ក្រុមប្រឆាំងក្នុងប្រទេសវេណេស៊ុយអេឡា បានស្នើឲ្យមានការធ្វើបាតុកម្មរយៈពេល២៤ម៉ោងនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងគោលបំណងបន្ធូរបន្ថយភាពស្របច្បាប់របស់លោកប្រធានាធិបតី Nicolas Maduro។
សំណើធ្វើបាតុកម្មនេះត្រូវបានស្នើឡើងកាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីមានការបោះឆ្នោតមិនផ្លូវការមួយដើម្បីតវ៉ានឹងបទបញ្ញត្តិរបស់លោក Maduro។
ប្រជាពលរដ្ឋ Venezuela ជាង៧លាននាក់បានចូលរួមក្នុងការបោះឆ្នោតប្រជាមតិដ៏សំខាន់មួយកាលពីថ្ងៃអាទិត្យ ដែលត្រូវបានរៀបចំឡើងដោយក្រុមប្រឆាំង ហើយក្នុងនោះ៩៨ភាគរយបានបោះឆ្នោតមិនផ្តល់ភាពស្របច្បាប់ឲ្យលោកប្រធានាធិបតី Maduro។ នេះបើយោងតាមបណ្តាសាស្ត្រាចារ្យដែលតាមដានការបោះឆ្នោតនេះ។
នៅក្នុងការឆ្លើយតបនឹងសំណួរចំនួន៣ អ្នកបោះឆ្នោតបានបដិសេធយ៉ាងខ្លាំងទៅលើការស្នើបង្កើតអង្គនីតិបញ្ញត្តិកំពូលថ្មីមួយ ដែលជំរុញឲ្យយោធាការពាររដ្ឋធម្មនុញ្ញដែលមានស្រាប់ និងគាំទ្រដល់ការបោះឆ្នោតមុនពេលអាណត្តិរបស់លោក Maduro ដែលនឹងបញ្ចប់នៅដើមឆ្នាំ២០១៩។
លោក Maduro បានច្រានចោលការបោះឆ្នោតនេះថាមិនស្របនឹងរដ្ឋធម្មនុញ្ញហើយបន្តធ្វើយុទ្ធនាការគាំទ្រការបោះឆ្នោតនៅថ្ងៃទី៣០ខែកក្កដា ដើម្បីបង្កើតសភាមួយដែលនឹងមានអំណាចក្នុងការសរសេរធម្មនុញ្ញឡើងវិញ និងអាចរំលាយចោលនូវស្ថាប័នរដ្ឋណាមួយក៏បាន។
រដ្ឋសភាដែលត្រួតត្រាដោយក្រុមប្រឆាំងក៏បាននិយាយថា ខ្លួននឹងតែងតាំងចៅក្រមតុលាការកំពូលថ្មី ដែលវិធានការនេះត្រូវបានគេរំពឹងថា នឹងត្រូវរារាំងដោយរដ្ឋបាលរបស់លោក Maduro៕