ពលរដ្ឋដែលអះអាងថាជាអ្នករងគ្រោះនិងចាញ់បោកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ស្នើតុលាការខេត្តសៀមរាប ចាប់ខ្លួនមេក្រុមទាំង២៤នាក់របស់ក្រុមហ៊ុនមួយនេះឱ្យបានឆាប់ និងលក់ឡាយឡុងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដែលសាលាដំបូងខេត្តសៀមរាបបានបង្កក ដើម្បីយកលុយទាំងនោះឱ្យពលរដ្ឋរងគ្រោះដោះបន្ទុកធនាគារ។
ពលរដ្ឋទាំងនោះប្រាប់វីអូអេថា មេក្រុមនៃក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ មានចំនួន២៥នាក់ដែលជាអ្នកប្រមូលលុយពីប្រជាពលរដ្ឋតាមក្រុមតូចៗ ដើម្បីយកទៅឱ្យក្រុមហ៊ុនមួយនេះ។ ចំពោះការទាមទារឱ្យចាប់ខ្លួនមេក្រុមទាំង២៤នាក់នោះ គឺដោយសារមេក្រុមម្នាក់ក្នុងចំណោម២៥នាក់នោះ ត្រូវបានតុលាការឃុំខ្លួនរួចហើយ ដូចអ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ដែរ។
ការទាមទាររបស់ពួកគេធ្វើឡើង បន្ទាប់ពីសាលាដំបូងខេត្តសៀមរាបបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី«វឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍» ដោយសម្រេចបង្កកគណនីធនាគារចំនួន១៨៣និងទ្រព្យសម្បត្តិមួយចំនួន និងបានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៥នាក់។
តុលាការក៏បានចេញដីកាបញ្ជាឱ្យនាំខ្លួនជនត្រូវចោទចំនួន២នាក់ និងបង្គាប់ឱ្យចូលខ្លួនចំនួន២៤នាក់ផ្សេងទៀត ចាប់ពីថ្ងៃទី១៨ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ តុលាការបានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតាជាតិរបស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធី។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង សុំមិនអត្ថាធិប្បាយអ្វីបន្ថែមនោះទេ ព្រោះលោកថាវាអាចប៉ះពាល់ដល់នីតិវិធីស៊ើបសួររបស់ចៅក្រម។
ចំណែកពលរដ្ឋមួយចំនួនអះអាងថា ពួកគេកំពុងប្រឈមបញ្ហាសេដ្ឋកិច្ចខ្លាំង និងអ្នកខ្លះទៀតបានបង្ខំចិត្តលក់ផ្ទះសម្បែងដើម្បីដោះបន្ទុកធនាគារ។
លោក ពៅ សុភ័ណ្ឌ អាយុ៣៨ឆ្នាំ បានដាក់លុយជាមួយក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ចំនួន២ម៉ឺនដុល្លារអាមេរិក ដើម្បីអាចទទួលបានការប្រាក់៥%ក្នុងមួយខែ។ ប៉ុន្តែលោកថា តាំងពីដាក់ប្រាក់ជាមួយក្រុមហ៊ុនចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក គឺលោកមិនដែលទទួលបានការប្រាក់សូម្បីតែមួយលើក។
ចំពោះមូលហេតុដែលលោកដាក់លុយជាមួយក្រុមហ៊ុននេះ គឺលោកបញ្ជាក់ថា ដោយសារអ្នកភូមិរបស់លោកដែលធ្វើការឱ្យក្រុមហ៊ុននេះ បានធានាអះអាងថា ដាក់លុយជាមួយក្រុមហ៊ុនពិតជាបានការប្រាក់៥%។ លោកស្នើតុលាការ ចាប់ខ្លួនមេក្រុមទាំង២៤នាក់ទៀតឱ្យបានឆាប់ដើម្បីស្វែងរកទ្រព្យសម្បត្តិ និងលក់ឡាយឡុង យកលុយមកឱ្យប្រជាពលរដ្ឋដែលរងគ្រោះ ដោះបំណុលធនាគារ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «តាំងពីចាប់ខ្លួន ឡេង ចាន់ណា មក គឺក្រុមហ៊ុនហ្នឹងបានផ្អាកសកម្មភាពទាំងអស់ ស្ងាត់ជ្រាប ប៉ុន្តែគ្រាន់តែថា មេ២៤នាក់នៅក្រៅឃុំហ្នឹង មិនដឹងរត់ទៅដល់ណា ដល់ណីអស់ទេបង។ អ្វីដែលខ្ញុំព្រួយបារម្ភខ្លាចតែមេ២៤នាក់ទៀតអាចរត់ចេញក្រៅប្រទេស ឬក៏អាចផ្ទេរទ្រព្យសម្បត្តិឱ្យបងប្អូន សាច់ញាតិ អីអស់អ៊ីចឹង»។
បើតាមបុរសវ័យ៣៨ឆ្នាំរូបនេះ លោកទើបតែលែងលះជាមួយភរិយា ដោយសារលោកប្រឈមបញ្ហាសេដ្ឋកិច្ចខ្លាំងដោយសារតែក្រុមហ៊ុនមួយនេះ ហើយលោកកំពុងដាក់លក់ផ្ទះរបស់លោក នៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីយកទៅដោះបន្ទុកធនាគារ។
លោកលើកឡើងថា៖ «ហើយណាមួយឥឡូវនេះ ខ្ញុំអស់លទ្ធភាពបង់ធនាគារដែរ ព្រោះដោយសារតែក្រុមហ៊ុននេះធ្វើបាបខ្ញុំ។ ខ្ញុំត្រូវលក់ឡាយឡុងទ្រព្យសម្បត្តិខ្ញុំ ដើម្បីយកលុយសងធនាគារ ពីមួយខែទៅមួយខែៗ ឥឡូវអស់ពីខ្លួនហើយបង នៅសល់តែផ្ទះ។ ផ្ទះដាក់ស្លាកលក់ លក់អត់ទាន់ចេញទៀត»។
ជាមួយគ្នានេះ អ្នកស្រី រ៉េត សុធីតា អាយុ៣២ឆ្នាំ រស់នៅស្រុកវ៉ារិន ខេត្តសៀមរាប បានដាក់លុយចំនួន១៨០០០ដុល្លារអាមេរិក ជាមួយក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ តាំងពីខែឧសភា ឆ្នាំ២០២៣។
អ្នកស្រីក៏ស្នើឱ្យតុលាការបង្ហាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឱ្យពលរដ្ឋរងគ្រោះបានដឹង និងលក់ឡាយឡុងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដើម្បីយកលុយឱ្យជនរងគ្រោះបង់សងធនាគារ។
អ្នកស្រីប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ខ្ញុំចង់ឱ្យខាងតុលាការធ្វើការបង្កកទ្រព្យ និងបង្ហាញទ្រព្យសម្បត្តិទាំងអស់ហើយ ធ្វើការលក់ឡាយឡុង។ ហើយអ្នកក្រោយៗទៀត គិតគូរឱ្យគាត់ក្រោយៗទៀតទៅ ព្រោះអីយើងក៏អត់ទាន់បានឃាត់ខ្លួនមេ២៤នាក់ទៀតដែរ។ ហើយក៏អត់ដឹងថា ទ្រព្យសម្បត្តិមេ២៤នាក់ដែលនៅសល់ហ្នឹងមានអីខ្លះទេ ដែលគាត់បានយកលុយប្រជាពលរដ្ឋទៅប្រើប្រាស់ប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់»។
បើគិតជាទឹកប្រាក់ដែលពលរដ្ឋប្រមាណ១២ម៉ឺននាក់ដាក់រកស៊ីជាមួយក្រុមហ៊ុនប្រ៊ីលាននេះគឺមានទំហំប្រមាណជាង២០០លានដុល្លារអាមេរិក។ នេះបើតាមជនរងគ្រោះ។
ដោយឡែកបើគិតតែទឹកប្រាក់ដែលពលរដ្ឋជាង១.៧០០នាក់ដែលដាក់ពាក្យប្តឹងទៅតុលាការទាមទារឱ្យក្រុមហ៊ុនទូទាត់ប្រាក់ដើមសងវិញ គឺមានចំនួនជាង២០លានដុល្លារអាមេរិក។ នេះបើតាមអ្នកស្រី រ៉េត សុធីតា ដែលជាជនរងគ្រោះម្នាក់។
អ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ដែលគ្រប់គ្រងបុរីឈ្មោះប្រ៊ីលានស៊ីធី នៅក្រុងសៀមរាប និងបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួននិងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១២ខែមីនា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តុលាការ។
ក្រោយមក តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាបបានសម្រេចចោទប្រកាន់អ្នកស្រី ឡេង ចាន់ណា អាយុ៣៦ឆ្នាំ លោក ចាន់ ឃឺន អាយុ៣០ឆ្នាំតួនាទីជាអគ្គនាយករង លោក ផុន សាមាន អាយុ៣១ឆ្នាំ តួនាទីជាអគ្គនាយករង និងបក្ខពួកផ្សេងពីបទ«ឆបោកមានស្ថានទម្ងន់ទោស មិនបានបំពេញកិច្ចឧបករណ៍ដែលអាចជួញដូរបាន និងសម្អាតប្រាក់»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់តំណាងអយ្យការចុះថ្ងៃទី១៣ ខែមីនា។
ទាក់ទងនឹងវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍នេះ សាលាដំបូងខេត្តសៀមរាមអះអាងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដែលចុះថ្ងៃទី១៧ ខែមេសា ថា សំណុំរឿងនេះទាមទារពេលវេលាសមរម្យក្នុងការស្រាវជ្រាវឱ្យអស់លទ្ធភាពក្នុងន័យស្វែងរកការណ៍ពិត ដោយត្រូវធ្វើការស៊ើបសួរទៅលើបុគ្គលដែលមានការពាក់ព័ន្ធច្រើននាក់បន្តទៀត ខណៈជនរងគ្រោះក៏មានច្រើនផងដែរ៕
វេទិកាបញ្ចេញមតិ