកជំនួយជាច្រើនឆ្នាំមកហើយ សម្រាប់ជួយដល់ជនរងគ្រោះដោយសារសារធាតុគីមី Agent Orange ក្នុងអំឡុងពេលសង្គ្រាមវៀតណាម ហើយវានៅតែជាបញ្ហាដដែល»។
ប៉ុន្តែអ្នកជំនាញនិយាយថា ជំនួយសម្អាតសារធាតុគីមីរបស់អាមេរិកនិងចំណងទាក់ទងដ៏ល្អរបស់វៀតណាមជាមួយនឹងអាមេរិកឥឡូវនេះ ធ្វើឲ្យរដ្ឋាភិបាលក្រុង ហាណូយ ខ្លួនឯងពិបាកក្នុងការជំរុញរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន។
លោក Trung Nguyen និយាយថា ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមមន្ត្រីវៀតណាមនៅតែសង្ឃឹមថា នឹងទាមទារ«ភាពយុត្តិធម៌»ដល់ប្រជាពលរដ្ឋវៀតណាម។
លោក Trung Nguyen បានថ្លែងបន្ថែមទៀតថា «ខ្ញុំគិតថា ការទាមទារឲ្យផ្តល់សំណងគឺគ្រាន់តែជាទំនាក់ទំនងរវាងរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនប៉ុណ្ណោះ ប៉ុន្តែពួកគេប្រហែលជាចង់រំឭកដល់ប្រជាពលរដ្ឋវៀតណាមថា ពួកគេទទួលបានយុត្តិធម៌ចំពោះជ័យជម្នះលើរដ្ឋាភិបាលអាមេរិក ក្នុងអំឡុងពេលសង្គ្រាម។ ប្រសិនបើពួកគេចង់ដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ នោះវាជារឿងមួយផ្សេងទៀត»។
សហរដ្ឋអាមេរិកបានដកទ័ពចេញពីវៀតណាមនៅឆ្នាំ១៩៧៣ ហើយក្រោយមកពួកកុម្មុយនីស្តវៀតណាមបានត្រួតត្រាលើវៀតណាមខាងត្បូង។ ជនជាតិអាមេរិកាំងប្រមាណ៥៨០០០នាក់បានស្លាប់នៅក្នុងសង្គ្រាមវៀតណាម ភាគច្រើនគឺពីចន្លោះឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៧២ ហើយយុទ្ធជនវៀតណាមជាង៤សែននាក់ និងប្រជាពលរដ្ឋវៀតណាមរាប់សែននាក់បានបាត់បង់ជីវិត៕
ប្រែសម្រួលដោយ ហុង ចិន្តា