ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានករណីឆ្លងជំងឺ COVID-19 ចំនួន ៣៩ ករណី ដែលភាគច្រើនគឺនាំមកពីទ្វីបអឺរ៉ុប។ កន្លងមក ទីក្រុងនេះបានបិទរោងភាពយន្ត ក្លឹបកម្សាន្ត បារ កន្លែងម៉ាស្សា និងហាងការ៉ាអូខេនានា តាំងពីការឆ្លងរាលដាលមេរោគនេះបានចាប់ផ្ដើមឡើង។
រដ្ឋបាលរដ្ឋធានីហូជីមិញបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «រាល់ភោជនីយដ្ឋានទាំងអស់ដែលអាចផ្ទុកមនុស្សលើសពី ៣០ នាក់ នៅទូទាំងសង្កាត់ទាំង ២៤ ក្នុងទីក្រុងហូជីមិញ ត្រូវតែបិទដំណើរការចាប់ពីម៉ោង ៦ ល្ងាច ថ្ងៃទី ២៤ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនា»។
វិធានការនេះត្រូវបានធ្វើឡើង ដោយសារតែអ្នកឆ្លងជំងឺនេះមួយចំនួនបានចម្លងជំងឺនេះនៅតាមភោជនីយដ្ឋាន និងបារមានប្រជាប្រិយនានានៅក្នុងទីក្រុង។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាម។
នៅពេលបច្ចុប្បន្ននេះ មានអ្នកឆ្លងមេរោគនេះចំនួន ១២៣ នាក់ នៅក្នុងប្រទេសវៀតណាម ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារមេរោគនេះទេ ហើយមនុស្សជាង ៥ ម៉ឺននាក់កំពុងត្រូវដាក់នៅដាច់ដោយឡែក។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាម៕