ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ពិចារណា​នាំ​អង្ករ​ទៅ​លក់​នៅ​បរទេស​វិញ ក្រោយ​បាន​សម្រុក​ស្ដុកទុក​ច្រើន​ដោយសារ​វីរុស​កូរ៉ូណា​


រូបឯកសារ៖ ស្រ្តីម្នាក់លីស្រូវនៅស្រែមួយ ជាយក្រុងហាណូយ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥។

វៀតណាម​កំពុង​ពិចារណា​ថា​តើ​ពេល​ណា​គួរ​នាំ​ចេញអង្ករ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​វិញ ខណៈ​ពេល​ដែល​ជំងឺ​កូវីដ​១៩​កំពុង​រាតត្បាត​ទូទាំង​ពិភពលោក។ វៀតណាម​បាន​លើកឡើង​យ៉ាង​ដូច្នេះ បន្ទាប់​ពី​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២៤ ខែមីនា ថា ខ្លួន​នឹង​ផ្អាក​រាល់​ការ​ចុះកិច្ចសន្យា​ថ្មីៗ​លើ​ការ​នាំ​ចេញ​អង្ករ។ ប្រទេស​វៀតណាម​គឺ​ជា​អ្នក​នាំចេញ​អង្ករ​ធំ​បំផុត​ទី​បី​នៅ​ក្នុង​ពិភពលោក។

អាជ្ញាធរ​វៀតណាម​កំពុង​តែ​ពិចារណា​ឡើង​វិញ​ទៅ​លើ​ការផ្អាកការ​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ដោយសារ​តែ​បណ្ដា​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​តែ​និយាយ​ថា មាន​អង្ករ​ស្ដុកទុក​យ៉ាងច្រើន​ក្នុង​ស្រុក។ វៀតណាម​ចាត់ទុក​ការ​ស្ដុក​ទុក​អង្ករ​ក្នុង​ស្រុក​ជា​អាទិភាព ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ស្ដុកទុក​ស្បៀងអាហារ​និង​ស្នាក់​នៅ​ក្នុង​ផ្ទះ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​ជំងឺ​កូវីដ១៩។

​រដ្ឋាភិបាល​វៀតណាម​បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​«ធ្វើការ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​និង​បណ្ដា​ក្រុមហ៊ុន​នាំចេញ​អង្ករ​ ឲ្យ​ត្រួតពិនិត្យ ធ្វើ​អធិការកិច្ច និង​វាយតម្លៃ​ការ​ផ្គត់ផ្គង់​អង្ករ ស្ថានភាព​នាំ​ចេញ​អង្ករ ការ​បង្វិល​អង្ករ​បម្រុង និង​ស្ថានភាព​នៃ​ការ​អនុវត្ត​កិច្ចសន្យា​នាំ​ចេញ​អង្ករ»។ នេះ​បើ​តាម​គេហទំព័រ​ផ្លូវការ​របស់​វៀតណាម​ ដែល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ ទី​២៥ ខែមីនា។

សមាគម​ស្បៀងអាហារ​វៀតណាម​បាន​ឲ្យ​ដឹង​ថា វា​មាន​សុវត្ថិភាព​ក្នុង​ការ​នាំ​អង្ករ​ចេញ ដោយសារ​តែ​បញ្ជី​សារពើភ័ណ្ឌ​អង្ករ​ក្នុង​ស្រុក​មាន​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការ​របស់​ប្រជាជន។

សាស្ត្រាចារ្យ​កសិកម្ម លោក Vo Tong Xuan បាន​យល់ស្រប ដោយ​និយាយ​ថា ប្រទេស​វៀតណាម​អាច​នាំ​ចេញ​អង្ករ​ចំនួន​បី​លាន​តោន​ទៅ​ក្រៅ​ប្រទេស ហើយ​នៅ​តែ​រក្សាសន្ដិសុខ​ស្បៀងអាហារ​ក្នុង​ស្រុក​ដដែល។​ ខណៈ​ពេល​ជាមួយ​គ្នា​នេះ វៀតណាម​មាន​គោលបំណង​នឹង​រក្សា​ទុក​អង្ករ​ចំនួន​១៩០.០០០តោន​បម្រុងទុក​សម្រាប់​ខ្លួន​ឯង ដែល​បរិមាណ​នេះ​ប្រហាក់ប្រហែល​នឹង​បរិមាណ​អង្ករ​បម្រុង​កាល​ពី​ឆ្នាំ​មុន​ដែរ។ ​
លោក Xuan បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​កាសែត Tuoi Tre របស់​រដ្ឋ​ថា៖ «នៅ​មាន​សល់​អង្ករ​យ៉ាង​ច្រើន​ក្រាស់ក្រែល​ក្នុង​ឃ្លាំង​ស្ដុក​របស់​បណ្ដា​ក្រុមហ៊ុន​នានា ហើយ​ឥឡូវ​នេះ​ ក្រុមគ្រួសារ​កសិករ​នៅ​តាម​តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ​កំពុង​តែ​ច្រូតកាត់​បន្ថែម​ទៀត»។​

ការ​មិន​អនុញ្ញាត​ឲ្យ​នាំ​អង្ករ​ចេញ​អាច​ប្រឈម​នឹង​ហានិភ័យ​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អវិជ្ជមាន​លើ​សង្វាក់​ផ្គត់ផ្គង់ ដែល​កាល​ពី​មុន វិធានការ​បែប​នេះ​បាន​នាំ​ឲ្យ​មាន​ប៉ះពាល់មិន​ល្អ​ទៅ​វិញ​ទេ។ ​

នេះ​គឺ​ជា​អ្វី​ដែល​បាន​កើតឡើង នៅ​ពេល​ដែល​ឥណ្ឌា​ឈប់​នាំ​ចេញ​អង្ករ​កាល​ពី​ឆ្នាំ​២០០៨ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម រហូត​នាំ​ឲ្យ​មាន​ការ​ហាមឃាត់​ការ​នាំ​ចេញ​ផ្សេង​ទៀត សូម្បី​តែ​អង្ករលក់​នៅតាម​ហាង​លក់​ទំនិញ Costco នៅ​សហរដ្ឋអាមេរិក​ក៏​រង​ប៉ះពាល់​ដែរ។

បញ្ហា​ទាំងអស់​នេះ​បាន​កើតឡើង បើ​ទោះជាមាន​ការ​ផ្គត់ផ្គង់​អង្ករ​ច្រើន​លើស​ពី​តម្រូវការ​ក៏ដោយ។ ឥណ្ឌា​ដែល​ជា​អ្នក​នាំចេញ​អង្ករ​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក កាល​ពី​ពេល​នោះ​បាន​សម្រេច​ថា ត្រូវ​ស្ដុក​ទុក​អង្ករ​របស់​ខ្លួន ដើម្បី​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋ​ក្នុង​ការ​ធានា​ថា ពលរដ្ឋ​មាន​អង្ករ​គ្រប់គ្រាន់។ ការណ៍​នេះ​ធ្វើ​ឲ្យ​ប្រទេស​ដទៃទៀត​គិត​ដូចគ្នា​ដែរ ហើយ​ពួកគេ​ត្រូវស្ដុក​ទុក​អង្ករ​និង​ឈប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ​

តាមពិត មិនមាន​ការ​ខ្វះខាត​អង្ករ​នោះ​ទេ ប៉ុន្តែ​សកម្មភាព​ព្រមៗ​គ្នា​ទាំង​នេះ ធ្វើ​ឲ្យ​អតិថិជន​គិត​ថា ពួកគេ​ត្រូវ​ទិញ​អង្ករ​ស្ដុកទុក ដោយសារ​ពួកគេ​ឃើញ​តម្លៃ​អង្ករ​ឡើង​ថ្លៃ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Harrison Hong អ្នក​សេដ្ឋកិច្ចវិទូ​នៃ​សាកលវិទ្យាល័យ ​Princeton។​

លោក Hong​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «អ្នក​អាច​ហៅ​អាកប្បកិរិយា​នេះ​ថា​ជា​សភាវគតិ​ដើម្បី​បាន​រស់​រាន​មានជីវិត។ អ្នក​អាច​ហៅ​អាកប្បកិរិយា​នេះ​ថា​ជា​ការ​ស្ដុកទុក។ ប៉ុន្តែ​អ្នក​ខ្លះ​មាន​ប្រតិកម្ម​បែប​នេះ»។

លោក Hong និងសាស្ត្រាចារ្យ​ដទៃទៀត​បាន​សិក្សា​អំពី​អាកប្បកិរិយា​របស់អ្នក​ប្រើប្រាស់នៅ​ក្នុង​ពេល​មាន​វិបត្តិ។​

លោក​ Hong បាន​ថ្លែង​ទៀត​ថា៖ «ការ​រក​ឃើញ​របស់​យើង​បង្ហាញ​ថា វិធី​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ទីផ្សារ​មាន​តុល្យភាព​គឺ​ត្រូវ​សន្យា​ថា អតិថិជន​នឹង​អាច​ទិញ​អង្ករ​ក្នុង​បរិមាណ​មួយ​បាន។ ធ្វើ​ដូច្នេះ​នឹង​អាច​កាត់​បន្ថយ​ការ​ភ័យខ្លាច​របស់​ពួកគេ​ក្នុង​ការ​ទទួល​បាន​បរិមាណ​ស្បៀង​អាហារ​ដែល​ពួកគេ​ត្រូវ​ការ»។

ហើយ​នេះ​ក៏​ជា​ការ​ព្រួយបារម្ភ​ម្ដងហើយ​ម្ដង​ទៀត ក្នុង​ពេល​ដែល​ជំងឺ​កូវីដ១៩​ឆ្លង​រាតត្បាត​ទូទាំង​ពិភពលោក​ផង​ដែរ។ ប្រទេស​មួយ​ចំនួន ដូចជា​ប្រទេស​រុស្ស៊ី​និង​ប្រទេស​កាហ្សាក់ស្ថាន បានចាប់ផ្ដើម​ដាក់​កម្រិត​លើ​ការ​នាំចេញ​ផលិតផល​ស្បៀងអាហារ​របស់​ខ្លួន​រួច​ទៅ​ហើយ។

ការ​ផ្អាក​ការ​នាំចេញ​អង្ករ​របស់​វៀតណាម​ក៏​បាន​ធ្វើ​ឲ្យ​មាន​សញ្ញា​នៃ​ផលប៉ះពាល់​នៅ​ក្នុង​ប្រទេស​ដទៃទៀត​រួច​ទៅ​ហើយ ដោយ​រួម​ទាំង​ក្នុង​ប្រទេស​អូស្ត្រាលី​ផង​ដែរ។

ផលប៉ះពាល់​ពី​ការ​ផ្ទុះរាលដាល​ជំងឺ​កូវីដ១៩​ទៅ​លើ​ការ​ជឿជាក់​របស់​អ្នក​ទិញ​ទំនិញ​នៅ​វៀតណាម​កើតមាន​ ដោយសារ​តែ​អ្នក​ស្រុក​ចាប់​ផ្ដើម​ព្រួយបារម្ភ​ខ្លាំង​ជាង​មុន​អំពី​ស្បៀងអាហារ ប្រាក់កាស និង​សុខភាព។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន Nielsen Vietnam ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ​មួយ។

លោកស្រី Louise Hawley ដែល​ជា​នាយកគ្រប់គ្រង​ក្រុមហ៊ុន​នេះ បាន​ថ្លែង​ថា សូម្បី​តែ​នៅ​មុន​ពេល​ជំងឺ​កូវីដ១៩​នេះ​ផ្ទុះឡើង ការ​វាស់ស្ទង់មតិ​របស់​ក្រុមហ៊ុន​លោកស្រី​កាល​ពី​ចុង​ត្រីមាស​ឆ្នាំ​២០១៩​បាន​បង្ហាញ​ថា ពលរដ្ឋ​វៀតណាម​បារម្ភ​អំពី​ការ​ឡើង​ថ្លៃ​ម្ហូបអាហារ។

លោកស្រី Hawley និយាយ​ថា៖ «ឧទាហរណ៍​មួយ​គឺ​តម្លៃ​សាច់ជ្រូក ដោយសារ​តែ​ជំងឺ​ផ្ដាសាយ​ជ្រូក​អាហ្វ្រិក​បាន​ប៉ះពាល់​ដល់​ឧស្សាហកម្ម​សាច់ជ្រូក​និងធ្វើ​ឲ្យ​តម្លៃ​សាច់ជ្រូក​ឡើង​ថ្លៃ»៕​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG