ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធាន​គណបក្ស​ភ្លើងទៀន​ចាត់ទុក​ការចាប់ខ្លួន​សកម្មជន​ថា ជាការ​ដាក់​គំនាប​ខាង​នយោបាយ


រូបឯកសារ៖ លោក រ៉ុង ឈុន អនុប្រធានម្នាក់របស់គណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ដល់វីអូអេ បន្ទាប់ពីបានបោះឆ្នោតជាតិអាណត្តិទី ៧ នៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក រ៉ុង ឈុន អនុប្រធានម្នាក់របស់គណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ដល់វីអូអេ បន្ទាប់ពីបានបោះឆ្នោតជាតិអាណត្តិទី ៧ នៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)

គិត​ចាប់តាំង​ពី​សប្តាហ៍​មុន អាជ្ញាធមាន​សមត្ថកិច្ច​បានចាប់​ខ្លួនសកម្មជន​គណ​បក្ស​ជំទាស់ជា​បន្ត​បន្ទាប់​ ហើយ​គិត​ត្រឹមថ្ងៃ​អង្គារ​នេះ មាន​សកម្ម​ជន​យ៉ាង​ហោច​ណាស់២៣​នាក់​ត្រូវបាន​ចាប់​ តែ​ក្នុងនោះ​មាន​១៧នាក់​ត្រូវ​បាន​ដោះលែង​ និង​៦នាក់​ទៀត​កំពុង​ស្ថិត​ក្រោម​សាកសួរ​។ នេះ​បើតាម​អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក ​រ៉ុង ឈុន​។

សកម្មជន​ដែល​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ចចាប់ខ្លួន​ជាបន្តបន្ទាប់​នោះ​ គឺ​ភាគ​ច្រើន​ជា​សមា​ជិក​របស់គណបក្ស​ភ្លើង​ទៀនក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ​ទី​ដែល​គណបក្ស​ជំទាស់​នៅ​ទទួល​បាន​ការគាំទ្រ​ច្រើន​ពីប្រជាពលរដ្ឋ​។ នេះបើតាម​អ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស​។

អនុប្រធាន​គណបក្សភ្លើង​ទៀនលោក ​រ៉ុង ឈុន ប្រាប់​វីអូអេថា​ កាល​ពី​សប្តាហ៍​មុន​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់​ខ្លួន​មន្រ្តី​ថ្នាក់​ដឹកនាំ​ខេត្ត​ និង​សកម្មជន​គណ​បក្ស​ភ្លើង​ទៀន​ជា​បន្ត​បន្ទាប់​ចំនួន​២៣នាក់​។

ប៉ុន្តែ​លោក​ថា​ មក​ដល់​ពេល​នេះមន្ត្រី និងសកម្មជន​១៧នាក់ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​ ហើយ​៦នាក់​ទៀត​កំពុង​តែ​រង់ចាំ​ការសាកសួរ​បន្ថែម​ពី​ព្រះរាជអាជ្ញាអម​សាលា​ដំបូង​ខេត្ត​បន្ទាយមាន​ជ័យ​ ក្រោម​ការ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​សកម្មភាព​ញុះញង់​។

លោក​បន្ថែម​ថា​៖ «ការចាប់​ខ្លួន​នេះ​គឺ​ជា​ សារថ្មី​មួយ​ទៀត​មាន​ន័យ​ថា​ ជា​ការគំរាម​កំហែង​ទៅ​ដល់​សកម្មជន​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ភ្លើង​ទៀន​ផងដែរ។ យើង​គិត​ថា​ មិន​ត្រូវ​គួរ​ឱ្យ​កើត​មាន​សម្រាប់​សង្គម​កម្ពុជា​យើង​ បន្ត​ទៅ​ទៀត​ទេ​ដោយ​ការ​ចាប់​ខ្លួន​ ពុំ​មាន​កំហុស​ឆ្គង​ពុំ​មាន​ហេតុ​ផល​ជាក់លាក់​ ហើយ​យក​ការចាប់​ខ្លួន​យក​មក​ធ្វើ​ជា​វិធី​ដោះ​ស្រាយ​ មិន​មែន​ជា​រឿង​ត្រឹមត្រូវ​មិន​ស្រប​ទៅ​តាម​គោលការណ៍​ប្រជា​ធិប​តេយ្យ​ផង​ដែរ​»។

អនុប្រធាន​គណបក្ស​ជំទាស់​រូបនេះ​ មិន​ទាន់​អាច​បញ្ជាក់​ពី មូលហេតុ​នៅ​ពី​ក្រោយការចាប់​ខ្លួន​សកម្មជន​ និង​ថ្នាក់ដឹកនាំ​ខេត្តបន្ទាយ​មានជ័យ២៣នាក់​នោះ​ នៅ​ឡើយ​ទេ តែ​លោក​សង្ស័យ​ថា ការ​ចាប់​ខ្លួន​នោះ​មាន​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ប្រមូលស្នាម​មេដៃបង្កើត​គណបក្ស​ថ្មី​មួយ​។

រដ្ឋលេខាធិការ​ និងជា​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោកខៀវ សុភ័គ​ បញ្ជាក់​វីអូអេ​ឱ្យ​ដឹងថា​ អាជ្ញាធរ​មាន​ហេតុផល​ក្នុង​ការ​ចាប់​ខ្លួន​សកម្មជន​និង​ថ្នាក់​ដឹកនាំគណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​ពោល​គឺដោយសារ​តែ​ពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​បំផុស​បំផុល​ឱ្យ​ប្រជាពលរដ្ឋ​ផ្តល់​ការគាំទ្រ​ដើម្បីបង្កើត​គណ​បក្ស​នយោ​បាយ​ថ្មី​មួយ។

ចំណែក​ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​លោក​ឆាយ គឹមខឿន ថ្លែង​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​ថា បើតាម​របាយការណ៍​របស់​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ការឃាត់​ខ្លួន​នោះ ធ្វើ​ឡើង​ដោយ​សារសកម្មជន​បក្ស​ជំទាស់ធ្វើ​សកម្មភាព​ សុំស្នាម​មេដៃពី​ប្រជាពលរដ្ឋ​ក្នុង​ការ​បង្កើត​គណបក្ស​ថ្មីមួយ ដោយក្លែងបន្លំ​យកឈ្មោះ​ថ្នាក់ដឹកនាំ​កំពូល​ៗ​របស់​គណបក្ស​កាន់​អំណាច​គឺ​លោក​ទៀ បាញ់ ​និង​លោក​ស ខេងមក​បញ្ចុះ​បញ្ចូល​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​។

លោកថ្លែងថា៖«ការឃាត់ខ្លួន​នេះ​ដោយសារ​ពួកគាត់​ក្លែង​យក​ឈ្មោះ​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ និង​សម្តេច​ក្រឡាហោម​ស ខេង ដើម្បី​យក​ទៅ​ឆបោក​ប្រជាពលរដ្ឋ​សុំស្នាម​មេដៃ​ដើម្បីបង្កើត​គណបក្ស​ថ្មីមួយ។ នេះពូមាន​តែប៉ុណ្ណឹង សូម​ជម្រាប​ជូន​តែប៉ុណ្ណឹង​»។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក​ ស៊ឹង សែនករុណា​ យល់ថា បើសិន​ជា​ការចាប់​ខ្លួន​នេះ​មាន​ដីកា​កោះហៅ​ត្រឹម​ត្រូវ​ទៅ​តាម​គោល​ការណ៍​នីតិវិធី​ច្បាប់​ វា​ជា​រឿងត្រឹមត្រូវ​។ ប៉ុន្តែ​ បើ​សកម្មជន​ទាំងនោះ​ ​មិន​បាន​ធ្វើ​ខុស​ទៅ​នឹង​ច្បាប់​ណា​មួយ​ទេ​ តែ​បែរជា​ប្រឈម​មុខ​នឹង​ការ​ចាប់ខ្លួននោះ វាជា​ការរំលោភ​បំពាន​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​។

លោក​លើក​ឡើង​ថា​៖«បើសិន​ជា​ការរំលោភ​បំពាន​ការចាប់​ខ្លួន​ដោយ​គ្រាន់​តែ​ធ្វើ​សកម្ម​ភាព​ផ្នែក​នយោបាយ​ ដោយ​សន្តិវិធី​សម​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់​ជាតិ និង អន្តរជាតិ​ ហើយ​មាន​ការចាប់​ខ្លួន​ចោទ​ប្រកាន់​គំរាម​កំហែងអី​ផ្សេងៗ​ទាំង​អស់​នេះ​ខ្ញុំ​យល់​ថា​ វា​ការ​រំលោភ​បំពាន​ទៅ​ដល់​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ដូច​ជា​ សកម្មជន​នយោបាយ​ដែល​កំពុង​ធ្វើ​សកម្មភាព​សមស្រប​តាម​សិទ្ធិ​នយោបាយ​ដែល​ពួកគេ​មាន​»។

យ៉ាង​ណាក៏ដោយ ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​ជំទាស់​ជាបន្តបន្ទាប់​នាពេល​នេះ​ កើត​មាន​ឡើង​ ​នៅ​ពេល​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​ ដាក់សំណើ​សុំជួប​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​ពិភាក្សា​បញ្ហា​នៃ​ការ​ចុះបញ្ជី​គណបក្ស​ភ្លើងទៀន​នៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​បើក​ផ្លូវ​ឱ្យ​គណបក្ស​នេះបាន​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោករ៉ុង ឈុន​ ឱ្យដឹង​ទៀត​ថា​ មក​ទល់​ពេល​នេះ​គណ​បក្ស​ភ្លើង​ទៀន​ពុំ​ទាន់​ទទួល​បាន​ដំណឹង​ពី​ខាង​ក្រសួង​មហាផ្ទៃ​នៅឡើយ​៕

XS
SM
MD
LG