ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ស្នើ​សុំ​ថវិកា​ពី​ពលរដ្ឋ ខណៈ​ការឆ្លង​វីរុស​កូរ៉ូណា​កំពុង​កើនឡើង


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់ ​ចាក់​វ៉ាក់សាំង AstraZeneca សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ ដល់​វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់ ​ចាក់​វ៉ាក់សាំង AstraZeneca សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ ដល់​វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។

វៀតណាម​ដែល​ធ្លាប់​ជាប្រទេស​គំរូ​ក្នុង​ការ​ដោះស្រាយ​ប្រកប​ដោយ​ជោគ​ជ័យ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ​១៩​ក្នុង​ពេល​កន្លង​មក​នេះ​ បាន​ចាប់​ផ្តើម​សុំជំនួយ​ឧបត្ថម្ភ​ពី​សាធារណ​ជនរបស់​ខ្លួន ដើម្បី​ទិញ​វ៉ាក់សាំង​ដើម្បីទប់​ទល់​នឹង​រលក​ឆ្លងថ្មី​នៃ​វីរុស​កូរ៉ូណា។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

វៀតណាម​ដែល​មាន​ពលរដ្ឋ​សរុប​ជិត​១០០​លាននាក់​នោះ​ ពេល​នេះ​ទើប​តែ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន​បាន​ចំនួនប្រមាណ​តែ​១%ប៉ុណ្ណោះ​ ហើយ​អាជ្ញាធរ​កំពុង​តែ​ប្រកាស​អាស​ន្ន​នឹងករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​កូវីដ​១៩ ដែលកំពុង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ពេល​ថ្មីៗ​នេះ។

ចាប់​តាំង​ពី​សប្តាហ៍​កន្លង​មក អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ បាន​ទទួល​សារ​ក្នុង​ទូរស័ព្ទ​របស់​ខ្លួនចំនួន​៣​ ស្នើ​សុំ​ថវិកាសម្រាប់​ទិញ​វ៉ាក់សាំង​កូវីដ​១៩ ខណៈ​ដែល​មន្ត្រី​រាជការ​ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចែក​រំលែក​នូវ​ប្រាក់​បៀវត្ស​របស់​គេ​ផង​ដែរ។

ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​ដោយ​មាន​ការភ័យខ្លាច​ផលប៉ះ​ពាល់របស់​វីរុស​ដល់​សេដ្ឋកិច្ច​របស់​វៀតណាម​នោះ​ បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន AFP ថា ពួក​គេ​គាំទ្រ​ចំពោះយុទ្ធនាការ​រៃ​អង្គាស​ប្រាក់​នេះ។

ពលរដ្ឋ​វៀតណាម​ម្នាក់​ឈ្មោះ Nguyen Tuan Anh ដែល​ជា​មន្ត្រី​រាជការ​មួយ​រួប​ បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ថា លោក​បានផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥០​ដុល្លារ ដោយ​ផ្ទេរតាម​ខ្ទង់​គណនី​ធនាគារ​និង​តាម​ទូរស័ព្ទ​ ព្រោះ​ថា វ៉ាក់សាំងការពារ​ជំងឺកូវីដ​១៩ នឹង«ធ្វើ​ឲ្យសេដ្ឋកិច្ចវៀតណាម​មាន​ស្ថិរភាព​និង​រីក​ចំរើន​ឡើង​វិញ»។

បណ្តាញ​ព័ត៌មាន​រដ្ឋ​ប្រាប់​ឲ្យ​ដឹងថា ពលរដ្ឋ​វៀតណាម​រាប់​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ បាន​បាត់​បង់​ការងារ​របស់​គេ​។ ភោជនីយដ្ឋាន​និង​រង្គសាល​ក្នុង​តំបន់​សំខាន់ៗ​ដូច​ជា​ក្នុង​ទី​ក្រុង​ហាណូយ​ និង​ហូជីមិញ​ ត្រូវ​បាន​បង្ខំ​ឲ្យបិទ​ទ្វារ​ ហើយ​ការ​ជួប​ជុំ​ជា​សាធារណៈ​ ត្រូវ​បាន​ហាមប្រាម។

រដ្ឋាភិបាល​វៀតណាម​និយាយ​ថា​ ខ្លួនមាន​បំណងទិញ​វ៉ាក់សាំង​ចំនួន​១៥០​លាន​ដូស​ក្នុង​ឆ្នាំ​២០២១​នេះ​ ដើម្បី​ចាក់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួនចំនួន​៧០​% ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​១ពាន់​ ១០០​លាន​ដុល្លារ។

រហូត​មក​ដល់​ថ្ងៃ​អង្គារ​ម្សិល​មិញ​ មាន​អង្គការ​និង​បុគ្គល​ប្រមាណ​២៣១.០០០​ នាក់​ បាន​បរិច្ចាក​ទឹក​ប្រាក់​ដល់កម្មវិធី​រៃ​អង្គាសប្រាក់​នេះ​ បាន​ចំនួន១៨១​លាន​ដុល្លារ​ហើយ។

ដោយ​ឡែក​ទឹក​ប្រាក់​ប្រមាណ​១៤០​លាន​ដុល្លារ​ផ្សេង​ទៀត​ ត្រូវបានសន្យា​ផ្តល់​ដោយ​ក្រុម​អ្នក​ជំនួញ​ផ្សេងៗ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​មាន​ពលរដ្ឋ​វៀតណាម​ខ្លះ​ទៀត នៅ​មិន​ទាន់​មាន​ជំនឿ​ចិត្តទាំង​ស្រុង​លើការ​ចាយ​វាយ​លុយ​ដែល​រៃ​អង្គាស​បាន​នោះ​ទេ។

ពលរដ្ឋ​វៀតណាម​ម្នាក់​ឈ្មោះ Pham Mai Chi ដែល​ជាបុគ្គលិក​ការិយាល័យ​ម្នាក់​លើក​ឡើង​ថា​ «ខ្ញុំ​មិន​ទាន់​ប្រាកដក្នុង​ចិត្ត​ទាំង​ស្រុង​នោះ​ទេថា​ តើ​លុយ​នេះ​ នឹង​ត្រូវ​គេ​ប្រើ​ប្រាស់សម្រាប់​តែ​ទិញ​វ៉ាក់សំាងសម្រាប់​ចាក់​ឲ្យ​ពលរដ្ឋ​គ្រប់គ្នា ​ឬ​យ៉ាង​ណា​នោះ។ ខ្ញុំ​គិត​ថា​ ខ្ញុំមិន​ជឿទាំង​ស្រុង ​ហើយ​ផ្តល់​លុយ​ឲ្យ​ពួក​គេ​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG