ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើង​ទៀន​ស្វះស្វែង​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ​លិខិត​ចុះ​បញ្ជី​គណបក្ស


រូបផ្គុំមួយនេះ បង្ហាញសកម្មជនរបស់គណបក្សភ្លើងទៀន (ឆ្វេង) និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។
រូបផ្គុំមួយនេះ បង្ហាញសកម្មជនរបស់គណបក្សភ្លើងទៀន (ឆ្វេង) និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​បាន​ស្នើ​សុំ​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​មហាផ្ទៃ ​លោក​ ស សុខា​ ទាក់ទង​នឹង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ ដើម្បី​បាន​ចូល​រួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

ក្នុង​លិខិត​មួយ​ច្បាប់​ដាក់​ជូន​ក្រសួង​មហាផ្ទៃដែល​វីអូអេ​ទទួល​បាន​នា​ពេល​ថ្មីៗ​នេះ​ ​គណបក្ស​ភ្លើងទៀន​ពន្យល់​ថា ​គណបក្ស​បាន​បាត់​ច្បាប់​ដើម​នៃ​ប្រកាស​លេខ​ ១៩៣​ ចុះ​ថ្ងៃ​ទី ២៣​ ខែ​មីនា​ ឆ្នាំ​ ១៩៩៨​ របស់​ក្រសួង​មហាផ្ទៃ​ ស្តីពី​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​ ជា​ហេតុ​ធ្វើ​ឱ្យ​ គណៈ​កម្មការធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូល​រួម​ការ​បោះ​ឆ្នោត​ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ នា​អាណត្តិ​បន្ត​បន្ទាប់​ខាង​មុខ​ ប្រសិន​បើ​គណបក្ស​នេះ​មិន​មាន​ឯកសារ​ដើម​បញ្ជាក់​ការ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។​

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ស្តីទី​គណបក្ស​ភ្លើងទៀន​ លោក ​សុក ហាច​ លើក​ឡើង​ថា៖​ «ដោយ​ហេតុ​នេះ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​មាន​បំណង​ជួប​...​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជួយ​ផ្តល់​ដំណោះ​ស្រាយ​ពាក់​ព័ន្ធ​ឯសារ​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​គណបក្ស​ភ្លើងទៀន​យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ជាបន្ត​បន្ទាប់​នៅ​ពេល​ខាង​មុខ»។

គណបក្ស​ភ្លើងទៀន​ដែល​ជា​គណបក្ស​ជំទាស់​ធំមួយ​ក្នុង​ប្រទេស​កម្ពុជា ​ត្រូវ​បាន​ស្ថានប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផាត់​ចេញ​ពី​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​កន្លង​ទៅ ដោយ​សារ​គ្មាន​ឯកសារ​ដើម​បញ្ជាក់​ពី​ការ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ​ សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត។​

អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន ​លោក​ គីម សួរភិរិទ្ធ​ បញ្ជាក់​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​ គណបក្ស​មាន​បំណង​ចូល​រួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ ដើម្បី​រួម​ចំណែក​ទ្រទ្រង់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «ដោយសារ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​យើង​រួច​ហើយ​ តាម​លិខិត​បញ្ជាក់​ ០៤៣​ថា​ យើង​ជា​គណបក្ស​ដែល​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់។​ អ៊ីចឹង​យើង​បង្កើត​គណបក្ស​ ជា​ទូទៅ​គណបក្ស​ណា​ក៏​ដោយ​ចង់​ចូល​រួម​ការ​បោះឆ្នោត»។​

លោក​បន្ថែម​ថា៖​ «អ៊ីចឹងបើ​យើង​ចូលរួម​អត់​បាន​ដោយសារ​កង្វះ​អាហ្នឹង​ មហាផ្ទៃ​ដែល​ជា​ក្រសួង​អាណាព្យាបាល​លើ​គណបក្ស​នយោបាយ​ ត្រូវ​តែ​ចូលរួម​គិត​គូរ​ដោះស្រាយ​ រក​វិធី​ដែល​អាច​ឱ្យ​គណបក្ស​នោះ​ចូល​រួម​ប្រកួត​ប្រជែង​ ពីព្រោះ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ការ​ចូលរួម​ពី​គ្រប់​ភាគី​នយោបាយ​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​ គឺ​ជា​រឿង​សំខាន់​ជាពិសេស​ គឺ​គណបក្ស​នយោបាយ​ណា​ដែល​មាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ»។​

បើ​តាម​លោក​ គីម សួរភិរិទ្ធ​ គណបក្ស​ភ្លើងទៀន​មាន​ភាព​ស្រប​ច្បាប់​ត្រឹមត្រូវ​ ព្រោះ​គណបក្ស​ជំទាស់​មួយ​នេះ​នៅ​តែ​មាន​លទ្ធភាព​បន្ត​សកម្មភាព​របស់​ខ្លួន​ក្នុង​ប្រទេស ​ហើយ​បើ​សិន​ជា​រដ្ឋាភិបាល​យល់​ថា​ គណបក្ស​នេះ​គ្មាន​ភាព​ស្រប​ច្បាប់​ ក្រសួង​មហា​ផ្ទៃ​អាច​ប្រកាស​បដិសេធ​គណបក្ស​នេះ​ចោល។​

វីអូអេ​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក​ ខៀវ សុភ័គ​ បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។

អ្នក​វិភាគ​នយោបាយ​ លោក​ សេង សារី​ ប្រាប់​វីអូអេ​ថា​ ក្រសួង​មហាផ្ទៃ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ស សុខា ​នឹង​មិន​ផ្តល់​លិខិត​បញ្ជាក់​នៃ​ការ​ចុះ​បញ្ជី​គណបក្ស​ភ្លើងទៀន​នៅ​ក្រសួង​នោះ​ទេ​ ព្រោះ​លោក ​ស សុខា ​មិន​អាច​អារ​កាត់​រឿង​នេះ​តែ​ឯង​បាន​ទេ​ ហើយ​គណបក្ស​កាន់​អំណាច​ក៏​មិន​ចង់​ឃើញ​មាន​វត្តមាន​គណបក្ស​នេះ​លើ​ឆាក​នយោបាយ​កម្ពុជា​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «លោក​ ស សុខា ​មិន​មាន​សិទ្ធិ​អី​នៅ​ក្នុង​ការ​សម្រេច​រឿង​នេះ​ទេ។​ រឿង​នេះ ​ខ្ញុំ​មើល​ទៅ​ពួក​គាត់​នឹង​សួរ​ទៅ​មនុស្ស​ជំនាស់​ចាស់​របស់​ខ្លួន ហើយ​យើង​ដឹង​ហើយ​ថា​ រដ្ឋាភិបាល​ថ្មី​ គណរដ្ឋ​មន្ត្រី​ថ្មី​នេះ​គឺ​ធ្វើ​កិច្ចការ​ងារ​ទាំងអស់​ហ្នឹង​មិន​មែន​ដោយ​គំនិត​ខ្លួន​ឯង​ទេ។ ​ពួក​គាត់​គ្រាន់​តែ​ជា​អាយ៉ង​នៃ​អ្នក​នយោបាយ​ជំនាន់​ចាស់​របស់​គណបក្ស​ប្រជាជន​តែ​ប៉ុណ្ណោះ»។

លោក​បន្ថែម​ថា ​ក្រសួង​មហាផ្ទៃ​នឹង​មិន​អើពើ​នឹង​ការ​ចេញ​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នេះ​ទេ​ ហើយ​គណបក្ស​ជំទាស់​មួយ​នេះ​នឹង​លែង​ដំណើរ​ការ​ដោយ​ខ្លួន​ឯង​ ពេល​មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត៕

XS
SM
MD
LG