ក្រុមសិល្បករខ្មែរចំនួន៥រូប ដែលជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម នឹងចែករំលែកដំណើរជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងការស្តារវិស័យសិល្បៈខ្មែរ តាមរយៈការសម្ដែងជាច្រើន នៅក្នុងទីក្រុងចំនួនប្រាំមួយរបស់សហរដ្ឋអាមេរិក។
ការសម្តែងទាំងនោះ ដែលមានចំណងជើងថា «សំឡេងដួងចិត្ត» ហើយត្រូវបានរៀបចំឡើងដោយអង្គការសិល្បៈខ្មែរអមតៈ ឬ Cambodian Living Arts នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា។ ការសម្តែងទាំងនេះ គឺជាផ្នែកមួយនៃកម្មវិធីដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព ឬ Arts4Peace Tour» របស់អង្គការសិល្បៈខ្មែរអមតៈ។
កញ្ញា ហេង សំណាង អ្នកសម្របសម្រួលកម្មវិធីនៃអង្គការសិល្បៈខ្មែរអមតៈ បាននិយាយថា ដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព» នេះ ចង់រៀបរាប់អំពី រឿងរ៉ាវអំពីប្រទេសកម្ពុជា ដោយផ្ដោតលើដំណើរជីវិតផ្ទាល់ខ្លួនរបស់សិល្បករទាំង៥រូប។
កញ្ញា សំណាង ថ្លែងប្រាប់ VOA ថា៖
«Arts4Peace Tour គឺជាដំណើរទេសចរណ៍សិល្បៈមួយ ដែលយើងចង់ផ្សព្វផ្សាយ និងចែករំលែកអំពី រឿងរ៉ាវដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ដែលទាក់ទងជាមួយនឹងជីវិតរបស់តន្ត្រីករ ក៏ដូចជាជីវិតរបស់សិល្បករ ដែលគាត់មានអាជីពជាអ្នកខាងសិល្បៈ តាំងពីមុនសម័យប៉ុលពត ហើយក្នុងអំឡុងពេលសម័យប៉ុលពត និងក្រោយសម័យប៉ុលពត។ យើងចង់បង្ហាញប្រាប់ថា តើជីវិតរបស់ពួកគាត់ដែលបានរស់រហូតមកដល់សព្វថ្ងៃនេះ វាមានការផ្លាស់ប្តូរបែបណា តាមរយៈសិស្បៈ តាមរយៈតន្ត្រី តាមរយៈវប្បធម៌»។
នៅក្នុងឆ្នាំ២០១៣ សិល្បករដែលនឹងមកសម្ដែងពីររូប គឺលោក អាន ចនផន និងអ្នកស្រី ថន សីម៉ា បានបង្កើតឡើងនូវគម្រោងតន្ត្រីចល័តឯករាជ្យមួយឈ្មោះថា «រថយន្តតន្ត្រីទិព្វខ្មែរ» ឬ្ Khmer Magic Music Bus ដែលក្រោយមកត្រូវបានបញ្ចូលជាកម្មវិធីសិល្បៈដ៏សំខាន់មួយរបស់អង្គការសិល្បៈខ្មែរអមតៈ។ កម្មវិធី «រថយន្តតន្ត្រីទិព្វខ្មែរ» នេះ មានគោលបំណងជួយ «ក្រុមគ្រូតន្ត្រីនិងសិស្សរបស់ពួកគេ ឲ្យបានសម្ដែងតន្ត្រីបុរាណនិងផ្តល់ការអប់រំអំពីតន្ត្រីបុរាណ ដល់ប្រជាជននៅតាមភូមិនីមួយៗ នៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា»។
កញ្ញា សំណាង និយាយថា ដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព» នឹងនាំយកការសម្ដែងរថយន្តតន្ត្រីទិព្វខ្មែរឲ្យដូចនៅស្រុកខ្មែរ មកកាន់បណ្តាទីក្រុងនៅសហរដ្ឋអាមេរិកដូចជា ទីក្រុង Putney រដ្ឋ Vermont ទីក្រុង Boston រដ្ឋ Massachusetts ទីក្រុង Hartford រដ្ឋ Connecticut ទីក្រុង New York និងរដ្ឋធានីវ៉ាស៊ីនតោន។
កញ្ញា សំណាង និយាយថា៖
«ឡាននៅសហរដ្ឋអាមេរិកហ្នឹង គឺយើងនឹងបិត យើងនឹងធ្វើផ្លាកសញ្ញារថយន្តតន្ត្រីទិព្វ ដួចនៅស្រុកខ្មែរអីចឹង។ អីចឹងសិល្បករទាំងអស់នៅពេលដែលគាត់ទៅសម្ដែង គឺគាត់ជិះនៅលើរថយន្តនឹង ពីរដ្ឋមួយទៅរដ្ឋមួយ ពីទីតាំងមួយទៅទីតាំងមួយ ហើយចូលសម្ដែង គឺដើម្បីឲ្យពួកគាត់ (ទស្សនិកជននៅសហរដ្ឋអាមេរិក) មើលឃើញថា នៅស្រុកខ្មែរយើងធ្វើបែបហ្នឹង ហើយនៅសហរដ្ឋអាមេរិកក៏យើងធ្វើបែបហ្នឹងដែរ»។
អង្គការសិល្បៈខ្មែរអមតៈ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដើម្បីជួយដល់គ្រូឧបករណ៍តន្ត្រីបុរាណខ្មែរ ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម និងលើកទឹកចិត្តសិស្សក្មេងៗឲ្យហ្វឹកហាត់ជំនាញតន្ត្រីបុរាណខ្មែររបស់ពួកគេ។
លោក អាន ចនផន ស្ថាបនិកនៃអង្គការសិល្បៈខ្មែរអមតៈ ជឿថា សិល្បៈអាចព្យាបាល និងកែប្រែមនុស្សនិងសង្គមបាន។ នៅក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីឆ្នាំ២០១២ លោក អាន ចនផន បាននិយាយថា លោកបាត់បង់សមាជិកគ្រួសារដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយលោកបានយកសិល្បៈនិងតន្ត្រី មកព្យាបាលទុក្ខសោករបស់លោក។
លោក អាន ចនផន មានប្រសាសន៍ថា៖
«តន្ត្រីបានសង្គ្រោះជីវិតខ្ញុំតាំងពីដំបូងមក។ ហេតុនេះហើយបានជា តន្ត្រីបានត្រឡប់ចូលមកក្នុងជីវិតរបស់ខ្ញុំម្ដងទៀត ហើយខ្ញុំកំពុងប្រើប្រាស់សិល្បៈយ៉ាងពេញលេញ គឺមិនគ្រាន់តែលេងតន្ត្រីទេ តែនាំយកវប្បធម៌កំពុងបាត់បង់នេះ ទៅឲ្យក្មេងជំនាន់ក្រោយ»។
កញ្ញា សំណាង ក៏បានពន្យល់ផងដែរថា ដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព» នេះ តំណាងឲ្យជំនឿរបស់លោក អាន ចនផន និងអបអរសាទរខួប២០ឆ្នាំ នៃអង្គការសិល្បៈខ្មែរអមតៈ ដែលបានធ្វើការដើម្បីផ្លាស់ប្តូរអតីតកាលដ៏សោកសៅរបស់ប្រទេសកម្ពុជាតាមរយៈសិល្បៈ។
កញ្ញា សំណាង ថ្លែងថា៖
«យើងចង់បង្ហាញឲ្យប្រជាពលរដ្ឋខ្មែរយើង ដែលគាត់រស់នៅនៅទីនោះ ក៏ដូចជាប្រជាពលរដ្ឋសហរដ្ឋអាមេរិកទាំងមូល ឲ្យគាត់មើលឃើញ ហើយឲ្យគាត់បានដឹងថា តាមពិតទៅ នៅប្រទេសកម្ពុជាយើង នៅពេលដែលយើងនិយាយអំពីសម័យខ្មែរក្រហម នៅពេលដែលយើងនិយាយអំពីសង្គ្រាម គឺពួកគេតែងតែគិតថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះ គឺវាមានតែភាពសោកសៅ មានតែភាពទុក្ខព្រួយ ខ្លាចរអាក្នុងការមកលេង។ ប៉ុន្តែ តាមរយៈតន្ត្រីដែលយើងនឹងពាំនាំទៅឲ្យនេះ យើងចង់បង្ហាញថា ប្រទេសកម្ពុជាយើង ទោះបីជាយើងធ្លាប់ឆ្លងកាត់សង្គ្រាម ទោះបីជាយើងធ្លាប់ឆ្លងកាត់ភាពលោកសៅក៏ដោយ ប៉ុន្តែបច្ចុប្បន្នគឺតាមរយៈតន្ត្រី តាមរយៈសិល្បៈ និងវប្បធម៌ ប្រទេសកម្ពុជា បានផ្លាស់ប្តូរមុខមាត់ថ្មី គឺយើងបានកសាងសន្តិភាពមួយ ជាពិសេសគឺសន្តិភាពផ្លូវចិត្តតែម្តង គឺតាមរយៈតន្ត្រី»។
កញ្ញា សំណាង បន្ថែមទៀតថា៖
«គឺឲ្យពួកគាត់មើលឃើញអំពី ការរីកចម្រើន និងសន្តិភាពផ្លូវចិត្ត តាមរយៈតន្រ្តី តាមរយៈសិល្បៈ ដែលយើងកំពុងតែព្យាយាមធ្វើឡើង ព្យាយាមដុះខាត់ ហើយក៏ជាចំណែកមួយ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ»។
ការសម្តែង «សំឡេងដួងចិត្ត» លើកដំបូងរបស់សិល្បករទាំងប្រាំរូបនេះ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះ នៅទីក្រុង Putney រដ្ឋ Vermont៕