សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងបើកសវនាការសំណុំរឿងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី គឺ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ នៅថ្ងៃទី២៦ ខែកក្កដានេះក្រោមការចោទប្រកាន់ពីបទ «ប្រគល់ឲ្យរដ្ឋបរទេស» នូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិនិងបទចោទប្រកាន់ពីការផលិត និងកាន់កាប់រូបភាពអាសអាភាស ក្រោមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។
បទចោទប្រកាន់ខាងលើនេះអាចធ្វើឲ្យអ្នកសារព័ត៌មានទាំងពីររូបជាប់ពន្ធនាគារយ៉ាងតិចបំផុតចំនួនប្រាំពីរឆ្នាំ។
នៅក្នុងលិខិតអញ្ជើញមេធាវីតំណាងរបស់អ្នកកាសែតទាំងពីររូបកាលពីថ្ងៃចន្ទដែល VOA ទើបទទួលបាននៅថ្ងៃនេះ លោក សេង ហៀង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញបង្ហាញថា អតីតអ្នកសារព័ត៌មានទាំងពីររូបនេះត្រូវជាប់ចោទទាក់ទងនឹងការបំពេញការងាររបស់ពួកគេកាលពីឆ្នាំ ២០១៧។
លោក យាង សុធារិន្ទ ដែលមានឈ្មោះប្រើក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរីគឺ យាង សុជាមេត្តា បានប្រាប់ VOA ថា ទាំងរូបលោក និងលោក អ៊ួន ឈិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមសវនាការនាពេលខាងមុខនេះ។
«វាជាពេលវេលាដែលយើងរង់ចាំដែរ មែនទែនទៅរយៈពេលនៃការស៊ើបអង្កេតយូរហើយ។ យើងក៏ចង់បានយុត្តិធម៌ឲ្យបានឆាប់ ដើម្បីឲ្យយើងពីរនាក់ហ្នឹងទទួលបាននូវសេរីភាពមកវិញឲ្យបានឆាប់ដែរ»។
ជាមួយគ្នានេះលោក អ៊ួន ឈិន ក៏កំពុងរង់ចាំយុត្តិធម៌សម្រាប់ខ្លួនផងដែរ។
«ខ្ញុំសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ឲ្យខ្ញុំដោយទម្លាក់ការចោទប្រកាន់ ហើយឲ្យពួកខ្ញុំមានសេរីភាព ដើរហើរ ប្រកបរបរចិញ្ចឹមជីវិតដូចគេដូចឯង»។
លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ ពីបទផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ។ ប្រសិនបើត្រូវបានរកឃើញថាមានទោសមែននោះ អ្នកទាំងពីរអាចត្រូវជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ។
កាលពីខែសីហា ឆ្នាំ ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាដោះលែងឲ្យអ្នកទំាងពីរបានស្ថិតនៅក្រៅឃុំ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង ៩ ខែ។ សាលាដំបូងរាជធានីភ្នំពេញ មិនបានបញ្ជាក់ហេតុផលនៃការដោះលែងអ្នកទាំងពីរនោះទេ។
លោក សំ ចំរើន មេធាវីការពារក្តីឲ្យអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូបរំពឹងថាតុលាការនឹងលើកលែងការចោទប្រកាន់កូនក្តីរបស់លោក៕