ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់​ក្រីក្រ​តោកយ៉ាក​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ងាយ​រងគ្រោះ​បំផុត​ដោយ​សារ​មេរោគ​កូរ៉ូណា​ថ្មី


នេះ​ជា​ទិដ្ឋាភាព​ទូទៅ​នៃ​ផ្ទះ​តូចៗ​ក្នុង​ពេល​បិទ​ប្រទេស​រយៈពេល​២១ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង Umlazi ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

អ្នក​ឯកទេស​ផ្នែក​រោគ​រាតត្បាត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មាន​ការ​ព្រួយ​បារម្ភ​អំពី​សំណង់​តំបន់​ក្រីក្រ​តោកយ៉ាក​ដែល​មាន​មនុស្ស​រស់​នៅ​កកកុញ ដែល​នៅ​តាម​តំបន់​ទាំង​នោះ ការ​រក្សា​គម្លាត​ពីគ្នា​ហាក់​ដូចជា​មិន​អាច​ទៅ​រួច។

មុន​ពេល​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​រង​ការ​វាយ​ប្រហារ​ខ្លាំង​ដោយសារ​មេរោគ​កូរ៉ូណា​ថ្មី​ទៅ​ទៀត ប្រទេស​នេះ​មាន​បញ្ហា​ស្រាប់​ជាមួយ​ប្រព័ន្ធ​សុខាភិបាល ដែល​ញាំញី​ដោយសារ​ជំងឺ​របេង និង​ជំងឺ​អេដស៍។ អ្នកជំនាញ​ផ្នែក​សុខាភិបាល​និយាយ​ថា ពលរដ្ឋ​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង គឺ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​រស់​នៅ​តាម​តំបន់​កខ្វក់​គ្មាន​អនាម័យ ក្រីក្រ​តោក​យ៉ាក និង​កក​កុញ​ជាមួយ​គ្នា។

ក្រុង និង​តំបន់​ក្រីក្រ​តោកយ៉ាក​ដែល​មាន​មនុស្ស​កកកុញ​នានា​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មាន​អត្រា​ឆ្លង​ជំងឺ​របេង និង​ជំងឺ​អេដស៍​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រទេស។

ករណី​នេះ​មាន​ន័យ​ថា ពលរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​ក្រីក្រ​រាប់​លាន​នាក់​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ទន់​ខ្សោយ។

អ្នកជំនាញ​ខាង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា បូក​បញ្ចូល​ការ​គំរាម​កំហែង​ពី​មេរោគ​កូរ៉ូណា​ថ្មី ករណី​នេះ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ដែល​ទន់​ខ្សោយ​ស្រាប់ កាន់​តែ​ដុន​ដាប​ទៅៗ។

អ្នកស្រី​វេជ្ជបណ្ឌិត Angelique Coetzee នៃ​សមាគម​វេជ្ជសាស្ត្រ​អាហ្វ្រិក​ខាង​ត្បូង បាន​និយាយ​ថា ប្រទេស​ទាំង​មូល​មាន​សម្ភារៈ​បរិក្ខារ ដែល​អាច​ទប់​ទល់នឹង​ការ​ផ្ទុះ​ទ្បើង​នៃ​ការ​ឆ្លង​រាល​ដាល​ទ្រង់​ទ្រាយ​តូច​តែ​ប៉ុណ្ណោះ។

អ្នក​ស្រី​បាន​និយាយ​ដូច្នេះ​ថា៖ «បើ​សិន​ជា​អកុសល​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃមេរោគ​នេះ​មែន នោះ​នៅ​តាម​តំបន់​ក្រីក្រ​តោកយ៉ាក ហានិភ័យ​នៃ​ប្រជាជន​ដែល​មាន​អាការៈ​ធ្ងន់​ធ្ងរ​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ហើយ​អ្នក​ទាំង​នោះ​គឺ​ជា​អ្នក​ដែល​យើង​ខ្លាច​ថា​អាច​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ខ្ញុំ​គិត​ថា ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មិន​អាច​មាន​លទ្ធភាព​ព្យាបាល​ក្រុម​មនុស្ស​អ្នក​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ដ៏​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន​ទេ»។

ក្រុម​ឱសថការី​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កំពុង​ប្រយុទ្ធ​ក្នុង​សមរភូមិ​មុខ តាម​រយៈ​ការ​ចែក​ចាយ​ថ្នាំពេទ្យ និង​អប់រំ​អំពី​ការ​ការពារ​ជំងឺ​កូវីដ ១៩។

នៅ​ឯ​ឱសថស្ថាន Mays Pharmacy ក្នុង​ទីក្រុង Johannesburg លោក​ឱសថការី Dara Vucevic បាន​ឲ្យ​អតិថិជន​តម្រង់​ជួរ​នៅ​ខាង​ក្រៅ និង​អនុវត្ត​ការ​រក្សា​គម្លាត​ពី​គ្នា។

លោក Vucevic បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា នៅ​តាម​សហគមន៍​ទូទៅ ដែល​មាន​មនុស្ស​ច្រើន​រស់នៅ ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​វិធី​ណា​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួក​គេ​បាន​ផ្គង់​ផ្គង់​សម្ភារៈបរិក្ខា​នៅ​តាម​មន្ទីរ​ពេទ្យ​ធំៗ នៅ​តាម​មន្ទីរពេទ្យ​ចម្បងៗ»។

អ្នក​ឯកទេស​ផ្នែក​រោគ​រាតត្បាត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មាន​ការ​ព្រួយ​បារម្ភ​អំពី​សំណង់​តំបន់​ក្រីក្រ​តោកយ៉ាក​ដែល​មាន​មនុស្ស​រស់​នៅ​កកកុញ ដែល​នៅ​តាម​តំបន់​ទាំង​នោះ ការ​រក្សា​គម្លាត​ពីគ្នា​ហាក់​ដូចជា​មិន​អាច​ទៅ​រួច។

អ្នកស្រី Cheryl Cohen សហ​ប្រធាន​មជ្ឈមណ្ឌល​ជំងឺ​ផ្លូវ​ដង្ហើម​នៃ​វិទ្យាស្ថាន​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា៖

«តើ​ឲ្យ​អ្នក​ជំងឺ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​គេឯង នឹង​រក្សា​គម្លាត​ពី​អ្នកដទៃ​ដោយ​វិធីណា បើ​សិន​ជា​ពួកគេ​ស្នាក់នៅ​រួម​គ្នា​ជា​មួយ​អ្នក​ដទៃ​មួយ​ម៉ែត្រ​ពី​គ្នាក្នុង​បន្ទប់​តែ​មួយ​បែប​នេះ? ពី​ព្រោះ​ថា ចម្ងាយ​មួយ​ម៉ែត្រ​ គឺ​ជា​ចម្ងាយ​ដែល​មេរោគ​នៅ​ក្នុង​កម្ទេចកម្ទី​ទឹក​មាត់​នៅ​ពេល​អ្នក​ជំងឺ​ក្អក ឬ​កណ្ដាស់ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន»។

សម្រាប់​ករណី​ឆ្លង​រាត​ត្បាត​នេះ អាជ្ញាធរ​អាហ្វ្រិក​ខាង​ត្បូង​សង្ឃឹម​លើ​សេណារីយ៉ូ​ល្អ​បំផុត​មួយ ដែល​ថា វិធានការ​ស្នាក់​នៅ​ក្នុង​ផ្ទះ​មិន​ចេញ​ទៅ​ក្រៅ​ដែល​មនុស្ស​ម្នា​កំពុង​អនុវត្ត នឹង​អាច​គ្រប់​គ្រង​ស្ថានការណ៍​បាន។

គិត​ត្រឹម​ថ្ងៃ​អាទិត្យ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​ចំនួន​ជិត ១ ពាន់ ៦ រយ​នាក់ និង​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន ៩ នាក់។

ចំនួន​នេះ​គឺ​តិច​ជាង​ចំនួន​ករណី​ដែលប្រទេស​មួយ​ចំនួន​ទៀត​បាន​ជួប​ប្រទះ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ មន្ទីរពេទ្យទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កំពុង​ត្រៀម​លក្ខណៈ​ទប់ទល់​ក្នុង​ករណី​មាន​រឿង​អាក្រក់​កើត​ឡើង៕

ប្រែសម្រួល​ដោយ សឿន វឌ្ឍនា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG