ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​វេណេហ្ស៊ុយអេឡា​បាតុកម្ម​ប្រឆាំង​នឹង​ការរារាំង​មិន​ឲ្យ​ដឹក​ជំនួយ​អាមេរិក​ចូល​ក្នុង​ប្រទេស


រូបឯកសារ៖ ក្រុមអ្នក​គាំទ្រ​លោក Juan Guaido ដង្ហែក្បួនតាមដងផ្លូវ ដោយធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro។ 
រូបឯកសារ៖ ក្រុមអ្នក​គាំទ្រ​លោក Juan Guaido ដង្ហែក្បួនតាមដងផ្លូវ ដោយធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro។ 

លោក Guaido បាន​ប្រាប់​មេដឹកនាំ​យោធា​ថា​ ការ​ដែល​លោក Maduro មិន​អនុញ្ញាត​ឲ្យ​ជំនួយ​ទាំងអស់​ដឹក​ចូល​ក្នុង​ប្រទេស​គឺ​ជា​ទង្វើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

ក្រុម​អ្នកគាំទ្រ​រាប់ពាន់នាក់​របស់​ប្រធានាធិបតី​បណ្តោះអាសន្ន​លោក Juan Guaido បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​នានា​នៅក្នុង​ប្រទេសវេណេហ្ស៊ុយអេឡា​កាល​ពី​ថ្ងៃអង្គារ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បំបែក​ការគាំទ្រ​របស់​យោធា​ពី​លោកប្រធានាធិបតី Nicolas Maduro និង​ដើម្បី​បង្ខំ​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គមនិយម​មួយ​នេះ​ចុះចេញ​ពី​តំណែង។

លោក Guaido​ ដែល​ត្រូវ​បាន​សហរដ្ឋអាមេរិក​ និង​ប្រទេស៥០​ផ្សេងទៀត​ទទួល​ស្គាល់​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេសវេណេហ្ស៊ុយអេឡា បាន​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​ដើម្បី​ជា​ការគោរព​ដល់​មនុស្ស៤០នាក់​ ដែល​ត្រូវ​បាន​សម្លាប់​នៅ​អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​ដើម្បី​ទទួច​សុំ​ជំនួយ​សង្គ្រោះ​បន្ទាន់​ជា​ម្ហូបអាហារ​និង​ថ្នាំពេទ្យ​ពី​សហរដ្ឋអាមេរិក​ចូល​ទៅ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រង​ការបំផ្លិចបំផ្លាញ​មួយ​នេះ។សម្ភារៈ​ជំនួយ​ទាំងនោះ​កំពុង​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅក្រុង Cucuta ប្រទេសកូឡុំប៊ី។

លោក Guaido បាន​ប្រាប់​មេដឹកនាំ​យោធា​ថា​ ការ​ដែល​លោក Maduro មិន​អនុញ្ញាត​ឲ្យ​ជំនួយ​ទាំងអស់​ដឹក​ចូល​ក្នុង​ប្រទេស​គឺ​ជា​ទង្វើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។ លោក Maduro ដែល​នៅ​តែ​ទទួល​បាន​ការគាំទ្រ​ពី​យោធា​បាន​និយាយ​ថា ​បាតកុម្ម​របស់​ក្រុមប្រឆាំង​គឺ​ជា​ផ្នែកមួយ​នៃ​ការព្យាយាម​ធ្វើ​រដ្ឋប្រហារ​ដោយ​សហរដ្ឋ​អាមេរិក​ ហើយ​លោក​មិន​អនុញ្ញាត​ឲ្យ​ដឹក​ជំនួយ​សង្គ្រោះ​បន្ទាន់​ទាំងនោះ​ចូល​ក្នុង​ប្រទេស​ជា​ដាច់ខាត។ កាល​ពី​ថ្ងៃអង្គារ​មិ្សលមិញ​លោក Maduroក៏​បាន​អំពាវនាវ​ដល់​ក្រុម​អ្នកគាំទ្រ​របស់​លោក​ឲ្យ​ចេញ​ធ្វើ​បាតុកម្ម​នៅ​កណ្តាល​ទីក្រុងការ៉ាកាស​ ដើម្បី​ប្រឆាំង​នឹង​ការអន្តរាគមន៍​ពី​ពួកចក្រពត្តិនិយម​ទៅក្នុង​កិច្ចការ​របស់​ប្រទេសវេណេហ្ស៊ុយអេឡា​ និង​បាន​អំពាវនាវ​ឲ្យ​ប្រមូល​ហត្ថលេខា​ពី​ប្រជាពលរដ្ឋ​ដែល​ប្រឆាំង​នឹង​ប្រធានាធិបតី​អាមេរិក​លោក​Donald Trumpផងដែរ៕

XS
SM
MD
LG