អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានកោតសរសើរទំនាក់ទំនងល្អប្រសើរជាងមុនជាមួយសហរដ្ឋអាមេរិកនិងចិន ថាជាការបោះជំហានទៅមុខជាដុំកំភួននៅក្នុងយុទ្ធសាស្រ្តការទូត «ដើមឬស្សី» របស់វៀតណាម ដើម្បីរក្សាលំនឹងទំនាក់ទំនងជាមួយមហាអំណាច។
កាលពីឆ្នាំមុន វៀតណាមបានទទួលប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ក្នុងពេលចន្លោះគ្នាតែបីខែប៉ុណ្ណោះ ដោយបានធ្វើឱ្យទំនាក់ទំនងជាមួយនឹងមហាអំណាចទាំងពីរកាន់តែជិតស្និទ្ធជាងមុន។ អ្នកជំនាញដែលវីអូអេបានសម្ភាសន៍ បានលើកឡើងថា សហរដ្ឋអាមេរិកនិងប្រទេសចិនចង់បានការគាំទ្រពីវៀតណាម។
វៀតណាមក៏បានលើកតម្កើងប្រទេសជប៉ុនជាដៃគូមួយក្នុងចំណោមដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទាំងប្រាំពីររបស់ខ្លួន ដូចជាមួយសហរដ្ឋអាមេរិកនិងចិនផងដែរ។
នៅក្នុងការថ្លែងក្នុងសន្និសីទការទូតថ្នាក់ជាតិលើកទី ៣២ នៅក្រុងហាណូយកាលពី ថ្ងៃទី១៩ខែធ្នូកន្លងទៅ លោក Trong បានថ្លែងថា ទំនៀមទម្លាប់ការទូតរបស់វៀតណាមគឺ ចាក់ឬសយ៉ាងជ្រៅនៅក្នុងបែបផែនដូចដើមឬស្សី ដែលមាន «ឬសគល់រឹងមាំ» និង «មែកធាងបត់បែន»។ នេះបើយោងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន VCCI News។
មេដឹកនាំគណបក្សកុម្មុយនីស្តវៀតណាមរូបនេះ ថ្លែងថាការទូតរបស់វៀតណាមគួរតែមានលក្ខណៈសម្របនិងបត់បែន ទៅតាមគោលការណ៍ចម្បងនៃ «ភាពរឹងមាំក្នុងគោលដៅ ក៏ដូចជា ភាពបត់បែនក្នុងផ្នែកយុទ្ធសាស្រ្តនិងវិធីសាស្ត្រ»។
«ភាពបត់បែន» ដើម្បីរក្សាលំនឹង
ពាក្យយុទ្ធសាស្ត្រ«ការទូតដើមឬស្សី» នេះត្រូវបានបង្កើតឡើងដំបូងដោយលោក Trong កាលពីឆ្នាំ ២០១៦ បន្ទាប់ពីលោកបានជាប់ឆ្នោតជាអ្នកដឹកនាំគណបក្សកុម្មុយនីស្តវៀតណាម ម្តងទៀតជាលើកទីពីរ។ វៀតណាមបានជំរុញយ៉ាងសកម្មលើគោលនយោបាយការទូតនេះ ដើម្បីសម្រួលទៅតាមភាពតានតឹងកំពុងកើនឡើងនៅលើសាកលលោកចាប់តាំងពីឆ្នាំ ២០២១មក។
គោលនយោបាយនេះត្រូវបានបង្ហាញឱ្យឃើញឡើងតាមរយៈការរក្សាលំនឹងផ្នែកការទូតរបស់វៀតណាម។ គោលនយោបាយនេះរួមមានការចែករំលែកការព្រួយបារម្ភជាមួយសហរដ្ឋអាមេរិកជុំវិញការកើនឡើងភាពគឃ្លើនរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ ប៉ុន្តែក៏រួមមានការផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចសំខាន់ជាមួយចិនផងដែរ។
បន្ទាប់ពីការពង្រឹងទំនាក់ទំនងខ្លាំងជាងមុនទ្វេដង ដែលមិនធ្លាប់មានពីមុនមក ជាមួយសហរដ្ឋអាមេរិកកាលពីកញ្ញា វៀតណាមបានប្តេជ្ញាក្នុងការបង្កើត «អនាគតរួមគ្នា» មួយជាមួយចិនកាលពីខែធ្នូ។
លោក Hoang Viet សាស្រ្តាចារ្យច្បាប់នៅសាកលវិទ្យាល័យនីតិសាស្រ្តក្រុងហូជីមិញ និងជាអ្នកជំនាញផ្នែកវិវាទអន្តរជាតិ បានថ្លែងប្រាប់វីអូអេថា៖ «នៅក្នុងពិភពលោកមួយ ដែលមហាអំណាចតែងតែប្រជែងគ្នា និងនៅក្នុងពិភពលោកមួយ ដែលគ្មានអនាគតច្បាស់លាស់ វៀតណាមច្បាស់ជាបានទទួលជោគជ័យមួយចំនួន ជាពិសេសនៅក្នុងការរក្សាលំនឹងរវាងមហាអំណាចទាំងពីរ ដែលកំពុងប្រជែងគ្នាយ៉ាងខ្លាំងក្លា»។
មេធាវី Dang Dinh Manh ដែលជាអ្នកតាមដាននយោបាយវៀតណាម ដែលកំពុងរស់នៅនិរទេសខ្លួនក្នុងសហរដ្ឋអាមេរិក បាននិយាយថា ក្រោយពីការបង្កើនទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងហាណូយ សហរដ្ឋអាមេរិកនិងជប៉ុន «ទទួលបានការធានាថា វៀតណាមនឹងមិនងាករេទៅកាន់ចិនខ្លាំងពេកទេ ស្របពេលប្រទេសចិនទទួលបានការធានាថា វៀតណាមបន្តស្ថិតនៅក្នុងគន្លងមិត្តភាពជាមួយបងធំចិន»។
លោក Hoang Viet ដែលជាអ្នកជំនាញស្តីពីការពង្រីកខ្លួនរបស់ចិននៅតំបន់សមុទ្រចិនខាងត្បូងផងដែរ បាននិយាយថា វៀតណាមត្រូវទទួលស្គាល់ការចូលរួមក្នុង «សហគមន៍នៃអនាគតរួមគ្នា» ជាមួយចិន ដើម្បីមិនធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងមិនសប្បាយចិត្ត និងរក្សាលម្ហការទូតដើម្បីបង្កើតកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាងមុនជាមួយសហរដ្ឋអាមេរិក ជប៉ុន និងបស្ចឹមប្រទេសសម្រាប់គោលដៅអភិវឌ្ឍសេដ្ឋកិច្ច។
លោក Hoang Viet បានថ្លែងថា៖ «វៀតណាមភ័យខ្លាចមានប្រតិកម្មអវិជ្ជមានពីចិនដោយសារការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមរិកនិងជប៉ុន។ សហរដ្ឋអាមេរិកបានជំរុញវៀតណាមឱ្យពង្រឹងទំនាក់ទំនងជាយូរមកហើយ ហើយវៀតណាមត្រូវជ្រើសរើសពេលវេលាឱ្យបានសមស្រប។ បើមិនដូច្នោះទេ វៀតណាមនឹងប្រឈមការខឹងសម្បារពីចិន»។
ក្នុងអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក Xi Jinping រដ្ឋាភិបាលក្រុងហាណូយ និងរដ្ឋាភិបាលក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៣៦ រួមមានលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងសន្តិសុខ។ វៀតណាមនិងចិនថែមទាំងបានចេញសេចក្តីប្រកាសរួមមួយ ដើម្បីបង្ហាញពីការប្តេជ្ញាទូលំទូលាយនានាផងដែរ។
លោក Carl Thayer សាស្រ្តាចារ្យប្រចាំសាកលវិទ្យាល័យ University of New South Wales បានចាត់ទុកសេចក្តីប្រកាសរួមនេះថាជា «ការធ្វើឱ្យល្អមើលពីក្រៅ» ដោយនិយាយថា វៀតណាម «និយាយតែមាត់» ប៉ុណ្ណោះចំពោះគំនិតរបស់ចិនដូចជា គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្ម និងផែនការ «សហគមន៍នៃអនាគតរួមគ្នា» ជាដើម។
លោក Thayer ដែលជាអ្នកជំនាញស្តីពីវៀតណាម បានថ្លែងប្រាប់វីអូអេថា៖ «[វៀតណាម] មិនខាតបង់អ្វីទាល់តែសោះ។ ពួកគេមិនបានបញ្ជាក់គោលជំហររឹងមាំណាមួយ ហើយពួកគេគ្រាន់តែបង្ហាញថា ពួកគេគាំទ្រ ឬយ៉ាងហោចណាស់ មិនប្រឆាំងតែប៉ុណ្ណោះ»។
ពាណិជ្ជកម្មជាផ្នែកសំខាន់មួយនៃយុទ្ធសាស្រ្តរក្សាលំនឹងរបស់វៀតណាម។ សហរដ្ឋអាមេរិក ដែលជាអតីតសត្រូវរបស់វៀតណាម បានក្លាយជាទីផ្សារនាំចេញធំជាងគេបង្អស់សម្រាប់ទំនិញវៀតណាម ស្របពេលចិន ជាទីផ្សារនាំចូលធំជាងគេបង្អស់របស់វៀតណាម។
ក្រោយពីការពង្រឹងទំនាក់ទំនងថ្មីជាមួយសហរដ្ឋអាមេរិកនិងចិន វៀតណាម ដែលកាន់តែក្លាយជាដៃគូយុទ្ធសាស្រ្តនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅលើសាកលលោក ត្រូវបានព្យាករណ៍ថា នឹងទទួលបានលំហូរមូលធនបរទេសយ៉ាងធំ។
លោក Jensen Huang ប្រធានក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានធ្វើទស្សនកិច្ចក្នុងទីក្រុងហាណូយកាលពីខែធ្នូ ហើយបានប្រាប់បណ្តាញផ្សព្វផ្សាយក្នុងស្រុកថា លោកចង់បង្កើតមូលដ្ឋានក្រុមហ៊ុនមួយនៅវៀតណាម។ នៅស្របពេលជាមួយគ្នានេះ វៀតណាមក៏កំពុងឃើញមានលំហូរចូលនៃក្រុមហ៊ុនចិនជាបន្តបន្ទាប់ផងដែរ។
អព្យាក្រឹតភាពក្នុងពិភពលោកដែលបែងចែកគ្នា
ទោះជានយោបាយការទូតដើមឬស្សីបានផ្តល់ផលប្រយោជន៍ជាច្រើនដល់វៀតណាម ខណៈពេលមានការប្រជែងគ្នារវាងមហាអំណាចសម្រាប់ឥទ្ធិពលនិងការវិនិយោគ ក៏ដោយ ក៏អ្នកវិភាគបានព្រមានពីភាពមានកម្រិតនៃគោលនយោបាយអព្យាក្រឹត្យរបស់វៀតណាម។
លោក Thayer បានថ្លែងថា៖ «នយោបាយការទូតដើមឬស្សី ផ្តោតទៅលើការរក្សាស្វ័យភាពនិងឯករាជ្យភាពរបស់វៀតណាម និងមិនផ្សារភ្ជាប់នឹងប្រទេសណាមួយ។ ប៉ុន្តែឥឡូវនេះ ពិភពលោកកាន់តែមានភាពបែងចែកគ្នាជាងពេលណាទាំងអស់ ហើយខ្ញុំគិតថា វៀតណាមនឹងកាន់តែលំបាកឡើងក្នុងការមិនប្រឡូកពាក់ព័ន្ធ។
សេចក្តីប្រកាសស្តីពីគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមកាលពីឆ្នាំ ២០១៩ បានចែងថា វៀតណាមកំពុងអនុវត្តគោលនយោបាយមិនផ្សារភ្ជាប់នឹងប្រទេសណាមួយ ដែលត្រូវបានស្គាល់ថា «ការជៀសវាងចំនួនបួន» គឺមិនចងសម្ព័ន្ធភាពយោធា មិនចូលរួមជាមួយប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត មិនឱ្យមានមូលដ្ឋានយោធាបរទេស និងមិនប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំងនៅក្នុងផ្នែកទំនាក់ទំនងអន្តរជាតិ។
វៀតណាមបានសម្រេចមិនថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន ហើយបានបោះឆ្នោតប្រឆាំងនឹងការផ្អាកសមាជិកភាពរបស់ប្រទេសរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់សព្វាវុធធំបំផុត និងសម្ព័ន្ធមិត្តយូរអង្វែងរបស់រដ្ឋាភិបាលក្រុងហាណូយ ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
លោក Thayer បានថ្លែងថា៖ «និយាយទៅ វៀតណាមនឹងបាត់បង់ជំនឿទុកចិត្តខ្លះ ចំពោះការមិនហារមាត់រិះគន់អំពីបញ្ហាសិទ្ធិមនុស្ស» ។ លោកបន្ថែមថា «ករណីរុស្ស៊ីនិងអ៊ុយក្រែនគឺជា ឧទាហរណ៍សំខាន់មួយ»។
លោក Alexander Vuving សាស្រ្តចារ្យប្រចាំវិទ្យាស្ថានសិក្សាសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅកោះហាវ៉ៃ លើកឡើងថាការកើនឡើងការបែកចែករវាងបស្ចឹមប្រទេសនៅផ្នែកម្ខាង និងចិននិងរុស្ស៊ីនៅផ្នែកម្ខាងទៀត នឹងធ្វើឱ្យគោលនយោបាយដើមឬស្សី កាន់តែមានភាពស្មុគ្រស្មាញសម្រាប់ប្រទេសវៀតណាម។
លោក Vuving បានថ្លែងប្រាប់វីអូអេថា៖ «គោលនយោបាយការទូតដើមឬស្សីនឹងមិនផ្តល់ជាមធ្យោបាយប្រកបដោយចីរភាពសម្រាប់វៀតណាមនៅក្នុងការទប់ទល់ជាមួយនឹងស្ថានភាពផ្លាស់ប្តូរដោយមិនរំពឹងទុកនៃសង្រ្គាមត្រជាក់ទីពីរនោះទេ»។ លោកបន្ថែមថា វៀតណាមត្រូវការ «វិធីទប់ទល់» ថ្មីមួយ» ដែលសមស្របទៅតាមស្ថានភាពថ្មី។
ស្រដៀងនេះដែរ លោក Vu Duc Khanh សាស្រ្តាចារ្យផ្នែកច្បាប់ប្រចាំសាកលវិទ្យាល័យ University of Ottawa ដែលតាមដាននយោបាយវៀតណាម បានចោទសួរថាតើវៀតណាមអាចរក្សាអព្យាក្រឹត្យភាព នៅចំពោះមុខការប្រជែងគ្នារវាងមហាអំណាចឬទេ។
លោក Khanh បាននិយាយថា៖ «សង្រ្គាមនៅអ៊ុយក្រែនបានផ្លាស់ប្តូរយុទ្ធសាស្រ្តទាំងស្រុងរបស់ប្រទេសនានាដូចជា ហ្វាំងឡង់ ស៊ុយអែត និងដាណឺម៉ាក»។
ហ្វាំងឡង់និងស៊ុយអែតបានដាក់ពាក្យចូលជាសមាជិករបស់អង្គការអូតង់ដែលជាការឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ។ ចំណែកប្រទេសដាណឺម៉ាក ដែលជាសមាជិកស្ថាបនិកអង្គការអូតង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកមូលដ្ឋានការពារជាតិជាមួយសហរដ្ឋអាមេរិកកាលពីខែមុន។
លោក Thayer បាននិយាយថា លោកមានជំនឿថា «វៀតណាមនឹងជួបការលំបាក» ប្រសិនបើសង្រ្គាមនៅអ៊ុយក្រែននិងតំបន់ហ្កាហ្សា នាំឱ្យការប្រជែងគ្នារវាងសហរដ្ឋអាមេរិកនិងចិន កើនឡើង។
លោក Thayer បានថ្លែងថា៖ «រដ្ឋបាលលោក Biden អាចត្រូវបានជំនួសដោយរដ្ឋបាលលោក Trump។ ឬសភាអាមេរិកអាចខឹងវៀតណាម ចំពោះរឿងអ្វីមួយ។ ឬមួយក៏គោលជំហររបស់វៀតណាមនឹងបង្កជាឧបសគ្គចំពោះការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក»។
បើតាមលោក Hoang Viet វៀតណាមកំពុងតែមើលស្ថានការដើម្បីរៀនសូត្រ ស្របពេលមានការប្រឈមគ្នាជាមួយចិននៅតំបន់សមុទ្រចិនខាងត្បូង។
លោក Hoang Viet បានថ្លែងថា៖ «សម្រាប់ពេលនេះ វៀតណាមក៏ដូចជា ប្រទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ព្យាយាមមិនកាន់ជើងខាងណា តាមលទ្ធភាពដែលអាចធ្វើទៅបាន។ វៀតណាមនឹងរក្សាគោលនយោបាយនេះ រហូតដល់ពួកគេលែងអាចធ្វើបានតទៅទៀត»។
កាលពីខែមុន លោកអគ្គលេខាធិការ Trong បានរំពឹងថា ស្ថានភាពប្រាស្រ័យទាក់ទងក្នុងតំបន់និងលើសាកលលោកនឹងមាន «ភាពស្មុគស្មាញនិងមិនអាចព្យាករណ៍បាន»។
លោកបានព្រមានថា៖ «នៅក្នុងពិភពលោកដែលមានការប្រទាញប្រទង់និងការបែងចែកគ្នាខ្លាំង ការប្រជែងគ្នាផ្នែកយុទ្ធសាស្រ្តនៅក្នុងចំណោមមហាអំណាចគឺជារឿងដែលជៀសមិនផុត ខណៈហានិភ័យនៃជម្លោះនិងការប្រឈមគ្នាកើនឡើងខ្ពស់ជាងមុន ដោយបង្កជាបញ្ហាប្រឈមធំៗសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍»។
លោក Trong ក៏បានជំរុញឱ្យអ្នកការទូតវៀតណាមតាមដានស្ថានការឱ្យបានដិតដល់ ដើម្បីអាចព្យាករណ៍ឱ្យបានត្រឹមត្រូវ និង «មានភាពមោះមុត ប៉ុន្តែបត់បែន» នៅក្នុងវិស័យការទូត៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
វេទិកាបញ្ចេញមតិ