ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម ប្រកាស​បិទ​សកម្មភាព​សង្គម និង​បង្កើន​ការចាក់​វ៉ាក់សាំង


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល កាន់​ដប​វ៉ាក់សាំង​នៅពេល​ដែល​ប្រទេស​វៀតណាម​ចាប់ផ្តើម​ជា​ផ្លូវការ​នូវ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ AstraZeneca សម្រាប់​បុគ្គលិក​សុខាភិបាល​នៅ​មន្ទីរពេទ្យHai Duong នៅ​ខេត្ត Hai Duong ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។

វៀតណាម​នៅ​ថ្ងៃ​សុក្រ​ បាន​អនុម័ត​បិទ​សកម្មភាព​សង្គម​រយៈ​ពេល​ពីរ​សប្តាហ៍​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​ ដើម្បី​ទប់ទល់​ការ​ឆ្លង​វីរុស​កូរ៉ូណា​ដែល​កាន់​តែ​ខ្លាំង​ឡើង។​

រដ្ឋាភិបាល​ក្រុង​ហាណូយ ​ក៏​បាន​ប្រកាស​ផែន​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួន​៥០​ភាគរយ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​ រហូត​ដល់​ចុង​ឆ្នាំ ហើយ​នឹង​កំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ចំនួន​៧០​ភាគ​រយ ​ត្រឹម​ខែ​មីនា​ឆ្នាំ​ក្រោយ។​

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​«ការចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ជា​វិធាន​ការ​ចាំបាច់​ និង​មាន​សារៈ​សំខាន់​ដើម្បី​រាំង​ខ្ទប់​ជំងឺ​នេះ​ និង​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម»។​ ​

មជ្ឈមណ្ឌល​ស្រាវជ្រាវ​វីរុស​កូរ៉ូណា​នៃ​សាកល​វិទ្យាល័យ​ Johns Hopkins ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ប្រទេស​វៀតណាម​ដែល​មាន​ប្រជា​ពលរដ្ឋ​ជិត​១០០​លាន​នាក់ ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ជាង​៣​ពាន់​ករណី​ គិត​មក​ទល់​នឹង​ខែ​មេសា។ ​ហើយ​មក​ទល់​នឹង​ថ្ងៃ​សុក្រ ប្រទេស​នេះ​ បាន​បញ្ជាក់​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ចំនួន​២៤.៨១០​ករណី​ និង​ស្លាប់​ចំនួន១០៤​នាក់។​

សាកល​វិទ្យាល័យ ​Johns Hopkins ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រទេស​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​ប្រហែល​៤​លាន​ដូស​ ដោយ​មាន​មនុស្ស​ប្រហែល​២៤០០០០​នាក់​ បាន​ចាក់​វ៉ាក់សាំង​២ដូស ​ឬ​ចំនួន​០,២៥%​ នៃ​ចំនួន​ប្រជា​ពលរដ្ឋ​សរុប។

ទីក្រុង​ហូជីមិញ​ដែល​មាន​ប្រជា​ពលរដ្ឋ​ចំនួន​៩​លាន​នាក់​ បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រមូល​ផ្តុំ​ដែល​មាន​មនុស្ស​លើស​ពី​២នាក់​ឡើង​ទៅ​ ហើយ​ក្នុង​ពេល​២​សប្តាហ៍​នេះ​ នឹង​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពីផ្ទះ​តែ​ក្នុង​ករណី​មាន​អាសន្ន​ ឬ​ទិញ​ម្ហូប​អាហារ​ និង​ថ្នាំ​សង្កូវ​ប៉ុណ្ណោះ។​

ម៉្យាងទៀតក្រុមហ៊ុន​ Pfizer ​និយាយ​ថា ​ខ្លួន​ហៀប​នឹង​ស្វែងរក​ការ​អនុញ្ញាត​ពី​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការចាក់​វ៉ាក់សាំង​កូវីដ១៩​ ដូស​ទី៣។​ ក្រុមហ៊ុន​នេះ​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការចាក់​ថ្នាំមួយដូស​ទៀត​ អាច​បង្កើន​ភាព​ស៊ាំយ៉ាង​ខ្លាំង​ហើយ​អាច​ជួយ​បញ្ចៀស​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ចុង​ក្រោយ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ។​

ការ​ស្រាវជ្រាវ​ពី​បណ្តា​ប្រទេស​ជាច្រើន​បង្ហាញ​ថា ​ការចាក់វ៉ាក់សាំង​ការពារ​កូវីដ១៩​យ៉ាង​ទូលំទូលាយ​ផ្តល់​ការ​ការពារ​យ៉ាង​រឹងមាំ​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ (delta) ដែល​ឆ្លង​ខ្លាំង។​ ប៉ុន្តែ​អង្គ​បដិប្រាណ​ប្រឆាំង​នឹង​វីរុស​នេះ​ បាន​ចុះខ្សោយ​ជា​ធម្មតា។​ ក្រុមហ៊ុន​ Pfizer ​និយាយ​ថា​ ទិន្នន័យ​ដំបូង​ពីការ​សាកល្បង​របស់​ក្រុមហ៊ុន​បង្ហាញ​ថា​ កម្រិត​អង្គ​បដិប្រាណ​របស់​អ្នក​ចាក់​ថ្នាំ​នេះ​ឡើងខ្លាំង​ បន្ទាប់ពី​ចាក់ថ្នាំ​ដូសទីបី។​ ប៉ុន្តែ​សំណើ​នេះ​មិនមែន​មាន​ន័យថា​ ការ​ចាក់​ថ្នាំ​ដូស​ទី​៣​ នឹង​ធ្វើឆាប់ៗ​នេះ​ទេ។​ មន្ត្រី​សុខាភិបាល​សាធារណៈ​ត្រូវ​សម្រេច​ថា​ តើ​ពិត​ជាត្រូវ​ការ​ចាក់ថ្នាំដូស​ទី​៣​ ឬទេ៕

XS
SM
MD
LG