ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ជាង​៣០​នាក់​តវ៉ា​​​​​​​​​​​នៅ​សាលា​ក្រុង​ឱ្យ​អន្តរាគមន៍​លើ​​បណ្តឹង​​មិន​ឱ្យ​ធ្វើ​ប្លង់​រឹង


ប្រជាពលរដ្ឋលើកបដានៅមុខសាលារាជធានីភ្នំពេញ ដោយស្នើសុំឱ្យជួយអន្តរាគមន៍ដោះស្រាយ បញ្ហាដីធ្លីនិងផ្តល់ប្លង់រឹងដល់ពួកគេ កាលពីថ្ងៃ១០ ខែមេសា ឆ្នាំ២០២៤ ។ (លាស់ លីបលីប/វីអូអេ)
ប្រជាពលរដ្ឋលើកបដានៅមុខសាលារាជធានីភ្នំពេញ ដោយស្នើសុំឱ្យជួយអន្តរាគមន៍ដោះស្រាយ បញ្ហាដីធ្លីនិងផ្តល់ប្លង់រឹងដល់ពួកគេ កាលពីថ្ងៃ១០ ខែមេសា ឆ្នាំ២០២៤ ។ (លាស់ លីបលីប/វីអូអេ)

ប្រជា​ពលរដ្ឋ​ជាង​៣០​នាក់ ​រស់នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ​បាន​តវ៉ា​នៅ​មុខសាលា​រាជធានី​ភ្នំពេញ​ នាព្រឹក​ថ្ងៃពុធ​នេះ ស្នើ​ឱ្យ​អន្តរាគមន៍​ករណី​ក្រុមហ៊ុន​មួយ​បាន​ប្តឹង​ទប់ស្កាត់មិន​ឱ្យ​មន្ត្រី​ផ្តល់​ប្លង់រឹង​ឱ្យ​ពលរដ្ឋ។

លោក សម សីលា អាយុ​៣៦ឆ្នាំ ​ជា​ពលរដ្ឋដែល​បាន​ទិញ​ដីឡូត៍​ក្នុងភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ និង​បាន​មកសាលារាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ ប្រាប់​អ្នកសារ​ព័ត៌មាន​ថា លោក និង​ពលរដ្ឋ​ផ្សេង​ទៀតស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការដោះ​ស្រាយ​បញ្ហា​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ឬ​ហៅ​ថា​ប្លង់​រឹងដល់ពលរដ្ឋ​ ដើម្បី​ងាយ​ប្រើប្រាស់​ក្នុងការ​សម្រួល​ដល់​ជីវភាព​។​

លោក​និយាយថា៖ ​«ការរស់​នៅ​លើ​ដី លើ​ផ្ទះ គឺ​ពឹង​លើ​ប្លង់​នេះ​ហើយ​។ ហើយ​បើសិន​ជា​ប្លង់​ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​គ្រប់​ស្ថាប័ន​ហើយ​នៅ​តែ​មិន​អាច​ប្រើប្រាស់​បាន នៅ​តែ​អាច​ឱ្យ​គេ​ប្តឹង​យក​បាន​ តើ​ប្រជាជន​ខ្ញុំ​ទាំង​អស់​គ្នា​នេះ អាច​ពឹង​ពាក់​លើ​អ្វី មាន​អ្វី​ជាជំហរ​។ ផ្ទះរបស់​យើង​រស់នៅសុខៗ ​គេប្តឹងថា​ជា​របស់​គេ ទាំង​ដែល​យើងមានប្លង់ហើយ​ ក៏នៅតែគេ​យកបាន ​តើ​ប្រជាជន​រស់​នៅពឹងអ្វីទៀត»។

បើតាម​លោក សម សីលា ប្រជាពលរដ្ឋ​បាន​ស៊ើបសួរ​ពី​ខាង​ខណ្ឌ និង​សុរិយោដី​អំពីប្រវត្តិ​ដី​ មុន​សម្រេច​ចិត្ត​ថា​ទិញ។ ​

​លោកបន្ថែមថា៖ «ពេលដែល​យើងទិញដី ត្រូវ​ស៊ើប​សួរ​ពីសង្កាត់​ ពីខណ្ឌ ពីខាង​សុរិយោដី​រួចរាល់​ហើយ បាន​យើង​ហ៊ានទិញ​។ ក៏ប៉ុន្តែ​បើយើង​ស៊ើបសួរពួក​គាត់អស់ហើយ​ គាត់រត់​ឯកសារថា​ត្រឹមត្រូវ​អស់​ហើយ​ បោះត្រា ​ប្រថាប់ត្រាត្រឹមត្រូវ​អស់​ហើយ តែបែរជា​មានបញ្ហា​ បងប្អូន​អាច​ពិចារណា​បាន ​នេះជា​កំហុស​របស់​អ្នកណា​?»​។

ពលរដ្ឋម្នាក់ទៀត ​អ្នកស្រី ស្រ៊ី ​ចន្ថា អាយុ​៣៥ឆ្នាំ ដែលបាន​យកប្លង់​ចេញ​ដោយ​ខណ្ឌ​ យក​ទៅខ្ចី​លុយ​ធនាគារជាង​៣ម៉ឺន​ដុល្លារ​អាមេរិក ​កាល​ពី​អំឡុងឆ្នាំ​២០១៩ ក៏​ស្នើឱ្យ​អាជ្ញាធរ​ផ្តល់បណ្ណកម្មសិទ្ធិ​ស្រប​ច្បាប់​ដល់​អ្នកស្រី​ផង​ដែរ។

អ្នកស្រីថ្លែងថា៖ ​«ខ្ញុំទិញ​២០១៦ ហើយ​ខ្ញុំធ្វើ​ផ្ទះ​នៅ​២០១៨​ ខ្ញុំ​ចូល​រស់នៅ​ឆ្នាំ​២០១៩ ​ហើយ​ឥឡូវ​គេ​មាន​ប្លង់​មួយ​ទៀត​គ្រប​ពី​លើ​ប្លង់​ពួកខ្ញុំ។ ខ្លាច​អត់​បាន​ប្លង់​កម្មសិទ្ធិ​ ហើយដី និងផ្ទះ គឺជា​អាយុ​ជីវិត​របស់​ពួកខ្ញុំ​ បើសិនជា​ពួកគេ​ដក​របស់ពួកខ្ញុំគឺ​ ស្មើនឹងដក​អាយុ​ជីវិតរបស់ពួកខ្ញុំ»។

បើ​តាម​ប្រជា​ពលរដ្ឋ​ដែល​តវ៉ា​ប្រាប់​ថា មន្រ្តីបាន​ចុះ​វាស់វែង​ដើម្បី​ធ្វើ​ប្លង់​ជា​ប្រព័ន្ធ​តាំង​ពី​ខែសីហា ឆ្នាំ​២០២៣​មក ហើយ​ពួកគេ​ត្រូវ​បាន​ប្រាប់​ថា នឹង​ទទួល​បាន​ប្លង់​នៅ​ថ្ងៃទី២២ ខែមិនា ប៉ុន្តែ​ពួកគេ​អះអាង​ថា ​អ្នកស្រី លឹម លីណា ​តំណាង​ក្រុមហ៊ុន​អេកូ​មេហ្គា​ប៉ូលីស​ឌីវើឡុប​មេន​ខបភើរេសិន ​បាន​ប្តឹង​ទប់​ស្កាត់​មិន​ឱ្យ​ចៅ​សង្កាត់​ និង​មន្រ្តី​ពាក់ព័ន្ធ​ ​ចេញ​បណ្ណ​កម្មសិទ្ធិ​ដល់​ពលរដ្ឋ​ចំនួន​៥២​ក្បាល​ដី​ ក្នុង​ភូមិ​ដំណាក់​សង្កែ​ សង្កាត់ព្រែកកំពឹស ខណ្ឌ​ដង្កោ ​តាំង​ពីខែមករា​ ឆ្នាំ​២០២៤។

ពលរដ្ឋ​បាន​អះអាង​ថា ​ម្ចាស់ក្រុមហ៊ុន​អេកូ​មេហ្គា​ប៉ូលីស​ឌីវើឡុប​មេន​ខបភើរេ​សិន​ (Eco Magapolis Development Corporation Co.Ltd) រួមមាន​ឈ្មោះ ចៅ សុផាន ឈ្មោះ​ ឃុន សៀ ឈ្មោះ លឹម លីណា និងឈ្មោះ លឹម ណារី។

វីអូអេមិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីអ្នកស្រី គឹម ញឹប ​អភិបាល​បាលខណ្ឌ​ដង្កោ ​លោក ​ម៉េត​ មាសភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ និងលោក សេង ឡូត​ ​អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ បាននៅ​ឡើយទេ នៅថ្ងៃពុធនេះ​។

លោក​ឧកញ្ញ៉ា​ ឃុន សៀ ​ប្រាប់វីអូអេ​ថា ​លោក​មិន​ដឹង​លម្អិត​អំពី​ករណី​ប្តឹង​ទាស់​នេះ​ទេ ដោយ​លោកបង្វែ​សំនួរ​ទៅ​សួរ​អ្នកស្រី ​លឹម លីណា ​វិញ។

លោកថ្លែងថា៖ ​«បាទ យើង​អត់សូវ​ច្បាស់ដែរ​ ព្រោះ​ការងារ​ហ្នឹង​ ខ្ញុំអត់​បាន​កាន់។ លោកស្រី​ លឹម លីណា បាន​ដឹងរឿង»។​

វីអូអេមិន​អាច​សុំ​ការ​ឆ្លើយតប​ពីអ្នកស្រី លឹម លីណា ​តំណាង​ក្រុមហ៊ុន​អេកូ​មេហ្គា​ប៉ូលីស​ឌីវើឡុប​មេន​ខបភើរេសិន ​បាន​នៅ​ឡើយ​ទេ។

​ក្រោយ​ការ​តវ៉ា និង​ចូល​ជជែក​ជាមួយ​មន្រ្តី​នៅ​សាលា​រាជធានី​ភ្នំពេញ​ជាង​មួយ​ម៉ោង ពលរដ្ឋ​ទាំង​នោះ ប្រាប់​ថា​ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ប្រាប់​ពួកគេ​ថា នឹងផ្តល់​ដំណឹង​ជូនពលរដ្ឋ​ ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG