រដ្ឋមន្រ្តីក្រសួងការពារជាតិវេណេហ្ស៊ុយអេឡាបាននិយាយថា កងទ័ពនឹងនៅតែឈរជើងនៅតាមព្រំដែនប្រទេស។ អត្ថាធិប្បាយនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានប្រកាសថាលោកបើកចំហជម្រើសទាំងអស់ ដើម្បីធ្វើឲ្យមានការផ្ទេរអំណាចនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។
រដ្ឋមន្រ្តីក្រសួងការពារជាតិវេណេហ្ស៊ុយអេឡាលោក Vladimir Padrino បានថ្លែងតាមរយៈទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារ ដោយលោកបានច្រានចោលអត្ថាធិប្បាយរបស់លោកTrump និងបានចាត់ទុកថាជា ទង្វើខ្វះការទទួលខុសត្រូវ និងមិនធ្លាប់មានពីមុនមក។ លោកបានថ្លែងថា «កងកម្លាំងប្រដាប់អាវុធនឹងមិនធ្វើតាមបញ្ជាពីមហាអំណាចបរទេសទេ ហើយនឹងបន្តឈរជើងនៅតាមព្រំដែនដដែល»។
លោក Padrino បានថ្លែងបន្ថែមទៀតថាកងកម្លាំងយោធាវេណេហ្ស៊ុយអេឡាទទួលបញ្ជាពីលោកប្រធានាធិបតី Nicolas Maduro តែម្នាក់គត់។ លោកបានថ្លែងទៀតថា អ្នកណាដែលព្យាយាមបង្កើតអ្វីដែលលោកហៅថាជា រដ្ឋាភិបាលអាយ៉ង់នោះត្រូវរំលងសាកសពកម្លាំងយោធាជាមុនសិន។ សហរដ្ឋអាមេរិក និងប្រទេស៥០ទៀតបានទទួលស្គាល់មេដឹកនាំក្រុមប្រឆាំងលោកJuan Guaido ជាប្រធានាធិបតីបណ្តោះអាសន្នរបស់វេណេហ្ស៊ុយអេឡា។
កាលពីថ្ងៃចន្ទ លោកTrumpបានថ្លែងទៅកាន់សហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតវេណេហ្ស៊ុយអេឡាថាសហរដ្ឋអាមេរិកនឹងស្វែងរកការផ្ទេរអំណាចដោយសន្តិភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ប៉ុន្តែបើកចំហចំពោះជម្រើសទាំងអស់។
លោក Trump បានអំពាវនាវដល់ទាហានវេណេហ្ស៊ុយអេឡាកុំឲ្យស្តាប់បញ្ជាពីលោក Maduro និងឲ្យពួកគេទទួលយកការលើកលែងទោសដែលស្នើឡើងដោយលោក Guaido។ លោកក៏បានព្រមានសមាជិកយោធាវេណេហ្ស៊ុយអេឡាកុំឲ្យរារាំងដល់ជំនួយមនុស្សធម៌ចូលក្នុងប្រទេសវេណេហ្ស៊ុយអេឡាផងដែរ៕