មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាលោក Chuck Schumer និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin បាននិយាយថា ពួកគេសង្ឃឹមថាអាចសម្រេចបាននូវកិច្ចព្រមព្រៀងលើកញ្ចប់ថវិការសេដ្ឋកិច្ចក្នុងទឹកប្រាក់ ២ លានលានដុល្លារនៅថ្ងៃអង្គារនេះ។
លោកទាំងពីរបានពិភាក្សាគ្នារហូតដល់យប់ថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីព្រឹទ្ធសភាបរាជ័យជាលើកទីពីរនៅក្នុងការសម្រេចលើសំណើច្បាប់មួយ ដែលអនុញ្ញាតឲ្យមានការបញ្ជូនលុយទៅឲ្យពលរដ្ឋអាមេរិកាំងភាគច្រើន និងអាជីវកម្មជាច្រើន ដែលបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារមេរោគកូរ៉ូណាថ្មីដ៏កាចសាហាវ។
ថ្នាក់ដឹកនាំខាងគណបក្សសាធារណរដ្ឋ និងថ្នាក់ដឹកនាំខាងគណបក្សប្រជាធិបតេយ្យ បានជជែកគ្នាតឹងសរសៃក នៅពេលដែលដំណើរការនេះលាតត្រដាងឡើងក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមេដឹកនាំខាងគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាលោក Mitch McConnell បានចោទប្រកាន់គណបក្សប្រជាធិបតេយ្យថាបានពន្យារពេលដំណើរការនេះ ដោយសារបានស្នើឲ្យមានការកែសម្រួលសំណើច្បាប់នេះ ហើយចំណែកឯលោក Chuck Schumer វិញ បាននិយាយថា លោក McConnell បានខ្ជះខ្ជាយពេលវេលា ដោយបើកឲ្យមានការបោះឆ្នោតសម្រេចពីរដងលើសំណើច្បាប់ ដែលលោកបានថានឹងមិនទទួលជោគជ័យនេះ។
កញ្ចប់ថវិកាជំនួយនេះមានបំណងបង្កើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយការផ្ញើលុយទៅឲ្យពលរដ្ឋអាមេរិកាំងជាង ៩០ ភាគរយ និងកន្លែងអាជីវកម្មជាច្រើន ដើម្បីជួយពួកគេនៅក្នុងការទ្រាំទ្រនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបន្ទាន់ និងកើនឡើងយ៉ាងឆាប់ ដោយដារមេរោគកូរ៉ូណាថ្មី។
ក្រុមគ្រួសារអាមេរិកាំងដែលមានសមាជិក ៤ នាក់ នឹងទទួលបានថវិកាជំនួយចំនួន ៣.០០០ ដុល្លារ។ កញ្ចប់ថវិកានេះក៏មានបញ្ចូលនូវកម្មវិធីផ្ដល់ប្រាក់កម្ចីចំនួន ៥០០ ពាន់លានដុល្លារដល់កន្លែងអាជីវកម្ម ទីក្រុង និងរដ្ឋនានា និងទឹកប្រាក់ចំនួន ៣៥០ ពាន់លានដុល្លារទៀតដើម្បីជួយអាជីវកម្មតូចៗទប់ទល់នឹងការបើកប្រាក់ខែដល់បុគ្គលិក នៅចំពេលមានការធ្លាក់ចុះនូវតម្រូវការរបស់អ្នកប្រើប្រាស់ចំពោះផលិតផល និងសេវាកម្មរបស់អាជីវកម្មទាំងនេះ៕