មេដឹកនាំប្រទេសវ៉េណេស៊ុយអេឡាគឺលោក Nicolas Maduro បានជំទាស់នឹងការទាមទាររបស់អន្តរជាតិកាលពីថ្ងៃអាទិត្យ ឱ្យមានការបោះឆ្នោតឡើងវិញ ខណៈដែលវិបត្តិនយោបាយក្នុងប្រទេសរបស់លោក កាន់តែធ្លាក់ដុនដាបទៅ។ ការជំទាស់នេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីមេដឹកនាំបក្សប្រឆាំងនៃប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសខ្លួនឯងថាជាប្រធានាធិបតីបណ្ដោះអាសន្ននៃប្រទេសនេះ។
ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN ផ្សាយជាភាសាតួកគីកាលពីថ្ងៃអាទិត្យ លោក Maduro បានជំទាស់នឹងឱសានវាទដាក់ដោយប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប ដែលតម្រូវឱ្យលោករៀបចំការបោះឆ្នោតឡើងវិញក្នុងរយៈពេល៨ថ្ងៃខាងមុខនេះ។ បើមិនដូច្នោះទេ ប្រទេសទាំងនោះ នឹងទទួលស្គាល់មេដឹកនាំគណបក្សប្រឆាំងគឺលោក Juan Guaido ដែលមានអាយុ៣៥ឆ្នាំ ថាជាប្រធានាធិបតី។
លោកMaduro បានមានប្រសាសន៍ជាភាសាអេស្ប៉ាញ ដែលត្រូវបានបកប្រែជាភាសាតួកគីនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍នោះថា «ប្រទេសទាំងនោះ គួរតែដកឱសានវាទនេះចេញ។ គ្មាននរណាម្នាក់ អាចដាក់ឱសានវាទឱ្យពួកយើងបានទេ»។
ប្រទេសវ៉េណេស៊ុយអេឡា បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួនកាលពីថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៨។ ប៉ុន្តែ អ្នកបោះឆ្នោតជាច្រើន បានធ្វើពហិការ ដោយនិយាយថា ការបោះឆ្នោតនោះ មិនសេរីនិងមិនយុត្តិធម៌។ សមាជិកបក្សប្រឆាំងជាច្រើនរូប ក៏ត្រូវបានហាមឃាត់ មិនឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនោះដែរ។
សហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃអាទិត្យថា នឹងមាន «ការឆ្លើយតបជាដុំកំភួន» ចំពោះជនណាដែលបានគំរាម ឬសម្លុត លោក Guiado ឬអ្នកការទូតអាមេរិក៕