ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ស្រពេចស្រពិល​នៅ​ឡើយ


អនុប្រធានាធិបតី​ Mike Pence ថ្លែង​នៅ​ក្នុង​ក្រសួង​ការបរទេស​កាលពី​ថ្ងៃពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ ២០១៨ រដ្ឋ​ធានី​វ៉ាស៊ីនតោន។

អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាមេរិក​នៅ​ប្រទេស​សិង្ហបុរី និង​កិច្ច​ប្រជុំ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ហៅ​កាត់​ថា APEC នៅ​ក្នុង​ប្រទេស Papua New Guinea នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​នេះ។

នៅ​ពេល​ដែល​ប្រទេស​ជា​សមាជិក​ទាំង ១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​ហៅ​កាត់​ថា​អាស៊ាន​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ពាក់​កណ្ដាល​ខែ​នេះ បញ្ហា​ចម្បង​មួយ​គឺ​ថា​តើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច​ចំពោះ​ការ​កើន​ឡើង​នូវ​ឥទ្ធិពល​សេដ្ឋកិច្ច​និង​នយោបាយ​របស់​ប្រទេស​ចិន។

កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence បាន​គូស​បញ្ជាក់​នូវ​គោល​នយោបាយ​ខ្លាំងក្លា​ជាង​មុន​មួយ។

លោក Mike Pence បាន​បញ្ជាក់​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​ចង់​បាន​ទំនាក់ទំនង​ដែល​ផ្អែក​លើ​យុត្តិធម៌ ភាព​ទៅ​វិញ​ទៅ​មក និង​ការ​គោរព​អធិបតេយ្យ​គ្នា ហើយ​សហរដ្ឋ​អាមេរិក​បាន​ចាត់​វិធានការ​យ៉ាង​មុតមាំ និង​ឆាប់​រហ័ស​ដើម្បី​សម្រេច​នូវ​គោល​បំណង​នេះ»។

អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama បាន​ប្រកាន់​យក​គោល​នយោបាយ «ឆ្ពោះ​ទៅកាន់​ទ្វីប​អាស៊ី» ដែល​ជា​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​មាន​តុល្យភាព​ឡើងវិញ​រវាង​ទ្វីប​អឺរ៉ុប តំបន់​មជ្ឈិម​បូព៌ា និង​ទ្វីប​អាស៊ី ដោយ​ផ្ដោត​លើ​ទ្វីប​អាស៊ី​ដែល​រដ្ឋបាល​របស់​លោក​មើល​ឃើញ​ថា​មាន​សារៈសំខាន់​សម្រាប់​អនាគត​របស់​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​អាមេរិក​លោក DonaldTrump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ហៅ​កាត់​ថា TPP ដែល​ជា​ចំណុច​សំខាន់​នៃ​យុទ្ធសាស្ត្រ​នោះ។ ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​អាច​ប៉ះពាល់​ដល់​ទិន្នផល​សេដ្ឋកិច្ច​ពិភពលោក​ប្រហែល ៤០ ភាគរយ។ រដ្ឋបាល​របស់​លោក Trump បាន​ជំនួស​យុទ្ធសាស្ត្រ​របស់​លោក Barack Obama ដោយ​យុទ្ធសាស្ត្រ​មួយ​ដែល​គេ​ស្គាល់​ថា «តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើក​ចំហ»។

លោក March Mealy នៃ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក​អាស៊ាន បាន​និយាយ​ថា៖ «ឥឡូវ​នេះ​ពួកគេ​អនុវត្ត​នូវ​គោល​នយោបាយ​មួយ​ផ្សេង​ពី​នេះ ដែល​ប្រហែល​ជា​ផ្ដោត​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ដោះដូរ​ទំនិញ​បន្ថែម​ជាង​មុន។ ខ្ញុំ​គិត​ថា ភាព​ខុសគ្នា​ទី​ពីរ​ដែល​យើង​ឃើញ​នៅ​ក្នុង​យុទ្ធសាស្ត្រ​ថ្មី​នេះ​គឺ​គោល​នយោបាយ​ពាណិជ្ជកម្ម។ រដ្ឋបាល​របស់​លោក Trump បច្ចុប្បន្ន​បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​ថា ខ្លួន​ចង់​បាន​នូវ​គោល​នយោបាយ​ពាណិជ្ជកម្ម​ទ្វេភាគី»។

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​ក្ដី​បារម្ភ​សម្រាប់​បណ្ដា​ប្រទេស​អាស៊ាន ដែល​បណ្ដា​ប្រទេស​ទាំង​នោះ​យល់​ថា មហិច្ឆតា​ពង្រីក​ទឹកដី​របស់​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​គំរាមកំហែង។ អ្នក​វិភាគ​អាមេរិកាំង​នានា​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅតែ​ជា​កម្លាំង​ដែល​អាច​ពឹងពាក់​បាន​មួយ​ទាក់ទិន​នឹង​ជម្លោះ​ដែនដី​នេះ។

លោក Vikram Singh នៃ​វិទ្យាស្ថាន​សន្តិភាព​របស់​សហរដ្ឋ​អាមេរិក (US Insitute of Peace) បាន​បញ្ជាក់​ដូច្នេះ​ថា៖

«ការណ៍​ដែល​សហរដ្ឋ​អាមេរិក​នៅតែ​ប្រឡូក​ខ្លួន​នៅ​ក្នុង​រឿង​នេះ ការណ៍​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ គឺ​មាន​ន័យ​ថា សហរដ្ឋអាមេរិក​នៅតែ​បន្ត​វត្តមាន​ល្បាត​ត្រួត​ពិនិត្យ​របស់​ខ្លួន​ដដែល»។

សហរដ្ឋអាមេរិក​និង​ចិន​គឺ​ជា​គូ​ប្រជែង​នឹង​គ្នា​ជា​យូរ​មក​ហើយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​គោល​នយោបាយ​របស់​លោក​ប្រធានាធិបតី Trump ចំពោះ​ភាព​ខុសគ្នា​ផ្នែក​ពាណិជ្ជកម្ម និង​សន្តិសុខ​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​អាច​នឹង​កើត​មាន​នៅ​ពេល​អនាគត។

លោក Bonnie Glaser នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS បាន​និយាយ​ដូច្នេះ​ថា៖

«បណ្ដា​ប្រទេស​ទាំង​នោះ​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក។ ខ្ញុំ​គិត​ថា ប្រទេស​ខ្លះ​មាន​ការ​ភ័យ​ខ្លាច​បន្តិចបន្តួច​ថា រដ្ឋបាល​របស់​លោក Trump ពិតជា​ត្រូវការ​ពួកគេ ដោយ​បង្ខំ​ឲ្យ​ពួកគេ​ជ្រើសរើស​យក​មួយ​ក្នុង​ចំណោម​ប្រទេស​ចិន ឬ​ក៏​សហរដ្ឋ​អាមេរិក។ ហើយ​ខ្ញុំ​គិត​ថា គ្មាន​ប្រទេស​ណា​មួយ​នៅ​ក្នុង​តំបន់​មាន​អារម្មណ៍​សុខ​ស្រួល​ចំពោះ​រឿង​នេះ​ទេ»។ សហរដ្ឋ​អាមេរិក​ក៏​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​គម្រោង​ផ្ដួចផ្ដើម​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន​ផង​ដែរ។

គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​នេះ​គឺ​ជា​យុទ្ធសាស្ត្រ​វិនិយោគ​ជា​សកល​របស់​ចិន ដែល​ឥឡូវ​នេះ​មាន​ថវិកា​វិនិយោគ​ចំនួន ១ លាន​លាន​ដុល្លារ​អាមេរិក ដោយ​មាន​ផែនការ​មហិច្ឆតា​សម្រាប់​ការ​អភិវឌ្ឍ​តំបន់​អាស៊ីអាគ្នេយ៍។ កន្លង​មក រដ្ឋបាល​របស់​លោក Trump បាន​បង្កើត​ទីភ្នាក់ងារ​ថ្មី​មួយ​ដែល​មាន​ទឹក​ប្រាក់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្ដល់​ប្រាក់​កម្ចី​ឯកជន​សម្រាប់​គម្រោង​នានា​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ។

លោក​អនុ​ប្រធានាធិបតី Mike Pence ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​ពី​ភស្តុតាង​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​នឹង​មេដឹកនាំ​នានា​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ប្រទេស​សិង្ហបុរី​ក្នុង​សប្ដាហ៍​នេះ៕

ប្រែ​សម្រួល​ដោយ ហេង រស្មី

XS
SM
MD
LG