ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​ស្ថានការណ៍​ថា សេដ្ឋកិច្ច​វៀតណាម​នៅតែ​មាន​សង្ឃឹម ទោះ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើនឡើង​ក៏ដោយ


ផ្ទាំងរូប​ជំងឺកូវីដ១៩​បិត​លើជញ្ជាំង​ទីក្រុង​ដាណាប្រទេសវៀតណាម។

មេដឹកនាំ​អាជីវកម្ម​បស្ចិម​ប្រទេស​នានា​នៅតែ​មាន​សុទិដ្ឋិនិយម​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម ទោះបីជា​មាន​ការ​កើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ដែល​ធ្វើ​ឲ្យ​មាន​ការ​បិទ​ទីក្រុង​ម្តងទៀត ជាពិសេស​នៅ​តំបន់​ដែល​មាន​ការ​ឆ្លង​ខ្លាំង​នៅ​ក្នុង​និង​ជុំវិញ​ទីក្រុង​ដាណាង នៅ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​ក៏​ដោយ។

វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ដែល​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ដោយ​មិនមាន​ករណី​ឆ្លង​ថ្មី​អស់​រយៈពេល ៩៩ ថ្ងៃ មុន​ពេល​ការ​ឆ្លង​ផ្ទុះ​ឡើង​ជា​ថ្មី​កាលពី​ថ្ងៃទី ២៥ ខែ​កក្កដា​កន្លង​ទៅ​នេះ។ តាំងពីពេល​នោះមក វៀតណាម​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង ១.០០០ ករណី ហើយ​មាន​ករណី​ស្លាប់​ចំនួន​ជាង ៣០ ករណី ដែល​ធ្វើឲ្យ​រដ្ឋាភិបាល​ដាក់​វិធានការ​តឹងរឹង​ម្តងទៀត​ដើម្បី​ទប់​ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​នេះ។

អ្នកស្រី Jessie Tran អ្នក​រចនា​វិបសាយ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ដែល​មាន​ការ​ឆ្លង​ច្រើន​ក្នុង​ទីក្រុង​ដាណាង បាន​និយាយ​ថា៖ «ប្រជាពលរដ្ឋ​នៅតែ​ក្នុង​ផ្ទះ​មិន​ចេញ​ទៅ​ណា​នោះ​ទេ។ យើង​បាន​ធ្វើ​តេស្ត​ឈាម និង​វាស់កម្តៅ​រាល់​ព្រឹក»។

សេដ្ឋវិទូនានា​បាន​ព្រមាន​ថា ការ​ផ្ទុះ​នេះ​អាច​នឹង​បណ្តាល​ឲ្យ​មាន​ការ​បង្អាក់​ដល់​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​រយៈពេល​ខ្លី​របស់​ប្រទេស​វៀតណាម។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Kenneth Atkinson ស្ថាបនិក​ក្រុមហ៊ុន​គណនេយ្យ​អន្តរជាតិ Grant Thornto និង​ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​យោបល់​ទេសចរណ៍​ក្នុង​ប្រទេស​វៀតណាម។

លោក Atkinson ដែល​មាន​សញ្ជាតិ​ពីរ​គឺ​អង់គ្លេស​និង​វៀតណាម បាន​និយាយ​ថា៖ «ខ្ញុំ​គិតថា​វា​លឿន​ពេក​ក្នុង​ការ​ទស្សន៍ទាយ ប៉ុន្តែ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​មួយ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ បាន​និយាយ​ទៅកាន់​នាយក​រដ្ឋមន្ត្រី​ថា ករណី​ឆ្លង​ថ្មី​នេះ​អាច​ប៉ះពាល់​ដល់​ការ​ទស្សន៍ទាយ​កំណើន​សេដ្ឋកិច្ច​បច្ចុប្បន្ន​ដែល​រំពឹង​ថា ផលិតផល​ក្នុង​ស្រុក​សរុប (GDP) នឹង​កើន​ពី ២% ទៅ ៤% សម្រាប់​ឆ្នាំ ២០២០ នេះ»។

ប៉ុន្តែ លោក Atkinson បាន​ប្រាប់ VOA ថា លោក​មិន​បារម្ភ​ពេក​នោះ​ទេ ដោយសារ​លោក​ជឿ​ថា ប្រទេស​វៀតណាម​នឹង​នៅតែ​ជា​គោលដៅ​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​ណា​ដែល​មាន​បំណង​ប្តូរ​ទីតាំង​ពី​ប្រទេស​ចិន​ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «វិធានការ​ដែល​វៀតណាម​ប្រើ​ដើម្បី​ទប់ទល់​នឹង​រលក​ដំបូង​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ បាន​ផ្តល់​ភាព​ជឿជាក់​ជា​ច្រើន​ដល់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស ហើយ​វា​មាន​តែ​ត្រូវ​ពង្រឹង​ដំណើរការ​នេះ​បន្ថែម​តែ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​គិត​ថា វៀតណាម​អាច​នឹង​ធ្វើ​បាន​ដោយ​ប្រសើរ»។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ អាជីវកម្ម​ធម្មតា​ស្ទើរតែ​លែង​ដំណើរការ​ក្នុង​ទីក្រុង​ដាណាង ដែល​ជា​ទីក្រុង​ឆ្នេរ​សមុទ្រ​ដ៏​មាន​ប្រជាប្រិយភាព​មួយ ដោយសារ​តែ​ឆ្នេរខ្សាច់​ដ៏​ស្អាត​ឥតខ្ចោះ​របស់​ខ្លួន។ ឆ្នេរ​ទាំង​នោះ​ឥឡូវ​ស្ទើរតែ​គ្មាន​មនុស្ស​ទៅ​លេង​កម្សាន្ត ហើយ​អាជ្ញាធរ​បាន​បិទ​អាជីវកម្ម​ទាំងអស់ លើកលែង​តែ​អាជីវកម្ម​ចាំចាច់​ដូចជា​ឱសថស្ថាន មន្ទីរពេទ្យ ម៉ាស៊ីន​អេធីអឹម និង​ផ្សារទំនើប​ជាដើម។

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​នៅតែ​មិន​ច្បាស់​អំពី​ប្រភព​នៃ​ការ​ផ្ទុះឡើង​ជា​ថ្មី​នេះ ដែល​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម​លោក Nguyen Thanh Long បាន​សន្មត​ថា​ជា​អំបូរ​វីរុស​ថ្មី ទោះបីជា​មិន​ទាន់​មាន​អ្នក​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​អះអាង​ថា​ដូច្នេះ​ក៏ដោយ។

ព្រំដែន​ប្រទេស​វៀតណាម​ត្រូវ​បាន​បិទ​ស្ទើរតែ​ទាំង​អស់​តាំងពី​ខែ​មីនា​មក លើកលែង​តែ​ជើង​ហោះហើរ​មួយ​ចំនួន​តូច​ដែល​ដឹក​ជនជាតិ​វៀតណាម​ពី​បរទេស​តែ​ប៉ុណ្ណោះ ដែល​អ្នក​ខ្លះ​សន្និដ្ឋាន​ថា អ្នក​ទាំង​នោះ​អាច​នាំ​វីរុស​នេះ​មក​ជាមួយ។

គេ​ក៏​មាន​ការ​សង្ស័យ​ផង​ដែរ​ថា ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នេះ​អាច​បណ្ដាល​មក​ពី​ជនជាតិ​ចិន ៤០ នាក់ ដែល​ត្រូវ​បាន​គេ​នាំ​ចូល​ក្នុង​វៀតណាម​ដោយ​ខុសច្បាប់​កាលពី​ខែ​មេសា។ ជនជាតិ​វៀតណាម​ពីរ​នាក់​ត្រូវ​បាន​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី ២៧ ខែ​កក្កដា ក្រោម​ការ​សង្ស័យ​ថា​បាន​រៀបចំ​ឲ្យ​មាន​ការ​នាំ​ចូល​ជនជាតិ​ចិន​ទាំង​នេះ​ដោយ​ខុសច្បាប់។

អាជ្ញាធរ​មូលដ្ឋាន ឥឡូវ​នេះ កំពុង​ធ្វើតេស្ត​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ដាណាង​ទាំង ១ លាន ១ សែន​នាក់។ មជ្ឈមណ្ឌល​កីឡា Tien Son ក្នុង​ទីប្រជុំជន​ដាណាង ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ជា​មន្ទីរពេទ្យ​បណ្ដោះអាសន្ន ដែល​អាច​ទទួល​អ្នក​ជំងឺ​បាន​រហូត​ដល់ ២,០០០ នាក់។

ទោះបីជា​មាន​វិធានការ​តឹងរឹង​ក៏ដោយ ជនបរទេស​ភាគ​ច្រើន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ដាណាង​សរសើរ​រដ្ឋាភិបាល​ថា​បាន​ចាត់​វិធានការ​បាន​លឿន​និង​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​វីរុស​នេះ ទាំង​ដើម​ឆ្នាំ​នេះ និង​ក្នុង​អំឡុងពេល​ឆ្លង​រាលដាល​បច្ចុប្បន្ន​នេះ។

អ្នកស្រី Eva Monique McDonough ជនជាតិ​កាណាដា​ដែល​បង្រៀន​ភាសា​អង់គ្លេស​និង​រៀន​ភាសា​វៀតណាម បាន​និយាយ​ថា៖ «ខ្ញុំ​ភ័យខ្លាច ប៉ុន្តែ​ខ្ញុំ​មិន​សូវ​បារម្ភ​វិញ​ដោយសារ​ដឹង​ថា សហគមន៍​ដែល​ខ្ញុំ​កំពុង​រស់នៅ​គោរព​តាម​ការ​ដាក់​កំហិត​ដែល​រដ្ឋាភិបាល​ដាក់​ឲ្យ​អនុវត្ត»។

អ្នកស្រី Tran ដែល​ជា​អ្នក​រចនា​វិបសាយ​ជនជាតិ​វៀតណាម យល់ស្រប​ថា រដ្ឋាភិបាល​វៀតណាម​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ និង​យល់ស្រប​ថា វិធានការ​បិទ​ទីក្រុង​គឺ​មានសារៈសំខាន់​ក្នុង​ការ​ទប់ស្កាត់​វា៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG