ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លៃ​រូបិយវត្ថុ​ភាគ​ច្រើន​នៅ​ទ្វីប​អាស៊ី​ធ្លាក់​ចុះ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក និង​ចិន​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​គ្នា


មនុស្សម្នា​ប្តូរ​ប្រាក់​នៅ​កន្លែង​ប្តូរ​ប្រាក់​មួយ​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

រូបិយវត្ថុ​នៃ​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អាស៊ី បាន​ធ្លាក់​តម្លៃ​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​នេះ ខណៈ​ពេល​ដែល​ចិន​និង​សហរដ្ឋអាមេរិក​​​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​នឹង​គ្នា។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​បាន​​និយាយ​ថា អ្នក​តាក់តែង​គោលនយោបាយ​​អាច​ដោះស្រាយ​​បញ្ហា​ធ្លាក់​ចុះ​នៃ​តម្លៃ​រូបិយវត្ថុ​ទាំង​នេះ​នៅ​​ពេល​បច្ចុប្បន្ន​នេះ​​បាន​ប្រសើរ​ជាង​ពេល​កន្លង​មក។

នៅ​ក្នុង​ទ្វីប​អាស៊ី តម្លៃ​នៃ​រូបិយវត្ថុ​នៃ​ប្រទេស​ជា​ច្រើន​ដែល​ក្នុង​នោះ​មាន​ដូចជា​ប្រទេស​ចិន ឥណ្ឌា ឥណ្ឌូនេស៊ី និង​មីយ៉ាន់ម៉ា​ជា​ដើម បាន​ធ្លាក់​ចុះ​ចាប់​តាំងពី​ដើម​ឆ្នាំ ២០១៨ មក។ រូបិយវត្ថុ​រូពី​របស់​ប្រទេស​ឥណ្ឌា​បាន​ធ្លាក់​ចុះ​ទាប​បំផុត​កាលពី​ខែ​មិថុនា ហើយ​ប្រាក់​យ័ន​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ចំនួន ៣,២ ភាគរយ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​គិត​មក​ទល់​ខែមិថុនា​កន្លងមក​នេះ។

សេដ្ឋកិច្ចវិទូ​នានា​បាន​ចង្អុល​បង្ហាញ​នូវ​បញ្ហា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​តម្លៃ​រូបិយវត្ថុ​ទាំង​នេះ​ធ្លាក់​ចុះ ដូចជា​បញ្ហា​ដែល​អាច​បណ្ដាល​មក​ពីវិបត្តិ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​តួកគី និង​ការ​ព្រួយបារម្ភ​អំពី​ការ​វិនិយោគ​នៅ​ក្នុង​ទ្វីប​អាស៊ីដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ចិន។

លោក Song Seng Wun សេដ្ឋកិច្ច​វិទូ​នៃ​សាខា​ធនាគារ​ឯកជន​មួយ​នៃ​ធនាគារ CIMB នៅក្នុង​ប្រទេស​សិង្ហបុរី បាន​មាន​និយាយ​ថា៖ «នេះ​គឺ​ជា​រឿង​រ៉ាវ​ប្រសព្វ​គ្នា​គ្រប់​យ៉ាង​ដែល​យើង​ព្រួយ​បារម្ភ​នៅ​ពេល​បច្ចុប្បន្ន​នេះ‍»។

ប៉ុន្តែ​សេដ្ឋកិច្ចវិទូ​នានា​ជឿជាក់​ថា អាជ្ញាធរ​ផ្នែក​រូបិយវត្ថុ​នៅ​អាស៊ី​បាន​រៀន​សូត្រ​ពីការ​ធ្លាក់​ចុះ​រូបិយវត្ថុ​កាល​ពីឆ្នាំ ២០១៣ ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៦ អំពី​វិធី​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ។

​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា មិន​មែន​មាន​តែ​មូលហេតុ​តែ​មួយ​នោះទេ​ដែលជំរុញ​ឲ្យ​តម្លៃ​រូបិយវត្ថុ​នៅ​ទូទាំង​ទ្វីប​អាស៊ីធ្លាក់​ចុះ​នោះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេងបានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​រូពី​របស់​ឥណ្ឌា ដោយសារតែ​ឥណ្ឌា​ត្រូវ​ចំណាយ​ច្រើន​ដើម្បីទិញ​ប្រេង​នាំ​ចូល។

រី​ឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​វិញ បាន​រាយការណ៍​ថា ដោយសារតែ​ការ​កើន​ឡើង​នូវ​ការ​នាំ​ចូល​ទំនិញ​ទៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ជា​ប្រទេស​កំពុងលូតលាស់​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ និង​ដោយសារតែ​ការ​សន្សំ​ទុក​តែ​ប្រាក់​ដុល្លារ​អាមេរិក បាន​ជា​ធ្វើ​ឲ្យ​រូបិយវត្ថុ​មីយ៉ាន់ម៉ា​ធ្លាក់​ចុះ។

​ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​វៀតណាម​វិញ ក្រុមហ៊ុន Bao Viet Securities នៅ​ក្នុង​ប្រទេស​វៀតណាម បាន​បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​ប្រាក់​ដុង​ចំនួន ១,៣ ភាគរយ គឺ​បណ្ដាល​មក​ពី​ទទួល​រង​សម្ពាធនៃការ​ធ្លាក់​ចុះ​តម្លៃ​រូបិយវត្ថុ​នានា​នៅ​ក្នុង​ទ្វីប​អាស៊ី ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​យ័ន​របស់ចិន និង​ការ​ធ្លាក់​ចុះ​ប្រាក់ rupiahរបស់​ឥណ្ឌូនេស៊ី ចំនួន ៧ ភាគរយ​ផង​ដែរ​គិត​ត្រឹម​ខែ​មិថុនា​កន្លង​ទៅ​នេះ។

លោក Song Seng Wun បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​របស់​ក្រដាស​ប្រាក់​លីរ៉ា​របស់​ប្រទេស​តួកគី ក៏​ដូចជា​អតិផរណា និង​ការណ៍​មិន​មាន​លទ្ធភាព​សង​ប្រាក់​កម្ចី​នានា ដែល​ទាំង​អស់​នេះ​កំពុង​តែ​ទាញ​សេដ្ឋកិច្ចនៃ​ប្រទេស​ផ្សេងៗ​ទៀតឲ្យ​ធ្លាក់​ចុះ​នោះ កំពុងតែ​ជះ​ឥទ្ធិពលដល់​អត្រា​រូបិយវត្ថុ​នានា​នៅ​ទ្វីប​អាស៊ី។

សេដ្ឋកិច្ច​វិទូ និង​ប្រព័ន្ធ​ផ្សព្វផ្សាយនានា​នៅ​ក្នុង​ប្រទេស​ដែល​រង​ផល​ប៉ះពាល់ ជា​ទូទៅ​បាន​បញ្ជាក់​ថា បុព្វហេតុ​ដ៏ចម្បងនៃ​ការ​ធ្លាក់​ចុះ​នេះ​គឺ​ដោយសារតែការ​រីក​រាលដាល​នៃ​សង្គ្រាមពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន។ ជម្លោះ​នេះ​បាន​ចាប់ផ្ដើម​ដំបូង​នៅ​ដើម​ឆ្នាំ ២០១៨ នៅ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ធ្វើ​ពាណិជ្ជកម្ម​ដោយ​មិន​មាន​យុត្តិធម៌។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា សង្គ្រាម​ពាណិជ្ជកម្ម​បាន​រារាំងអ្នក​វិនិយោគ​ពី​ការ​វិនិយោគ​លើ​អចលន​ទ្រព្យ​នានា​នៅ​ក្នុង​ប្រទេស។ ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​វៀតណាម​វិញ ការ​ធ្លាក់​ចុះ​ប្រាក់​យ័ន​របស់​ចិន​កាល​ពី​ខែ​មិថុនា និង​ភាព​តាន​តឹង​ពាណិជ្ជ​កម្ម​របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​វៀតណាម។ ប្រាក់​យ័ន​ទាប​របស់​ចិន​បាន​ជួយ​ក្រុមហ៊ុន​នាំ​ចេញ​នានា​របស់​ចិន​ឲ្យរក​ប្រាក់​ចំណូល​បន្ថែម​ទៀត​លើ​ទំនិញ​ដែល​នាំ​ចេញ​ទៅ​កាន់សហរដ្ឋ​អាមេរិក។

លោក Maxfield Brown បុគ្គលិក​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​មួយ​ដែល​មាន​ឈ្មោះ​ថា Dezan Shira & Associates បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា មាន​ហេតុផល​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​រូបិយវត្ថុ​ទាំង​នោះ​ធ្លាក់​ចុះ»។

លោក​បាន​បញ្ជាក់​បន្ត​ថា៖ «មន្ត្រី​វៀតណាម​កំពុង​តាមដាន​អ្វី​ដែល​កំពុង​កើត​ឡើង​រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក ហើយ​ជា​ការ​ពិត​គឺ​រដ្ឋាភិបាល​ចិន​បាន​ទម្លាក់​តម្លៃ​រូបិយវត្ថុ​របស់​ខ្លួន ហើយ​ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់លទ្ធភាពរបស់​ប្រទេស​វៀតណាម​នៅ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​របស់​ខ្លួន។ ប្រទេស​នីមួយៗ​កំពុង​តាមដាន​ស្ថានការណ៍​នេះ»។

យុទ្ធសាស្ត្រ​ដោះស្រាយ

អ្នកស្រី Marie Diron នាយក​គ្រប់គ្រង​ក្រុមហ៊ុន Moody's Investors Service នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា អាជ្ញាធរ​រូបិយវត្ថុ​អាស៊ី​អាច​គ្រប់គ្រង​លើ​ការ​ធ្លាក់​ចុះ​តម្លៃ​រូបិយវត្ថុ​ទាំង​នេះ​បាន​នៅ​ក្នុង​ឆ្នាំ​នេះ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ឆ្នាំ ២០១៣ ស្រប​ពេល​ដែល​ដើមទុន​នានា​បាន​ហូរ​ចេញ​ពី​ទ្វីប​អាស៊ី ដោយសារតែ​ការ​កើន​ឡើង​សេដ្ឋកិច្ច​នៅ​ក្នុង​សហរដ្ឋអាមេរិក។

សន្ទុះ​សេដ្ឋកិច្ច​កើន​ឡើងបន្ទាប់​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៨ មក បាន​ជំរុញ​ឲ្យ​វិនិយោគិន​នានា​ទិញ​អចលន​ទ្រព្យ​នៅ​ទ្វីប​អាស៊ី ដែល​ជា​ទ្វីប​មួយដែល​វិស័យ​អចលនទ្រព្យ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័សទៅ​តាម​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​ក្នុង​ទ្វីបនេះ។

ដើម្បី​បង្កើន​ប្រាក់ Rupiah អាជ្ញាធរ​រូបិយវត្ថុ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ដំឡើង​អត្រា​ការ​ប្រាក់ចំនួន ៤ ដង ក្នុង​រយៈពេល ៣ ខែ​កន្លង​មក​នេះ។ ចំណែក​ឯ​អាជ្ញាធរ​រូបិយវត្ថុ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ហ្វីលីពីន​វិញ បាន​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ។ អត្រា​ការ​ប្រាក់​កើន​ឡើង​នេះ ជា​ទូទៅ​បាន​បង្កើន​តម្លៃ​រូបិយវត្ថុ បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​ដែល​មិន​ដំឡើង​ការ​ប្រាក់។

អ្នកស្រី Marie Diron បាន​និយាយ​ថា បណ្ដា​ប្រទេស​នានា​នៅ​ទ្វីប​អាស៊ី​កំពុង​រក្សាទុករូបិយប័ណ្ណ​បរទេសបន្ថែម​ទៀត​នៅ​ក្នុង​ថវិកា​បម្រុង​ទុក​របស់​ខ្លួន និង​កំពុង​គ្រប់គ្រង​បាន​ប្រសើរ​ជាង​មុន​នូវ​ឱនភាព​ថវិកា​ផង​ដែរ។

អ្នកស្រី​បាន​និយាយ​ថា៖ «ធនាគារ​កណ្ដាល​បាន​បង្កើត​ការ​ការពារ​ថវិកា​បម្រុង​បរទេស ដូច្នេះ​ពួកគេ​អាច​មាន​ការ​ត្រៀម​ខ្លួន​បន្ថែម ប្រសិនបើ​ចង់​ជួយ​ដល់​ការ​ធ្លាក់​ចុះ​តម្លៃ​រូបិយវត្ថុ»។

លោក Maxfield Brown បាន​និយាយ​ថា នៅ​ក្នុង​ប្រទេស​វៀតណាម ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​លើ​រូបិយវត្ថុ​កាល​ពី​អតីតកាល​បាន​បង្រៀន​ដល់​មេដឹកនាំ​ទាំង​ឡាយ​ឲ្យ​យល់​ពី​របៀប​ដែល​ត្រូវ​ឆ្លើយ​តប ហើយ​ពួកគេ​ចង់​បាន «ការ​ឆ្លើយតប​ដែល​មាន​វិធានការ​ច្បាស់លាស់» មួយ។

​ប្រទេស​ចិន​ទំនង​ជាបង្កើន​តម្លៃ​រូបិយវត្ថុ​របស់​ខ្លួន​ឡើង​វិញ ជាមួយ​នឹង​ការ​បង្កើន​ថវិកា​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស ដោយ​បន្ធូរបន្ថយ​ការ​ព្រួយ​បារម្ភ​នៅ​ទីផ្សារ​ផ្សេងៗ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ធនាគារ Natixis នៅ​ក្នុង​កំណត់​សម្គាល់​ស្រាវជ្រាវ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​សីហា​កន្លង​ទៅ​នេះ។

សេដ្ឋកិច្ច​វិទូ​នានា​បាននិយាយ​ថា ការ​ធ្លាក់​ចុះ​រូបិយវត្ថុ​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី​ទំនង​ជា​មិន​អាច​ឈាន​ដល់​កម្រិត​នៃ​វិបត្តិ​នោះ​ទេ។

លោក Song Seng Wun បាន​និយាយ​ថា ក្នុង​ករណី​ខ្លះ បណ្ដា​ប្រទេស​ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដូចជា​ប្រទេស​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ដើម អាច​មាន​សេដ្ឋកិច្ច​ល្អ​ជាង​នេះ នៅ​ពេល​ដែល​រូបិយវត្ថុ​ទាំង​នោះ​ធ្លាក់​ចុះ ដោយសារតែ​ក្រុមហ៊ុន​នាំ​ចេញ​នឹង​រក​ចំណូល​បាន​ច្រើន​បន្ថែម​ទៀត នៅ​ពេល​ប្ដូរ​ប្រាក់​ចំណូល​ដែល​រក​បាន​ជា​ប្រាក់​ដុល្លារ​អាមេរិក​ទៅ​ជា​រូបិយវត្ថុ​របស់​ពួកគេ៕

ប្រែ​សម្រួល​ដោយ ហេង រស្មី

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG