ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ស្វាគមន៍​អង់គ្លេស​ឲ្យ​ចូលរួម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់​ប៉ាស៊ីហ្វិក​ក្រោយ​ចាកចេញ​ពី​សហភាព​អឺរ៉ុប


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​ការិយាល័យ​របស់​លោក Abe នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​ការិយាល័យ​របស់​លោក Abe នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨។

ប្រទេស​ជប៉ុន​នឹង​ស្វាគមន៍​ចក្រភព​អង់គ្លេស «ដោយ​បើក​ចំហរ‍» ឲ្យ​ចូល​ជា​សមាជិក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់​ប៉ាស៊ីហ្វិក នៅ​ក្រោយ​ពេល​ដែល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក Shinzo Abe បាន​ប្រាប់​កាសែត Financial Times ថា ចក្រភព​អង់គ្លេស​អាច​នឹង​បាត់បង់​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ច្រក​ផ្លូវ​ទៅ​កាន់​ទ្វីប​អឺរ៉ុប បន្ទាប់ពី​ចាកចេញ​ពី​សហភាព​អឺរ៉ុប ប៉ុន្តែ​នឹង​នៅតែ​ជា​ប្រទេស​មួយ «ដែល​មាន​ឥទ្ធិពល​ខ្លាំង​នៅ​លើ​សាកលលោក‍» ដដែល។

ប្រទេស​ចំនួន ១១ នៅ​ជុំវិញ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ ដែល​កែ​សម្រួល​ចេញ​ពី​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP កាល​ពី​ខែ​មិនា ដោយ​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​នេះ​ដំណើរការ​ទៅ​មុខ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​មក។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​នោះ លោក Shinzo Abe ក៏​បាន​ជំរុញ​ផង​ដែរ​ឲ្យ​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​សម្របសម្រួល​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​ចាកចេញ​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​អ្វី​មួយ។

លោក Shinzo Abe និយាយ​ថា៖ «ខ្ញុំ​សង្ឃឹម​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត​ថា ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​បណ្ដាល​មក​ពី​ការ​ចាកចេញ​នេះ​ចំពោះ​សេដ្ឋកិច្ច​សាកលលោក ដែល​ក្នុង​នោះ​រួម​ទាំង​ពាណិជ្ជកម្ម​របស់​ជប៉ុន​ផង​ដែរ គឺ​មាន​កម្រិត​តិចតួច​បំផុត‍»។

ការ​ចរចា​រវាង​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ជាប់​គាំង បន្ទាប់ពី​រដ្ឋាភិបាល​ប្រទេស​ប៊ែលហ្ស៊ិក​បាន​ច្រាន​ចោល​នូវ​គម្រោង​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May បន្ទាប់ពី​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប។ អង់គ្លេស​គ្រោង​នឹង​ចាកចេញ​ជា​ផ្លូវការ​ពី​សហភាព​អឺរ៉ុប​នៅ​ខែ​មិនា ឆ្នាំ ២០១៩ ខាង​មុខ​នេះ៕

XS
SM
MD
LG